ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា​រដ្ឋ​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ ប៉ុន្តែ​មិនមែន​ដើម្បី​កេង​ចំណេញ​សន្លឹក​ឆ្នោត​ឡើយ


រូបឯកសារ៖ ពលរដ្ឋរង់​ចាំទទួលអំណោយពីអង្គការសប្បុរសធម៌ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩។
រូបឯកសារ៖ ពលរដ្ឋរង់​ចាំទទួលអំណោយពីអង្គការសប្បុរសធម៌ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​ថា​ រដ្ឋាភិបាលនឹង​បន្ត​ផ្តល់សាច់ប្រាក់​ឧ​បត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ ដោយ​សារវិបត្តិ​ជំងឺ​កូវីដ​១៩ និង​ប្រកាស​យន្តការ​ថ្មី​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​អតិផរ​ណា​ផង​ដែរ។

ប៉ុន្តែ​លោក​នាយករដ្ឋមន្រ្តី​បញ្ជាក់​ថា ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ​សន្លឹក​ឆ្នោត ខណៈ​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មួយ​នា​ខែកក្កដា ឆ្នាំ២០២៣ ខាង​មុខ។

លោក ហ៊ុន សែន បានថ្លែងបែប​នេះ នៅ​ក្នុង​ពិធី​បើក​សន្និសីទ​ «ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០២២»​ ក្រោម​មូលបទ​ «ការ​ស្តារ​កម្ពុជា​ឡើង​វិញនូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ​១៩» ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ និង​ប្រឈម​នឹង​បញ្ហា​អតិផរណា ដូច​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​រដ្ឋ​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រដែល​រង​គ្រោះ​ដោយ​សារ​វិបត្តិ​កូវីដ​១៩ និង​ដាក់​ចេញ​នូវ​យន្ត​ការ​ថ្មី​ក្នុង​ការ​សម្រួល​សម្ពាធ​អតិផរណា ​ដែលប៉ះពាល់សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ និង​បញ្ហា​សង្គ្រាម​រុ​ស្សី និងអ៊ុយក្រែន ដែល​បណ្តាលឱ្យ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​កើន​ឡើង។

លោក ហ៊ុន សែន ថ្លែងថា៖ «រដ្ឋ​ត្រូវ​អន្តរាគមន៍​តាម​រយៈ​ផ្តល់​សាច់​ប្រាក់ជូន​ពួក​គាត់ ដែល​តាម​ការ​ប៉ាន់​ស្មាន​មាន​ប្រហាក់​ប្រហែល​ជា​៦០​ម៉ឺនគ្រួសារ និង​ប្រជា​ជន​មិន​តិច​ជាង​២​លាន​នាក់​បន្ថែមទៀត។ ដូច្នេះ​យើង​ត្រូវ​រ៉ាប់​រង​ទាំង​បញ្ហា​កូវីដ​ត្រូវ​បន្ត ទាំង​បញ្ហា​ការ​ដាក់​ចេញ​នូវ​យន្តការប្រើសាច់​ប្រាក់​សម្រាប់​គាំពារ​ប្រជា​ពល​រដ្ឋ ឆ្លើយ​តបជា​មួយ​អតិ​ផរណា​ គឺ​យើង​ទទួល​បន្ទុក​ចិញ្ចឹម និង​ជួយ​ប្រជា​ជន​ជិ​ត​៥​លាន​នាក់។ មិន​មែន​ជា​ការ​ប៉ាវ​ចិញ្ចឹម​ទេ​ ក៏​ប៉ុន្តែ​ជា​ការ​ប៉ះ​ប៉ូវ ដើម្បី​ឱ្យ​ពួក​គាត់កុំ​ឱ្យ​ធ្លាក់​ទៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ»។

លោក ហ៊ុន សែន បញ្ជាក់ថា​ការ​ដាក់​ចេញ​យន្ត​ការ​គាំពារ​សម្ពាធ​អតិផរ​ណា​នេះ គឺ​ប្រជា​ពល​រដ្ឋ​អាច​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ដោយ​ខ្លួន​ឯង និងអាចទទួល​បាន​សាច់​ប្រាក់​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។ លោក​សង្កត់ធ្ងន់​ថា​ការណ៍​នេះ​មិន​មែន​ជា​ការ​«ប៉ាវ​ចិញ្ចឹម»ប្រជា​ពល​រដ្ឋ​ឡើយ ប៉ុន្តែធ្វើ​ដើម្បីកុំ​ប្រជា​ពល​រដ្ឋធ្លាក់​ទៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។

លោក​នាយករដ្ឋមន្រ្តី​ក៏​ស្នើ​សុំ​គណ​បក្ស​នយោ​បាយ​ និង​អង្គការ​សង្គម​ស៊ីវិល កុំ​រិះគន់​វាយ​ប្រហារ​ថា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ធ្វើ​នេះ ដើម្បី​ទាញ​យក​សន្លឹក​ឆ្នោត​ពី​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ឆ្នាំ​ក្រោយ។

លោក​បញ្ជាក់​ថា​៖ «មន្ត្រីដែល​ធ្វើ​កិច្ចការ​ងារ​នេះ ត្រូវ​ធ្វើ​ជំរឿន​ជា​បន្ទាន់។ នៅ​ក្នុង​បែប​បទនេះ គឺ​ប្រគល់​ជូន​ក្រសួង​ផែន​ការ​ជា​បន្ត​ទៀត ដើម្បី​នឹង​កំណត់​បែប​បទ អ្នក​ណា​ខ្លះ​នឹង​មាន​លទ្ធភាព​ទទួល​យក​ប្រាក់​នេះ។ នេះ​គឺ​ជា​ចំណុច​ដែល​ត្រូវ​អនុវត្ត​នា​ពេល​ខាង​មុខ។ ខ្ញុំ​ចង់​និយាយ​ថែម​ត្រង់​ចំណុច​នេះ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​បាន​ដឹង​ហើយ​ចំណុច​នេះ​យើ​ង​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ដាក់​ពាក្យ​ស្នើ​សុំ​តែ​ម្តង។ ជួន​កាល​អាជ្ញាធរ​អាច​មើល​មិន​ឃើញ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​អាច​មាន​សិទ្ធិ​ដាក់​ពាក្យស្នើ​សុំ​ ហើយ​មន្ត្រី​ត្រូវ​តែ​ពិនិត្យ តើ​គ្រប់​លក្ខ​ខណ្ឌ​ក្នុង​ការ​ទទួល​ឬ​ទេ?»។

​កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០២២ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឱ្យ​ដឹង​ថារដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​សរុប​ប្រមាណ ​៨០០​លាន​ដុល្លារ​រួច​ហើយ សម្រាប់​ឧបត្ថម្ភ​ប្រជា​ពល​រដ្ឋ​ជាង​ ៧០​ម៉ឺន​គ្រួសារ នៅ​ទូទាំង​ប្រទេស ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ២០​២០ ដល់​ខែ​កញ្ញា ឆ្នាំ​២០២២។

ទាក់​ទង​បណ្ណក្រីក្រ​នេះ បើ​ក្នុង​រាជធានី​ភ្នំពេញ​ជា​មធ្យម​ អ្នក​មាន​បណ្ណក្រ​១ និង​ក្រ២ ​ទទួល​បានប្រាក់​ឧប​ត្ថម្ភចន្លោះ​ពី​ ៦២​ម៉ឺន​រៀល​ទៅ​ ៦៤​ម៉ឺន​រៀល​ ហើយ​ប្រាក់​ឧបត្ថម្ភ​នេះ​មាន​ការ​ខុស​គ្នា​ទៅ​តាម​តំបន់។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ​អ្នកស្រី យ៉ាង សុភ័ណ្ឌ បាន​សាទរចំពោះការ​គិត​គូរ​របស់​រដ្ឋាភិបាល ប៉ុន្តែ​អ្នកស្រី​ថា​ ការ​ជួយ​នោះ​មិន​ទាន់​បាន​ឆ្លើយ​តបគ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ ព្រោះ​ការ​ផ្តល់​ប្រាក់​ឧបត្ថម​នេះ ពលរដ្ឋ​សឹង​តែ​មិន​អាច​ដោះ​ស្រាយ​ជីវភាព​បាន​ផង ដោយសារ​ត្រូវ​យក​ប្រាក់​នោះ​ទៅ​ដោះ​បំណុល​ធនាគារ។

អ្នកស្រី​ថ្លែង​ថា៖ «យើង​ក៏​បានដឹង​ដែរ​ថា​កម្មករ​និយោជិត​ទាំង​អស់​ គាត់​មិន​ត្រឹម​ប្រឈម​ជីវភាព​របស់​ពួកគាត់ទេ។ គាត់មា​ន​ការ​ជំពាក់​បំណុល​ក្រុមហ៊ុន​មីក្រូហិ​រញ្ញ​វត្ថុ​ច្រើន​មែន​ទែន អាច​ថា​៩០%​ជាង​នៃ​ប្រជាពល​រដ្ឋ​ទូទៅ​ហ្នឹង គឺគាត់​មាន​ការ​ជំពាក់​បំណុល​ក្រុមហ៊ុន​មីក្រូ​ហិរញ្ញ​វត្ថុ»។

អ្នកស្រី​ជំរុញ​រដ្ឋាភិបាល​ដោះ​ស្រាយ​បន្ថែម​ទៀត​ទាក់ទង​នឹង​ការ​ជំពាក់​បំណុល​របស់​ប្រជាពលរដ្ឋ ដូចជា​ការ​ផ្អាក​បង់​ទាំង​ការ​ប្រាក់ និង​ប្រាក់ដើម ក្នុង​ពេល​ដែល​ប្រជា​ពលរដ្ឋ​ក្រីក្រ​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩។

​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ចុះថ្ងៃទី​៥ ខែតុលានេះ​ថា ​ការ​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ គឺ​ដើម្បី​ជួយ​រក្សា​លំនឹង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ក្រីក្រ ហើយ​រដ្ឋាភិបាល​នឹង​បន្ត​វាយ​តម្លៃ​ស្ថានភាព​នៅ​រៀង​រាល់​៣​ខែ​ម្តង។

​ចំណែក​ការ​រៀប​ចំ​ដាក់​ឱ្យ​ដំណើរ​ការ​កម្ម​វិធី​ឧប​ត្ថម្ភ​សាច់​ប្រាក់ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ ដើម្បី​ឆ្លើយ​តបនឹង​សម្ពាធ​អតិ​ផរ​ណា គឺដើម្បី​ជួយ​ស្រូប​យក​សម្ពាធ​ពី​ការ​កើន​ឡើង​ខ្ពស់​នៃ​អតិផរណា​ ដែល​ក្រសួង​ផែន​ការ​នឹង​ចាប់​ផ្តើម​កំណត់​អត្តសញ្ញាណ និង​វាយ​តម្លៃ​គ្រួសារ​ងាយ​រងគ្រោះ​នៅ​ទូទាំង​ប្រទេស​ ដោយ​ផ្តោត​ទៅ​លើ​គ្រួសារ​ ដែល​រស់​នៅ​កៀក​នឹង​បន្ទាត់​ភាព​ក្រីក្រ រួម​មាន​ជន​មាន​ពិការភាព កុមារ​អាយុក្រោម​២ឆ្នាំ ជន​ចាស់​ជរា អាយុ​ចាប់​ពី​៦០​ឆ្នាំ ស្ត្រី​ជា​មេ​គ្រួសារ​ និង​រស់​នៅ​ដោយ​គ្មាន​ស្វាមី គ្រួសារ​ដែល​មាន​សមាជិក​សុទ្ធ​សឹង​ជា​កុមារ និង​មនុស្ស​ចាស់​ជរា​ មិន​មាន​សមាជិក​គ្រួសារ​អាយុ​១៩ដល់​៥៩​ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល៕

XS
SM
MD
LG