ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រក​អ្នក​នៅ​ពីក្រោយ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ


លោក ​​គង់ សភា ​និង​លោក​ ញ៉យ​ ចំរើន​ ទទួល​ការ​ព្យាបាល​នៅ​បាងកក។ (ហ៊ុល រស្មី/VOA)
លោក ​​គង់ សភា ​និង​លោក​ ញ៉យ​ ចំរើន​ ទទួល​ការ​ព្យាបាល​នៅ​បាងកក។ (ហ៊ុល រស្មី/VOA)

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​Human Rights Watch ​បាន​បញ្ចេញ​របាយ​ការណ៍​ការ​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ទៅ​លើ​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​​នៅ​ពេល​មាន​ការ​តវ៉ា​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រដ្ឋ​សភា​ កាល​ពី​ខែ​តុលា​ឆ្នាំ​មុន។

នៅ​ក្នុង​សេច​ក្តី​សង្ខេប​នៃ​របាយ​ការណ៍​របស់​ខ្លួន​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ ​បាន​ផ្តល់​យោបល់​ឲ្យរដ្ឋាភិបាល​កម្ពុជា​បន្ត​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​វាយ​ដំសមាជិក​គណបក្ស​ប្រឆាំង​គឺ​លោក​ ញ៉យ ចំរើន​ និង​លោក​គង់ សភា​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វាយ​ដំ ​ទាត់​ធាក់។​

របាយ​ការណ៍​នេះ​បាន​សរសេរ​ថា៖

«ត្រូវ​ធ្វើ​ឲ្យប្រាកដ​ថា​ មាន​ការ​ដាក់​ទោស​ទៅលើ​អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ការ​ធ្វើ​ផែនការ ការ​រៀបចំ​គម្រោង​ ​ការ​អនុវត្ត​ ការ​ផ្តល់​សមត្ថកិច្ច​ ឬរំខាន​ដល់​ការ​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​តុលា ​ទោះ​បី​ជា​អ្នក​ទាំង​នោះ​មាន​ឋានៈ ​ឬ​មុខងារ​ជា​អ្វី​ក៏​ដោយ»។​

សមាជិក​គណបក្ស​ប្រឆាំង​គឺលោក ​ញ៉យ ចំរើន​ និង​លោក​ គង់ សភា​ត្រូវ​បាន​វាយ​ដំ​យ៉ាង​ដំណំ​ដោយ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​គណបក្ស​នេះ​ កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ នៅ​ក្បែរ​អគារ​រដ្ឋ​សភាជាតិ។​ តំណាង​រាស្ត្រ​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ប្រទេស​ថៃ​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​នោះ។​ ក្រដាស​ត្រចៀក​ខាង​ស្តាំ​របស់​លោក​សុភា​នៅ​មាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ។ ​រី​ឯ​ក-​ដៃ​ស្តាំ​របស់​លោក​ញ៉យ ចំរើន​ បាន​បាក់។ ​លោក​ញ៉យ ចំរើន​ និយាយថា ​លោក​បាក់ធ្មេញ​ដោយ​សារ​ការ​វាយ​ប្រហារ​នោះ។

​របាយ​ការណ៍​នេះ​បាន​បង្ហាញ​ថា​ រដ្ឋាភិបាល​លោក​ហ៊ុន សែន​គឺ​ជា​អ្នក​នៅ​ក្រោយ​ការ​វាយ​ប្រហារ​នេះ។​

របាយ​ការណ៍​នោះ​បាន​សរសេរ​ថា៖​

«យើង​បាន​រក​ឃើញ​ព័ត៌មាន​ទាក់ទង​នឹង​កម្លាំង​អង្គរក្ស​របស់​លោក​ហ៊ុន សែន​ ដោយ​រួម​មាន​ប្រភព​របស់​ពួក​គេ​ ព្រឹត្តិ​ការណ៍​ និង​កន្លែង​ឈរជើង​របស់​ពួកគេ​នា​ពេល​បច្ចុប្បន្ន​ ​ស្ថាប័ន​ និង​ខ្សែ​សង្វាក់​បញ្ជា ​ដែល​ចប់​នៅ​ត្រឹម​លោក​នាយក​រដ្ឋមន្ត្រី​លោក​ហ៊ុន សែន»។​

របាយ​ការណ៍​នេះ​បាន​បន្ត​ថា៖​

«អង្គភាព​អង្គរក្ស​នេះ​មាន​ឈ្មោះ​អាក្រក់​យូរ​ហើយ​ខាង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដូចជា​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ កាលពី​ថ្ងៃទី​៣០​ ខែមិនា​ ឆ្នាំ​១៩៩៧ ​លើ​ការ​ប្រមូល​ផ្តុំ​គ្នា​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។ ​ការ​វាយ​ប្រហារ​នោះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៦​នាក់​ និង​របួស​ជាង​១៥០​នាក់»។

​ក្រោយ​ពី​ការ​វាយ​ប្រហារតំណាងរាស្ត្រ​នោះ​ និង​ក្រោយ​ពីវីដេអូ​អំពី​ការ​វាយ​ប្រហារ​នោះត្រូវ​ផ្សព្វផ្សាយ​យ៉ាង​ច្រើន​តាម​អ៊ីនធឺណិត​នោះ​ ​ បុរស​បី​នាក់​បាន​សារភាពអំពី​ឧក្រិដ្ឋ​កម្ម​នេះ។​ ​

លោក​សុភា​មាន​ប្រសាសន៍​ថា​ លោក​នឹង​មាន​ភាព​សប្បាយ​រីករាយ​ ប្រសិន​បើ​អ្នក​ដែល​វាយ​ដំ​ទៅ​លើ​រូប​លោក​ ដោយ​រួម​ទាំង​មេខ្លោង​ផង​នោះ​ ត្រូវ​បាន​គេ​វែក​មុខ។​ លោក​បាន​បន្ថែម​ថា ​លោក​ចង់​ឲ្យរដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ​ដោយ​មាន​ការ​សហការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ។​

លោក​ គង់ សភា​ តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង​ នៅ​ក្នុង​កៅអី​រុញ​នៅ​មន្ទីរពេទ្យ​ Phyathai ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពីថ្ងៃអង្គារ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ក្រោយពេលលោក​ត្រូវ​បានបាតុករ​វាយ​ទាត់​ធាក់​នៅ​ខាង​ក្រៅ​បរិវេណរដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​។ (ផ្តល់​ដោយ​លោក ញ៉យ ចំរើន)
លោក​ គង់ សភា​ តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង​ នៅ​ក្នុង​កៅអី​រុញ​នៅ​មន្ទីរពេទ្យ​ Phyathai ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពីថ្ងៃអង្គារ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ក្រោយពេលលោក​ត្រូវ​បានបាតុករ​វាយ​ទាត់​ធាក់​នៅ​ខាង​ក្រៅ​បរិវេណរដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​។ (ផ្តល់​ដោយ​លោក ញ៉យ ចំរើន)

លោក​មាន​ប្រសាសន៍​ថា៖​

«ប្រជាពលរដ្ឋ​ធម្មតា​ គាត់​អត់​ហ៊ាន​វាយ​អ្នក​តំណាង​រាស្ត្រ​ទេ តែ​ច្បាស់​ជា​មាន​អ្នក​មាន​អំណាច​បញ្ជា​ពី​ក្រោយ​ខ្នង​ដើម្បី​ឲ្យវ៉ៃ​ហើយ​បាទ»។​

​លោក​និយាយ​ថា ​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​បន្ត​ និង​ត្រូវ​មាន​ការ​នាំ​ខ្លួន​ជនល្មើស​ពិត​ប្រាកដមក​កាត់​ទោស​ ទើប​មាន​យុត្តិធម៌​សម្រាប់​លោក។​

លោក​បាន​បន្ថែម​ថា៖​

«ខ្ញុំ​នៅ​តែ​មិន​មាន​ជំនឿ​លើ​រដ្ឋាភិបាល​ដដែល។​ ប៉ុន្តែ​បើ​គាត់​មាន​ឆន្ទៈ​ពិត​ប្រាកដ​ដើម្បី​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់​និង​សហការ​ជាមួយ​អង្គការ​សិទ្ធិ​មនុស្ស​និង​អង្គការ ​[OHCHR]​ហ្នឹង​គឺ​ល្អ​បាទ»។​

អង្គការ​សិទ្ធិ​មនុស្ស​បាន​ស្នើ​ឲ្យរដ្ឋាភិបាល​រក​ជំនួយ​ពី​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ជួយ​ និង​ធានា​ថា​ ​ការ​ស៊ើប​អង្កេត​ប្រព្រឹត្ត​ទៅ​ដោយ​ឯករាជ្យ​ មិន​លម្អៀង​ និងអាច​ជឿ​ទុក​ចិត្ត​បាន។​

លោក​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃបាន​មាន​ប្រសាសន៍​ថា ​កម្ពុជា​មិន​អាច​អនុញ្ញាតឲ្យអង្គការ​សហ​ប្រជាជាតិ​លូក​ចូល​ក្នុង​កិច្ចការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​កម្ពុជា​ណាមួយ​នោះ​ទេ​ ព្រោះ​ការ​លូក​ចូល​របស់​អង្គការ​នេះ​ក្នុង​ការ​ស៊ើប​អង្កេត​ណា​មួយ​នោះ​មាន​ន័យ​ថា ​កម្ពុជា​ជា​ប្រទេស​ដែល​មិន​មាន​អធិបតេយ្យ​ភាព។​

«ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​យើង​មិន​បដិសេធ​ទេ​ចំពោះ​ការ​សហការ ប៉ុន្តែ​ចំពោះ​ការ​ស៊ើប​អង្កេត​ វា​មិន​ដែល​មាន​ប្រទេស​ណា​ធ្វើ​អ្វី​ឲ្យ UN​ ចូល​រួម​នោះ​ទេ»។​

អង្គការ​សិទ្ធិ​មនុស្ស​ Human rights Watch ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផ្តល់​ជំនួយឲ្យ​កម្ពុជា​គាប​សង្កត់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់កងកម្លាំង​សន្តិសុខ​របស់​ខ្លួន​ និង​ជំរុញ​ឲ្យប្រព័ន្ធ​តុលាការ​ឯករាជ្យ ​និង​គាប​សង្កត់​ឲ្យ​ប្រទេស​កម្ពុជា​គោរព​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ​និង​រដ្ឋធម្មនុញ្ញ​របស់ប្រទេស​កម្ពុជា​ដែល​អនុម័ត​កាល​ពី​ឆ្នាំ​១៩៩៣​ ហើយ​បញ្ចប់​ការ​ត្រួតត្រា​របស់​ក្រសួង​យុត្តិធម៌​លើ​ប្រព័ន្ធ​តុលាការ៕

XS
SM
MD
LG