ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលក្រម​ដាក់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ធ្វើឲ្យ​មាន​ការ​រិះគន់​ផង​នឹង​សាទរ​ផង

  • សុខ ខេមរា

លោកសង្ឃ​និមន្ត​ជួបជុំគ្នា​នៅ​ខាងមុខ​ចេតិយ​ដែល​មាន​តម្កល់​ធាតុ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ប្រមាណ​ជាង ៨,០០០ នាក់ នៅ​សារៈមន្ទីរ​ជើងឯក​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែលគាំទ្រ​ដោយ​អ.ស.ប.​បាន​កាត់​ទោស​អតីត​មេ ដឹកនាំ​ខ្មែរក្រហម​កំពូល​ពីរនាក់​ដែល​កំពុង​រស់រាន​មានជីវិត​ ជាលើក​ដំបូង​ក្នុង​ រយៈ​ពេល​ជាង​៣៥​ឆ្នាំ​ឲ្យជាប់​គុក​អស់​មួយ​ជីវិត។​ ការកាត់​ទោសនេះ​កើត​ឡើង​ បន្ទាប់​ពី​ឧក្រិដ្ឋកម្ម​នានា​បានកើត​ឡើង​ ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ជាង​១លាន​៧ សែន​នាក់​ស្លាប់​ដោយការ​បង្អត់​អាហារ​ ការ​ជម្លៀស ​ការ​សម្លាប់​រង្គាល​ ការ​គ្មាន​ ថ្នាំ​ព្យាបាល​ និង​ការ​បង្ខំ​ឲ្យធ្វើ​ការ​ហួស​កម្លាំង។​

សាលក្រម​ដាក់​ទោស​ជនជាប់​ចោទទាំង​ពីរ​កាលពី​ថ្ងៃព្រហស្បតិ៍​ទី៧​ខែសីហា​ នេះ​បានធ្វើ​ឡើង​ស្ទើរតែ​នៅ​ចុង​បញ្ចប់​ដែលពួក​អតីតមេដឹក​នាំខ្មែរ​ក្រហម​បាន​ ស្លាប់​អស់​ ដូច​ជា​ប៉ុល​ ពត​ បងធំទី១​ និង​ជា​ស្ថាបនិក​របប​ខ្មែរក្រហម​ អៀងសារី ​អតីត​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ តាម៉ុក​ មេបញ្ជាការ​កំពូល​កង​ទ័ព​ខ្មែរ​ក្រហម​នឹង​សុន សេន​ ជាអតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​និង​អ្នក​ស្រីអៀង​ ធីរិទ្ធ​ត្រូវគេ​ អនុញ្ញាត​ឲ្យនៅ​ក្រៅឃុំ​ដោយសារ​ជំងឺ​វង្វេងវង្វាន់​ស្មារតី។​ ហើយ​ភស្តុតាង​នឹង​ ការណ៍ពិត​នានា​ត្រូវ​គេ​ដឹង​ថា​ បាន​កប់​បាត់ទៅ​ជាមួយ​នឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនេះ​ ទោះបី​ជានៅ​មាន​ជនជាប់​ចោទ​ពីរ​នាក់មែន​ក្តី​ពេល​នេះ។​

លោក​សាស្ត្រាចារ្យ​ជេម ថៃន័រ​ (James Tyner) ​នៃ​សាកល​វិទ្យាល័យ​ Kent State ​រដ្ឋអូហៃយូ ​បាន​ថ្លែង​ថា ​តុលាការ​នេះ​គួរតែ​កាត់​ទោស​ពួក​អតីតមេដឹក​នាំ ខ្មែរក្រហម​ច្រើន​ជាង​នេះ។​ លោក​មាន​ការពេញ​ចិត្តនឹង​សាលក្រម​តុលាការ​ដាក់​ ទោស​មួយ​ជីវិតមែន​ តែលោក​ហៅ​សាលក្រម​នោះ​ថា​ ដាក់ទោស​ជន​ជាប់ចោទ​ តិច​ពេក ​និងយឺតពេក​ ហើយ​មិន​គួរទុក​ឲ្យ​មាន​ចម្ងល់ជាច្រើន​ដែលគ្មាន​ចម្លើយ​ នោះ​ទេ។​

«នៅ​ពេល​លោក​អ្នក​មើល​អំពី​អំពើ​ឃោរឃៅ​ទាំងស្រុង​ដែល​បាន​កើត​ឡើង​ក្នុង​ អំឡុង​ពេលនោះ​ ហើយ​បើ​លោក​អ្នក​មើល​អំពី​ចំនួន​មនុស្ស​ដែល​ទទួល​ខុសត្រូវ​ ចំពោះ​បទឧក្រិដ្ឋ​ទាំងនោះ​ ការ​ពន្យារពេល​ជិត​បួន​ទសវត្សរ៍​ក្នុង​ការ​នាំ​ខ្លួន​ជន​ទាំងនោះ​មក​កាត់​ទោស​នេះ បាន​ធ្វើឲ្យ​ពួកគេ​ដែលពិតជា​មាន​បាតដៃ​ប្រឡាក់​ឈាម​នោះ ​បានស្លាប់​ឬមិន​អាច​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ឈរនៅ​មុខ​តុលាការ​ទេ។ ​ដូច្នេះ​ពួកគេ​មិន​អាច​ប្រឈម​មុខ​នឹង​ការកាត់​ទោស​ឡើយ​ ហើយការ​យឺត​ពេល​ពេក​នោះ​ គឺយើង​កំពុង​និយាយអំពីជន​តែ​បីនាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ មានទោស​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។​ លោក​អ្នក​ដឹង​ទេ​ ថា​តើ​ចំនួន​បី​នាក់​ក្នុង​ចំណោម​ប៉ុន្មាន?»​

លោក​បាន​អះអាង​ថា ​គោល​នយោបាយ​ខ្មែរក្រហម​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​ អំពើ​ឃោរឃៅ​និង​មាន​សាក្សី​ជាច្រើន​ដែល​ផ្តល់​ជូន​និង​ផ្តល់​សក្ខីកម្ម​ក្នុង​ តុលាការ​តាំងពី​ឆ្នាំ​២០០៦ ​ទាក់ទង​នឹង​អំពី​អំពើ​ឃោរឃៅ​នៃ​របប​ខ្មែរក្រហម។​

លោក​ប្រេត អាដាំ ​(Brad Adams) ​នាយក​អង្គការ​សិទ្ធិ​មនុស្ស​យូម៊ែនរ៉ៃវ៉ច​ (Human Rights Watch) ​ប្រចាំ​តំបន់អាស៊ី​ បាន​ថ្លែងថា​ ពលរដ្ឋ​កម្ពុជា​នឹង​មិន​ស្ងប់​ចិត្តទេ ​ដោយសារ​ពួកគេ​នៅ​ឃើញ​ជនដៃ​ដល់​ជាច្រើន​ដើរកាត់​មុខគេ​ជា​រៀង​ រាល់​ថ្ងៃ ​ទោះបី​ជាតុលាការ​កាត់ទោស​ជនជាប់​ចោទ​ពីរ​នាក់​គឺ​នួន ជា ​និង​ខៀវ សំផន​ក្តី។

«យុត្តិធម៌​សម្រាប់​ពលរដ្ឋ​សំខាន់ណាស់​ដើម្បី​ឲ្យពួកគេ​បាន​ស្ងប់​ចិត្ត។​ ប្រសិន​ បើ​ខ្ញុំរស់​នៅក្នុង​ភូមិមួយ​ ហើយ​នៅតែ​ឃើញ​ជនដៃ​ដល់​ដែល​សម្លាប់ក្រុម​គ្រួសារ​ខ្ញុំ​នោះ​ រស់​នៅ​ដោយមាន​សេរីភាព​ ហើយ​រដ្ឋាភិបាល​ការពារ​ទៀត​នោះ​ ខ្ញុំមិន​អាច​ស្ងប់ចិត្ត​ទេ។ ​ខ្ញុំគិត​ថា ​នៅមាន​តម្រូវ​ការ​នៃ​កិច្ច​ខិត​ខំ​ប្រឹងប្រែងថែម​ទៀត។ ខ្ញុំចង់​និយាយ​ថា ​តុលាការ​នេះ​គ្រប់គ្រង​ដោយ​លោក​ហ៊ុន សែន ​ហើយ​នេះ​ជាអ្វី​ដែល​លោកហ៊ុន សែន​ចង់​បាន​ គឺ​កាត់​ទោស​មនុស្សតែ​ពីរបីនាក់​ដែល​ជា​អ្នក​មាន​ឋានៈ​ខ្ពស់​ក្នុង​របប​ខ្មែរក្រហម​គឺ​វា​ចប់​ហើយ»។​

លោក​ប្រេត អាដាំ​បាន​អះអាង​ថា​ ពេល​នេះ​ជា​ដំណាក់​កាល​ផ្អែម​ល្វីង​ជូរ​ចត់​ សម្រាប់​ពលរដ្ឋ​កម្ពុជា​ក្រោយ​ការ​កាត់ទោស​នេះ។​

«ជា​ការ​ណ៍ពិត​ ជា​អវសាន​ មាន​ការ​ដាក់ទោស​ជនទាំង​ពីរនាក់ ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជាច្រើន​ពេញចិត្ត​ តែវា​មិន​មែន​ជាថ្ងៃ​ដែល​គេត្រូវ​អបអរសាទរអំពី​សុភមង្គល​ទេ​ ព្រោះ​ជន​ទាំងពីរ​ចាស់ៗ​ហើយ​ ហើយ​គេ​អនុញ្ញាត​ឲ្យ​ពួកគេ​ទាំង​ពីរ​ រស់នៅ​ដោយ​សេរី​យូរពេក​ហើយ ​ហើយ​ជនដៃ​ដល់​ភាគច្រើន​បំផុត​ដែល​ទទួល​ខុស​ត្រូវ​រឿង​ការ​កាប់​សម្លាប់ក្រៅច្បាប់​គឺត្រូវ​ការពារ​ដោយ​លោក​ហ៊ុន សែន»។​

លោកប្រេត អាដាំ​ទំនង​ជានិយាយ​យោងទៅ​លើ​សំណុំ​រឿង​០០៣​និង​០០៤​ ដែល​មាន​ជន​សង្ស័យ​៥នាក់​ តែ​មិន​ត្រូវ​បាន​គេ​នាំ​មក​កាត់ទោស​ទេ​ ដោយសាររដ្ឋាភិបាល​បាន​ការពារ​និង​រារាំង​មិនឲ្យ​ដំណើរការ​ទៅ​មុខ​ ទោះជា​មាន​ការ​ចោទ​ ប្រកាន់​រួច​ហើយ​ក្តី។​

លោក​ប្រេត​ អាដាំ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​គេ​គួរតែ​បាន​ឃើញ​ជន​ដៃ​ដល់​ជា​ច្រើន​ត្រូវ​កាត់ទោស​ និង​ចប់​ជាយូរ​ហើយ ​មិនមែនកាត់​ទោស​តែ ​នួន ជា​ ​និង ​ខៀវ សំផន​ទេ។​

«នួន ជា ​និង​ខៀវ ​សំផន​ គឺជា​មេ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ដែល​មើល​ទៅ​អាក្រក់​ជាង​គេ​ក្នុង​ពិភព​លោកតែការ​កាត់ទោស​នេះ​ជា​ការ​កាត់ទោស​មាន​ចំនួន​តិចតួច​និង​ យឺត​ពេល​ពេក។ ​ខ្ញុំចង់​និយាយ​ថា​ តុលាការ​គួរកាត់​ទោស​ពួកគេ​ទាំង​ពីរ​យូរ​ណាស់​មក​ហើយ។​ ពិភព​លោករួមទាំង​ស.រ.អា. និង​ចិន​គ្មាន​ប្រតិកម្ម​អ្វីសោះ​បន្ទាប់​ពី​ខ្មែរក្រហម​អស់​អំណាច​ តែថែម​ទាំង​ការពារ​ខ្មែរក្រហម​ជា​ច្រើន​ឆ្នាំ​មក​ទៀត។​ បន្ទាប់មក​លោក​ហ៊ុន សែន​ការពារ​ពួកខ្មែរ​ក្រហម​ជាច្រើន​ឆ្នាំ​ដែរ។​ ដំណើរ​ការ​កាត់​ទោសនេះ​គួរត្រូវ​បាន​បញ្ចប់តាំងពីប្រាំ​ឆ្នាំ​ និងគួរ​មាន​ជន​ដៃដល់​ជា​ច្រើន​ត្រូវនាំ​ខ្លួន​មកកាត់​ទោស​ពីបទ​ឧក្រិដ្ឋកម្ម​នេះ»។

លោក​សាស្ត្រាចារ្យជេម ថៃន័របាន​អះអាង​ថា​ ពិភព​លោក​បាន​បំភ្លេច​កម្ពុជា​ រយៈ​ពេល​វែង​ពេក​ក្នុង​អតីតកាល។​

«ពិភព​លោក​បាន​បែរខ្នង​ដាក់​កម្ពុជា​តាំងពី​ឆ្នាំ​១៩៧៥​ ដល់ឆ្នាំ​១៩៧៩ ​ហើយ​រយៈ​ ពេល​បួន​ទសវត្សរ៍​ក្រោយមក​ទៀត​ ពិភពលោក​បាន​បន្ត​បែរខ្នង​របស់ខ្លួន​ទៀត​ ចំពោះ​ការ​នាំខ្លួន​រក​យុត្តិធម៌​ដែលមាន​អត្ថន័យ​ណា​មួយ​សម្រាប់ស្ថាន​ការណ៍​ នេះ»។​

នួន ជា​ អាយុ៨៨​ឆ្នាំ​ ​អតីត​ប្រធាន​រដ្ឋសភា ​និង​ជា​មេ​មនោគមន៍​វិជ្ជា​ខ្មែរក្រហម​ និង​ខៀវ សំផន ​អាយុ​៨៣​ឆ្នាំ​ ប្រមុខរដ្ឋ​ខ្មែរក្រហម​ ជាប់ចោទ​ចោទ​ពីបទ​ជម្លៀស​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន ​ដែលធ្វើ​ឲ្យពល​រដ្ឋ​ស្លាប់​ ដោយការ​រង​ទុក្ខ​វេទនា​ និង​ការ​កាប់​សម្លាប់​ផង​ដែរ ​ដែល​ត្រូវ​ធ្វើ​ឡើងចន្លោះ​ពី​ឆ្នាំ១៩៧៥​ដល់​១៩៧៩។​

ជនជាប់​ចោទ​ទាំងពីរ​ត្រូវ​កាត់ទោស​ក្រោយ​ពេល​តុលាការ​មាន​ភាព​រអាក់រអួល​ផ្នែក​នីតិវិធី​ និង​ខ្វះ​ថវិកា​ ​ពុករលួយ​ រួមនឹង​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ផង​ដែរ។​

លោកសាស្ត្រាចារ្យ​ច្បាប់ ​Jeffrey S. Brand ​នៃសាកល​វិទ្យាល័យ​អាមេរិកាំង​ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ឈ្មោះ ​University ​of San ​Francisco ​School​ of Law ​បាន​ថ្លែង​ថា៖​

«ខ្ញុំ​គិត​ថា ​សាលក្រម​នេះ​មាន​កម្រិត​។ ​សាលក្រម​នេះ​ចេញ​រយៈ​ពេល​៤០​ឆ្នាំ​ក្រោយ​បន្ទាប់​ពី​ព្រឹត្តិការណ៍​នោះ​ ដើម្បីដាក់​ទោស​ប្រឆាំង​នឹង​មេ​ដឹកនាំ​តែ​ពីរ​នាក់​ ហើយ​ ផ្អែក​លើសំណុំ​រឿង​ប្រល័យ​ពូជសាសន៍​តែមួយ​ផ្នែក​នោះ ​នឹង​មិន​អាច​បង្ហាញ​ថា ​ត្រឹមត្រូវ​ចំពោះ​អំពើ​ឃោរឃៅ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ការ​ឈឺចាប់​ចន្លោះ​ពីឆ្នាំ​១៩៧៥​ដល់ឆ្នាំ​១៩៧៩​នោះ​ទេ។​ តែមក​ដល់​ពេល​នេះ ​សាលក្រម​នេះ​ពិតជា​មាន​សារៈ​សំខាន់​ណាស់។ ​សាលាក្រម​នេះ​បាន​បង្ខំ​ឲ្យ​ពិភព​លោក​យកចិត្ត​ទុក​ដាក់​ និង​ជា​ការ​រំឭកអំពី​ការ​គំរាម​កំហែង​ពី​នយោបាយ​ប្រល័យ​ពូជ​សាសន៍​ដល់​សហគមន៍​ពិភព​លោក​ដែល​កំពុង​តែ​បែក​បាក់គ្នា​នេះ។​ កេរ​តំណែល​សាលក្រម​ដ៏សំខាន់​បំផុតនេះ​ទំនងជា​ជួយ​រារាំង​អំពើ​ប្រល័យ​ពូជសាសន៍​បែប​នេះ​ក្នុង​ពេល​អនាគត​ ជា​ជាង​អ្វី​ដែលគេ​ធ្វើ​ពេល​នេះ ​ដើម្បី​បង្ហាញ​ថា​ គ្មាន​ទោស​ពីបទ​ឧក្រិដ្ឋ​កម្ម​ដ៏​សាហាវ​ព្រៃផ្សៃ​កាល​ពី​អតីតកាល»។​

លោក​ថ្លែង​ថា​ កេរ​តំណែល​នេះនឹង​មាន​ផល​វិជ្ជមាន​ទៅថ្ងៃ​អនាគត​សម្រាប់ពលរដ្ឋ​កម្ពុជា។ ​លោក​ថា ​ពលរដ្ឋ​កម្ពុជា​យ៉ាងច្រើន​ឃើញ​ថា​ ការ​កាត់ក្តី​នេះ​ជា​ប្រចាំ​ថ្ងៃ​អាច​ស្រាវជ្រាវ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​តាម​រយៈ​គម្រោង​ដ៏​ធំ​អស្ចារ្យ​របស់​គម្រោងវិទ្យាស្ថាន​ស្លឹក​ឫទ្ធ​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ សម្រាប់ការ​សិក្សា​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ពេល​អនាគត។​

លោកស្រី​ឡូរ៉ា ម៉ាក់គ្រូ ​(Laura McGrew) ​ជាអ្នក​ឯកទេស​ខាងការ​ផ្តល់​យោបល់ ដល់​អង្គការ​ច្បាប់​របស់​ស.រ.អា.មួយ​មាន​មូលដ្ឋាន​ក្នុងទីក្រុង​ញូយ៉ក​គឺ​ Open Society Justice ​Initiative ​(OSJI) ​បាន​អះអាង​ថា​ ក្រុម​ពលរដ្ឋ​កម្ពុជា ​និងអ្នក​រងគ្រោះ​ជា​ច្រើន​នៃ​របប​ខ្មែរក្រហម​មាន​ការ​ពេញចិត្ត​នឹង​សាលក្រម​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហមមួយ​ជីវិត​នេះ។ ​តែ​តាម​ការស្រាវ​ជ្រាវ​របស់​អង្គការ​ OSJI​ ដែល​លោក​ស្រី​បាន​ធ្វើ​ក្នុង​ប្រទេស​កម្ពុជា​ មុនការ​ចេញ​សាលក្រម​នោះ​ ​ បាន​បង្ហាញ​ថា​ ក្រុមជន​រងគ្រោះ​មានការ​បារម្ភខ្លាច​ថា ​ការ​កាត់ទោស​មាន​រយៈ​ពេល​តិច​ជាង​ទោស​ជាប់​គុក​មួយ​ជីវិត ​បារម្ភខ្លាច​មាន​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​ និង​ជន​ជាប់ចោទ​អាចត្រូវ​ដោះលែង​ដោយ​បញ្ហា​បច្ចេក​ទេស​ជាដើម។​

តែ​លោកស្រី​បញ្ជាក់​ថា ​នៅ​ទីបំផុត​អ្វីដែល​ក្រុមជន​រងគ្រោះ​ចង់​បាន​ត្រូវ​បញ្ជាក់ ដោយ​សាលក្រម​ដាក់ទោស​មួយជីវិត​ហើយ​ ដោយ​ធ្វើ​ឲ្យ​ជនជាប់​ចោទ​ទាំងពីរ ទទួល​ខុស​ត្រូវ​អំពីអ្វី​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។​

«ទោះជា​យ៉ាងណាក្តី ​ជនរង​គ្រោះ​ជាច្រើន​នៅតែ​រង់ចាំ​ការ​ពន្យល់​បន្ថែម​ ថា​ហេតុ​អ្វី​បានជា​បទ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ត្រូវគេ​ប្រព្រឹត្ត​ ហើយ​ក៏​ចង់​ឮ​អំពី​ការ​ទទួល​ទោស​កំហុស​ចេញពី​ទឹក​ចិត្ត​ និង​ចង់ឮ​ពាក្យ​សុំទោស​ពីជន​ដែលត្រូវ​ចោទ​គឺមេ​ដឹកនាំខ្មែរ​ក្រហម ​ហើយ​នឹង​អ្នកដែល​ធ្វើការ​ក្រោម​បង្គាប់​ផង​ដែរ»។​

លោក​សាស្ត្រាចារ្យ​ចន ស៊ៀយ៉ូស៊ីយ៉ារី​នៃ​សាកល​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ​មីជីហ្គែន​ (Michigan) ​និង​ជា​សហ​អ្នកនិពន្ធ​សៀវភៅ​ខ្មែរក្រហមគឺ​ ​Hybrid Court ​បាន​អះអាង​ថា​ ការដាក់​ទោស​មួយ​ជីវិតនេះ​ជាការ​ធ្វើតាម​ទម្រង់​សមហេតុ​ផល​ តាម​ប្រទេស​ក្នុង​ពិភពលោក​ដែល​ប្រកាន់​គោល​ការណ៍​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។​

​តែលោក​ក៏​ចូលរួម​រំលែក​ការ​តប់​ប្រម៉ល់របស់​ជន​រងគ្រោះ​ដែល​ចង់​បាន​ការ​កាត់ទោស​ជន​ជាប់​ចោទ​ធ្ងន់​ជាង​នេះ​ដែរ។​

«វាជា​រឿង​ក្រៀមក្រំ​ដែល​ករណី​នេះ​ពាក់ព័ន្ធ​នឹង​អំពើ​ឃោរឃៅ​ដ៏ធំ​ ហើយ​មិន​ មាន​ជម្រើសនៃ​ការ​ដាក់ទោស​ទណ្ឌ ​ដើម្បីឲ្យ​ជន​រង​គ្រោះ​មាន​ការ​ពេញ​ចិត្ត​ ដូច​ជា​ទោស​ប្រហារ​ជីវិត។​ តែខ្ញុំ​សង្ឃឹម​ថា ​ជន​រងគ្រោះ​ដែល​ឈឺចាប់​យ៉ាង​ខ្លាំងពី​ឧក្រិដ្ឋ​កម្ម​ខ្មែរក្រហម​នោះ​ នឹង​បាន​យល់​ដឹង​ពីបទ​ពិសោធន៍​នេះ។​ គេមាន​អារម្មណ៍​ថា​ ការឈឺ​ចាប់​របស់​គេ​មាន​មនុស្ស​ទទួល​ខុស​ត្រូវ​ហើយ​ ​ហើយ​សង្គម​នឹង​ដើរទៅ​មុខ​តាម​អ្វី​ជា​នីតិវិធី​ច្បាប់​ ដែល​គេ​ត្រូវ​គោរព​សិទ្ធិជន​ជាប់ចោទ​និង​សិទ្ធិ​ជន​រងគ្រោះ​ទៅ​ថ្ងៃ​អនាគត»។​

ទោះជាយ៉ាង​ណាក្តី​ លោក​សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ម្នាក់​ទៀត​គឺ​លោក​ ​Peter Maguire ​ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​«ប្រឈម​មុខនឹង​ការ​ស្លាប់​នៅ​កម្ពុជា»​ (Facing Death in Cambodia) ​បាន​ថ្លែង​ថា ​វាពិត​ជាមាន​ប្រតិកម្ម​ប្លែក​គ្នា​នឹង សំណួរ​ប្លែកៗ​ជាច្រើន​ ពីជន​រងគ្រោះ​ នៅពេល​គ្មាន​យុត្តិធម៌គ្រប់​គ្រាន់​ត្រូវផ្តល់​ជូន​ជន​រងគ្រោះ​ពេល​នេះ។​

«ហេតុអ្វី​បាន​ជា​ចោរលួច​ម៉ូតូ​ត្រូវគេ​សម្លាប់ ហើយ​ហេតុអ្វី​បានជា​ជនជាប់​ចោទ​ទាំង​នេះ ​ដែល​ទទួល​ខុសត្រូវ​ជីវិត​ពលរដ្ឋ​ខ្មែរ​ពីរ​លាន​នាក់​ អាចរស់​នៅ​បាន​មួយ ជីវិត​ក្នុង​គុក​ម៉ាស៊ីន​ត្រជាក់​ ហើយ​ទទួល​បានការ​ថែទាំ​សុខភាព​ តាម​របៀប​បស្ចឹម​ប្រទេស​យ៉ាងល្អ​ទៀត។ ​តែយ៉ាងណា​ក៏ដោយ​ តុលាការ​ធ្វើ​តាម​អ្វី​ ដែល​ខ្លួន​បាន​កំណត់ធ្វើ​ប៉ុណ្ណោះ ​ហើយ​បុគ្គលិក​តុលាការ​គួរ​ទទួល​បានការ​កោត​សរសើរ​អំពី​ជោគ​ជ័យ​តូច​តាច​នេះ​ដែរ»។​

លោក​ថ្លែង​ថា​ នេះ​ជាសំណួរ​មួយ​ក្នុង​ចំណោម​ចម្ងល់​ជាច្រើន​ដែល​ក្រុមជន​រងគ្រោះ​ត្រូវសួរ ​ទោះជា​យុត្តាធិការ​របស់​តុលាការ​បាន​កម្រិតទំហំ​ឧក្រិដ្ឋកម្ម ​រយៈ​ពេល​ជាក់លាក់ ​និងមិន​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​បរទេស​ជា​ដើមក្តី។​

ក៏ប៉ុន្តែ​លោកស្រី​បាន​បន្ថែម​ថា ​ការកាត់​ទោសនេះ​អាច​ធ្វើ​ឲ្យ​អ្នកដឹក​នាំ​ប្រទេស​ នានា​និង​យុវជន​គិត​គូរ​រៀងៗ​ខ្លួនឡើងវិញ​អំពី​ទង្វើរ​របស់ខ្លួន ​និង​អនាគត​ ប្រទេស​របស់​ខ្លួន។​

«ទោះជា​មេដឹកនាំ​ពិភព​លោក​បច្ចុប្បន្ននេះ​បន្ត​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ច្រើន​ លើ​ពលរដ្ឋ​ពួក​គេក្តី​ ពលរដ្ឋ​កម្ពុជា​ដែលត្រូវ​ធ្វើការ​ស្ទាប​ស្ទង់​ដោយ​អង្គការ ​OSJI កាល​ពីដើម​ឆ្នាំ​២០១៤​នោះ​ ជឿជាក់​យ៉ាង​ខ្លាំង​ថា ​យ៉ាងហោច​ណាស់​មេ​ដឹកនាំ​ កម្ពុជា ​និង​មេ​ដឹកនាំ​ក្នុង​តំបន់ ​អាច​គិត​ពិចារណា​ពីរ​ដង​មុន​ពេល​ប្រព្រឹត្ត​អំពើ​ ឃោរឃៅ​ដ៏​ធំធេង។​ មាន​ពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​និយាយ​អំពី​សារៈ​សំខាន់​ របស់​សាលាក្តី​ខ្មែរក្រហម ​នឹង​ការ​ចាប់ឲ្យអ្នក​ទទួល​ខុសត្រូវ​ចំពោះ​របប​នោះ​មាន​ទោស​តាម​ច្បាប់ ​ដើម្បី​ធានា​ថា ​យុវជន​កម្ពុជា​ត្រូវ​រៀន​អំពី​អតីត​កាល​ មេរៀន​នានា​ ដែល​ចាំ​បាច់​ក្នុង​ការ​រារាំង​កុំឲ្យ​អំពើ​ឃោរឃៅ​កើត​ឡើង​ជា​ថ្មី​ទៀត»។​

ទន្ទឹម​គ្នា​នឹង​ការ​ស្វាគមន៍​ពីលោក​រដ្ឋមន្ត្រី​ចន ឃែរី​ (John Kerry)​ នៃ​ក្រសួង​ការ​បរទេស​ស.រ.អា.​ ​ការ​ស្វាគមន៍​ពី​អ.ស.ប.​ហើយ​នឹង​ការ​ស្វាគមន៍​ពី​សហភាព​អឺរុប​ ប្រទេស​ផ្សេងៗ​ទៀត​ចំពោះ​សាលាក្រម​ដាក់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​ពីរ​រូប​នេះ​ ក្រុម​អ្នក​វិភាគ​បាន​អះអាង​ថា​ ការ​បន្ត​ពន្យល់​ពលរដ្ឋ​ឲ្យ​ដឹង​ពី​និតិវិធី​និង​ដំណើរ​ការ​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​ ការ​បន្ត​ពន្យល់អំពី​ការណ៍​ពិត​នៃ​របប​ខ្មែរក្រហម​តាមរយៈ​ការ​បោះ​ពុម្ព​ផ្សាយ​ជាភាសា​ខ្មែរ​ នៅ​តាម​សាលារៀន​ ក្រសួង​មន្ទីរ​នោះ​និង​ទី​សារ​ធារណៈ​នោះ​ អាចនឹង​ជួយ​ដល់​ពលរដ្ឋ​ឲ្យ​មាន​ការ​ផ្សះ​ផ្សារ​ផ្លូវ​ចិត្ត៕

XS
SM
MD
LG