ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ប្រកាស​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ ខណៈ​មាន​ការជំរុញ​ឲ្យ​បន្ត​បញ្ចូល​អ្នកក្រីក្រ​បន្ថែមទៀត


រូបឯកសារ៖ ពលរដ្ឋ​ម្នាក់​ងូត​ទឹក​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ នៅ​ក្នុង​តំបន់​ក្រីក្រ​នៅ​ជាយ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០០៩។ (AP)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ថា ​រដ្ឋាភិបាល​របស់​លោក​នឹង​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​បណ្ណ​សមធម៌​ ឬ​បណ្ណ​ក្រីក្រ ដែល​មាន​រហូត​ទៅ​ដល់ប្រមាណ​៧០​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស។

លោក ហ៊ុន សែន ប្រកាស​បែប​នេះ​នៅ​ក្នុង​ការ​ថ្លែង​មួយ​ដែល​មាន​រយៈ​ពេល​ជិត​៤ម៉ោង និងត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាមទំព័រហ្វេស​ប៊ុក​របស់​លោក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

ការ​ប្រកាស​របស់​នាយក​រដ្ឋមន្រ្តី ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍​លើក​ដំបូង ដែល​លោក ហ៊ុន សែន លើក​ឡើង​ថា​ រដ្ឋាភិបាលអាច​គ្រប់គ្រង​បាន​ រហូត​មក​ដល់​ពេល​នេះ ប៉ុន្តែ​នៅ​បន្ត​រឹត​បន្តឹង​ការ​ជួបជុំទ្រង់​ទ្រាយ​ធំ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក ហ៊ុន សែន ថ្លែង​ថា ​រដ្ឋាភិបាល​នឹង​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​តាម​ប្រព័ន្ធ​បណ្ណសមធម៌​របស់​រដ្ឋាភិបាល​រហូត​ដល់​ខែ​មីនា ឆ្នាំ​២០២១ បន្ទាប់​ពី​ចាប់​ផ្តើម​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ​នេះ។ លោក​បន្ត​ថា​ក្នុង​មួយៗ​ខែ រដ្ឋាភិបាល​បាន​ចំណា​យ​ប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ខ្លះ​គេ​ថា​យើង​អត់​បាន​ជួយ​អ្នក​ក្រ​សោះ។ ប៉ុន្តែ​ឥឡូវ​ទៅ​សួរ​អ្នក​ក្រ​ខ្លួន​ឯង​ទៅ ហើយ​សុំ​អ្នក​ក្រ​បញ្ចេញ​បង្ហាញ​ខ្លួន​មក។ តើ​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​អី?»។

បើ​តាម​លោក ហ៊ុន សែន រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ​១៦០​លាន​ដុល្លារអាមេរិក​ហើយ ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​រដ្ឋាភិបាល​របស់​លោក ​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​នៃ​ជំងឺ​កូវីដ​១៩ ហើយ​បន្ត​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ។

លោក ហ៊ុន សែន ​បន្ថែម​ថា៖ «រាជ​រដ្ឋាភិបាល​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​ការ​ផ្តល់​ណា​មួយ​សម្រាប់​ប្រជា​ជន​ក្រីក្រ​របស់​យើង​ទេ។ អ្នក​ត្រូវ​ចាំ​ឲ្យ​បាន។ ហ៊ុន សែន មិន​បណ្តោយ​ឲ្យ​មនុស្ស​ណា​ស្លាប់​ដោយ​អត់​បាយ ដោយ​យើង​មិន​បាន​ដឹង ហើយ​មិន​បាន​ដោះ​ស្រាយ​ទេ»។

បើ​តាម​លោក ហ៊ុន សែន ​រដ្ឋាភិបាលរបស់​លោក​មាន​ថវិកា​គ្រប់​គ្រាន់​នៅ​ពេល​នេះ ដោយ​មិន​បាច់​យក​មាស​ដែល​តម្កល់​បម្រុង​ទុក​នៅ​ប្រទេស​ស្វីស និង​នៅ​ទីក្រុង​ឡុងដ៍នៃ​ប្រទេស​អង់គ្លេស មក​ជួយ​ក្នុង​គ្រា​មាន​វិបត្តិ​នេះ​ទេ។

លោក​បន្ថែម​ថា៖ «អ្នក​កុំ​មើល​ស្រាល​រដ្ឋបាល​ហ៊ុន សែន ឲ្យ​សោះ។ តិច​ទៅ​ភ័ន្ត​ច្រឡំ​ថា​រលំ អត់​ទេ។ តែ​យើង​មិន​អួត​អាង​ទេ។ យើង​ត្រូវ​ការ​មិត្ត​ភ័ក្តិ​ជួយចំពោះ​យើង​ត​ទៅ​ទៀត»។

​អ្នកស្រី គា ទាវ អាយុ​២៧​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ម្នាក់ រស់​នៅ​ក្នុង​ភូមិ​អូរ​ចាន់​ឃុំ​ស្វាយស ​ស្រុក​ក្រគរ ​ខេត្ត​ពោធិ៍​សាត់ ​ដែល​អ្នកស្រី​ទទួល​បាន​បណ្ណ​សមធម៌​ ឬ​បណ្ណ​ក្រីក្រ​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ ហើយ​បានទទួលប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចំនួន​១៧​ម៉ឺន​៤​ពាន់រៀល​ក្នុង​មួយ​ខែ។

អ្នកស្រី​មាន​ប្រសាសន៍​ថា​៖«លុយ​ហ្នឹង​បាន​មក​យក​ទិញ​អង្ករ ទិញ​អី[ផ្សេង]​អញ្ចឹង​ណា​បង។ ទិញ​ម្ហូប​ទិញ​អី បាន​អង្ករ​មួយ​បេ។ គាត់​ឲ្យ​ប្រាក់​ឧបត្ថម្ភ​ហ្នឹង គ្រាន់​បាន​យើងហូប​ដែរ​ហ្នឹង»។

ប៉ុន្តែ​អ្វី​ដែល​ជា​ក្តី​បារម្ភ​របស់​អ្នក​ស្រី​ដែល​បច្ចុប្បន្ន​ពុំ​មាន​ការ​ងារ​ធ្វើ និង​មាន​កូន​ក្នុង​បន្ទុក​ពីរ​នាក់ គឺ​ការ​បង់​បំណុល​គេ ដែលក្នុង​មួយ​ខែ ​អ្នកស្រី​ត្រូវ​បង់ប្រមាណ​៤០​ម៉ឺន​រៀល​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុឈ្មោះ​ហត្ថា​កសិករ ហើយ​ការ​បង់​នេះ​ រហូត​ដល់​ខែ​កញ្ញា ​ឆ្នាំ​២០​២១។

កាល​ពី​ខែ​មិថុនា​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​ខ្លួន​បានផ្តល់​ជំនួយ​ជា​សាច់​ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះជាង​៥៦​ម៉ឺន​គ្រួសារ​ ឬ​ស្មើ​នឹង​ជាង​២​លាន​៣០​ម៉ឺន​នាក់​ក្នុង​គ្រា​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​ថា​ចំនួន​អ្នក​ក្រីក្រ​នេះ​អាច​នឹង​កើន​ឡើង​ថែម​ទៀត។

លោក សេង ប៉េងហុង មេឃុំ​រាយប៉ាយ ក្នុង​ស្រុក​កង​មាស ខេត្ត​កំពង់​ចាម មាន​ប្រសាសន៍​ថា​កន្លង​ទៅ ​ប្រជា​ពលរដ្ឋ​ក្រីក្រក្នុង​ឃុំ​របស់​លោក​ ប្រមាណ​តែ៣០​គ្រួសារ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ក្រីក្រ ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ​១៩​នេះ ហើយ​ក្នុង​មួយ​គ្រួសារ​អាច​ទទួល​បាន​ប្រាក់យ៉ាង​តិច​១២​ម៉ឺន​រៀល​ និង​រហូត​ដល់​២២​ម៉ឺន​រៀល​ចំពោះ​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន​និង​ចាស់​ជរា។

លោក​បន្ត​ថា ​ប្រជា​ពលរដ្ឋ​ជាង​៤០​គ្រួសារ​ទៀត​បាន​ដាក់​ពាក្យ​ស្នើ​សុំ​បណ្ណ​ក្រីក្រ​នេះ ប៉ុន្តែ​លោក​ថា ​មន្រ្តី​ថ្នាក់​លើ​បាន​ប្រាប់​ថា​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​នេះ​រួច​ទៅ​ហើយ។

លោក​មាន​ប្រសាសន៍​ថា៖ «ដោយ​សារ​យើង​ធ្វើ​ថ្មី​អត់​ទាន់ ក៏​ខាង​ក្រសួង​បិទ លែង​ឲ្យ​សម្ភាស លែង​ឲ្យ​ថត​ទៀត។ គាត់​ដាក់​ពាក្យ​មក​ហើយ អត់​បាន​ចុះ​ទៅ​សម្ភាស»។

លោក​អំពាវនាវ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​អ្នក​ក្រីក្រ​បន្ត​ទៀត ដោយសារ​ឆ្នាំ​នេះ ​ឃុំ​របស់​លោក​ប្រឈម​នឹង​ភាព​រាំង​ស្ងួត ហើយ​ប្រជាពលរដ្ឋ​ក៏​មិន​អាច​ធ្វើ​ការងារ​សំណង់​បាន​ទៀត​ក្នុង​ពេល​ប្រឈម​នឹង​ជំងឺ​កូវីដ​១៩​នេះ។

លោក ខូ សូណា មេឃុំ​ទ្រាស​ក្នុង​ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍​ថា ​ប្រជា​ពលរដ្ឋ​ជាង​៥០០​គ្រួសារ​ក្នុង​ឃុំ​របស់​លោកស្ថិត​ក្នុងបញ្ជី​ភាព​ក្រីក្រ​នេះ។ ប៉ុន្តែ​លោក​ថា​ក្នុង​ចំណោម​ពួកគេ​នោះ មាន​អ្នក​ខ្លះ​ ក៏​មានជីវ​ភាព​មិន​ក្រីក្រ​នោះ​ទេ​ ប៉ុន្តែ​បន្ត​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។ លោក​ថា​រដ្ឋបាល​ឃុំ​នឹង​ជម្រុះពួក​គេ​ចេញ​នៅ​ដើម​ឆ្នាំ​ក្រោយ។

លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ក្នុង​ឃុំ​មាន​គ្រួសារ​មួយ​ចំនួន​ហើយ​ដែល​គាត់​ចាក​ផុត​ពី​ភាព​ក្រីក្រ ប៉ុន្តែនៅ​ទទួល​បានថវិកា។ ដូច្នេះ​ប្រហែល​ជា​ខែ​មួយ​[ខែ​មករា]​នេះ យើង​នឹង​ធ្វើ​ការ​កាត់​គាត់​បន្ថែម​ ដោយសារ​គាត់​មាន​ផ្ទះ​ធំ ហើយ​ដូច​ថា​គាត់​មាន​ចំណូលប្រចាំ​គ្រួសារ។ អា​នេះ​ជាក់​ស្តែង»។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ​លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា​ប្រជាពលរដ្ឋ​ក្រីក្រ​ភាគ​ច្រើន​ប្រឈម​នឹង​បំណុល​ធនាគារ ដែល​រដ្ឋ​គួរ​មាន​វិធានការ​ទប់​ស្កាត់ កុំ​ឲ្យ​ពួក​គេ​បង្ខំ​លក់​ដី​ផ្ទះ​សម្បែង​របស់​ពួកគេ។

លោក​បន្ត​ថាប្រជា​ពល​រដ្ឋ​ខ្លះ​ ក៏​មិន​បាន​ទទួល​បណ្ណក្រីក្រ​នេះ ដោយ​សារ​ការ​រើស​អើង​ផ្នែក​នយោបាយ គឺ​ពួកគេ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​ដោយ​សារ​មិន​មាន​ឯកសារ​បញ្ជាក់​លំនៅដ្ឋាន​ច្បាស់​លាស់ ឬ​អត្តសញ្ញាណ​របស់​ខ្លួន​គ្រប់​គ្រាន់។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​អាការ​ផ្តល់​ហ្នឹង វា​បាន​ចំណែក​ណា​មួយ ប៉ុន្តែ​វា​មិន​អាច​ទាំង​អស់ ដោយ​សារ​តែ​អា​ភាព​ក្រីក្រ​ហ្នឹង ​ខ្វះ​មូល​ដ្ឋាន​បញ្ជាក់​ ព្រោះ​អ្នក​ខ្លះ អត់​មាន​លំនៅ​ដ្ឋាន​អី​អញ្ចឹង។ ចល័តទៅនៅ​ខាង​ណាៗ នៅ​ព្រំដែន ជនបទ​អី ច្រក​នាំ​ចេញ​នាំចូល។ ដល់​ហើយ​គាត់​អត់​មាន​លក្ខណៈ​សម្បត្តិ​នៃ​ការ​ទទួល​យក​ពី​អាជ្ញាធរ​ក្នុង​ការ​ចុះ​ចែក​ហ្នឹង​ទេ»។

រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា​អត្រា​ភាព​ក្រីក្រ​របស់​កម្ពុជា​មាន​ជាង​១០​ភាគ​រយ មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ ហើយ​អត្រា​នេះ​នឹង​កើន​ឡើង​ ដោយសារ​វិបត្តិ​ជំងឺ​រាត​ត្បាត​ជា​សាកល​នេះ។

យ៉ាង​ណាក៏​ដោយ​មាន​ការ​រិះ​គន់​ថា​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ ​មិន​បាន​ទៅ​ដល់​គ្រប់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩​នោះ​ទេ ពោល​គឺ​អ្នក​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កម្សាន្ត ឬ​អ្នក​ផ្តល់​សេវា​ម៉ាស្សា​ជា​ដើម មិន​ត្រូវ​បាន​កំណត់​ជា​ក្រុម​អាទិ​ភាព​សម្រាប់​ការ​ជួយ​សង្គ្រោះ​នោះ​ទេ៕

XS
SM
MD
LG