ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​និង​អាមេរិក ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​មីយ៉ាន់ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា


រូបឯកសារ៖ ទីស្នាក់ការ​របស់​​ក្រុមហ៊ុន​ Myanmar Economic Corporation Limited។ ក្រុមហ៊ុននេះ ស្ថិតក្នុង​ចំណោម​ក្រុមហ៊ុនដែល​​បានរងការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក ដែលជា​ផ្នែក​មួយ​នៃ​វិធានការ​បន្ថែម​ប្រឆាំង​របប​យោធា​ក្រោយ​រដ្ឋ​ប្រហារ។
រូបឯកសារ៖ ទីស្នាក់ការ​របស់​​ក្រុមហ៊ុន​ Myanmar Economic Corporation Limited។ ក្រុមហ៊ុននេះ ស្ថិតក្នុង​ចំណោម​ក្រុមហ៊ុនដែល​​បានរងការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក ដែលជា​ផ្នែក​មួយ​នៃ​វិធានការ​បន្ថែម​ប្រឆាំង​របប​យោធា​ក្រោយ​រដ្ឋ​ប្រហារ។

ចក្រភពអង់គ្លេស​និង​សហ​រដ្ឋ​អាមេរិក​នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​មីយ៉ាន់ម៉ា​ឈ្មោះ Myanmar Economic Holdings Ltd ជា​ផ្នែក​មួយ​នៃ​វិធានការ​បន្ថែម​ប្រឆាំង​របប​យោធា​ក្រោយ​រដ្ឋ​ប្រហារ។ នេះ​បើយោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អង់គ្លេស​លោក Dominic Raab បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា «ទណ្ឌកម្ម​ថ្ងៃនេះ​ ផ្តោត​លើ​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​របស់​យោធាភូមា​ ដើម្បី​បន្ថយ​ប្រភព​ហិរញ្ញ​វត្ថុ​សម្រាប់​យុទ្ធនាការ​គាប​សង្កត់ជនស៊ីវិល»។

បន្តិច​ក្រោយ​មក រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ភ្លាមៗ​ថា​ ខ្លួន​កំពុង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ Myanmar Economic Holdings Ltd​ និង​ក្រុមហ៊ុន​ Myanmar Economic Corporation Limited។ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា​ យោធា​មីយ៉ាន់ម៉ា «គ្រប់គ្រង​ផ្នែក​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​តាម​រយៈ​ក្រុមហ៊ុន​ទាំង​នេះ»។

ក្រុមហ៊ុន​ទាំងនោះ​ គ្រប​ដណ្តប់​លើ​វិស័យ​សំខាន់ៗ​ជាច្រើន​នៃ​សេដ្ឋកិច្ច​ រួមមាន​ពាណិជ្ជកម្ម​ ធនធាន​ធម្មជាតិ​ ស្រា​ បារី​ និង​ទំនិញ​ប្រើប្រាស់។

សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា​ «ទណ្ឌកម្ម​ទាំងនេះ​ ផ្តោត​សំខាន់​ទៅលើ​ធនធាន​សេដ្ឋកិច្ច​នៃ​របប​យោធា​របស់​ប្រទេស​ភូមា​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ត្រូវបាន​ជ្រើសរើស​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ភូមា​ និង​ការ​បង្ក្រាប​លើ​ប្រជាជន​ភូមា។​ ទណ្ឌកម្ម​ទាំង​នេះ​មិន​សំដៅ​ទៅលើ​ប្រជាជន​ភូមា​ទេ»៕

XS
SM
MD
LG