ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ចាប់ខ្លួន​លោក រ៉ុង ឈុន ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន


រូបឯកសារ៖ លោក ​រ៉ុង ឈុន ​​ប្រធាន​សហភាព​សហជីព​កម្ពុជា​ រំឭកពី​ចលនា​សហជីព​របស់​លោក​ជា វិជ្ជា​ ក្នុងខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក ​ជា វិជ្ជានៅទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)

លោក គុជ គឹមឡុង ​ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន ​Fresh News​ ថា ​ការចាប់ខ្លួន​ គឺ​ដោយសារ​លោក ​រ៉ុង ឈុន ​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​ និង​​​បាន​ប្រព្រឹត្ត​បទល្មើស​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​កម្ពុជា​ចាប់នាំ​ខ្លួន​ពី​លំនៅដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃសុក្រ​ពាក់ព័ន្ធនឹង​សេចក្តី​ថ្លែងការណ៍​ស្តីពី​ដី​តំបន់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និងវៀតណាម។

លោក រ៉ុង​ វិជ្ជា ដែល​ត្រូវ​ជា​ក្មួយប្រុស​របស់​លោក រ៉ុង ឈុន បាន​បញ្ជាក់​ប្រាប់​វីអូអេថា ​លោក ​រ៉ុង ឈុន ​ត្រូវ​បាន​នាំខ្លួន​ទៅ​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​បន្ថែម។

លោក ​រ៉ុង ​ឈុន​ បាន​ចេញសេចក្តី​ថ្លែងការណ៍​មួយ​ក្នុង​នាម​ជាតំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជាតាំង​ពីថ្ងៃ​ទី២១​ ខែកក្កដា​ ដែល​ចោទ​ប្រកាន់​ថា«ការបោះបង្គោល​ព្រំដែន​លេខ​១១៤​ដល់​១១៩​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី»​ទៅភាគីវៀតណាម​ជាច្រើន​រយ​ហិកតា​នៅ​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញ្ញា​ក្រែក​ ខេត្តត្បូងឃ្មុំ​ ដែល​ជា​ដី​ដូនតា​កសិករ​ខ្មែរ។ ​ប៉ុន្តែ​ កាលពី​ថ្ងៃសុក្រ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​ប្រកាស​ច្រានចោល​សេចក្តីថ្លែងការណ៍​នេះ​ ដោយ​ចោទ​ថា​ជា​»ព័ត៌មាន​មិន​ពិត​និង​បំផ្លើស»​ដែល​មាន​ចេតនា​ទុច្ចរិត។

សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​បញ្ជាក់​បន្ថែម​ដោយ​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចូលរួមរក្សា​ចំណែក​ដី​នោះ​ និង​«ទប់ស្កាត់ ចាត់​វិធានការ​តាមផ្លូវច្បាប់​លើ​ជន​ទាំង​ឡាយ​ណា​ដែល​មាន​ចេតនា​ចង់​បំពាន​យក​ដី​រដ្ឋ​ទាំងនោះ​ដោយ​បង្កើត​ព័ត៌​មាន​ក្លែងក្លាយ​» ។

លោក គុជ គឹមឡុង ​ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន ​Fresh News​ ថា ​ការចាប់ខ្លួន​ គឺ​ដោយសារ​លោក ​រ៉ុង ឈុន ​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​ និង​បាន​ប្រព្រឹត្ត​បទល្មើស​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG