អ្នកស្រី អ៊ឹម ចែម អាយុ៦៨ឆ្នាំដែលរស់នៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្ថិតក្នុងចំណោមជនសង្ស័យ៣នាក់ក្នុងសំណុំរឿង០០៤ ដែលពាក់ព័ន្ធនឹងបទចោទអំពីឧក្រិដ្ឋកម្មជាច្រើនក្នុងសម័យខ្មែរក្រហម។ អ្នកស្រីត្រូវតុលាការខ្មែរក្រហមកោះហៅឲ្យទៅកាន់តុលាការនៅថ្ងៃច័ន្ទនេះជាលើកដំបូងតាំងពីមានការចោទប្រកាន់អ្នកស្រីថាពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលអ្នកស្រីធ្លាប់បដិសេធនោះ។ នេះបើតាមការអះអាងរបស់អាជ្ញាធរនិងប្រភពព័ត៌មានស្និទ្ធនឹងតុលាការដែលវីអូអេផ្នែកខេមរភាសាទទួលបាន។
គ្មានការបញ្ជាក់ឲ្យដឹងទេថា តើការកោះហៅនេះមានជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនតាមបទចោទរបស់សហព្រះរាជអាជ្ញាកាលពីឆ្នាំ២០០៨ឬក៏ត្រូវទៅបំភ្លឺជាសាក្សីក្នុងរឿងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលតុលាការខ្មែរក្រហមចូលរួមដោយអង្គការសហប្រជាជាតិកំពុងបន្តនីតិវិធីសំណុំរឿង០០២ វគ្គ១ សំណុំរឿង០០២ វគ្គ២ និងការស៊ើបអង្កេតសំណុំរឿង០០៣និង០០៤នោះ។
លោក យឹម ផាន់ណា អភិបាលស្រុកអន្លង់វែងបានប្រាប់វីអូអេថា តុលាការបាន កោះហៅអ្នកស្រីអ៊ឹម ចែម តែលោកថា លោកមិនដឹងមានបញ្ហាអ្វីទេ។ លោក បញ្ជាក់ថា មន្ត្រីរបស់លោកបានរាយការណ៍ប្រាប់លោកថា តុលាការឲ្យអ្នកស្រី អ៊ឹម ចែម ទៅតុលាការនៅថ្ងៃច័ន្ទនេះ។
លោកអភិបាលស្រុកអន្លង់វែងដែលធ្លាប់ជាអតីតមេបញ្ជាការកងទ័ពខ្មែរក្រហម បានបន្ថែមសេចក្តីថា លោកក៏ឆ្ងល់ដែរព្រោះតុលាការបានកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ហើយហេតុអ្វីក៏ហៅអ្នកស្រី អ៊ឹម ចែម ទៅធ្វើអ្វីទៀត។
សំណុំរឿង០០៤ មានជនសង្ស័យ៣នាក់ គឺអ្នកស្រី អ៊ឹម ចែម ឬ យាយចែម ជា អតីតអភិបាលស្រុកព្រះនេត្រព្រះសម័យខ្មែរក្រហម លោក យឹម ទិត ឬ តាទិតនិង លោក ឱម អាន ឬ តាអាន ជាប្រធាននិងអនុប្រធានតំបន់ខ្មែរក្រហម ដែលសហព្រះរាជអាជ្ញាបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរ រាប់ម៉ឺននាក់ក្នុងតំបន់ដែលពួកគេកាន់កាប់។ ដោយឡែកអ្នកស្រី អ៊ឹម ចែម ត្រូវសហព្រះរាជអាជ្ញា ចោទប្រកាន់ថា បានពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរជាង៤ម៉ឺននាក់ ក្នុងតំបន់ពាយ័ព្យប្រទេសនិងបទឧក្រិដ្ឋកម្មផ្សេងៗទៀតសម័យខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ជាមួយលោក យឹម ទិត ដែលធ្លាប់បដិសេធមិនផ្តល់ការបំភ្លឺជាមួយវីអូអេនោះ។ អ្នកស្រី អ៊ឹម ចែម និង តាអាន បានបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ណាមួយទេក្នុងកិច្ចសម្ភាសន៍ជាមួយនឹងវីអូអេផ្នែកខេមរភាសាផ្តាច់មុខជាបន្តបន្ទាប់តាំងពី ឆ្នាំ២០១១នោះ។
លោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអះអាងថា លោកគ្មាន ព័ត៌មានអ្វីទាក់ទងនឹងសំណុំរឿង០០៣ និង០០៤ទេនៅពេលនេះ តែបានបញ្ជាក់ថាសំណុំរឿងនេះកំពុងដំណើរការនីតិវិធី។
«សំណុំរឿង០០៣ និង០០៤កំពុងតែស្ថិតនៅក្នុងដៃរបស់សហចៅក្រមស៊ើបអង្កេត ហើយគាត់កំពុងតែអនុវត្តទៅតាមនីតិវិធីរបស់គាត់។ ហើយអ្វីផ្សេងទៀតខ្ញុំមិនអាចជម្រាបបានទេ ព្រោះកំពុងតែស្ថិតនៅក្នុងដំណើរការនៃការស៊ើប អង្កេត»។
អ្នកស្រី អ៊ឹម ចែម ធ្លាប់បដិសេធមិនទៅតុលាការម្តងនៅពេលមានការកោះហៅ ដើម្បីទៅបំភ្លឺពីអតីតសហចៅក្រមស៊ើបអង្កេតបម្រុង គឺ លោក Laurent Kasper Ansermet កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០១២។ ការកោះហៅនោះគឺចំពេល ដែលកម្ពុជានិងអសបកំពុងមានការប្រឈមមុខដាក់គ្នាអំពីសំណុំរឿងបន្ថែមនេះ ទាំងកិច្ចសហប្រតិបត្តិការរវាងសហចៅក្រមស៊ើបអង្កេតបរទេសនិងភាគីកម្ពុជា និងបញ្ហាថវិកា ហើយនឹងការជ្រៀតជ្រែកផ្នែកនយោបាយ។ លោកចៅក្រម Ansermet បានលាឈប់ក្រោយពេលលោកមិនអាចបំពេញកិច្ចការរបស់លោក បានដោយសារតែគេបានរាយការណ៍មកថា មានការជ្រៀតជ្រែកផ្នែកនយោបាយនោះ។
ទោះជាយ៉ាងណាក៏ដោយ ការកោះហៅអ្នកស្រី អ៊ឹម ចែម នេះ ក៏កើតឡើងក្រោយរយៈពេល២ឆ្នាំបន្ទាប់ពីសហចៅក្រមស៊ើបអង្កេតអសបសញ្ជាតិអាមរិកាំង គឺលោក Mark Harmon បានចូលកាន់មុខតំណែងនិងការបន្តកិច្ចការភាគច្រើន ពាក់ព័ន្ធនឹងសំណុំរឿង០០៣ និង០០៤ នេះ។
ការកោះហៅអ្នកស្រី អ៊ឹម ចែម នេះកើតឡើងនៅពេលសំណុំរឿង០០២ វគ្គទី២ កំពុងត្រូវបានរៀបចំបន្តដំណើរការលើបទចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋផ្សេងៗទៀតប្រឆាំងនឹង នួន ជា ខៀវ សំផន ដែលជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ។ របបនេះត្រូវគេស្តីបន្ទោសថាបានកាប់សម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០។
សាលាក្តីកាត់ទោសខ្មែរក្រហមកាលពីថ្ងៃទី៧ខែសីហាបានសម្រេចផ្តន្ទាទោស នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគារមួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្នុងសំណុំរឿង០០២ វគ្គទី១ ដែលផ្តោតលើការជម្លៀសពលរដ្ឋចេញពីលំនៅដ្ឋាននិងឧក្រិដ្ឋកម្មមួយចំនួនទៀត៕
សូមរង់ចាំព័ត៌មានចុងក្រោយនៅពេលខាងមុខ។