នៅថ្ងៃពុធនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកជាប់ឃុំជាង ៦០០ នាក់ ដែលពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋប្រហារយោធា ស្របពេលដែលមានការខឹងសម្បារកាលពីពេលថ្មីៗនេះ ចំពោះការបង្ក្រាបដ៏ព្រៃផ្សៃរបស់យោធាលើក្រុមបាតុករ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកជាប់ឃុំជាង ៦០០ នាក់នេះ ត្រូវបានដោះលែងពីពន្ធនាគារ Insein នៅក្នុងទីក្រុងរ៉ង់ហ្គូន។
មន្ត្រីពន្ធនាគារជាន់ខ្ពស់មួយរូបបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «យើងបានដោះលែងបុរសចំនួន ៣៦០ នាក់ និងស្ត្រី ២៦៨ នាក់ ចេញពីពន្ធនាគារ Insein នៅថ្ងៃនេះ»។
លោកមេធាវី Khin Maung Myint ដែលបានស្ថិតនៅឯពន្ធនាគារ Insein ដើម្បីចូលរួមក្នុងសវនាការរបស់កូនក្ដីពីរនាក់ផ្សេងទៀត បាននិយាយថា រថយន្តដឹកមនុស្សចំនួន ១៦ គ្រឿង បានចាកចេញពីពន្ធនាគារនេះនៅម៉ោង ១០ ព្រឹក ម៉ោងក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «អ្នកទាំងនោះត្រូវបានបញ្ជូនទៅកាន់ស្ថានីយប៉ូលិសដែលពាក់ព័ន្ធ មុនអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ ...អ្នកខ្លះបានទូរស័ព្ទមកខ្ញុំប្រាប់អំពីការដោះលែងនេះ»។
ប្រព័ន្ធព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្ហាញរូបភាពរបស់អ្នកទាំងនោះនៅលើរថយន្តដែលដឹកពួកគេ ដោយពួកគេបានលើកម្រាមដៃបី ដែលជាសញ្ញាបង្ហាញពីការប្រឆាំងនឹងរដ្ឋប្រហារ នៅពេលដែលមនុស្សដែលកំពុងរង់ចាំនៅខាងក្រៅពន្ធនាគារបានគ្រវីដៃដាក់ពួកគេ និងធ្វើសញ្ញាម្រាមដៃបីត្រឡប់ទៅវិញ៕