ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​សន្តិសុខ​ បំបែក​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន ​និង​បណ្តាល​ឲ្យ​យុវតី​ពីរ​នាក់ ​រង​របួស


ក្រុមអ្នកតវ៉ា​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​កងសន្តិសុខ​ខណ្ឌ៧ មករា​ នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​៥ ខែ​សីហា​ ឆ្នាំ​២០២០។​​ (ហ៊ុល រស្មី​/វីអូអេ)​

នេះ​ជា​តវ៉ា​លើក​ទី៤​ហើយ ​ដែល​អាជ្ញាធរ​អះអាង​ថា​ ​មិន​មាន​ការ​សុំ​ច្បាប់​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ។​ការ​បំបែក​នេះ​បណ្តាល​ឲ្យ​យុវតី​ពីរ​រូប​រង​របួស​នៅ​ត្រង់​ជើង​ និង​ផ្នែក​ខ្លះ​លើ​ផ្ទៃ​មុខ។​

កង​កម្លាំង​សន្តិសុខ​ចម្រុះ​រាប់​សិប​នាក់​របស់​ទីក្រុង​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​ហ៊ុមព័ទ្ធ​ និង​បំបែក​ក្រុម​អ្នក​តវ៉ា​ ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​រ៉ុង​ ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ការ​អត្ថាធិប្បាយ​រឿង​ព្រំដែន។​

នេះ​ជា​តវ៉ា​លើក​ទី៤​ហើយ ​ដែល​អាជ្ញាធរ​អះអាង​ថា​ ​មិន​មាន​ការ​សុំ​ច្បាប់​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ។​ការ​បំបែក​នេះ​បណ្តាល​ឲ្យ​យុវតី​ពីរ​រូប​រង​របួស​នៅ​ត្រង់​ជើង​ និង​ផ្នែក​ខ្លះ​លើ​ផ្ទៃ​មុខ។​

ក្រុម​អ្នក​តវ៉ា​ដែល​មាន​គ្នា​ប្រមាណ​ជា​២០​នាក់​ជា​យុវជន​ និង​អ្នក​គាំទ្រ​លោក​ រ៉ុង ឈុន​ បាន​ចេញ​ដើរ​ក្បួន​ការ​តវ៉ា​របស់​ពួក​គេ​ ពី​ហាង​កាហ្វេ​មួយ​ នៅ​ជាប់​នឹង​ផ្សារ​អូឡាំពិក ​ ដោយ​មាន​កាន់​ទង់​ជាតិ​ប្រទេស​កម្ពុជា​ សំដៅ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន។​


ពេល​ដើរ​នៅ​តាម​ផ្លូវ​ពួកគេ​បាន​ស្រែក​ថា​ «ដោះ​លែង​អ្នក​ការពារ​ទឹក​ដី» ​«ដោះ​លែង​អ្នក​ស្នេហា​ជាតិ»​និង​«អយុត្តិធម៌​ណាស់»។​ ក្រុម​អ្នក​តវ៉ា​ទាំងនោះ​ដែល​ស្រែក​រក​យុត្តិធម៌​ឲ្យ​លោក​រ៉ុង ឈុន​ ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​ ខណ្ឌ​៧មករា​ និង​អាជ្ញាធរ​ក្រុង​ផ្សេង​ទៀត​ ដែល​មាន​ខ្លះ​ស្លៀក​ពាក់​ស៊ីវិលរារាំង​ និង​រុញ​ច្រាន​មិន​ឲ្យ​ដើរ​ចេញ​ផុត​ពី​តំបន់​ពហុ​កីឡា​ដ្ឋានជាតិ​អូឡាំពិក​ ដែល​នៅ​ក្បែរ​ផ្សារ​អូឡាំពិក​នោះ​ទេ។ ​ ​ក្រុម​កង​សន្តិសុខ​មួយ​ចំនួន​ក៏​បាន​ឆក់​យក​ទង់​ជាតិ ​និង​បដា​ជា​ក្រដាស​តូចៗ​មាន​រូប​លោក រ៉ុង​ ឈុន​ ហើយ​ក្រុម​កង​សន្តិសុខ​ខ្លះ​ ក៏​ត្រូវ​គេ​ឃើញ​បាន​ប្រើ​ហិង្សា​មក​លើ​អ្នក​តវ៉ា​ជា​ស្ត្រី។​

កញ្ញា ​សូ មេត្តា ​អាយុ​៣១​ឆ្នាំ ​ដែល​រង​របួស​នៅ​ត្រង់​ក​ជើង​ ថ្កោលទោស​ការ​ប្រើ​ប្រាស់​ហិង្សា​របស់​កង​សន្តិ​សុខ​មក​លើ​ក្រុម​អ្នក​តវ៉ា​ ហើយ​ថា​ការ​ប្រើ​ហិង្សា​នេះ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។​

«យើង​ធ្វើ​នេះ​ ដោយ​អហិង្សា​បំផុត។​យើង​អត់​មាន​ មក​រញ៉េរញ៉ៃ​មក​បង្កហិង្សា​ទេ​ តែ​ខាង​អាជ្ញាធរ​គាត់​ព្យាយាម​រុញ​ច្រាន​ បំពាន​មកលើ​ពួកយើង​ជាស្ត្រី។​ គាត់​មក​ចាប់​អូស​ មក​ចាប់​ទាត់។​ គាត់​បំពាន​លើ​យើង។​ គាត់​ គាត់​រំលោភ​សិទ្ធិ​យ៉ាង​ធ្ងន់​ធ្ងរ។​ ខ្ញុំ​ ខ្ញុំ​សុំ​ថ្កោល​ទោស។​ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ»។​

នៅ​ពេល​កងកម្លាំង​សន្តិសុខ​ជា​ច្រើន​រត់​ដេញ​តាម​ក្រុម​អ្នក​តវ៉ា​ និង​ហ៊ុមព័ទ្ធ​អ្នក​តវ៉ា​ ហើយ​រុញ​អ្នក​តវ៉ា​ឲ្យ​ចាក​ចេញ​ពី​ចំណែក​ម្ខាង​នៃ​មហា​វិថី​ព្រះ​សីហនុ​ ក្បែរ​របង​វត្ត​មហា​មេត្រី​នោះ​ មាន​ការ​ប្រកាស​តាម​ឧបករណ៍​បំពង​សំឡេង​ អំពាវ​នាវ​ឲ្យ​អ្នក​តវ៉ា​បំបែក​ការ​ប្រមូល​ផ្តុំ​ ដោយ​ថា​អាជ្ញាធរ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​លើស​ពីរ​នាក់​ទេ។​

អាជ្ញាធរ​និយាយ​ថា៖ ​«បើ​មិន​ព្រម​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ​ទេ​ ខាង​ខ្ញុំ​នឹង​មាន​វិធានការ​ថ្មី​...​សូម​បំបែក​ជួរ​...​មិន​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​លើស​ពី​ពីរ​នាក់​ទេ​...​សុំ​បំបែក»។​

មន្ត្រី​សនិ្តសុខ​មួយ​រូប​បាន​ប្រាប់​ក្រុម​អ្នក​តវ៉ា​ឲ្យ​បញ្ឈប់​ការ​ហែ​ក្បួន​ដោយ​ថ្មើរ​ជើង​ទៀត​ ហើយ​ថា​បើ​មាន​ការ​ប៉ះ​ទង្គិច​ នោះ​នឹង​មិន​មាន​អ្នកណា​ទទួល​ខុស​ត្រូវ​ទេ។​

«អាហ្នឹង​អត់​ទទួល​ខុស​ត្រូវ​ទេ​ ការ​ប៉ះ​ទង្គិច​ ហើយ​បើ​សិន​ចង់​ហែ ចង់​លើក​បដា​ ទាម​ទារ​រក​ច្បាប់​ពី​រដ្ឋបាល​សាលា​រាជ​ធានី​ភ្នំពេញ។ ​បើ​បង​ប្អូន​ហែ​អ៊ីចឹង​វា​បាត់​ហើយ​សណ្តាប់​ធ្នាប់»។​

លោក​ វណ្ណ ចាន់ធឿន​ អ្នក​តវ៉ា​មួយ​រូប​ទៀត​និយាយ​ថា​ អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​គួរ​ណា​រារាំង​អ្នក​តវ៉ា​ ដែល​ស្វែង​រក​យុត្តិធម៌​ជូន​លោក ​រ៉ុង ឈុន​ ដែល​លោក​ថា​ ​ជា​អ្នក​ការពារ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។​លោក​ថា​ក្រុម​អ្នក​តវ៉ា​នឹង​បន្ត​តស៊ូ​មតិ​ដោយ​អហិង្សា​ ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ​រ៉ុងឈុន​ ទោះ​បី​ប្រឈម​ការ​ចាប់​ខ្លួន​ក៏​ដោយ។​

«និយាយ​ទៅ​ ខាង​ពួក​ខ្ញុំ​នេះ​ គេ​លែង​បារម្ភ​ហើយ​ អា​រឿង​ឃាត់។​ បើ​គេ​ចាប់​ ក៏​ចាប់​ទៅ​ ព្រោះ​ធ្វើ​ដើម្បី​វីរបុរស​មួយ​ អ្នក​សេ្នហា​ជាតិ​ ដើម្បី​ទឹក​ដី​ទាំង​អស់​គ្នា​ដែរ»។​

ក្រុម​អ្នកតវ៉ា​ទាមទាររក​យុត្តិធម៌​ឲ្យ​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន​ ត្រូវបាន​រារាំង​ដោយ​កងកម្លាំង​សន្តិសុខ​ចម្រុះ​ មិន​ឲ្យ​ដើរហែរក្បួន​ចេញ​ពី​តំបន់​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​៥​ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)
ក្រុម​អ្នកតវ៉ា​ទាមទាររក​យុត្តិធម៌​ឲ្យ​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន​ ត្រូវបាន​រារាំង​ដោយ​កងកម្លាំង​សន្តិសុខ​ចម្រុះ​ មិន​ឲ្យ​ដើរហែរក្បួន​ចេញ​ពី​តំបន់​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​៥​ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

ការ​តវ៉ា​របស់​ក្រុម​យុវជន​ និង​អ្នក​គាំទ្រ​លោក ​រ៉ុង ឈុន​នេះ ​ធ្វើ​ឡើង ​ ខណៈ​មាន​ការ​ព្រមាន​របស់​ក្រសួង​យុត្តិធម៌​ថា ​ ការ​ប្រមូល​ផ្តុំ​ណា​មួយ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ រ៉ុង​ ឈុន​ នឹង​ប្រឈម​វិធាន​ការ​ច្បាប់។​ក្រសួង​យុត្តិធម៌​បក​ស្រាយ​ថា​ ការ​ប្រមូល​ផ្តុំ​នោះ​ជា​ទង្វើ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ និង​ជា​ការ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ។​ចំណែក​សាលា​រាជធានី​ភ្នំពេញ​ក៏​ព្រមាន​ថា​អ្នក​តវ៉ា​ទាំង​ឡាយ​ណា​ ដែល​ប្រមូល​ផ្តុំ​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ក្រុង​នោះ​ក៏​នឹង​ប្រឈម​វិធាន​ការ​ច្បាប់​ដែរ។​

អធិការ​ខណ្ឌ​៧មករា​ លោក​នេត ស៊ីថុន​ មាន​ប្រសាសន៍​ថា​លោក​មិន​បាន​ដឹង​ការ​ឃាត់​ឃាំង​ក្រុម​អ្នក​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ទេ ​ដោយ​ថា​ ជា​សមត្ថ​កិច្ច​របស់​កង​សន្តិសុខ​ខណ្ឌ។​

«ខ្ញុំ​ ខ្ញុំ​អត់​ដឹង​ទេ​ រឿង​ការងារ​សន្តិសុខ។​ ខ្ញុំ​អត់​ដឹង​ផង​បាទ។​ខ្ញុំប៉ូលិស​ទេតើ!​ ខ្ញុំ​មិន​មែន​សន្តិសុខ​ផង!»​

លោក​លីម សុភា​ អភិបាល​ខណ្ឌ​៧មករា​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ។​

យុវតី​មួយ​រូប​កញ្ញា ជា គន្ធីនរក​កល់​ខ្យល់គរ​ ដោយ​ការរុញ​ច្រាន​រវាង​កងសន្តិសុខ និង​ក្រុម​អ្នកតវ៉ា នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៥ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​
យុវតី​មួយ​រូប​កញ្ញា ជា គន្ធីនរក​កល់​ខ្យល់គរ​ ដោយ​ការរុញ​ច្រាន​រវាង​កងសន្តិសុខ និង​ក្រុម​អ្នកតវ៉ា នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៥ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​

ក្នុង​ការ​តវ៉ា​ទាម​ទារ​ដោះ​លែង​លោក ​រ៉ុង ឈុន​ ជា​លើក​ទីបួន​នេះ​ មាន​យុវតី​ម្នាក់​ទៀតគឺ កញ្ញា ជា គន្ធីន ​រក​កល់​ខ្យល់​គ​ ដោយ​សារ​រង​ការ​រុញ​ច្រាន​គ្នា​រវាង​កង​សន្តិសុខ​ និង​ក្រុម​អ្នក​តវ៉ា។​យុវតី​រូបនោះ​ ក៏រង​របួស​នៅ​ត្រង់​ជើង​ បណ្តាល​ឲ្យ​ដើរ​មិន​រួច​ផង​ដែរ។​

លោក​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ យល់​ថា ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ អាច​ចរចា​ជាមួយ​ក្រុម​អ្នក​តវ៉ា​ ​ប្រសិន​បើ​ពួក​គេ​ប្រមូល​ផ្តុំ​ជួប​ជុំ​សម្តែង​មតិ​ដោយ​គ្មាន​ការ​ជូន​ដំណឹង។​

លោក​មាន​ប្រសាសន៍​ថា​ ​ការ​បង្ក្រាប​ណា​មួយ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ នឹង​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​រដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​អាច​ធ្វើ​ឲ្យបាត់​បង់​ការ​គាំទ្រ​ខាង​ពាណិជ្ជ​កម្ម​របស់​ប្រទេស​នៅ​បស្ចិម​លោក​ និង​សហ​ភាព​អឺរ៉ុប។​

«អ៊ីចឹង​ទៅ​ អា​ការណ៍​ដែល​យើង​ មិន​អនុញ្ញាត​ ឬ​ក៏​បង្ក្រាប​ មិន​ឲ្យ​មាន​ការ​ជួបជុំ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ ហើយ​ដោយ​ប្រើ​ប្រាស់​នូវ​អំពើ​ហិង្សា​អា​ហ្នឹង​ខ្ញុំ​គិត​ថា​ ​ វា​ជា​ស្ថាន​ភាព​មិន​ល្អ​ ដែល​គេ​គិត​ថា​ សេរីភាព​ក្នុង​ការ​ជួបជុំ​ ប្រមូល​ផ្តុំ​ហ្នឹង​ត្រូវ​បាន​រឹតត្បិត​បន្ថែម​ទៀត»។​

បើ​តាម​លោក ​អំ សំអាត​ មាន​ការ​ឃាត់​ខ្លួន​ពលរដ្ឋ​ចំនួន​៤​នាក់​ដែល​ជា​កម្មករ​អាជីវករ​ និង​អ្នក​រត់​ម៉ូតូ​កង់​បី​និង​ព្រះសង្ឃ​៨​អង្គ​ដែល​និមន្ត​មក​ពី​ខេត្ត​បាត់ដំបង​ ដើម្បី​ចូល​រួម​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ឲ្យ​លោក ​រ៉ុង ឈុន។ ​ការ​ឃាត់​ខ្លួន​នេះ​ ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​អង្គារ។​

មន្ត្រី​សន្តិសុខ​ប្រាប់​ឲ្យ​ក្រុម​អ្នកតវ៉ា​ឲ្យ​ឈប់​ដើរ​ហែក្បួន ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី​/វីអូអេ)​
មន្ត្រី​សន្តិសុខ​ប្រាប់​ឲ្យ​ក្រុម​អ្នកតវ៉ា​ឲ្យ​ឈប់​ដើរ​ហែក្បួន ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី​/វីអូអេ)​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ស ថេត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។​

លោក ​រ៉ុង ឈុន​ ជា​អ្នក​តាម​ដាន​បញ្ហា​ព្រំដែន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​ លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃសុក្រ​ ទី​៣១​ ខែ​កក្កដា​ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ ចំពោះ​ការ​អធិប្បាយ​នានា​របស់​លោក​ពាក់ព័ន្ធ​នឹង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម ​នៅ​ខេត្ត​ត្បូងឃ្មុំ។​ មេដឹកនាំ​សហជីព​រូបនេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង ​និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម ​ដោយ​យោង​តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។​បទ​ចោទ​នេះ​ត្រូវ​បាន​រិះគន់​ថា​ប្រើ​ប្រាស់​ជា​ញឹក​ញាប់​ ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់​ក្នុង​ប្រទេស៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG