ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ព្រមាន​ប្រើ​វិធាន​ការ​ច្បាប់​ប្រឆាំង​ការ​តវ៉ា​ក្នុង​ករណី​លោក​ រ៉ុង ឈុន


ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

ក្រសួង​យុត្តិធម៌​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ​ប្រឆាំង​នឹង​អ្នក​តវ៉ា​ទាំង​ឡាយ​ណា ​ដែល​ទាមទារ​ឲ្យ​ដោះ​លែង​មេ​ដឹកនាំ​សហជីព​លោក ​រ៉ុង​ ឈុន ​ប្រសិន​បើ​ពួកគេ​បន្ត​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ រ៉ុង ឈុន​ ជា​បណ្តោះ​អាសន្ន។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួង​យុតិ្តធម៌​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ។​

លោក ​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា ​និង​ជា​អ្នក​តាម​ដាន​បញ្ហា​ព្រំដែន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃសុក្រ​ ទី​៣១​ ខែ​កក្កដា​ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ ចំពោះ​ការ​អធិប្បាយ​នានា​របស់​លោក​ពាក់ព័ន្ធ​នឹង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម ​នៅ​ខេត្ត​ត្បូងឃ្មុំ។​

ក្រោយ​ការ​ចាប់​ខ្លួន​ និង​បញ្ជូន​លោក ​រ៉ុង ឈុន ​មក​តុលាការក្រុម​យុវជន ​និង​អ្នក​គាំទ្រ​លោក ​រ៉ុង ឈុន​ រាប់​សិប​នាក់​បាន​ចេញ​មុខ​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​រ៉ុង ឈុន​ ដែល​ពួកគេ​ជឿថា​ មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​ ក្រៅ​តែ​ពីការ​បញ្ចេញ​មតិ ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ និង​វៀតណាម។​

សេចក្តី​ប្រកាស​របស់​ក្រសួង​យុតិ្តធម៌​ចុះថ្ងៃ​ទី​ ៣​ ខែ​សីហា ​ឲ្យ​ដឹង​ថា​Bសកម្មភាព​ប្រមូល​ផ្តុំ​មនុស្ស​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​ទាម​ទារ​ឲ្យ​ស្ថាប័ន​តុលាការ​ដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ​ រ៉ុង ឈុន​ ពុំមែនជា​ទង្វើ​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ​ ប៉ុន្តែ​គឺ​ជា​«ទង្វើ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ»​ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​អំពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ តាម​មាត្រា​៥២២​នៃ​ក្រម​ព្រហ្មទណ្ឌ​ប្រទេស​កម្ពុជា។​

បើ​តាម​មាត្រា​៥២២​នេះ អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថាមាន​កំហុស​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពីរ​១​ខែ​ ទៅ​៦​ខែ។​

ក្រសួង​យុត្តិធម៌​និយាយ​ថា​ក្នុង​សង្គម​នីតិរដ្ឋ​ ការ​ការពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​របស់​អង្គការ​អយ្យការ​អំពី​បទ​ល្មើស​ណា​មួយ​ ត្រូវ​ធ្វើ​ឡើង​តាម​ផ្លូវ​ច្បាប់​នៅ​ចំពោះ​មុខ​តុលាការ។​ក្រសួង​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ខាង​លើ​នេះ​ «ឲ្យ​ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​របស់​ខ្លួន​ មុន​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ច្បាប់»។​

សេចក្តី​ប្រកាស​របស់​ក្រសួង​យុត្តិធម៌​បាន​សរសេរ​តាម​ខ្លឹមសារ​ដើមថា៖​«ក្នុង​ន័យ​នេះ​ ជន​ត្រូវ​ចោទ​ឈ្មោះ​រ៉ុង ឈុន​ មាន​សិទ្ធិ​ពេញ​លេញ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ និង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​ស្វែង​រក​ និង​ពឹង​ពាក់​មេធាវី​ពូកែៗ​មួយ​រូប ​ឬ​ច្រើន​រូប​ដើម្បី​ការពារ​សុចរិត​ភាព​ និង​ភាពត្រឹម​ត្រូវ​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់»។

លោក​រ៉ុង ឈុន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង ​និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម ដោយ​យោង​តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ ​ បទ​ចោទ​នេះ​ត្រូវ​បាន​រិះគន់​ថា ប្រើប្រាស់​ជា​ញឹក​ញាប់​ ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់​ក្នុង​ប្រទេស។​

ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន​ កើត​មាន​ឡើង​ បន្ទាប់​ពី​មេដឹនាំ​សហជីព​រូបនេះ​ បាន​ចុះ​ទៅ​ខេត្ត​ត្បូងឃ្មុំ ​ ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ​ដែល​អះអាង​ថា​ដី​របស់​ពួកគេ​ត្រូវ​បាន​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា។​លោក ​រ៉ុង ឈុន​ ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ថ្ងៃ​សុក្រ​អំពី​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ស្តីពី​បញ្ហា​វិវាទ​ដីធ្លី​នៅ​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម។

លោក​រ៉ុង វ៉ាន់​ ក្មួយ​ប្រុស​លោក​រ៉ុង ឈុន​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ សេចក្តី​ប្រកាស​របស់​ក្រសួង​យុត្តិធម៌​ មាន​ចេតនា​គំរាម​កំហែង​មក​លើ​ក្រុម​អ្នក​តវ៉ា​ ប៉ុន្តែ​លោក​និយាយ​ថា​ ក្រុម​អ្នក​តវ៉ា​នៅ​ប្រកាន់​ជំហរ​ទាមទារ​រក​យុត្តិធម៌​ដល់​លោក​ រ៉ុង ឈុន។​

«ជាក់​ស្តែង​ គឺ​ខ្ញុំ​មាន​អារម្មណ៍​ដែល​អន់​ចិត្ត​ ជាមួយ​ដែល​ក្រសួង​យុត្តិធម៌​ ដែល​គាត់​បាន​ចេញ​សេចក្តី​[ប្រកាស]​ ដែល​វា​ជា​ការ​គំរាម​កំហែង​មក​ខាង​យើង​ ដែល​យើង​មាន​សិទ្ធិ​ ដែល​ក្នុង​នាម​យើង​ជា​ប្រទេស​ដែល​ប្រជា​ធិបតេយ្យ​ ជាក់​ស្តែង»។​

លោក​បញ្ជាក់​ទៀត​ថា​ក្រុម​អ្នក​តវ៉ា​បាន​សម្រេច​ផ្អាក​ការ​តវ៉ា​មួយ​រយៈ​សិន​ ដើម្បី​គិត​គូរ​រក​វិធី​សាស្ត្រ​តស៊ូ​មតិ​ផ្សេង​ទៀត។​

ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។
ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

លោក ​ហ៊ុន វណ្ណៈ ​អាយុ​៣៨​ឆ្នាំ​ជា​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ ដែល​បាន​ចេញ​មុខ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ដល់​លោក​ រ៉ុង ឈុន​ថ្លែង​ប្រាប់​VOA​ថា​ កាល​ណា​តុលាការ​កាត់​ក្តី​លម្អៀង ​ ​នោះ​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​ទាម​ទារ​ ដូច​ដែល​មាន​ចែង​អំពី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ ​ លោក​ចាត់​ទុក​ការ​លើក​ឡើង​របស់​ក្រសួង​យុត្តិធម៌​អំពី​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ ជា​ការ​រឹត​ត្បិត​មួយ។​

លោក​មាន​ប្រសាសន៍​ថា៖​ «សេចក្តី​ថ្លែង​ការណ៍​នេះ​គឺ​គាត់​បង្ហាញ​ចេតនា​មួយ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ»។​

ស្រប​ពេល​ជាមួយ​គ្នា​ផង​ដែរ ​ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​សកម្មភាព​ជួប​ជុំ​ប្រមូល​ផ្តុំ​ដែល​គ្មាន​ការ​ជូន​ដំណឹង។​

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ និយាយ​ថា​ ការ​ប្រកាស​ផ្ទួនៗ​គ្នា​របស់​ក្រសួង​យុត្តិធម៌​ និង​សាលា​រាជធានី​ភ្នំពេញ​ អំពី​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ក្រុម​អ្នក​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​នោះ ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ទប់​ស្កាត់​មិន​ឲ្យ​ការ​តវ៉ា​រីក​កាន់​តែ​ធំ​ឡើងខណៈ​លោក ​រ៉ុង ឈុន​ ជា​បុគ្គល​សំខាន់​មួយ​រូប​ ដែល​សកម្ម​ក្នុង​កិច្ច​ការងារ​សង្គម។​

«អ៊ីចឹង​ យើង​ឃើញ​ថា​លិខិត​ទាំង​ពីរ​នេះ​ច្បាស់​ណាស់​ថា​គឺ​ការ​បារម្ភ​ ខា្លច​លោ​មាន​អ្នក​ដែល​មក​ជួយ​គាំទ្រ​ ឬក៏​ការ​ទាម​ទារ​ហ្នឹង​កាន់​តែ​ច្រើន​ទៅៗ។​ អ៊ីចឹង​ ការ​ចេញ​នេះ​ គឺ​ដើម្បី​ធ្វើ​ការ​ទប់​ស្កាត់​ហ្នឹង​ហើយ។ ​ ប៉ុន្តែ​បើ​យើង​មើល​ទៅ​លិខិត​ទាំង​ពីរ​នេះ​ ក៏​វា​អាច​ជា​ការ​មួយ​ដែល​រឹតត្បិត​ទៅ​ដល់​សេរីភាព​របស់​ពួក​គាត់​ដែរ​ បើ​សិន​ជា​បាតុកម្ម​ហ្នឹង​គឺ​ជា​ការ​ធ្វើ​ដោយ​សន្តិ​វិធី​នោះ»។​

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ចំនួន​ រួម​មាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ​និង​សហព័ន្ធ​សហជីព​អន្តរជាតិ ​(ITUC)​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដោះ​លែង​លោក​រ៉ុង ឈុន​ជា​បន្ទាន់​ ហើយ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា​ បទ​ចោទ​ប្រកាន់​លើ​លោក​រ៉ុង ឈុន​ ជា​ «បទចោទ​ដែល​ប្រតិដ្ឋ​ឡើង»​ ចំណែក​ឯ​សហព័ន្ធ​សហជីព​អន្តរជាតិ​កត់​សម្គាល់​ដោយ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ថា​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​ បាន​កើត​ឡើង ​ បន្ទាប់​ពី​សហជីព​របស់​លោក​ធ្វើ​សកម្មភាព​ពេល​ថ្មីៗ​នេះ​ និង​ការ​រិះគន់​របស់​លោក​អំពី​ផល​ប៉ះ​ពាល់​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ក្រោម​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ដោយ​សារ​ជំងឺ​កូវីដ១៩។​

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ឈរ​ជាមួយ​នឹង​បាតុករ​លើក​រូបភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​លោកស្រី ប៊ុន រ៉ានី ខណៈ​ដែល​ពួកគេ​ស្នើ​សុំ​អត្ថប្រយោជន៍​ការងារ​សម្រាប់​ជួយ​កម្មករ ក្រោយ​ពី​រោងចក្រ​នានា​ត្រូវ​បិទទ្វារ ដោយសារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ឈរ​ជាមួយ​នឹង​បាតុករ​លើក​រូបភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​លោកស្រី ប៊ុន រ៉ានី ខណៈ​ដែល​ពួកគេ​ស្នើ​សុំ​អត្ថប្រយោជន៍​ការងារ​សម្រាប់​ជួយ​កម្មករ ក្រោយ​ពី​រោងចក្រ​នានា​ត្រូវ​បិទទ្វារ ដោយសារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។

លោក ​Phil Robertson ​នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ​ចុះ​ថ្ងៃ​ទី​៤​ ខែ​សីហា​ ថា៖ ​«ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន​ ជា​ឧទាហរណ៍​ចុង​ក្រោយ​មួយ​ទៀត​នៃ​ការ​បង្ក្រាប ​មិន​បន្ធូរ​ដៃ​របស់​រដ្ឋាភិបាល​ ប្រឆាំង​សកម្មជន​ ដែល​ខិតខំ​ធ្វើ​ការ​ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋកម្ពុជា​សាមញ្ញ»។​

លោក​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​របស់​ក្រសួង​យុត្តិធម៌​ លើក​ឡើង​ថា​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ និង​ការពារ​ក្រុម​សកម្មជន​ដែល​មាន​និន្នាការ​ប្រឆាំង។​លោក​ថ្លែង​ការពារ​ថា​អាជ្ញាធរ​កម្ពុជា​ មាន​ភស្តុតាង​រឹងមាំ​ ដើម្បី​គាំទ្រ​ដល់​ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន។

«ចំណែក​ករណី​លោក ​រ៉ុង ឈុន​ នេះ​គឺ​សមត្ថកិច្ច​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់​ និង​រឹងមាំ​ណាស់​ក្នុង​ការ​មាន​វិធាន​ការ​ទប់​ស្កាត់​ កុំ​ឲ្យ​មាន​ចលាចល​កើត​ឡើង​ ពីព្រោះ​សកម្មភាព​របស់​គាត់​មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ទេ ​ប៉ុន្តែ​ជា​ការ​បំពាន​ច្បាប់។​ការ​ញុះញង់​ ការ​បំផ្លើស​បំភ្លៃ​ព័ត៌មាន​ ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ព្រំដែន​នេះ​ គឺ​ជា​បទ​ល្មើស​ហើយ​វា​មាន​គ្រោះថា្នក់​ធ្ងន់​ធ្ងរ​ដល់​ប្រទេស​ជាតិ»។​

លោក រ៉ុង ឈុន​ធ្លាប់​ជា​ប្រធាន​សមាគម​គ្រូ​បងៀន​កម្ពុជា​ឯករាជ្យ​ មុន​ពេល​លោក​ក្លាយ​ជា​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)។ ​លោក​ក៏ជា​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ផង​ដែរ។​

ក្នុង​នាម​តំណាង​ឲ្យ​ក្រុម​ប្រឹក្សា​ឃ្លំាមើល​កម្ពុជា​នេះ​ ​លោក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី២១​ខែ​កក្កដា​ ពណ៌នា​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​បង្គោល​ពំ្រដែន​កម្ពុជា​ វៀតណាម ​ក្នុង​ឃុំ​ត្រពាំង​ផ្លុង ​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ។​

សេចក្តីថ្លែង​ការណ៍របស់​លោក​ឲ្យ​ដឹង​ថា​ ​លោក​បាន​ចុះ​ជួប​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​ជាប់​ប្រទេស​វៀតណាម ​ ហើយ​ពលរដ្ឋ​អះអាង​ថា​អ្នក​ភូមិ​ចំនួន​១០៦ ​គ្រួសារ​ ជា​ជន​រងគ្រោះ​ដោយ​សារ​ការ​បាត់​បង់​ដីធ្លី​ទៅ​ខាង​ភាគី​វៀតណាម។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ថា​ ការ​បោះ​បង្គោល​ព្រំដែន​លេខ​១១៤​ដល់​១១៩​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី ទៅ​ភាគី​វៀតណាម​ជា​ច្រើន​រយ​ហិកតា​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។​

ក្នុង​បញ្ហា​ព្រំដែន​នេះ​ លោក ​រ៉ុង ឈុន​ ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​រួច​មក​ហើយ​ កាល​ពី​ឆ្នាំ​២០០៥។ ​ លោក​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​រយៈ​ពេល​៣​ខែ​ បន្ទាប់​ពី​លោក​បាន​អត្ថាធិប្បាយ​អំពី​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ព្រំដែន​កម្ពុជា ​និង​វៀត​ណាម៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG