ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​៦​ម៉ឺន​នាក់​​ចូល​រួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក Mandela នៅ​អាហ្វ្រិក​ខាង​​ត្បូង


លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​ទៅ​កាន់​ហ្វូង​មនុស្ស​ដែល​បាន​មក​ជួប​ជុំ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សម្រាប់​លោក Nelson Mandela នៅ​ពហុកីឡាដ្ឋាន FNB Stadium ក្នុង​ក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​អង្គារ​ទី​១០ ខែ​ធ្នូ​ឆ្នាំ​២០១៣។
លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​ទៅ​កាន់​ហ្វូង​មនុស្ស​ដែល​បាន​មក​ជួប​ជុំ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សម្រាប់​លោក Nelson Mandela នៅ​ពហុកីឡាដ្ឋាន FNB Stadium ក្នុង​ក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​អង្គារ​ទី​១០ ខែ​ធ្នូ​ឆ្នាំ​២០១៣។
មនុស្ស​ជាង​៦​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​ក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​សម្រាប់​ពិធីគោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Nelson Mandela។ លោក សឹង សុផាត សូម​ជូន​សេចក្តី​រាយការណ៍របស់​វីអូអេ​ដូច​តទៅ៖

ភ្លៀង​ធ្លាក់​ជា​ប្រចាំ​មិន​បាន​រារាំង​ក្រុម​អ្នក​កាន់​ទុក្ខ​ពី​ការ​ច្រៀង​និង​រាំ​ដើម្បី​រំឭក​ដល់​លោក​ Mandela ខណៈ​ដែល​អ្នក​ឡើង​ថ្លែង​សុន្ទរកថា បាន​កោត​សរសើរតួនាទី​លោក Mandela ក្នុង​ការ​បញ្ចប់​របប​ប្រកាន់​ពូជសាសន៍​អាផាថេត (Apartheid) និង​ការ​ផ្សះផ្សា​របួសនៃ​ការ​បែងចែក​ជាតិ​សាសន៍​របស់​អាហ្វ្រិក​ខាង​ត្បូង។

លោក បាន គឺមូន (Ban Ki-moon) អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ថ្លែង​ថា មរណភាព​របស់​លោក Mandela ជា​ការ​បាត់បង់​ដ៏​មហិមា៖

លោក​ថ្លែង​ថា៖ «ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​បាត់​បង់​វីរបុរស​មួយ​រូប។ អ្នក​បាន​បាត់បង់ឪពុក​មួយ​រូប។ ពិភពលោក​បាន​បាត់​បង់​មិត្តភក្តិ​និង​អ្នកបង្រៀន​ប្រដៅ​ដ៏​ល្អ​មួយ​រួប។ លោក Nelson Mandela មិន​ត្រឹម​តែ​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​បំផុតមួយ​រូបក្នុង​ជំនាន់​យើង​ប៉ុណ្ណោះទេ តែ​លោក​ថែម​ទាំង​ជាគ្រូ​បង្រៀន​ដ៏​អស្ចារ្យ​បំផុត​មួយ​ផង​ដែរ។»​

លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​ថា លោក Mandela និង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​បង្ហាញ​ពិភព​លោក​អំពី​របៀប​ដែល​គេ​ទាមទារ​សេរីភាព​និង​សិទ្ធិ​មនុស្ស​បាន​ដោយ​ជោគជ័យ។

លោក​អូបាម៉ា​ថ្លែង​ថា៖ «លោក Nelson Mandela តែង​បាន​រំឭក​យើង​ថា កិច្ចការ​ខ្លះ​ដែល​ហាក់​ដូច​មិន​អាច​សម្រេច​បាន ពិត​ជា​អាច​សម្រេច​បាន។ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​បង្ហាញ​ថា នេះ​ជា​ការណ៍​ពិត។ អាហ្វ្រិក​ខាង​ត្បូង​បាន​បង្ហាញ​ថា​យើង​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​បាន។ គឺ​ថា យើង​អាច​បង្កើត​ពិភពលោក​មួយ​ដែល​មិនមែន​កំណត់​ដោយ​ភាព​ខុស​គ្នា​របស់​យើង​ទេ តែ​កំណត់​ដោយ​សេចក្តី​សង្ឃឹម​រួម​គ្នា​របស់​យើង។ យើង​អាច​បង្កើត​ពិភពលោក​ដែល​មិន​កំណត់​ដោយ​ជម្លោះ​ទេ តែ​កំណត់​ដោយ​សន្តិភាព​និង​កាលានុវត្តភាព​វិញ។»


លោក Jacob Zuma ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​បាន​កត់​សម្គាល់​ថា ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ​ប្រព្រឹត្ត​ធ្វើ​នៅ​ចំ​ខួប​ទី​២០​នៃ​ការ​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​ដល់​លោក Mandela។

លោក Nelson Mandela បាន​ក្លាយ​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ឆ្នាំ​១៩៩៤ គឺ​នៅ​ក្រោយ​ពី​លោក​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២៧​ឆ្នាំចំពោះ​តួនាទី​របស់​លោក​នៅ​ក្នុងចលនា​ប្រឆាំង​នឹង​របប​គ្រប់គ្រង​ដោយពលរដ្ឋ​ស្បែក​ស​ភាគ​តិច។

ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ពហុកីឡាដ្ឋាន​របស់​ទី​ក្រុង Johannesburg ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត​កីឡា​បាល់ទាត់​ពិភពលោក​ (World Cup) ឆ្នាំ​២០១០។

កន្លែង​នេះ​ក៏​ជា​ទី​កន្លេង​ដែល​លោក Mandela បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ចុង​ក្រោយ​បំផុត នៅ​ក្នុង​អំឡុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​ដំបូង​នៅ​ទ្វីប​អាហ្វ្រិក។

គណៈប្រតិភូ​ស.រ.អា.​ដែលរួម​ដំណើរ​ជាមួយ​លោក​ប្រធានាធិបតី​អូបាម៉ា​ រូម​បញ្ចូល​លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី និង​អតីត​ប្រធានាធិបតី​អាមេរិក គឺ​លោក George W. Bush លោក​ Bill Clinton និង​លោក Jimmy Carter ផង​ដែរ។

សព​លោក​ Mandela នឹង​ត្រូវបាន​តម្កល់​ទុក​នៅ​ថ្ងៃ​ពុធ ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ នៅ​ឯ​វិមាន​សហព័ន្ធ (Union Buildings) ក្នុង​ទី​ក្រុង​ Pretoria ដែល​ជា​ទី​ក្រុង​រដ្ឋបាល​របស់​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

ពិធី​គោរព​វិញ្ញាណក្ខន្ធ​និង​ព្រឹត្តិការណ៍​ទាក់ទង​នានា​នឹង​បញ្ចប់​ក្នុង​ពិធី​ធំ​គឺ​ពិធី​បញ្ចុះ​សព​លោក Mandela នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ នៅ​ភូមិ Qunu ដែល​ជា​ភូមិ​កំណើត​របស់​លោក Mandela៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG