ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន ខណៈ​ពលរដ្ឋ​បន្ត​តវ៉ា​ការពារ​រូប​លោក


ក្រុម​​អ្នកតវ៉ា​ប្រមូលផ្តុំ​គ្នានៅខាង​មុខ​ផ្សារទំនើប​អូឡាំព្យា​ ដើម្បី​អំពាវនាវ​ឲ្យមានការដោះលែង​លោក ​រ៉ុង ឈុន ប្រធានសហភាព​សហជីព​កម្ពុជា​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៣ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​

ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន​ កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​កើត​មាន​ឡើង​ ក្រោយ​ពីលោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ ​ ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ ​ដែល​អះអាង​ថា ​ដី​របស់​ពួកគេ​ត្រូវ​បាន​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា។

ក្រុម​អង្គការ​សង្គមស៊ីវិល​ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ចាប់​ឃុំ​ខ្លួន​លោក រ៉ុង ឈុន​ មេដឹកនាំ​សហជីព​មួយ​រូប​ពាក់​ព័ន្ធ​នឹង​ការ​អធិប្បាយ​របស់​លោក​អំពី​បញ្ហា​ព្រំដែន​នោះ​ ជា​ការ​គំរាម​កំហែង​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ ​ហើយ​ពួកគេ​រិះគន់​ការ​ចោទ​ប្រកាន់​ពី​«បទ​ល្មើស​ជាក់​ស្តែង»​នេះ។​

ក្រុម​យុវជន ​និង​អ្នក​គាំទ្រ​មួយ​ចំនួន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ក៏​បន្ត​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ រ៉ុង ឈុន​ ដែល​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ដែល​តែង​តែ​អត្ថាធិប្បាយ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម។​

ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន​ កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​កើត​មាន​ឡើង​ ក្រោយ​ពីលោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ ​ ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ ​ដែល​អះអាង​ថា ​ដី​របស់​ពួកគេ​ត្រូវ​បាន​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា។ ​លោក ​រ៉ុង ឈុន​ ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ថ្ងៃ​សុក្រ​អំពី​សេចក្តី​ថ្លែង​ការណ៍​របស់​លោក ​ស្តីពី​បញ្ហា​វិវាទ​ដីធ្លី​នៅ​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម​ផង​ដែរ។​

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា ​ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន​ អាច​ជា​ការ​ដាក់​សម្ពាធ​លើ​ការ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​ទស្សនៈ ​និង​យោបល់​របស់​ពលរដ្ឋ។​

«យើង​ឃើញ​ថា​ មតិ​មួយ​ចំនួន​ គេ​អាច​យល់​ថា​ អា​បញ្ហា​ទាំង​អស់​នេះ​ វា​អាច​នឹង​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។​ អ្នក​ដទៃ​ហ្នឹង​ អាច​នឹង​កម្រិត​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ផង​ដែរ»។​

លោក​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន ​នឹង​ក្លាយ​ជា​បន្ទុក​មួយ​ទៀត​ មក​ដល់​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការ​រក្សា​ទុក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ក្រោម​កម្មវិធី​«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ» ឬ ​EBA ​ដែល​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី​១២ ​ខែ​សីហា​នេះ។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ ក៏​បាន​ស្នើ​ឲ្យ​តុលាការ​ផ្តល់​ការ​បញ្ជាក់​អំពី​អ្វី​ទៅ​ដែល​ជា​«បទ​ល្មើស​ជាក់​សែ្តង»​ ដែល​នាំ​ដល់​ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន​ នោះ។​

លោក​ រ៉ុង ឈុន ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ​តាម​មាត្រា​៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ​ហើយ​លោក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦​ខែ ​ទៅ​២​ឆ្នាំ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​គុជ គឹមឡុង​ អ្នក​នាំ​ពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​ អ្នក​នាំ​ពាក្យ​រូប​នេះ ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ពាក់​ព័ន្ធ​នឹង​ភស្តុតាង ​ដែល​នាំ​ដល់​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​នេះ​ទេ។ ​លោក​បន្ថែម​ថា​ លោក ​រ៉ុង ឈុន ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ ក្រោយ​ពី​លោក ​វ៉ាន់ សែន​វិសុទ្ធ​ ចៅ​ក្រម​ស៊ើប​សួរ​បាន​បញ្ចប់​ការ​សាក​សួរ​តាម​នីតិវិធី​របស់​តុលាការ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​ចំនួន​១៤១​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន​ និង​ចាត់​ទុក​ថា​ ​វា​ជា​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​របស់​អាជ្ញាធរ​កម្ពុជា​លើ​ពលរដ្ឋ។​

សេចក្តី​ថ្លែង​ការណ៍​ចុះថ្ងៃ​ទី​៣​ ខែ​សីហា​នេះ​ឲ្យ​ដឹង​ថា៖​ «បន្ទាប់​ពី​មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ជាង​មួយ​ទសវត្សរ៍ការ​ចាប់​ខ្លួន​ចុង​ក្រោយ​នៃ​ប្រធាន​សហជីព​ដែល​គួរ​ឱ្យ​កោត​សរសើរ​រូប​នេះ ​គឺ​ជា​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ចំពោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​គ្រាន់​តែ​ប្រើ​ប្រាស់​សិទ្ធិ​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួន​ក្នុង​ការ​សម្ដែង​មតិ»។​

ពួក​គេ​ក៏​បង្ហាញ​ក្តី​សង្ឃឹម​ថា៖​ «រាជ​រដ្ឋាភិបាល​ និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹង​អាច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​និង​ដោះលែង​រូប​លោក​ពី​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ឱ្យ​បាន​ឆាប់»។​

លោក ​Phil Robertson ​នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ ប្រចាំ​តំបន់​អាស៊ី​ ចាត់​ទុក​ការ​ចោទ​ប្រកាន់​លោក​ រ៉ុង ឈុន​ ពី​បទ​ញុះញង់​នោះ​ថា​ ជា​បទ​ចោទ​ «ក្លែងក្លាយ» ​ហើយ​ថា​ លោក ​រ៉ុង ឈុន​ មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។​

លោក​អត្ថាធិប្បាយ​តាម​សារ​អ៊ីម៉ែល​តាម​ខ្លឹមសារ​ដើម​ថា៖​ «អ្នក​ភូមិ​នៅ​តាម​ព្រំដែន​កម្ពុជា ​និង​វៀតណាម​ មាន​សិទ្ធិ​លើក​ឡើង​ពី​អ្វី​ដែល​ពួក​គេ​មិន​សប្បាយ​ចិត្ត​ជា​មួយ​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​ ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ចូល​ទៅ​ដី​របស់​ពួកគេ​ ហើយ​លោក​រ៉ុង ឈុន​គួរ​តែ​មាន​សិទ្ធិ​លើក​ឡើង​អំពី​កង្វល់​របស់​លោក​អំពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ការណ៍​នេះ។ ជា​ជាង​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​នោះរដ្ឋា​ភិបាល​គួរ​តែ​មាន​ការ​ថ្លែង​អំណរ​គុណ​ដល់​គាត់​ចំពោះ​ការ​លើក​ឡើង​អំពី​ក្តី​បារម្ភ​ទាំង​អស់​នេះ​ ហើយ​បញ្ជូន​ក្រុម​មួយ​ទៅ​ស្តាប់​ការ​រៀប​រាប់​ទុក្ខ​លំបាក​របស់​អ្នក​ភូមិ​ ដើម្បី​រក​ដំណោះ​ស្រាយ​ឲ្យ​ពួក​គាត់»។​

លោក​បន្ថែម​ថា​ លោក ​រ៉ុង ឈុន​ គួរតែ​ត្រូវ​បាន​ដោះ​លែង​ជា​បន្ទាន់ ​និង​ដោយ​គ្មាន​លក្ខខណ្ឌ ​ហើយ​ថា​ ការ​ចាប់​ខ្លួន​នេះ​ ជា​ឧទាហរណ៍​មួយ​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លេង​ល្បែង​ «ធ្វើ​បាប​អ្នក​នាំ​សារ»​ជំនួស​ឲ្យ​ការ​ដោះ​ស្រាយ​បញ្ហា​ពិត​ប្រាកដ។​

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ រ៉ុង ឈុន​ ចុះ​ថ្ងៃទី​២១​ ខែ​កក្កដា​ មុន​ការ​ចាប់​ខ្លួន ឲ្យ​ដឹង​ថា​ ​លោក​បាន​ចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក ​ ខេត្ត​ត្បូង​ឃ្មុំ ​ហើយ​ពលរដ្ឋ​អះអាង​ថា ​អ្នក​ភូមិ​ចំនួន​១០៦ ​គ្រួសារ​ ជា​ជន​រងគ្រោះ​ដោយ​សារ​ការ​បាត់​បង់​ដីធ្លី​ទៅ​ខាង​ភាគី​វៀត​ណាម។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖​ «ការ​បោះ​បង្គោល​ព្រំដែន​លេខ​១១៤​ដល់​១១៩​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី»​ទៅ​ភាគី​វៀតណាម​ជា​ច្រើន​រយ​ហិកតា​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។​

សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ទៀត​ថា​ បើ​គិត​ពី​បន្ទាត់​ព្រំដែន​ចាស់​មក​ដល់​ការ​បោះ​បង្គោល​ឡាក់ ​និង​បង្គោល​រណប​ថ្មី​មាន​ការ​ចូល​ប្រហែល​៥០០​ម៉ែត្រ​មក​ក្នុង​ដី​កម្ពុជា។​លោក​រ៉ុង ឈុន​ក៏​បាន​ឲ្យ​ដឹង​ថា​ ​អាជ្ញាធរ​វៀតណាម​បាន​ចូល​មក​រុញ​ច្រាន​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​ក្នុង​ដី​ខ្មែរ​ផង​ដែរ។​

បើ​តាម​លោក ​រ៉ុង ឈុន​ លោក​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ និង​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ផង​ដែរ។​

ជា​ការ​ឆ្លើយ​តប ​ គណៈ​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល ​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ​បាន​ប្រកាស​ច្រាន​ចោល​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​រ៉ុង ឈុន ដោ​យ​ចោទ​ថា​ ជា​«ព័ត៌មាន​មិន​ពិត ​និង​បំផ្លើស» និង​«មាន​ចេតនា​ទុច្ចរិត»។ ​ គណៈ​កម្មាធិការ​ក៏​បាន​លើក​ឡើង​ថា លោក​ រ៉ុង ឈុន ​និង​«ជន​អគតិ​មួយ​ចំនួន»​ តែងតែ​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​ក្នុង​ចេនា​ទុច្ច​រិត​ដើម្បី​វាយ​ប្រហារ​ដល់​កិច្ច​ការ​ព្រំដែន​របស់​រដ្ឋាភិបាល។​ គណៈ​កម្មាធិការ​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ចែក​រំលែក​សេចក្តី​ថ្លែង​ការណ៍​របស់​លោក ​រ៉ុង ឈុន ​ដោយ​ថា ​«សកម្មភាព​ទាំង​អស់​នោះ​អាច​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់»។​

លោក​ ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុតិ្តធម៌​ បាន​ថ្លែង​ការពារ​ការ​អនុវត្ត​ច្បាប់​របស់​កងកម្លាំង​នគរបាល​កម្ពុជា​ ក្នុង​ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន។ ​លោក​មាន​ប្រសាសន៍​ថា ​លោក ​រ៉ុង​ ឈុន​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង។​

«ជាក់​ស្តែង​បាន​ន័យ​ថា​ អា​បទ​លើ្មស​ហ្នឹង​បន្ត​រហូត​ សកម្ម​ភាព​គាត់​ចុះ​ហ្នឹង​ ក្រោយ​មក​គាត់​ផ្សព្វ​ផ្សាយ​ តាម ​Page​ (ទំព័រ) ​របស់​គាត់​ជាប់​រហូត​ ហើយ​ផ្តល់​បទ​សម្ភាសន៍​ជាប់​រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន។​ណ៎ា!​ អា​សកម្ម​ភាព​គាត់​ចុះ​អា​សកម្ម​ភាព​គាត់​ផ្សព្វផ្សាយ​ គាត់​ផ្តល់​សម្ភាសន៍​អាហ្នឹង​ជា​សកម្ម​ភាព​ញុះ​ញង់​ ហើយ​គាត់​បន្ត​ធ្វើ​រហូត ​Post ​(បង្ហោះ)​ លើ ​Page ​គាត់​រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន​ អា​ហ្នឹង​ហើយ​ហៅ​ថា​ជាក់​ស្តែង»។​

លោក រ៉ុង វណ្ណ (ទីពីរ​រាប់​ពី​ស្ដាំ) ក្មួយប្រុស​លោក ​រ៉ុង ឈុន​ ដើរ​ជាមួយ​អ្នកតវ៉ាទៀត​ ឆ្ពោះទៅកាន់​ក្រសួង​យុត្តិធម៌​ ភ្នំពេញ​ ថ្ងៃទី​៣​ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)
លោក រ៉ុង វណ្ណ (ទីពីរ​រាប់​ពី​ស្ដាំ) ក្មួយប្រុស​លោក ​រ៉ុង ឈុន​ ដើរ​ជាមួយ​អ្នកតវ៉ាទៀត​ ឆ្ពោះទៅកាន់​ក្រសួង​យុត្តិធម៌​ ភ្នំពេញ​ ថ្ងៃទី​៣​ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

លោក ​រ៉ុង​ វណ្ណ​ អាយុ​២២​ឆ្នាំ​ ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​របស់​លោក ​រ៉ុង ឈុន​ បាន​ប្រាប់​វីអូអេ​នៅ​មុខ​ផ្សារ​ទំនើប​មួយ​ជាប់​ពហុ​កីឡាដា្ឋន​ជាតិ​អូឡំាពិក​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន​ យ៉ាង​កម្រោល​ ដោយ​គ្មាន​ដីកា​ចាប់​ខ្លួន​ នៅ​ពេល​លោក ​រ៉ុង ឈុន​ កំពុង​សម្រាក​ក្នុង​ផ្ទះ​នៅ​យប់​ថ្ងៃ​សុក្រ។​

«ការ​ចាប់​គាត់​គឺ...ខុស​ពី​ច្បាប់​តែ​ម្តង​ ដែល​ចាប់​គឺ​នៅ​ពេល​យប់​ ដែល​គាត់​ហៀប​នឹង​ចូល​សម្រាន្ត​ ហើយ​ទាំង​គ្មាន​ដីកា​ផ្សេងៗ​ ដែល​ចាប់​ទាំង​កម្រោល​ ដែល​គ្មាន​ភាព​ស្រប​ច្បាប់​តែ​ម្តង»។​

លោក ​ជុំ ហួត​ ដើរ​នៅពីមុខក្រុមអ្នកតវ៉ាសុំ​ឲ្យដោះលែង​លោក​ រ៉ុង ឈុន​ ទីក្រុងភ្នំពេញ ថ្ងៃទី​៣​ ខែ​សីហា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)​
លោក ​ជុំ ហួត​ ដើរ​នៅពីមុខក្រុមអ្នកតវ៉ាសុំ​ឲ្យដោះលែង​លោក​ រ៉ុង ឈុន​ ទីក្រុងភ្នំពេញ ថ្ងៃទី​៣​ ខែ​សីហា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)​

ចំណែក​អ្នក​តវ៉ា​មួយ​រូប​ទៀត​ គឺ​លោក ​ជុំ​ ហួត​ ដែល​គាំទ្រ​លោក ​រ៉ុង ឈុន​ និយាយ​ថា​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​សហជីព​រូប​នេះ​គឺ​ជា​ទង្វើ​អយុត្តិធម៌​ ព្រោះ​លោក ​រ៉ុង ឈុន​គ្រាន់​តែ​បាន​បំពេញ​តួនាទី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​រស់​លំបាក​របស់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ព្រំដែន​តែ​ប៉ុណ្ណោះ។​

នៅ​ក្នុង​ការ​តវ៉ា​របស់​ក្រុម​យុវជន ​និង​អ្នក​គាំទ្រ​ជាង​២០​នាក់​ ​ នៅ​ថ្ងៃ​ច័ន្ទ​នេះកង​កម្លាំង​សន្តិសុខ​ខណ្ឌ​៧​មករា​ និង​នគរបាល​ចរាចរណ៍​រាប់​សិប​នាក់​បាន​រារាំង​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​ ទៅ​ឈរ​ស្រែក​ទាម​ទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​រ៉ុង ឈុន​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ។ ​ការ​តវ៉ា​នៅ​ថ្ងៃ​នេះ​ គឺ​ធ្វើ​ឡើង​ជា​លើក​ទីបី​ ដោយ​មាន​ការ​តាម​ឃ្លាំមើល​ពី​ព្រះ​សង្ឃ​មួយ​ចំនួន​ផង​ដែរ។​

បន្ទាប់​ពី​ការ​រារាំង​របស់​កង​សន្តិសុខ​ខណ្ឌ៧​មករា ក្រុម​អ្នកតវ៉ា​ បាន​ប្តូរ​មក​ដើរ​ឆ្ពោះ​ទៅ​ក្រសួង​យុត្តិធម៌។​ ក្នុង​ការ​ដើរ​នោះ​ កង​សន្តិសុខ​ចម្រុះ​មាន​ទាំង​អ្នក​ស្លៀក​ពាក់​ស៊ីវិល​ជា​ច្រើន​នាក់ ​បាន​មក​បង្គាប់​បញ្ជា​ឲ្យ​ក្រុម​អ្នក​តវ៉ា​ ដើរ​ទៅ​តាម​ទិស​ដៅ ​ដែល​ពួក​គេ​បាន​រៀបចំ​ឲ្យ​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ក្រសួង​យុត្តិធម៌។ ​

ក្រៅពី​បញ្ហា​ព្រំដែន ​លោក ​រ៉ុង ឈុន​ កាល​ពី​ខែ​កក្កដា ​ក៏​បាន​ចូល​រួម​តវ៉ា​ជាមួយ​ក្រុម​កម្មករ​កាត់ដេរ​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​វិវាទ​របស់​កម្មករ​នៅ​រោងចក្រ​មួយ​ឈ្មោះ​ Violet Apparel Cambodia ​ដែល​ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ផង​ដែរ។​ រោងចក្រ​នេះ​ បាន​ប្រកាស​បិទ​ដោយ​សារ​ជំងឺ​កូវីដ១៩ ​ហើយ​កម្មករ​អះអាង​ថា​ ពួក​គេ​មិន​ទទួល​បាន​សំណង​តាម​ច្បាប់​ទេ។​

លោក ​មាស នី​ អ្នក​វិភាគ​នយោបាយ​កម្ពុជា​ យល់​ថា ​ការ​ចាប់​ខ្លួន​លោក ​រ៉ុង​ ឈុន​បង្ហាញ​ពី​ការ​បារម្ភ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​តវ៉ា​នានា​ ដែល​អាច​នឹង​ផ្ទុះ​ឡើង​ចំ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ការងារ​ក្នុង​វិស័យ​កាត់ដេរ។​

«នៅ​ក្នុង​ទាំង​វិបត្តិ​កូវីដ​ ទាំង​វិបត្តិ​EBA ​ រួម​គ្នា​ហ្នឹង​ គឺ​យើង​ឃើញ​ហើយ​ថា ​ រដ្ឋាភិបាល​បាន​រៀបចំ​ខ្លួន​ ហើយ​ក៏​បាន​ប្រកាស​នូវ​វិធាន​ការ​សំខាន់ៗ​ ទាក់​ទិន​ទៅ​នឹង​ការ​ត្រៀម​ខ្លួន​ដើម្បី​តាម​ដាន​មើល​ការ​វិវឌ្ឍ​នៃ​ចលនា​មហា​ជន​ ​ ព្រោះ​អី​រដ្ឋាភិបាល​ បាន​ដឹង​ហើយ​ថា រឿង​ដីធ្លី​ក៏​វា​នៅ​ក្នុង​ហ្នឹង​ រឿងកម្មករ​អត់​ការងារ​ធ្វើ​ ក៏​វា​នឹង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ យើង​ហៅ​ថា​ ជា​ការ​តវ៉ា​ឡើង»។​

លោក​បន្ថែម​ថា ​ការ​អធិប្បាយ​របស់​លោក ​រ៉ុង ឈុន​អំពី​បញ្ហា​ព្រំដែន​ចុង​ក្រោយ​នេះ​ អាច​ជា​ការ​បន្ថែម​កម្តៅ​លើ​ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​ ដែល​មាន​ស្រាប់​រួច​ទៅ​ហើយ​នោះ។ ​

ក្នុង​បញ្ហា​ព្រំដែន​នេះ​ លោក ​រ៉ុង ឈុន​ ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​រួច​មក​ហើយ​ កាល​ពី​ឆ្នាំ​២០០៥។ ​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០០៥​ ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​រយៈ​ពេល​៣​ខែ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​«បទ​បរិហារ​កេរ្តិ៍»​ និង​«បទ​ញុះញង់»​ បន្ទាប់​ពី​លោក​បាន​អត្ថាធិប្បាយ​អំពី​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ព្រំដែន​កម្ពុជា ​និង​វៀតណាម៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG