ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​មីយ៉ាន់ម៉ា​រាប់ពាន់​នាក់​​ស្នាក់​នៅ​ផ្ទះ​ជា​ផ្នែក​មួយ​នៃ​កូដកម្ម​ស្ងាត់ស្ងៀម​ប្រឆាំង​របប​យោធា


ទិដ្ឋភាព​តាម​ដងផ្លូវ​ស្ងៀមស្ងាត់ ដែល​គ្មាន​មនុស្ស​ម្នា​ ខណៈ​ដែល​ប្រជាជន​មីយ៉ាន់ម៉ារាប់​ពាន់​នាក់​នាំ​គ្នា​​ស្នាក់​នៅ​តែ​ក្នុង​ផ្ទះ ដើម្បី​ប្រឆាំង​នឹង​របប​យោធា ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។​

ប្រជាជន​រាប់ពាន់​នាក់​នៅ​ពាសពេញ​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​ធ្វើ​កូដកម្ម​ស្ងាត់ស្ងៀម​ដែល​ជា​ការ​បង្ហាញ​ការ​បន្ត​ប្រឆាំង​របប​យោធា​ដែល​កំពុង​កាន់​អំណាច​ចូល​ដល់​ថ្ងៃ​ទី​៥១​ជាប់គ្នា។

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​កំពុង​ទទូច​ដល់​អ្នក​ផ្សេង​ទៀត​ឲ្យ​ស្នាក់នៅ​ផ្ទះ ​និង​មិន​ធ្វើ​ជំនួញអ្វី​ទាំងអស់​សម្រាប់​ថ្ងៃពុធម្សិលមិញ​នេះ។ នេះ​ជា​វិធី​ចៀសវាង​ការ​បង្ក្រាបដែល​កើន​ឡើង​ដ៏​ប្រល័យ​ដោយ​របប​យោធា​លើ​បាតុកម្ម​ជា​រៀងរាល់ថ្ងៃ ដែល​បាន​កើតឡើង​មិន​ឈប់តាំងពី​អ្នកស្រី Aung San Suu Kyi​ និង​សមាជិក​ជាន់​ខ្ពស់​នៃរដ្ឋាភិបាល​ស៊ីវិល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង និង​ត្រូវ​បាន​ឃុំឃាំង​ដោយ​យោធា​តាំងពីថ្ងៃទី១​ ខែ​កុម្ភៈមក។​

សមាគម​សកម្មជន​ក្នុង​តំបន់​មួយ​ឈ្មោះ​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ (AAPP) និយាយ​ថា ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​២៧៥​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​យោធា​ក្នុង​ពេល​បង្ក្រាប។​ ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​គឺ​ក្មេង​ស្រី​អាយុ​៧​ ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​គេ​បាញ់​កាលពី​ថ្ងៃអង្គារ​នៅ​ពេល​ដែល​ទាហាន​បាន​សម្រុក​ចូល​ផ្ទះ​របស់​នាង​នៅ​ទីក្រុង ​Mandalay។ ​នេះ​បើ​តាម​បណ្តាញ​ព័ត៌មាន​ Myanmar Now និង Reuters។​

កុមារ​រងគ្រោះ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ កំពុង​អង្គុយ​នៅ​លើ​ភ្លៅ​ឪពុក​របស់​នាង​នៅ​ពេល​ដែល​ពួក​ទាហាន​បាន​សម្រុក​ចូល​ផ្ទះ ​ហើយ​សួរ​ថា ​អ្នក​ទាំង​អស់​គ្នា​នៅ​ផ្ទះ​មិន​បាន​ចេញ​ធ្វើ​បាតុកម្ម​ទេមែនទេ? ឪពុក​នាង​បាន​និយាយ​ថា​ មែន​ហើយ។​ ប៉ុន្តែ​ទាហាន​បាន​ចោទថា​ លោក​បាន​កុហក​ ហើយ​បានបាញ់​ប្រហារ​ចំ​ក្មេង​ស្រី​នោះ​តែ​ម្ដង។​

សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​ (AAPP) និយាយ​ថា​ មនុស្ស​ជាង​២.០០០​ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​និង​ឃុំខ្លួន​ចាប់តាំង​ពី​ការ​បង្ក្រាប​បាន​ចាប់​ផ្តើម។​ បណ្តាញ​ព័ត៌មាន​នានា​និយាយ​ថា​ ឡាន​ជាច្រើន​គ្រឿងដឹក​បាតុករ​ប្រឆាំង​រដ្ឋ​ប្រហារ​ពេញៗចេញ​ពី​ពន្ធនាគារ​ Insein ​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​កាលពី​ថ្ងៃពុធ​ដែល​អាច​ជា​កាយ​វិការ​សុច្ឆន្ទៈ​របស់​របប​យោធា​ដោះលែង​ពួកគេ។ ​

ទីភ្នាក់ងារ​ព័ត៌មាន Associated Press ​និង​ AFP និយាយ​ថា​ ចំនួន​អ្នក​ដែល​ត្រូវ​បាន​ដោះលែង​មាន​ច្រើន​ជាង​៦០០​នាក់។​

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ដោះលែង​ទាំង​នោះ​ក៏​មានអ្នក​កាសែតរបស់​ទីភ្នាក់ងារ​ព័ត៌មាន​ម្នាក់​ AP ​ឈ្មោះ​ Thein Zaw​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ខណៈ​ពេល​លោក​កំពុង​យក​ព័ត៌មាន​អំពី​ការ​តវ៉ា​តាម​ដង​ផ្លូវ​មួយ​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូនជាមួយ​អ្នក​សារ​ព័ត៌មាន​ចំនួន​៨​ នាក់​ផ្សេង​ទៀត។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ទីភ្នាក់ងារ​ព័ត៌មាន Reuters ​បាន​ឲ្យ​ដឹង​ថា​ សវនាការ​តាម​អ៊ីនធឺណិត​ដែល​បានគ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ពុធ​សម្រាប់​លោកស្រី​ Aung San Suu Kyi ​នៅ​រដ្ឋធានី​ណៃពិដោ​ ត្រូវ​បាន​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មេសា​វិញ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG