ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​គណៈស្រុក​ខ្មែរក្រហម​តតាំង​នឹង​ចៅក្រម​តុលាការ​ខ្មែរ​ក្រហម​ពេល​អាន​ដីកា


រូបថត​ដែល​បាន​ថត​នៅ​ដើម​ខែសីហា ឆ្នាំ​២០១៤​នេះ បង្ហាញ​អ្នកស្រី អ៊ីម ចែម អង្គុយ​នៅ​ផ្ទះ​គាត់​នៅ​ក្នុង​ស្រុក​អន្លង់វែង ដែល​ជា​អតីត​ទីតាំង​ខ្មែរក្រហម​នៅ​ក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា។ (រូបថត​​ផ្តល់​​ឲ្យ​​ដោយ៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
រូបថត​ដែល​បាន​ថត​នៅ​ដើម​ខែសីហា ឆ្នាំ​២០១៤​នេះ បង្ហាញ​អ្នកស្រី អ៊ីម ចែម អង្គុយ​នៅ​ផ្ទះ​គាត់​នៅ​ក្នុង​ស្រុក​អន្លង់វែង ដែល​ជា​អតីត​ទីតាំង​ខ្មែរក្រហម​នៅ​ក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា។ (រូបថត​​ផ្តល់​​ឲ្យ​​ដោយ៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​ចម្រូង​ចម្រាស់​០០៤​ម្នាក់​នៃ​សាលាក្តី​ខ្មែរក្រហម​ដែល​ ចូល​រួម​ដោយ​អ.ស.ប.គឺ​អ្នកស្រី​អ៊ឹម ចែម​បាន​តតាំង​ដោយ​ផ្ទាល់​ជាមួយ​នឹង​សហ​ចៅក្រម​ស៊ើប​អង្កេត​បរទេស​គឺ​លោក​ម៉ាក ហាមែន​ (Mark Harmon)​ នៅ​ពេលអាន​ដីកា​ជូន​ដំណឹង​អំពី​បទ​ឧក្រិដ្ឋ ​ដែល​បាន​ចោទ​ដោយ​អ្នកស្រី​ថ្លែង​ថា​ អ្នកស្រី​ មិន​ទទួល​យក​បទចោទ​ប្រកាន់​នោះ​ទេ។​

«គេ​អាន​ដីកា​ហ្នឹង​ហើយ​គេ​ឲ្យ​ខ្ញុំ​ឆ្លើយ។​ ខ្ញុំ​អត់​ឆ្លើយ»។​

អ្នកស្រី​បាន​អះអាង​ទៀត​ថា ​លោក​ម៉ាក ហាមែន ​(Mark Harmon) ​ជាមួយ ​នឹង​អ្នក​បក​ប្រែ​ភាសា​ បាន​មក​គេហដ្ឋាន​របស់​អ្នកស្រី​កាលពី​ថ្ងៃទី៨ ​ខែ​សីហា មួយ​ថ្ងៃ​ក្រោយ​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​កំពូលៗ​ពីរ​នាក់ គឺ​នួន ជា​និង​ខៀវ សំផន។​ ចៅក្រម​បានអាន​ដីកា​លើក​យក​បទ​ចោទ​ពីបទ​ឧក្រិដ្ឋ​នានា​ នៅ​សម័យ​ខ្មែរក្រហម​ និង​ពីបទ​ដែល​អ្នកស្រី​បាន​បង្ខំ​ឲ្យមាន​ការ​រៀប​អាពាហ៍​ពិពាហ៍​ជា​ដើម៖​

«គាត់​មក​ខ្លួន​ឯង។ ​ខ្ញុំ​អត់​ឆ្លើយ។​ ខ្ញុំ​ឲ្យ​ទៅ​សួរ​មេធាវី​ខ្ញុំ»។​

អ្នកស្រី ​បាន​អះអាង​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​បរទេស​ដដែល​បាន​ឲ្យ​អ្នកស្រី​ ចុះ​ហត្ថលេខា​ទទួល​យក​ដីកា​ជូន​ដំណឹង​នោះ​ តែ​អ្នកស្រី​មិន​ទទួល​យក​ ហើយ​នៅ​ពេល​គេ​ឲ្យ​អ្នកស្រី​រក្សា​ទុក​ឯកសារ​នោះ ក៏​អ្នកស្រី​មិន​ទទួល​យក។​ អ្នកស្រី​អ៊ឹម ចែម​អះអាង​ថា ​អ្នកស្រី​បាន​ជំរាប​ឲ្យ​ចៅក្រម​យកទៅ​ជូន​មេធាវី​អ្នកស្រី​នៅ​ ភ្នំពេញ។​

នៅ​ពេល​សួរ​ ថា​ហេតុ​អ្វី​បានជា​អ្នកស្រី​មិន​បំភ្លឺ​ជាមួយ​នឹង​សហ​ចៅក្រម​ស៊ើប​អង្កេត​ អ្នកស្រី​អ៊ឹម ចែម​បាន​អះអាង​ថា៖​

«ខ្ញុំ​អត់​បំភ្លឺ​ ព្រោះអី​ គេ​ចេះ​តែ​សរសេរ​ ចោទ​ទទេៗ ​អត់​ពិត​ របៀប​ចោទ​ទទេៗ។​ ខ្ញុំ​អត់​ឆ្លើយ»។​

