ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​មីយ៉ាន់ម៉ា​កាត់ទោស​អ្នក​កាសែត Reuters ពីរ​នាក់​ឲ្យ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ


លោក Kyaw Soe Oo អ្នក​កាសែតReuters ចាកចេញ​ពី​សវនាការ បន្ទាប់​ពី​បាន​ស្តាប់​សាលដីកា​នៅ​តុលាការ Insein ក្នុង​ក្រុង​រ៉ង់ហ្គូន កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។
លោក Kyaw Soe Oo អ្នក​កាសែតReuters ចាកចេញ​ពី​សវនាការ បន្ទាប់​ពី​បាន​ស្តាប់​សាលដីកា​នៅ​តុលាការ Insein ក្នុង​ក្រុង​រ៉ង់ហ្គូន កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។

អ្នក​សារព័ត៌មាន Reuters ពីរ​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​មីយ៉ាន់ម៉ា​ចាប់​ដាក់​ឃុំ​កាល​ពី​ឆ្នាំ​មុន ត្រូវ​បាន​កាត់​ទោស​ថា​បាន​រំលោភ​លើ​ច្បាប់​រក្សា​ការ​សម្ងាត់​របស់​ប្រទេស​មីយ៉ាន់ម៉ា និង​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ។

លោក Wa Lone និង​លោក Kyaw Soe Oo ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន បន្ទាប់ពី​អ្នក​ទាំង​ពីរ​បាន​ជួប​ជាមួយ​នឹង​មន្ត្រី​ប៉ូលិស​មីយ៉ាន់ម៉ា​ពីរ​នាក់​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ទីក្រុង​រ៉ង់ហ្គូន និង​ទទួល​បាន​កញ្ចប់​ឯកសារ​ពី​មន្ត្រី​ប៉ូលិស​ទាំង​ពីរ​នាក់​នោះ។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​ច្បាប់​រក្សា​ការ​សម្ងាត់​ផ្លូវការ​របស់​មីយ៉ាន់ម៉ា ដែល​ជា​ច្បាប់​មួយ​អនុម័ត​ដំបូង​កាល​ពី​ឆ្នាំ ១៩២៣ នៅ​ពេល​ដែល​មីយ៉ាន់ម៉ា ដែល​នៅ​ពេល​នោះ​ហៅ​ថា​មីយ៉ាន់ម៉ា​ស្ថិត​ក្រោម​អាណានិគម​របស់​ចក្រភព​អង់គ្លេស។ បុរស​ទាំង​ពីរ​បាន​បដិសេធ​ថា ពួកគេ​មិន​បាន​សុំ​ឯកសារ​ទាំង​នោះ​ពី​ប៉ូលិស​នោះ​ទេ។

មុន​ពេល​ចាប់​ខ្លួន​នោះ បុរស​ទាំង​ពីរ​នាក់​នេះ​បាន​យក​ព័ត៌មាន​អំពី​យុទ្ធនាការ​ឃោរឃៅ​របស់​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​ការ​បង្ក្រាប​ជាតិ​សាសន៍ Rohingya ក្នុង​រដ្ឋ Rakhine។ ពួកគេ​ផ្ដោត​លើ​ការ​រាយការណ៍​អំពី​ករណី​ដែល​ប៉ូលិស និង​ទាហាន​មីយ៉ាន់ម៉ា​សម្លាប់​រង្គាល​ជាតិ​សាសន៍ Rohingya ១០ នាក់ នៅ​ក្នុង​ភូមិ Inn Din។

និពន្ធ​នាយក​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Stephen J. Adler បាន​បដិសេធ​នូវ​ការ​ផ្ដន្ទាទោស​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ ដោយ​បាន​ហៅ​ការ​ផ្ដន្ទាទោស​នេះ​ថា​ជា «ថ្ងៃ​ដ៏​ក្រៀមក្រំ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា អ្នក​កាសែត​ទាំង​ពីរ​នាក់ និង​សារព័ត៌មាន​នៅ​គ្រប់​កន្លែង​ទាំង​អស់»។

លោក Adler បាន​បន្ថែម​ថា ការ​សម្រេច​របស់​ចៅក្រម​នេះ​គឺ​ជា «ដំណើរ​ត្រឡប់​ថយ​ក្រោយ​ដ៏​ខ្លាំង​មួយ​នៃ​ការ​ផ្លាស់ប្ដូរ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ»៕

XS
SM
MD
LG