មន្ត្រីគណបក្សសង្គ្រោះជាតិ គឺព្រះអង្គម្ចាស់ស៊ីសុវត្តិ ធម្មកោ បំភ្លឺពីគោលនយោបាយការបរទេសអព្យាក្រិត្យជាមួយមហាអំណាច រួមទាំងសហរដ្ឋអាមេរិកផង ដោយរិះគន់ គោលនយោបាយការបរទេសគណបក្សកាន់អំណាចថា មានភាពលម្អៀងទៅរកចិន។
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេស អាមេរិកគឺព្រះអង្គម្ចាស់ស៊ីសុវត្តិ ធម្មកោ បានថ្លែងប្រាប់ក្រុមតំណាងពលរដ្ឋខ្មែរ អាមេរិកាំងមកពីតាមបណ្តារដ្ឋនានាថា គណបក្សសង្គ្រោះជាតិនឹងស្នើសុំជាផ្លូវការ ដើម្បីឲ្យរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump) ជួយធានាការបោះឆ្នោតនៅកម្ពុជាឲ្យមានលក្ខណៈសេរី និងយុត្តិធម៌ ហើយធ្វើការស្នើដូចគ្នានេះដែរចំពោះបណ្តាប្រទេសមហាអំណាចជាច្រើនទៀតជាមួយនឹងការបញ្ជាក់ជំហរអព្យាក្រិត្យចំពោះគោលនយោបាយការបរទេសរបស់ខ្លួន។
«ជំហររបស់គណបក្សសង្គ្រោះជាតិ គឺសុំឲ្យប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យនិង ការពារសិទ្ធិមនុស្សចូលរួមនៅក្នុងការពិនិត្យទៅលើការបោះឆ្នោត ដើម្បីឲ្យការបោះ ឆ្នោតនៅស្រុកខ្មែរយើងសេរីយុត្តិធម៌ ហើយយើងនឹងធ្វើសំណូមពរជាផ្លូវការទៅរដ្ឋបាលរបស់លោកដូណាល់ ត្រាំ ដើម្បីឲ្យចូលរួមនៅក្នុងការផ្តល់សេដ្ឋកិច្ចហើយនឹងជួយដល់ការបោះឆ្នោត នៅស្រុកខ្មែរយើងមានភាពសេរី និងយុត្តិធម៌»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតនៅពាក់កណ្តាលឆ្នាំ២០១៧ ដើម្បីជ្រើសរើសមេដឹកនាំថ្នាក់មូលដ្ឋាន ឃុំសង្កាត់ដែលភាគច្រើនកំពុងគ្រប់គ្រងយ៉ាងរឹងមាំដោយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំនោះ។ ហើយឆ្នាំ២០១៨ នឹងមានការបោះឆ្នោតជាតិ។ ការបោះឆ្នោតកន្លងមក មានបញ្ហាចោទប្រកាន់រឿងបន្លំសន្លឹកឆ្នោត ភាពមិនប្រក្រតី គ្មានលក្ខណៈយុត្តិធម៌ និងសេរីត្រឹមត្រូវ។ ហើយមុនការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨នេះ ក៏មានការធ្វើទុក្ខបុកម្នេញមេដឹកនាំក្រុមប្រឆាំងនឹងក្រុមសង្គមស៊ីវិល ដូចជាការចាប់ឃុំខ្លួន ចោទប្រកាន់ទោសពីតុលាការ ហើយនឹងការនិរទេសជាដើម។
នៅក្នុងកិច្ចប្រជុំសួរដេញដោលដែលរៀបចំដោយអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង (Cambodian American Alliance) ក្នុងសង្កាត់វីយ៉ាណា (Vienna) រដ្ឋវីជីនៀ (Virginia)កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៧ ក្រុមតំណាងពលរដ្ឋខ្មែរអាមរិកាំង បានសួរសំណួរពីស្ថានការណ៍នយោបាយកម្ពុជា និងអនាគតរបស់គណបក្សសង្គ្រោះជាតិ ហើយនឹងគោលនយោបាយការបរទេសផងដែរ។ ជាការឆ្លើយតប ព្រះអង្គម្ចាស់ស៊ីសុវត្តិ ធម្មកោ ក្នុងសេចក្តីថ្លែងការណ៍ដើម្បីកៀងគរការគាំទ្រនយោបាយនោះ បានមានបន្ទូលយល់ឃើញស្រដៀងគ្នានឹងទឹកចិត្តរបស់ពលរដ្ឋខ្មែរអាមេរិកាំងដែរ គឺថាគណបក្សសង្គ្រោះជាតិត្រូវការសង្គ្រោះជាតិ ហើយនឹងធ្វើការផ្លាស់ប្តូរប្រទេស។
ព្រះអង្គមានបន្ទូលថា រដ្ឋាភិបាលដឹកនាំគណបក្សសង្គ្រោះជាតិមិនដូចគណបក្សដៃគូប្រជែង គឺគណបក្សប្រជាជនកម្ពុជាទេគឺប្រកាន់ជំហរឥតលម្អៀងចំពោះមហាអំណាច ចិន អាមេរិកាំង អឺរ៉ុបនិងអន្តរជាតិ។ តែផ្ទុយទៅវិញ គឺត្រូវពង្រឹងតួនាទីអាស៊ាន១០ ប្រទេស ដើម្បីឲ្យមានតុល្យភាពក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដោយឈរលើគោលការណ៍អព្យាក្រិត្យពិតប្រាកដ។
«គណបក្សប្រជាជនកម្ពុជា ខ្ញុំលើកឡើងម្តងទៀត យកឧទាហរណ៍បញ្ហាដែលកើតឡើងនៅសមុទ្រចិនខាងត្បូង គឺហាក់ដូចជាគណបក្សប្រជាជនលម្អៀងទៅភាគីចិន ដោយមិនគោរពប្រយោជន៍នៅភាគីផ្សេងៗ និងប្រយោជន៍របស់ប្រទេសអាស៊ានដែលជាស្ថាប័នមួយសំខាន់។ ដូច្នេះខ្ញុំសុំបញ្ជាក់ថា ជំហររបស់គណបក្សសង្គ្រោះជាតិមិនលម្អៀងជាដាច់ខាត ហើយនឹងពង្រឹងជំហររួមរបស់អាស៊ានជុំវិញបញ្ហាតំបន់និងបញ្ហាអន្តរជាតិ»។
វេទិកាស្តីអំពីទំនាក់ទំនងខ្មែរអាមេរិកាំងនេះ កើតឡើងក្រោយពេលដែលមានសំណួរ ជាច្រើនក្នុងសង្គមខ្មែរទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសខ្មែរអាមេរិកាំងដែល ចោទសួរថា តើគណបក្សសង្គ្រោះជាតិនឹងប្រកាន់ជំហរបែបណាចំពោះមហាអំណាច ក្នុងពិភពលោក នៅពេលមានឱកាសឈ្នះឆ្នោតគ្រប់គ្រងប្រទេស ខណៈពេលដែល គណបក្សប្រជាជនកម្ពុជារងការចោទប្រកាន់ថា គាំទ្រនយោបាយចិនយ៉ាងខ្លាំងជាថ្នូរ នឹងជំនួយអភិវឌ្ឍន៍ និងប្រាក់កម្ចីជារៀងរាល់ឆ្នាំជាច្រើនរយលានដុល្លារនោះ។
ថ្លែងប្រាប់វីអូអេក្រោយពីបញ្ចប់កិច្ចពិភាក្សាដេញដោលអំពីរឿងនយោបាយនោះ លោក ម៉ែន វណ្ណៈ ជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់រស់នៅក្នុងទីក្រុងឡូវែល (Lowell) រដ្ឋម៉ាសាឈូសេត (Massachusetts) ដែលជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោកក៏ចង់ឃើញរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ គិតគូបញ្ហាខ្មែរឲ្យ បានហ្មត់ចត់ ក្នុងនាមជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសមួយផង ដែរ ក្រៅពីចង់ឃើញមេដឹកនាំគណបក្សសង្គ្រោះជាតិបន្តទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជាប្រទេសកាន់ប្រជាធិបតេយ្យនិង សិទ្ធិមនុស្សជាជាងធ្វើទំនាក់ទំនងជាមួយប្លុកកុម្មុយនិស្ត។
«ជាការពិតណាស់ ខ្ញុំលើកសុភាសិតខ្មែរខ្លីមួយថា សេពគប់អ្នកប្រាជ្ញនាំប្រាណឲ្យបានសុខ សេពគប់ពាល នាំស្តុកចិត្តសៅហ្មង។ អញ្ចឹងបើយើងសេពគប់ជាមួយនឹងកុម្មុយនិស្ត សេពគប់ជាមួយអ្នកដែលគ្មានក្រមសីលធម៌ វាធ្វើឲ្យយើងអត់ក្រមសីលធម៌ដែរ។ តែ នៅពេលជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាច ប្រទេសប្រជាធិបតេ្យយ វាជះឥទ្ធិពលតម្លាភាពនៃការកសាងប្រទេស វាមានតម្លាភាពនៅក្នុងការគោរពសិទ្ធិមនុស្ស ហើយមានការយកចិត្តទុកដាក់ទៅក្នុងសេចក្តីសុខរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជាសម័យបច្ចុប្បន្ន ដែលកំពុងតែស្រែកឃ្លានយុត្តិធម៌ ទាមទារសន្តិភាព ហើយទាមទារការអភិវឌ្ឍភាពត្រឹមត្រូវមួយ»។
លោក អ៊ូ គឹមហ៊ួត ពលរដ្ឋខ្មែរនៅក្រុងហ្វ៊ីឡាដែលហ្វ៊ីយ៉ា (Philadelphia) រដ្ឋ ភេនស៊ីលវីនៀ (Pennsylvania) ដែលបានចូលរួមស្តាប់ការពិភាក្សាដេញដោលពី នយោបាយកម្ពុជាបានថ្លែងថា សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចដែលមានការទាក់ទាញខ្លាំងពីក្រុមអ្នកនយោបាយលើពិភពលោករួមទាំងកម្ពុជាផងដែរ។
«ប្រាកដណាស់គឺថាគណបក្សសង្គ្រោះជាតិហ្នឹង គឺថាមុខជាចង់បានទំនាក់ទំនងល្អជា មួយអាមេរិកាំងហើយ។ ទី១ យើងមានគំនិតប្រជាធិបតេយ្យ ជាអ្នកឲ្យតម្លៃទៅលើសេរីភាព ជាអ្នកចង់រស់នៅជាមនុស្សម្នាថ្លែថ្នូរ យើងតែងតែចង់យកគំរូអាមេរិកាំង។អាមេរិកាំងជាមហាអំណាចអាចជួយយើងឲ្យដើរដល់គោលដៅនោះ»។
លោក អ៊ូ គឹមហ៊ួត មិនជឿថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចង់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកទេ ហើយបើទោះជាមានក៏គ្រាន់តែជាការ«បោកបញ្ឆោត»តែប៉ុណ្ណោះ។ ហើយគណបក្សនេះចង់តែ«នៅបន្តគ្របគ្រងប្រទេស និងភ្ជួរស្រែលើខ្នងពលរដ្ឋរហូត»។
លោកបន្តទៀតថា លោកកំពុងចាំមើលពីគោលនយោបាយថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ហើយនឹងការគិតគូពីផលប្រយោជន៍សហរដ្ឋអាមេរិក។ តែទោះជាយ៉ាងណា លោកថា លោកនឹងនៅបន្តតស៊ូមតិ ដើម្បីឲ្យមានការយកចិត្តទុកដាក់ពីរដ្ឋបាលថ្មីសហរដ្ឋ អាមេរិក ចំពោះការបោះឆ្នោតដោយសេរីនិងយុត្តធម៌នៅកម្ពុជា។ ទន្ទឹមគ្នាដែរ លោក ទទូចដល់ពលរដ្ឋខ្មែរចូលរួមបោះឆ្នោតសម្រេចជោគវាសនាប្រទេស និងស្វែងយល់ពី សារៈសំខាន់នៃតួនាទីជាម្ចាស់សន្លឹកឆ្នោត។
«វានៅលើរឿងយើងហ្នឹងធំណាស់ ប្រជាពលរដ្ឋខ្មែរអ្នកបោះឆ្នោតហ្នឹងធំណាស់ ត្រូវចេះជួយខ្លួនឯង។ ហើយបើសិនជាយើងប្រឹងជួយខ្លួនឯង សហរដ្ឋអាមេរិកគេងាយ នឹងជួយយើង។ ប្រទេសណាក៏ដោយ មិនចាំតែសហរដ្ឋអាមេរិកទេ គេងាយនឹងជួយយើង»។
លោក ញ៉យ ចំរើន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលរងគ្រោះដោយការវាយដំជាមួយនឹងសហការរីរបស់លោកម្នាក់ទៀតគឺ លោក គង់ សភា កំពុងស្ថិតនៅសហរដ្ឋអាមេរិក ដើម្បីដាក់ពាក្យប្តឹង និងបន្តនីតិវិធីបន្ថែមទៀត ប្រឆាំងនឹងការវាយដំលើរូបលោក។ លោកចូលរួមស្តាប់ក្នុងកិច្ចពិភាក្សា ហើយបានថ្លែងពីក្តីសង្ឃឹមរបស់លោកចំពោះរដ្ឋបាលថ្មីដឹកនាំដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រាប់វីអូអេថា៖
«ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់អាមេរិកហ្នឹងនឹងធ្វើកិច្ចការបានច្រើន ដោយសាររដ្ឋា ភិបាលថ្មីសព្វថ្ងៃនេះ គឺថាចេញពីគណបក្សខាងសាធារណរដ្ឋ ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្ទាល់ខ្លួនដែលខ្ញុំដឹងតាំងពីដើមមក គាត់អត់ចូលចិត្តពួកផ្តាច់ការទេ មេដឹកនាំផ្តាច់ការទេ»។
លោក ចំរើន បន្តថា លោកនិងមេដឹកនាំគណបក្សបានធ្វើកិច្ចការច្រើនជាមួយសមាជិកសភាអាមេរិកាំងលើបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា រហូតដល់ចេញជាសេចក្តីសម្រេចលេខ ៧២៨ ថ្កោលទោសបញ្ហារំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅកម្ពុជា ហើយនឹងច្បាប់ដាក់ទណ្ឌកម្មចំពោះអ្នករំលោភសិទ្ធិមនុស្សនៅក្នុងពិភពលោក (the Magnitsky Act) រួមទាំងការបង្កកទ្រព្យសម្បត្តិ មិនផ្តល់ទិដ្ឋការហើយនឹងចំណាត់ការតាមតុលាការអន្តរជាតិជាដើម។
ចាប់តាំងពីប្រទេសចិនបង្កើនទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាបន្តបន្ទាប់ ដល់លំដាប់យុទ្ធសាស្ត្រខ្ពស់ និងមានការផ្តល់ជំនួយ ដល់កម្ពុជាយ៉ាងច្រើននៅប៉ុន្មានឆ្នាំថ្មីៗនោះ ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ ត្រូវគេមើលឃើញថា បន្តនៅជាធម្មតា ទោះជាសហរដ្ឋអាមេរិកបង្វែរគោលនយោបាយការបរទេសមកកាន់តំបន់អាស៊ីក្រោមរដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលចប់អាណត្តិក្តី។
ប៉ុន្មានថ្ងៃនេះកម្ពុជាបានលុបចោលកម្មវិធីធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក ដែលមានការវិភាគផ្សេងគ្នាកើតឡើង។ ទំនាក់ទំនងប្រទេសទាំងពីរនេះក៏ត្រូវគេឃើញដែរថា ម្តងមានភាពល្អ ម្តងមានការធ្លាក់ចុះខ្លះទៅតាមស្ថានកាណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
សហរដ្ឋអាមេរិកប្រកាន់ខ្ជាប់ថា ប្រទេសណាក៏ដោយក្នុងពិភពលោកអាចមានទំនាក់ទំនងល្អប្រសើរជាមួយសហរដ្ឋអាមេរិកបាន ទាល់តែប្រទេសនោះមានកំណត់ត្រាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សល្អប្រសើរ ហើយគោរពច្បាប់នីតិរដ្ឋ៕