ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទចោទ​បន្ថែម​លើ​នួន​ ជា ​និង​ខៀវ សំផន​​រំពឹង​ថា ​នឹង​បង្ហាញ​ការណ៍​ពិត​ថែម​ទៀត​ពេល​កាត់​ទោស​បន្ត


​នួន ជា (ស្តាំ) ​​បង​ធំទី២​ និង​​ខៀវ សំផន​ (ឆ្វេង) ប្រមុខរដ្ឋ នៅ​ក្នុង​​សម័យ​ខ្មែរ​ក្រហម។
​នួន ជា (ស្តាំ) ​​បង​ធំទី២​ និង​​ខៀវ សំផន​ (ឆ្វេង) ប្រមុខរដ្ឋ នៅ​ក្នុង​​សម័យ​ខ្មែរ​ក្រហម។

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប. បាន​ចាប់​ផ្តើម​បើក​សវនាការ​កាត់ ទោស​ជា​បឋម​ចំពោះ​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​ពីរនាក់​គឺ​នួន ជាបង​ធំទី២​ និងខៀវ សំផន​ ប្រមុខរដ្ឋ ​កាលពី​ថ្ងៃទី​៣០​ខែ​កក្កដា ​ពី​បទ​ចោទ​ទាក់ទង​នឹង​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​សំខាន់ៗចំនួនបី​ ក្នុង​វគ្គ​ថ្មី​ទាក់ទង​នឹង​ការ​សម្លាប់​រង្គាល​ជីវិត​មនុស្ស ​ជាង​១លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។​ ក្រុម​អ្នកតាម​ដាន​សាលាក្តី​ខ្មែរ​ក្រហម​នៅ​សហរដ្ឋអាមេរិក​មួយ​ចំនួន ​បាន​អះអាង​ថា ​សាលាក្តី​នេះ​រំពឹង​ថា​ នឹង​ បង្ហាញ​ឲ្យដឹង​ការណ៍​ពិតរឿង​ថែម​ទៀត​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ក្នុង​ដំណើរ​ការ​កាត់ទោសសំណុំ​រឿង​០០២​វគ្គ​ទី២។​

បើ​តាម​ឯកសារ​ចេញ​ផ្សាយ​ជាសាធារណៈ​ដោយ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​ ថា​ បទចោទ​នៅក្នុង​សំណុំ​រឿង​០០២ ​វគ្គទី២​ រួមមាន​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​ សាសន៍​ចំពោះ​ជនជាតិ​ចាម ​និង​វៀតណាម ​ការរៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​ និង​រំលោភ​សេពសន្ថវៈ​នៅ​ទូទាំង​ប្រទេស​ ការ​បោស​សម្អាតឬ​កាប់​សម្លាប់​ផ្ទៃ​ក្នុង​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​ ការកាប់​សម្លាប់​លើអ្នក​រដ្ឋការ​នៃ​របប​ សាធារណរដ្ឋ​ខ្មែរ ​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​លើ​ពុទ្ធសាស​និកជន​ជាដើម។​ ហើយ​បទ​ ចោទ​ទាំងនេះ​មាន​មូលដ្ឋាន​លើ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​មន្ទីរ​សន្តិសុខ​ចំនួន​ ៤ ​ការដ្ឋាន​ការងារ​ចំនួន​៣​ និង​សហករណ៍​ចំនួនមួយ​ប៉ុណ្ណោះ។​

លោក​បណ្ឌិត​ចន ស៊ីយ៉ូស៊ីយ៉ារី​ (John Ciorciari)​ សាស្ត្រាចារ្យ​ផ្នែក​គោល​នយោ បាយ​សាធារណៈ​នៃ​មហា​វិទ្យាល័យ​ Gerald Ford ​School ​of ​Public ​Policy នៃ​សាកល​វិទ្យាល័យ​ Michigan​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​សាលាក្តី​ខ្មែរក្រហម​ គឺ​Hybrid Court ​បានថ្លែង​ថា ​សំណុំ​រឿង​០០២ ​វគ្គទី២​នេះ​នឹង​កាត់ទោស​ឧក្រិដ្ឋកម្ម​ ធ្ងន់ធ្ងរ​ថែមទៀត​លើ​មេដឹកនាំ​ខ្មែរក្រហម​ពីរ​រូប​គឺ​នួន ជា ​និង​ខៀវ សំផន​ បន្ថែម​ លើ​ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​ការ​ជម្លៀស​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ក្នុង​សំណុំ​រឿង​ ០០២ ​វគ្គទី១​ ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​តែ​មួយ​នោះ៖​

«សំណុំ​រឿង​០០២​វគ្គទី១​ ពិតជា​ផ្តល់​យុត្តិធម៌​មាន​កម្រិត​ដែល​ជួយ​ធានា​ថា​ សា លាក្តី​ខ្មែរក្រហម​អាច​មាន​លទ្ធភាព​ឈាន​ដល់​សាលក្រម​ដាក់ទោស​ជនជាប់​ ចោទ​ចំណាស់ៗ​មួយ​ចំនួន។​ សំណុំ​រឿង​០០២​វគ្គទី២​កាត់​ទោស​ឧក្រិដ្ឋ​កម្ម​ធំ​ទូលំទូលាយ​ជាង​វគ្គទី១។​ ទោះជា​ការ​កាត់​ទោស​មិន​អាច​កាត់ទោស​បាន​ ឧក្រិដ្ឋកម្ម​លំដាប់​ខ្ពស់​ទាំងអស់​ដែល​បាន​ប្រព្រឹត្ត​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ មែន​ តែ​យ៉ាង​ហោចណាស់​តុលាការ​នឹង​អាច​កាត់ទោស​គ្រប​ដណ្តប់​លើ​គំរូ​សម​ ហេតុផល​ តំណាង​ឲ្យ​ប្រភេទ​បទ​ឧក្រិដ្ឋកម្ម​ធំៗ​ដែល​ត្រូវ​ចោទ»។​

សំណុំ​រឿង​០០២ ​វគ្គទី២​ ដែលមាន​ជនជាប់​ចោទ​ពីរនាក់ដែល​មាន​ចំណាស់​ជាង​៨០​ឆ្នាំ​ ដូច​សំណុំ​រឿង​០០២​ វគ្គទី​០១​ដែរនោះ​ ត្រូវបាន​បើក​ការ​ជំនុំ​ជម្រះ​ជា​បឋម​រួច​ហើយ​កាលពី​ថ្ងៃទី​៣០​ខែ​កក្កដា​ឆ្នាំ២០១៤​ ដែល​គេ​រំពឹង​ថា ​នឹង​បន្ត​ដំណើរការ​នៅ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត។​

លោក​សាស្ត្រាចារ្យ​ Ciorciari ​សង្ឃឹម​ថា ​តុលាការ​នេះ​ទំនងជា​មាន​បញ្ហា​រអាក់ រអួល ​ដោយ​សារ​ថា​ ​ជនជាប់​ចោទ​មាន​អាយុ​ច្រើន​ ហើយ​ប្រើ​សិទ្ធិស្រប​ច្បាប់​មិន​ មក​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​កាត់ទោស​ដោយ​បញ្ហា​សុខភាព។​

«ជំហ៊ាន​ដ៏សំខាន់​បំផុត​គឺ​ធ្វើការ​កាត់ទោស​ឲ្យមាន​តម្លាភាព​ និង​ប្រកប​ដោយ ប្រសិទ្ធ​ភាព​ក្នុង​សំណុំ​រឿង​០០២​ វគ្គទី២ ​ដែលគេ​ចាត់ទុក​ថា ​ជា​ការ​កាត់ទោស​ដ៏​ សំខាន់​បំផុត ​ដែល​តុលាការ​ត្រូវប្រឈម​នោះ។​ ការកាត់​ទោស​នេះ​ផ្តល់​នូវ​ឱកាស​ ក្នុង​ការ​ផ្តល់​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ដ៏ទូលំ​ទូលាយ​ចំពោះ​ទម្រង់​នៃ​អំពើ​ឃោរ ឃៅ​របស់​ខ្មែរក្រហម​ជាច្រើន​ ហើយនឹង​ផ្តល់​ទម្រង់​ជាគំរូ​យុត្តិធម៌​ដល់ជន​រង​គ្រោះ​ ដែល​រស់រាន​មាន​ជីវិត ​ចេញផុតពីការ​ឈឺចាប់​ ចេញ​ពី​អំពើ​រំលោភ​បំពាន​ប្រហាក់​ប្រហែល​គ្នា»។​

លោក​បាន​អះអាង​ថា ​ជន​រងគ្រោះ​ជាច្រើន​នឹង​ស្វាគមន៍ចំណាត់​ការ​លើ​បទ ឧក្រិដ្ឋ​កម្មខ្លះ​ ហើយ​ស្វាគមន៍​ចំពោះ​ការ​ដាក់​ទោស​ទណ្ឌ​ តែ​ក៏​អាច​នឹងមាន​អ្នក​រស់​រាន​មាន​ជីវិត​ជាច្រើន ​ដែល​ខកចិត្ត​ដោយសារ​ថា​ បទ​ឧក្រិដ្ឋ​តែមួយ​ចំនួន​ និង​មាន​ជនសង្ស័យ​តែមួយ​ចំនួនប៉ុណ្ណោះ​ នឹងត្រូវ​នាំខ្លួន​មក​កាត់​ទោស ក្នុង​ពេល​អ្នក​ខ្លះ​ចង់​ឃើញ​ការ​ដាក់​ទោស​ធ្ងន់លើស​ពី​ដាក់​គុកមួយ​ជីវិត​ផង​នោះ។​ ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់ ​ដែលភៀស​ខ្លួន​មករស់នៅ​រាយ​បាយ​ពេញ​ពិភព​លោក ​ជាពិសេស​ក្នុង​ប្រទេស​អាមេរិក ​ដោយសារ​របប​កាប់​សម្លាប់​របស់​ខ្មែរក្រហម​នោះ​ មានការ​ពេញចិត្ត​ខ្លះ​ និងមិនពេញ​ចិត្តខ្លះ​ ​ចំពោះការ​កាត់ទោស​ ដែលធ្វើ​ឡើងរយៈពេល​ជាង​៣​ទស​វត្សរ៍​ក្រោយ​មក​នេះ។ ​តែ​បើតាម​ការ​អះអាង​របស់​លោកស្រី​សាស្ត្រាចារ្យ​ខ្មែរ​អាមេរិកាំង​នូ លក្ខិណា​ ​និង​ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ ​អនុវត្ត​សង្គម​នៃ​កម្ពុជា ​(Asric) ​បាន​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​សាលាក្តី​កាត់​ទោស​ខ្មែរក្រហម​ ដែល​មិន​បាន​យក​ចិត្ត​ទុកដាក់​តាំងពីដំបូង​ដល់​ពល​រដ្ឋខ្មែរ​ដែល​ជា​អ្នករស់​រាន​មាន​ជីវិត ​ឬ​ជា​អ្នក​ដែល​ភៀស​ខ្លួន​មករស់នៅ​ស.រ.អា.​រត់​ពី​របប​កាប់​សម្លាប់​របស់​ខ្មែរក្រហម ។ ​លោកស្រី​ពុំបាន​បង្ហាញ​ឲ្យដឹង​លម្អិតទេ។​ តែ​គេ​ដឹង​ថា ​លោកស្រី​ទំនង​ជានិយាយ​យោង​ទៅលើ​ការ​ចូលរួម​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​ដំណើរ​តុលាការ​ ក្នុង​កម្មវិធី​ផ្សះផ្សារ​ផ្លូវចិត្ត​របស់​តុលាការ​ និង​បញ្ហា​ផ្សេងៗ​ទៀត។​

តែ​ពលរដ្ឋ​ខ្មែរ​អាមរិកាំង​ជាច្រើន​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​នឹង​បាន​ចូលរួម​ក្នុង​កិច្ច ពិភាក្សា​មួយ​ជាមួយ​សហ​ព្រះរាជ​អាជ្ញា​បរទេស​គឺ​លោក​ Nicholas Koumjian ​អំពី​ដំណើរការ​តុលាការ​នៅ​ល្ងាច​ថ្ងៃទី៤​ខែ​កញ្ញា​ឆ្នាំ​២០១៤​ក្នុង​ទីស្នាក់ការ​ធំ​របស់​សមាគម​ខ្មែរ​ Cambodia ​Town ​ក្នុង​ទីក្រុង​Long Beach​ រដ្ឋ ​California។​ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​វីអូអេ​ទទួល​បាន​ពី​សាលាក្តី​ខ្មែរក្រហម។​

លោកស្រី​ បេត វណ្ណ ស្សាក់​ (Beth Van Schaack)​ អ្នកស្រាវជ្រាវ​នៃ​មជ្ឈ​មណ្ឌល​ កិច្ច​សហ​ប្រតិបត្តិការ​ និង​សន្តិសុខ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ ស្តេនហ្វ៊ត​ (Stanford University) ​នៅ​សហ​រដ្ឋ​អាមេរិក​ បាន​អះអាង​ថា ​បើទោះណា​ជា​មាន​ ជន​រងគ្រោះ​ច្រើន​ចង់ឃើញ​លទ្ធផល​ជាក់លាក់​កើត​ចេញ​ពីសាលាក្តី​ខ្មែរក្រហម​ មែន ​តែជា​រឿង​សំខាន់​ណាស់​ដែល​ដំណើរ​ការ​នានា​នៅតែ​បន្ត​ដោយ​ត្រឹមត្រូវ​សម្រាប់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់។​

«ការ​កាត់ទោស​ផ្អែក​លើ​ដំណើរការ​មិន​យុត្តិធម៌​នឹង​បង្ហាញ​ឲ្យឃើញ​អំពី​ដំណើរ​ ការ​ទន់ខ្សោយ​ ហើយនឹង​ខូចខាត​ដល់​តម្លៃ​ជា​គំរូ​ចំពោះ​ការ​ផ្តន្ទាទោស។​ បន្ថែម​ លើ​នេះ​ទៅទៀត​ សាលាក្តី​ខ្មែរក្រហម​គួរ​បន្ត​ធានា​ឲ្យជន​រងគ្រោះ​នានា​អាច​ បំពេញ​តួនាទី​ដ៏​សំខាន់​ក្នុង​ដំណើរការ​កាត់ទោស​ទាក់ទង​នឹង​ការ​ផ្តល់​សក្ខីកម្ម​ ពី​ការ​ឈឺចាប់​របស់​គេ ​ហើយ​ការ​រងទុក្ខទោស​ចំពោះ​ក្រុមគ្រួសារ​ជាទី​ស្រឡាញ់​ របស់​ពួក​គេ។​ សាលក្រម​កាត់ទោស​ត្រូវ​តែ​សរសេរ​ដោយ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។​ ដូច្នេះ​សាលក្រម​នោះ​នឹងត្រូវ​ធ្វើតាម​ការ​ពិនិត្យ​ពិច័យ​តាម​ផ្លូវច្បាប់»។​

លោកស្រី​សាស្ត្រាចារ្យ​បាន​អះអាង​ថា ​បន្ថែមពី​លើ​សារៈ​សំខាន់​នៃ​បទចោទ​ទាក់ ទង​នឹងបទប្រល័យ​ពូជសាសន៍ ​ដែល​គេ​ដឹង​ថា​ ​មាន​ជន​ជាតិចាម​៣៦​ភាគរយ​នៃ​ចំនួន​ជិត​កន្លះ​លាននាក់​និង​មាន​ជនជាតិ​វៀតណាម​ជា​ច្រើន​ត្រូវ​សម្លាប់​ ហើយ នឹង​បទចោទ​ប្រកាន់​ផ្សេងៗ​ទៀត​ក្នុងសំណុំ​រឿង​០០២​វគ្គទី២​នេះ​ អាចធ្វើ​ឲ្យ ពលរដ្ឋ​យល់​ដឹង​ពីអ្វី​ដែល​បាន​កើតឡើង​ក្នុង​សម័យ​ខ្មែរក្រហម​លើស​ពី​អ្វី​ដែល​ បាន​បង្ហាញ​ឲ្យឃើញ​ក្នុង​សំណុំ​រឿង​០០២​វគ្គទី​១។​

«ខ្ញុំ​គិត​ថា ​មាន​ជន​រងគ្រោះ​ជាច្រើន​នឹង​ឃើញ​ថា​ បទ​ពិសោធន៍​នៃ​ជីវិត​របស់​ពួក​គេ​ផ្ទាល់​ខ្លួន​ត្រូវ​ឆ្លុះ​បញ្ចាំង​ក្នុង​ដំណើរការ​សំណុំ​រឿង​វគ្គ​ទី២​នេះ។​ ការណ៍​នោះ​ ដូច​ជា​ភស្តុតាង​នៃ​អំពើ​ធ្វើ​ទុក្ខបុក​ម្នេញ​ប្រឆាំង​នឹង​ក្រុម​នានា​ ការ​បង្ខំ​ឲ្យ​ធ្វើការ​ ហួស​កម្លាំង​ អំពើ​ហិង្សា​លើផ្លូវ​ភេទ​ ហើយនឹង​ការ​សម្លាប់​ផ្នែក​នយោបាយ​ ដែល​ នឹង​បង្ហាញ​ឡើង​ក្នុង​ដំណាក់​កាល​សំខាន់​ពេល​បច្ចុប្បន្ន​នេះ»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរ​ភាសា​ លោក​ភីធ័រ​ ម៉ាកខ្វៃយ៍ ​(Peter Maguire) ​ជាសាស្ត្រា​ចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ​អាមេរិកាំង ​ហើយនឹង​ជា​អ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ «ប្រឈម​មុខ​នឹង​ការ​ស្លាប់​នៅ​កម្ពុជា» ​ឬ ​Facing​ Death ​in ​Cambodia) ​បាន​ថ្លែង​ថា ការ​ចោទ​ប្រកាន់​បន្ថែម​ក្នុង​សំណុំ​រឿង​០០២ ​វគ្គ២គឺ​ជា​ការ​ពេញ​ចិត្ត​ដល់​ក្រុម​អ្នក​ប្រវត្តិ​សាស្ត្រ ​និង​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ច្រើន​ជាង​ការ​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ចំពោះ​ការ​ដាក់​ទោស​ជន​ជាប់​ចោទ​មួយ​ជីវិត​តាម​យុត្តាធិការ​ច្បាប់​អ.ស.ប.នោះ។​

«តែ​រឿង​នេះ​ជារឿង​ល្អ​ក្នុង​ស្ថាន​ការណ៍​អាក្រក់។​ ដំណើរការ​សាលាក្តី​នេះ​ជា​ ដំណើរ​ការ​បន្តិច​បន្តួច​ និង​យឺត​យ៉ាវ​ហួសហេតុ។​ ដូច្នេះ​ហើយ​លទ្ធផល​គឺ​ប៉ុណ្ណឹង​ ដូចដែល​គេ​រំពឹង​ទុក។​ តែការ​និយាយ​អញ្ចឹង​គឺ​ថា​ ដំណើរ​ការ​នេះ​មិន​ធ្វើ​ឲ្យ​ ពេញចិត្ត​ដល់​អ្នកណា​ម្នាក់​ទេ»។​

លោក​ថ្លែង​ថា ​ពលរដ្ឋ​កម្ពុជា​ហាក់ដូច​ជា​លែង​ខ្វល់​នឹង​តុលាការ​រក​យុត្តិធម៌​ហើយ​ ហើយ​គេ​ចាប់​អារម្មណ៍​លើ​ជីវភាព​របស់​ពួក​គេ ​និង​ការ​រិបអូស​យកដីធ្លី​របស់​ពួក​គេ​នោះ។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​កាត់​ទោស​នួន ជា​ និង​ខៀវ សំផន​ឲ្យ​ជាប់​ គុក​មួយ​ជីវិត​ក្នុង​សំណុំ​រឿង​០០២​ វគ្គទី១ ​កាលពី​ថ្ងៃ​ទី៧ ​ខែ​សីហា​ពី​បទ​ពាក់​ព័ន្ធ​ នឹង​ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​លំនៅដ្ឋាន​ និង​ការ​សម្លាប់​នៅ​ទួល​ពោធិ ជ្រៃ​ដែល​ជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។​ ជន​ជាប់​ចោទ​ទាំង​ពីរនេះ​ត្រូវ​គេ​រំពឹង​ថា ​អាច​រស់​នៅ​បាន​ដើម្បី​តតាំង​ជាមួយ​នឹង​ដើម​បណ្តឹង​នានា​ ទាក់​ទង​នឹង​សំណុំ​រឿង​០០២ ​វគ្គទី២​ ដែល​គេ​ចាត់​ទុក​ថា ​ជា​សំណុំ​រឿង​សំខាន់​ ដែល​ពាក់​ ព័ន្ធ​នឹងឧក្រិដ្ឋកម្ម​សំខាន់ៗ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ ហើយ​ធ្វើ​ឲ្យ​មាន​មនុស្ស​ជាង​១លាន​៧សែន​នាក់​ស្លាប់​ ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់ឆ្នាំ​១៩៧៩ ​ពេល​ពួក​ខ្មែរក្រហម​ឡើង​កាន់​កាប់​អំណាច៕​

XS
SM
MD
LG