ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសង្ឃ​៨​អង្គ​ត្រូវ​អនុញ្ញាត​ឲ្យ​និមន្ត​ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង តែ​ត្រូវ​រឹត​ត្បិត​ការប្រាស្រ័យ​ទាក់ទង


ព្រះសង្ឃ​៥អង្គ​ដែល​គង់​លើ​កម្រាលព្រំ​នៅ​វត្តថាន់ ស្ថិត​ក្នុងចំណោម​ ព្រះសង្ឃ​៨អង្គ ដែល​និមន្ត​មក​ពី​ខេត្តបាត់ដំបង។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុម​យុវជន​ខ្មែរថាវរៈ កញ្ញា​ឈឿន ដារ៉ាវី)

អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង ​លោក ​យិន ម៉េងលី​ មាន​ប្រសាសន៍​ថា ​គ្មាន​ច្បាប់​ណា​ដែល​ចែង​ពី​ការ​ហាម​ឃាត់​ព្រះសង្ឃ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​នោះ​ទេ។ ​លោក​យល់​ថា​ ការ​បំបិទ​សិទ្ធិ​ព្រះ​សង្ឃ​នេះ​ មិន​មែន​ទើប​តែ​កើត​ឡើង​ជា​លើក​ទីមួយ​ទេ។​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ព្រះសង្ឃ​ចំនួន​៨​អង្គ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ​ក្នុង​ទីក្រុង​ភ្នំពេញ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និមន្ត​ទៅ​គង់​ក្នុង​វត្ត​ដែល​ព្រះ​សង្ឃ​ទាំង​៨​អង្គ​គង់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ដោយ​មាន​ការ​ហាម​ឃាត់​មិន​ឲ្យ​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​សារ​ព័ត៌មាន។​

ព្រះ​សង្ឃ​ទាំង​៨​ អង្គ​នោះ​ ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ព្រះ​កាយ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ នៅ​ពេល​ព្រះអង្គ​និមន្ត​មក​ដល់​ទីក្រុង​ភ្នំពេញ​ ដើម្បី​ចូល​រួម​ទាមទារ​រក​យុត្តិធម៌​ឲ្យ​លោក ​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដោយសាររិះគន់​រឿង​ព្រំដែន​កម្ពុជា​វៀតណាម។​

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ព្រះ​សង្ឃ​ទាំង​៨​អង្គ​ត្រូវ​បាន​ឃាត់​ព្រះកាយ ​និង​នាំ​ទៅ​គង់​នៅ​វត្ត​ថាន់ ​ក្នុង​ខណ្ឌ​ចម្ការមន​ ហើយ​ក៏ត្រូវ​បញ្ជូន​ទៅ​វត្ត​បទុមវត្តី។​

លោក​បន្ត​ថា ​ ក្រោយ​មក​ព្រះសង្ឃ​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និមន្ត​ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ ​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​មិន​បាន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​នោះ​ទេ។​លោក​បញ្ជាក់​ទៀត​ថា​ព្រះ​សង្ឃ​ទាំង​៨​អង្គ​នោះ​ ត្រូវ​បាន​គេ​ចោទ​ថា​ ប្រព្រឹត្ត​ខុស​ពុទ្ធវិន័យ​ក្នុង​ពេល​ចូល​វស្សា។​

លោក​ថ្លែង​ប្រាប់​ VOA​ ថា៖ ​«តាម​ពុទ្ធវិន័យ​ គឺ​គេ​មាន​ការ​ចោទ​ប្រកាន់​ព្រះ​អង្គ​ថា​ក្នុង​ពេល​ដែល​គង់​វស្សា​ ព្រះអង្គ​មិន​ត្រូវ​ចាក​ចេញ​ពី​វត្ត​ ទៅ​សឹង​នៅ​កន្លែង​ផ្សេង។​ ហ្នឹង​គឺ​មាន​ការ​ចោទ​ប្រកាន់​ថា​ ខុស​ព្រះ​ពុទ្ធ​វិន័យ​កន្លែង​ចំណុច​ហ្នុង។​ យើង​អត់​ដឹង​ថា​ តើ​មាន​កិច្ច​សន្យា​ អ្វី​ផ្សេង​ទៀត​ទេ»។​

បើ​តាម​លោក ​អំ សំអាត​ ព្រះ​សង្ឃ​ទាំង​៨​អង្គ​នោះ​ គឺ​ស្ថិត​ក្នុង​ភាព​ជា​យុវវ័យ​នៅ​ឡើយ​ ហើយ​កំពុង​គង់​ក្នុង​វត្ត​ចំនួន​បួន​ក្នុង​ក្រុង​បាត់ដំបង​ រួម​មាន​ វត្ត​ប៉ាឆា​ ​វត្ត​ដំរីស ​វត្ត​លាភ​ និង​វត្ត​សង្កែ។ ​លោក​បន្ថែម​ថា​ ការ​ចូលរួម​របស់​ព្រះអង្គ​ក្នុង​កិច្ចការ​សង្គម​នោះ​គឺ​មិន​មាន​អ្វី​ឆ្គាំឆ្គង​ ព្រោះ​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​ ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ។​

«លុះ​ត្រា​តែ​បុគ្គល​មួយៗ​ប្រព្រឹត្ត​នូវ​បទ​ល្មើស​អាហ្នឹង​បាន​ខុស​ ឬ​ក៏​ព្រះសង្ឃ​ដែល​ប្រព្រឹត្ត​ខុស​នឹង​ពុទ្ធ​ពិន័យ អាហ្នឹង​បាន​...​ឬ​ក៏​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​រដ្ឋ​អី​ តែ​បើ​សិន​ជា​មិន​មាន​បទ​ល្មើស​កើត​ឡើង​ទេ ​ ​អា​ហ្នឹង​វា​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល​គ្រប់រូប»។​

អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង ​លោក ​យិន ម៉េងលី​ មាន​ប្រសាសន៍​ថា ​គ្មាន​ច្បាប់​ណា​ដែល​ចែង​ពី​ការ​ហាម​ឃាត់​ព្រះសង្ឃ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​នោះ​ទេ។ ​លោក​យល់​ថា​ ការ​បំបិទ​សិទ្ធិ​ព្រះ​សង្ឃ​នេះ​ មិន​មែន​ទើប​តែ​កើត​ឡើង​ជា​លើក​ទីមួយ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «បញ្ហា​នេះ​ មិន​មែន​ទើប​តែ​កើត​ឡើង​ទៅ​លើ​ព្រះ​សង្ឃ​៨​អង្គ​ទ។ ​បញ្ហា​នេះ​ កើត​តាំង​ពី​ថ្ងៃ​ទី​៩​ ខែ​ឧសភា​ ឆ្នាំ​២០២០​ម៉្លេះ​ នៅ​ពេល​ដែល​ព្រះសង្ឃ​ ព្រះ​អង្គ​និមន្ត​ ធ្វើ​ធម្មយាត្រា​ ទាម​ទារ​ឲ្យ​គ្រឹះស្ថាន​ ឬ​ក៏​មីក្រូ​ហិរញ្ញ​វត្ថុ​ហ្នឹង​បន្ធូរ​បន្ថយ​អនុគ្រោះ​ការ​យក​ពន្ធ​និង​ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​ការ​ប្រាក់​នៅ​ក្នុង​សម័យ​កូវីដ។ ព្រះ​សង្ឃ​ដែល​និមន្ត​ចូលរួម​ហ្នឹង​ ក៏​ត្រូវ​បាន​ចៅ​អធិការ​វត្ត​ហៅ​ទៅ​ធ្វើ​កិច្ច​សន្យាត្រូវ​បាន​អាជ្ញាធរ​ចុះ​មក​ស្រង់​សាវតា​របស់​ព្រះអង្គ។​អាហ្នឹង​គឺ​បាន​បង្ហាញ​អំពី​ការ​រឹតត្បិត​សេរីភាព»។​

មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​បាត់ដំបង​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ ព្រះ​សង្ឃ​ទាំង​៨​អង្គ​កំពុង​គង់​នៅវត្ត​ពោធិវាល​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង។​ព្រះ​សង្ឃ​ទាំង​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​យាមកាម​តឹងរ៉ឹង​ និង​មិន​អនុញ្ញាត​ឲ្យ​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​សាធារណ​ជន​ទេ។​

បើ​តាម​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ ​ ព្រះ​សង្ឃ​ចំនួន​ទាំង​៨​អង្គ​ មាន​ព្រះ​ទ័យ​មក​ចូល​រួម​តវ៉ា​ជាមួយ​ក្រុម​យុវជន​ និង​អ្នក​គាំទ្រ​ផ្សេង​ទៀត​របស់​លោក ​រ៉ុង ឈុន​ ដើម្បី​ទាមទារ​ឲ្យ​មេ​ដឹកនាំ​សហជីព​នេះ​មាន​សេរីភាព​ឡើង​វិញ។​ ប៉ុន្តែ​ព្រះ​សង្ឃ​ចំនួន​៨​អង្គ​នេះ​ ក៏ត្រូវ​បាន​មន្ត្រី​សង្ឃ​ផ្សេង​ទៀត ​និង​អាជ្ញាធរ​រាជធានី​ និមន្ត​ឲ្យ​ទៅ​វត្ត​ថាន់​កាល​ពី​យប់​ថ្ងៃ​អង្គារ​ ដើម្បី​សាក​សួរ​ហើយ​ក៏​បញ្ជូន​មក​សួរ​បន្ថែម​ទៀត​នៅ​វត្ត​បទុម​វត្តី ​ទី​ដែល​ព្រះសង្ឃ​ទាំង​៨​អង្គ​បាន​សឹង​ មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​ខេត្ត​បាត់ដំបង​វិញ។​

សម្ដេច​ព្រះ​ពុទ្ធ​ជ័យ​មុនី ​ឃឹម សន​ ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃ​នាយក​របស់​ប្រទេស​កម្ពុជា​និង​ជា​ព្រះ​មេគណ​រាជធានី​ភ្នំពេញ​ មាន​សង្ឃ​ដីកា​ថា​ មិន​មាន​ការ​ឃាត់​ព្រះ​កាយ​ព្រះ​សង្ឃ​ទាំង​៨​អង្គ​នេះ​ទេ។ ​ព្រះ​អង្គ​មាន​ដីកា​បន្ត​ថា​ ព្រះអង្គ​ផ្ទាល់​បាន​និមន្ត​ទៅ​សួរ​នាំ​ព្រះ​អង្គ​ទាំង​នោះ ​អំពី​ដំណើរ​ដើម​ទង​នៃ​ការ​និមន្ត​មក​ទីក្រុង​ភ្នំពេញ​ក្នុង​ពេល​ចូល​វស្សា។​

សម្ដេច​ព្រះពុទ្ធ​ជ័យមុនី​ ឃឹម សន​ មាន​សង្ឃ​ដីកា​បន្ថែម​ថា​ តាម​ពុទ្ធវិន័យ​ មិន​មាន​ការ​ហាម​ឃាត់​ព្រះសង្ឃ​មិន​ឲ្យ​ចូល​រួម​ការ​តវ៉ា​ជាមួយ​ប្រជា​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ទេ​ប៉ុន្តែ​ព្រះសង្ឃ​គួរ​ដាក់​ព្រះកាយ​ឲ្យ​ឆ្ងាយ​ពី​សកម្មភាព​ទាំង​នេះ​ ដើម្បី​រក្សា​ភាព​បរិសុទ្ធ​ក្នុង​នាម​ជា​សង្ឃ។​

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖ ​«ហេតុអ្វី​បាន​ជា​ហាម​ប្រាម​មិន​ឲ្យ​ចូល​រួម​ ធ្វើ​បាតុកម្ម​មាន​ព្រះ​សង្ឃ។​សួរ​អ៊ីចឹង​ថា​ ខុស​ ទាស់​ទៅ​នឹង​វិន័យ​អត់?​ថា​ទេ​ វិន័យ​ វា​មិន​បាន​ហាម​ថា​ មិន​ឲ្យ​ធ្វើ​បាតុកម្ម។​ ប៉ុន្តែ​យើង​ជា​អ្នកបួស​ កាល​ណា​យើង​ទៅ​ចូល​ធ្វើ​នៅ​ក្នុង​កណ្តាល​ បរិស័ទ​អ៊ីចឹង​ យើង​ភ្លេច​សតិ​ស្មារតី​ ហើយ​ដោយ​កំហឹង​អី​ខ្លះ​ផង​ ចូល​រូប​ទៅ​ យើង​ស្រែក​ យើង​លើក​ដៃ​ យើង។​ហើយ​វិន័យ​ហាម​ត្រឹម​តែ​កាយ​វាចា​ឲ្យ​មាន​របៀប​រៀប​រយ​ល្អ​ ហើយ​ដល់​យើង​ទៅ​វា​បាត់​បង់​អាហ្នឹង​ពរ»។​

បើ​តាម​ព្រះ​អង្គ ឃឹម សន​ ព្រះសង្ឃ​ទាំង​៨​អង្គ​ត្រូវ​ពលរដ្ឋ​ប្រទះ​ឃើញ​កំពុង​ឆាន់​កាហ្វេ​នៅ​ក្បែរ​មន្ទីរ​ពេទ្យ​ព្រះ​សង្ឃ​ក្នុង​ទីក្រុង​ភ្នំពេញ ​នៅ​វេលា​ម៉ោង​ប្រមាណ​៨យប់​ថ្ងៃ​អង្គារ។​បន្ទាប់​ពី​បាន​ដំណឹង​នោះ​ ព្រះអង្គ​ឃឹម សន​ក៏​ឲ្យ​ព្រះ​សង្ឃ​ចំនួន​៤​ទៅ​៥​អង្គ​ផ្សេង​ទៀត​ទៅ​ឃ្លាំ​មើល​ព្រះសង្ឃ​ទាំង​៨​អង្គ​នោះ​ថា​តើ​មាន​ទិស​ដៅ​និមន្ត​ទៅ​ណា?​

រហូត​ដល់​យប់​ជ្រៅ​ ព្រះសង្ឃ​ដែល​តាម​ព្រះសង្ឃ​ទាំង​នោះ ​ក៏​បាន​តាម​ដំណើរ​ព្រះសង្ឃ​ទាំង​៨អង្គ​នោះ​ទៅ​ដល់​វត្ត​ថាន់ ​ ហើយ​បន្ទាប់​មក​ក៏​និមន្ត​មក​ឲ្យ​ទៅ​សឹង​នៅ​វត្ត​បទុម​វត្តី។​ នេះ​បើ​តាម​ព្រះ​អង្គ​ឃឹម សន។​

លោក​ ហ៊ុន វណ្ណៈ​ អាយុ​៣៨​ឆ្នាំ​ ជា​សមាជិក​នៃ​យុវជន​ខ្មែរ​ថាវរៈ ​ និយាយ​ថា​ ព្រះ​សង្ឃ​ទាំង​៨​អង្គ​មិន​ត្រូវ​បាន​អនុញ្ញត​ឲ្យ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បណ្តាញ​សារ​ព័ត៌មាន​ទេ។​លោក​បន្ត​ថា​ ព្រះ​សង្ឃ​ទាំង​នោះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​កិច្ច​សន្យា​ចំនួន​ពីរ​នៅ​ទីក្រុង​ភ្នំពេញ​ និង​នៅ​ខេត្ត​បាត់ដំបង​ថា​មិន​ឲ្យ​ទាក់​ទង​អ្នក​សារ​ព័ត៌មាន។​

ទាក់​ទិន​គម្រោង​តវ៉ា​ឲ្យ​មាន​ការ​ដោះលែង​លោក រ៉ុង​ ឈុនលោក ​ហ៊ុន វណ្ណៈ​ និយាយ​ថាពេល​នេះ​ ក្រុម​យុវជន​បាន​សម្រេច​ផ្អាក​ការ​តវ៉ា​សិនព្រោះ​មិន​ទាន់​ជា​ធូរ​ស្បើយ​ពី​របួស​នៅ​ឡើយ។​

«ហ្នឹង​ហើយ​ យើង​សម្រាក​ប៉ុន្មាន​ថ្ងៃ ​ច្រើន​ថ្ងៃ​ដែរ។​ គ្នា​យើង​ឈឺ​...​ប្រហែល​ជា​យ៉ាង​តិច​ យ៉ាង​តិច​ក៏​បួន​ថ្ងៃ​....​ យ៉ាង​យូរ​ក៏​មួយ​អាទិត្យ​ដែរ»។​

ក្នុង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ រ៉ុង ឈុន​ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ជាប់ៗ​គ្នានេះ​ក៏​មាន​ព្រះ​សង្ឃ​មួយ​ចំនួន​បាន​ចូល​រួម​ទៅ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែរ។​ការ​តវ៉ា​ចុង​ក្រោយ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ ​ក៏​ត្រូវ​បាន​បំបែក​ដោយ​ក្រុម​សន្តិសុខ​ទី​ក្រុង​ភ្នំពេញ​ផង​ដែរ ​រហូត​បណ្តាល​ឲ្យ​យុវតី​ពីរ​នាក់​រង​របួស​ជើង៕

អត្ថបទ​ទាក់ទង

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG