ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការតវ៉ា​មាន​កាន់តែ​ច្រើន​នៅ​មីយ៉ាន់ម៉ា ខណៈ​ធនាគារ​ពិភពលោក​ព្រមាន​ពី​សេដ្ឋកិច្ច​ធ្លាក់ចុះ


ក្រុមបាតុករ​ប្រឆាំងនឹង​រដ្ឋប្រហារ តវ៉ា​នៅ​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃសុក្រ​ទី២៦ ខែមីនា ឆ្នាំ២០២១។
ក្រុមបាតុករ​ប្រឆាំងនឹង​រដ្ឋប្រហារ តវ៉ា​នៅ​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃសុក្រ​ទី២៦ ខែមីនា ឆ្នាំ២០២១។

ក្រុម​បាតុករ​ប្រឆាំង​របប​យោធា​មីយ៉ាន់ម៉ា​ បានប្រមូល​ផ្តុំ​គ្នា​ថែមទៀតនៅថ្ងៃសុក្រ​នេះ​ បន្ទាប់ពី​មាន​សេចក្តី​រាយ​ការណ៍​ថា​ យោធា​បាន​បាញ់​សម្លាប់​មនុស្ស​៩​នាក់​ ​មួយថ្ងៃ​មុន​ ហើយ​ធនាគារ​ពិភព​លោក ​បាន​ព្រមាន​ថា សេដ្ឋកិច្ច​ប្រទេស​នេះ អាច​ធ្លាក់​ចុះ​១០%​ នៅឆ្នាំ​នេះ​ ដោយសារ​ភាព​វឹកវរ​តាំងពី​មាន​រដ្ឋ​ប្រហារ​កាលពី​ខែ​មុន។​

ដើម្បី​បង្កើន​សម្ពាធ​លើ​របប​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ សហ​រដ្ឋ​អាមេរិក​និង​អង់គ្លេស ​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ធំៗ​គ្រប់គ្រង​ដោយ​យោធាដោយ​ក្រុង​វ៉ាស៊ីនតោន​ ការ​ហៅ​ការ​ដាក់​ទណ្ឌកម្ម​ថា​ ជាការ​ឆ្លើយតប​ទៅ​នឹង​«ការបង្ក្រាប​ឃោរឃៅ»របស់​យោធា។​

បណ្តាញ​ព័ត៌មាន​រាយការណ៍ថា ការ​តវ៉ា​ដោយ​ដុត​ភ្លើង​ទៀន​បំភ្លឺ ​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ពេញ​មួយ​យប់នៅ​តំបន់​ Mandalay ​និង​ Sagaing​ ហើយនឹង​នៅ​រដ្ឋ​ការ៉ែន​ និង​រដ្ឋឈិន។​

សាក្សី​បាន​និយាយ​ថា ក្រុម​មនុស្ស​ប្រមាណ​១០០​នាក់ ​បាន​វាយ​ស្គរ​តវ៉ា​នៅ​ទីប្រជុំជន​Sule​ នៃ​ទីក្រុង​រ៉ង់ហ្គូន​ មុន​ពេល​កម្លាំង​សន្តិសុខ​ដេញ។ បាតុករ​ម្នាក់​ឈ្មោះ​ Phone Naing ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា «សង្រ្គាម​នេះ​មិន​ចប់​ទេ ​លុះត្រា​យើង​ឈ្នះ។ ខ្ញុំ​នឹង​ប្រឆាំង​នឹង​ពួកគេ​តាម​ដែល​យើង​អាច​ធ្វើ​បាន»។​

បណ្តាញ​ព័ត៌មាន​ Mizzima ​បាន​រាយ​ការណ៍​ថា​ ​នៅ​Mandalay ​ដែល​ជាទីក្រុង​ធំ​ទី​២​របស់​មីយ៉ាន់ម៉ា​ ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ក្បួននៅ​ព្រឹក​ថ្ងៃសុក្រ​ នៅ​មុខ​បដា​ដែល​សរសេរ​ថា ​«ចលនា​ស៊ីវិល​ប្រឆាំង»។​

ក្រុម​អ្នក​រៀបចំ​បាតុកម្ម​ បាន​អំពាវ​នាវឱ្យមាន​ការ​តវ៉ា​យ៉ាង​ទូលំទូលាយ​នៅ​ថ្ងៃ​សៅរ៍​ ដែលជា​ទិវាកង​កម្លាំង​ប្រដាប់​អាវុធ​រំឭក​ការចាប់​ផ្តើមតស៊ូ​ប្រឆាំង​ការ​កាន់កាប់​របស់​ជប៉ុន​នៅ​ឆ្នាំ​១៩៤៥។

នៅ​មីយ៉ាន់ម៉ា ​មាន​ការ​តវ៉ា​ស្ទើរតែ​រាល់​ថ្ងៃ ចាប់​តាំងពី​ពេលកងទ័ព​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី​ អ៊ុងសាន ស៊ូជី ​និង​បង្កើត​របប​យោធា។ ​

យ៉ាង​ហោច​ណាស់​មនុស្ស​៣២០​នាក់ ​ត្រូវបាន​សម្លាប់​បន្ទាប់ពីការបង្ក្រាប។ នេះ​បើយោងតាម​តួលេខ​របស់​ក្រុម​សកម្មជន​សមាគម​ជួយ​អ្នកទោស​នយោបាយ។ យ៉ាងហោច​ណាស់​២៥​ភាគរយ​នៃ​អ្នក​ទាំងនោះ ​ស្លាប់​ដោយ​ការបាញ់​ចំ​ក្បាល៕

XS
SM
MD
LG