ការ បដិសេធ​របស់​អ្នកស្រី​អ៊ឹម ចែម​បាន​ធ្វើ​ឲ្យ​ដំណើរការ​នីតិវិធី​នៅ​នឹង​មួយ​ កន្លែង​ជាង​មួយ​សប្តាហ៍​ហើយ​ ដោយ​គ្មាន​ការ​អនុវត្ត​នីតិវិធី​បន្ត​ទេ។​

ក្រុម ​អ្នក​ឃ្លាំ​មើល​សាលាក្តី​បាន​អះអាង​ថា​ កិច្ច​សហការ​ពី​អាជ្ញាធរ​និង​មន្ត្រី​ តុលាការ​ភាគី​កម្ពុជា​គឺជា​រឿង​សំខាន់​ក្នុង​ការ​អនុវត្ត​នីតិវិធី​ចាប់​ ឃុំខ្លួន​ជន​សង្ស័យ​ឬ​មិន​អនុវត្ត​នីតិវិធី​នេះ។ ​ក្រុម​អ្នក​ឃ្លាំមើល​កំពុង​រង់ចាំ​មើល​ដំណើរការ​ទៅ​មុខ​នេះ​ ថា​តើ​សហ​ចៅក្រម​ស៊ើប​អង្កេត​បរទេស​ហ៊ាន​ចាត់ការ​យ៉ាងណា​ ហើយ​ទទួលបាន​កិច្ច​សហការ​យ៉ាងណា​ពី​ចៅក្រម​ភាគី​កម្ពុជា។​

អ្នកស្រី ​អ៊ឹម ចែម​ អាយុ​៦៨​ឆ្នាំ ​រស់នៅ​ក្នុង​ឃុំ​ត្រពាំង​តាវ​ ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរ​ មានជ័យ ​ស្ថិត​ក្នុង​ចំណោម​ជន​សង្ស័យ​៣នាក់​ក្នុង​សំណុំ​រឿង​០០៤ ​ដែល​ពាក់​ព័ន្ធ​នឹង​បទចោទ​អំពី​ឧក្រិដ្ឋកម្ម​ជាច្រើន​ក្នុង​សម័យ​ ខ្មែរក្រហម។ ​អ្នកស្រី​អ៊ឹម ចែម​ត្រូវ​សហ​ព្រះរាជ​អាជ្ញា​ចោទ​ប្រកាន់​ថា ​បាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​៤​ម៉ឺននាក់​ ក្នុង​តំបន់​ពាយព្យ​ប្រទេស​និង​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​ក្នុង​សម័យ​ ខ្មែរក្រហម​ក្នុង​ទស​វត្សរ៍​១៩៧០។​ តែ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វីអូអេ​ អ្នក​ស្រី​បាន​បដិសេធ​ថា​ អ្នកស្រី​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នោះ​ទេ។ ​អ្នកស្រី ​អះអាង​ថា​ ​អ្នកស្រី​បានផ្តោត​ទៅ​លើការ​បង្ក​បង្កើន​ផល​តែ​ប៉ុណ្ណោះ ​ពេល​អ្នកស្រី កាន់កាប់​ជា​គណៈស្រុក​ព្រះនេត្រ​ព្រះ​ពេល​នោះ។​

អ្នកស្រី​អ៊ឹម ចែម​ធ្លាប់​បដិសេធ​មិន​ទៅ​តុលាការ​ម្តង​ហើយ​ នៅ​ពេល​អតីត​សហ​ចៅក្រម​ស៊ើបអង្កេត​បម្រ៉ុង​គឺ​លោក ​Laurent Kasper Ansermet ​កោះ​ហៅ​ឲ្យ​អ្នកស្រី​ទៅ​បំភ្លឺ​ពីកាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ឆ្នាំ​ ២០១២។​ ការ​កោះ​ហៅ​នោះ​គឺ​ចំ​ពេល​ដែល​កម្ពុជា​និង​អ.ស.ប.កំពុង ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​អំពី​សំណុំ​រឿង​បន្ថែម​នេះ ​ទាំង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​បរទេស​និង​ភាគី​ កម្ពុជា ​និង​បញ្ហា​ថវិកា​ ហើយនឹង​ការជ្រៀត​ជ្រែក​ផ្នែក​នយោបាយ។ ​លោក ​ចៅក្រម​ Ansermet ​បាន ​លាឈប់​ពី​តំណែង​ ក្រោយពេល​លោក​មិន​អាច​បំពេញ​កិច្ចការ​របស់​លោក​បាន​ ដោយសារ​តែ​គេ​បាន​រាយ​ការណ៍​មក​ថា​ មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​នោះ។​

ទោះជា ​យ៉ាងណា​ក៏ដោយ​ ការ​កោះហៅ​នឹង​ការ​ជូន​ដំណឹង​ដល់​អ្នកស្រី ​អ៊ឹម ចែម​ជា​ថ្មី​ពី​បទចោទ​នេះ​បាន​កើត​ឡើង​ ក្រោយ​រយៈពេល​២ឆ្នាំ​បន្ទាប់​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​អ.ស.ប.សញ្ជាតិ​អាមេរិកាំង​គឺ​លោក​ Mark Harmon ​បាន​ចូល​កាន់​មុខ​តំណែង ​និង​ការ​បន្ត​កិច្ចការ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​០០៣ ​និង​០០៤ នេះ៕

XS
SM
MD
LG