ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មីយ៉ាន់ម៉ា​បដិសេធ​របាយការណ៍​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​វិបត្តិ​រ៉ូហ៊ីងយ៉ា


រូប​ឯកសារ៖ លោក ​Min Aung Hlaing នាយ​អគ្គ​សេនាធិការ​យោធា​មីយ៉ាន់ម៉ា ថ្លែង​ក្នុង​ពិធី​ឈប់​បាញ់​គ្នា​មួយ​នៅ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ​មីយ៉ាន់ម៉ា ក្នុង​ទីក្រុង​ណៃពិដោ កាល​ពី​ខែ​កុម្ភៈ​ ២០១៨។

នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​បដិសេធ​ចំពោះ​ការ​រក​ឃើញ​របស់​គណៈ​កម្មាធិការ​ស៊ើប​ការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ​ដែល​ចោទ​ប្រកាន់​យោធា​មីយ៉ាន់ម៉ា​ថា​បាន​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​ការ​បង្ក្រាប​កាល​ពី​ឆ្នាំ​មុន​លើ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា ​កាន់​សាសនា​ឥស្លាម។

គណៈ​កម្មាធិការ​នេះ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​អំពី​ការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​លើ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​រដ្ឋ Rakhine កាល​ពី​ខែ​សីហា​ឆ្នាំ​មុន។ អ្នក​ស៊ើប​អង្កេត​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កាត់​ទោស​លោក​ឧត្ដមសេនីយ៍ ​Min Aung Hlaing​ ដែល​ជា​នាយ​អគ្គ​សេនាធិការ​យោធា​មីយ៉ាន់ម៉ា និង​ឧត្ដមសេនីយ៍ ​៥​ នាក់​ទៀត ពី​បទ​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​លោក​ Zaw Htay បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​«រដ្ឋាភិបាល​មីយ៉ាន់ម៉ា​មិន​យល់​ព្រម និង​មិន​ទទួល​យក​សេចក្ដី​សម្រេច​ណា​មួយ» ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​នោះ​ទេ។

លោក ​Zaw Htay ​បាន​និយាយ​ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង «ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ» ​របស់​អង្គការ​សហ​ប្រជា​ជាតិ និង​«សហគមន៍​អន្តរជាតិ​ដទៃ​ទៀត»។

អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​បាន​ជំទាស់​ផង​ដែរ​ទៅ​នឹង​ការ​សម្រេច​របស់​ក្រុមហ៊ុន​ Facebook ​នៅ​ក្នុង​ការ​បិទ​ទំព័រ ​Facebook ​របស់​លោក​ឧត្ដមសេនីយ៍​ Min Aung Hlaing ​និង​មន្ត្រី​យោធា​កំពូលៗ​ផ្សេង​ទៀត។ ក្រុមហ៊ុន​ Facebook​ បាន​ចោទ​ប្រកាន់​ក្រុម​មេដឹកនាំ​យោធា​ទាំង​នេះ​ថា​បាន​ប្រើ ​Facebook​ ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ស្អប់​គុំកួន និង​ព័ត៌មាន​មិន​ពិត​អំពី​ជាតិ​សាសន៍រ៉ូហ៊ីងយ៉ា៕

XS
SM
MD
LG