ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​មីយ៉ាន់ម៉ា​៨​នាក់​ទៀតត្រូវ​បាន​រាយការណ៍​ថា ត្រូវ​បាន​​សម្លាប់​ដោយ​កងកម្លាំង​យោធា


បាតុករ​​ដែល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ានាំគ្នា​រត់ ក្នុង​អំឡុងពេល​នៃ​ការ​បង្ក្រាប​របស់​កងកម្លាំង​ប៉ូលិស​ទៅ​លើ​ពួកគេ នៅ​តំបន់ Hlaing ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
បាតុករ​​ដែល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ានាំគ្នា​រត់ ក្នុង​អំឡុងពេល​នៃ​ការ​បង្ក្រាប​របស់​កងកម្លាំង​ប៉ូលិស​ទៅ​លើ​ពួកគេ នៅ​តំបន់ Hlaing ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

កងកម្លាំង​សន្តិសុខ​នៅ​មីយ៉ាន់ម៉ា​បាន​បាញ់​គ្រាប់កាំភ្លើង​ពិត និង​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ កាល​ពី​ថ្ងៃ​សុក្រ ទី១៩ ខែ​មីនា ហើយ​ត្រូវ​បានរាយការណ៍​ថា បាន​សម្លាប់​មនុស្ស​ ៨ ​នាក់​នៅ​ក្រុង Aungban ក្នុង​រដ្ឋ Shan ភាគខាង​កើត​ប្រទេស​មីយ៉ាន់ម៉ា។​

ការ​សម្លាប់​ និង​ការ​ចាប់​ខ្លួន​ក្រុម​បាតុករ​មួយ​ចំនួន​នៅ​ក្រុង Aungban បាន​កើត​ឡើង​ស្រប​ពេល​ដែល​ក្រុម​បាតុករ​បាន​ចេញ​ធ្វើបាតុកម្ម​តាម​ដង​ផ្លូវនានា​នៅ​ក្រុង​នេះ និង​នៅ​តាម​ទីក្រុង​ដទៃ​ទៀត​ រួម​មាន​ក្រុង​រ៉ងហ្គូន ក្រុង Mandalay ក្រុង Myingyan ក្រុង Katha និង​ក្រុង Myawaddy ផងដែរ។ នេះ​បើ​យោង​ទៅ​តាម​សាក្សី និង​សេចក្ដីរាយការណ៍​នានា​របស់​បណ្តាញ​ផ្សព្វផ្សាយ។

បាតុករ​ចំនួន ៧​នាក់ ត្រូវ​បាន​បាញ់​សម្លាប់ ហើយជនរងគ្រោះ​ពី​ការ​បាញ់ប្រហារ​មួយ​រូប​ទៀត​បាន​ស្លាប់​ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ក្រុង Kalaw ដែល​ស្ថិត​នៅ​ក្បែរ​នោះ។ នេះ​បើ​យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដកស្រង់​សម្តី​ពី​មន្រ្តី​ទទួលបន្ទុក​ផ្នែក​បុណ្យ​សព​នៅ​ក្រុង​ Aungban ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។​

ទីភ្នាក់ងារ​ព័ត៌មាន Reuters ​ក៏​បាន​រាយការណ៍​ថា បាតុករ​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្រុង Loikaw ភាគ​ឦសាន​ប្រទេស​ផងដែរ។​

រដ្ឋាភិបាល​យោធា​មិន​បាន​ធ្វើការ​អធិប្បាយ​ភ្លាមៗ​ជុំវិញ​ការ​ស្លាប់​ដែល​ត្រូវ​បាន​រាយការណ៍​នា​ពេល​ចុងក្រោយ​បង្អស់​នេះ​នោះ​ទេ។ ទីភ្នាក់ងារ​ព័ត៌មាន Associated Press បាន​រាយការណ៍​ថា អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នក​នាំពាក្យ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) ដែល​ជា​គណបក្ស​របស់​មេដឹកនាំ​លោកស្រី Aung San Suu Kyi ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង។

មាន​សេចក្ដីរាយការណ៍​តាម​បណ្តាញ​ផ្សព្វផ្សាយ និង​ភស្តុតាង​ពី​សាក្សី​ ដែល​ថា ​ពលរដ្ឋ​មីយ៉ាន់ម៉ា​កំពុង​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ ខណៈ​ការ​បង្រ្កាប​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ ដែល​នៅ​ក្នុង​នោះ​ មនុស្ស​ជាង ២៣០​ ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​ប្រមាណ ២០០០​នាក់​ទៀត​ ត្រូវ​បាន​ចាប់ខ្លួន ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​មក។

​ព្រឹត្តិការណ៍​វិវត្ត​នានា​នៅ​ប្រទេស​មីយ៉ាន់ម៉ា កាន់​តែ​មាន​ភាព​លំបាក​នៅ​ក្នុង​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ បន្ទាប់​ពី​អាជ្ញាធរ​បាន​រឹតត្បិត​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ក្រុម​បាតុករ​បាន​ប្រើប្រាស់​ដើម្បី​រៀបចំ និង​ចែកចាយ​ព័ត៌មាន។

​យោធា​មីយ៉ាន់ម៉ា​បាន​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ចំនួន​ពីរ​នាក់​កាល​ពី​ថ្ងៃ​សុក្រ​ ទី១៩ ខែ​មីនា នៅ​រដ្ឋធានី​ណៃពិដោ ខណៈ​ពួកគេ​កំពុង​យក​ព័ត៌មាន​ពី​សវនាការ​របស់​សមាជិក​ម្នាក់​នៃ​គណបក្ស​របស់​លោកស្រី​ Suu Kyi។

VOA ភូមា​បាន​កំណត់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន​ដែល​ត្រូវ​បាន​ឃុំខ្លួន​នោះរួមមាន​លោក Aung Thura ​អ្នក​សារព័ត៌មាន​របស់ BBC និង​លោក Than Htike Aung អតីត​អ្នកសារព័ត៌មាន​ប្រចាំ​សារព័ត៌មាន Mizzima ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​រ៉ង់ហ្គូន។

អ្នក​សារព័ត៌មាន​យ៉ាង​ហោចណាស់​ចំនួន ៥០​ នាក់​ត្រូវ​បាន​ចាប់ខ្លួន​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​យោធា​មក ដែល​ក្នុង​នោះ​អ្នក​សារព័ត៌មាន​ជាង ២០​នាក់​ត្រូវ​បាន​ដោះលែង​វិញ​ហើយ។ អ្នកសារព័ត៌មាន​យ៉ាងហោចណាស់ ២០​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​នៅ​ឡើយពាក់ព័ន្ធ​នឹង​បទ​ញុះញង់​ឲ្យ​មាន​ចលាចល។ នេះ​បើយោង​ទៅតាម សេចក្ដីរាយការណ៍​របស់ VOA ភូមា។

យោធា​បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​នៅ​ក្នុង​តំបន់​ចំនួន​៦​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ដែល​ជា​ទីក្រុង​ពាណិជ្ជកម្ម​របស់​មីយ៉ាន់ម៉ា ដោយ​ការណ៍​នេះ​បានដាក់​មនុស្ស​ ២​លាន​នាក់ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់​យោធា។

សហរដ្ឋអាមេរិក និង​បណ្តា​បស្ចិមប្រទេស​មួយ​ចំនួន​បាន​ថ្កោលទោសរដ្ឋប្រហារយោធា​មីយ៉ាន់ម៉ា​នេះ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​នូវ​អំពើ​ហិង្សា។ ពួកគេ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោកស្រី Suu Kyi និង​មេដឹកនាំ​ដទៃ​ទៀត ដែល​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា

VOA ភូមា​ផ្ដល់​ព័ត៌មាន​បន្ថែម​នៅ​ក្នុង​សេចក្ដីរាយការណ៍នេះ។

XS
SM
MD
LG