ក្រុមអង្គការសង្គមស៊ីវិល និងសមាគមជាង២០បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបន្តនិងពង្រីកវិសាលភាពនៃការជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ១៩ ជាពិសេសអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាជីវភាពរបស់ពួកគេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមមូលដ្ឋានចំនួន២២ស្ថាប័នដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស វិស័យការងារ រួមទាំងអ្នកប្រកបរបរផ្លូវភេទ អ្នកធ្វើការក្នុងវិស័យសេវាកម្សាន្តនិងកម្មករក្នុងវិស័យកាត់ដេរជាដើម។
ស្ថាប័នទាំងនោះមានដូចជាសមាគមមណ្ឌលព័ត៌មានកម្មករ អង្គការលីកាដូ សមាគមអាដហុក អង្គការអាក់សិនអេតកម្ពុជានិងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាដើម។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែមិថុនា ពួកគេបានស្នើសុំរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងពង្រីកជំនួយដល់កម្មករដែលធ្វើការទាំងក្នុងនិងក្រៅប្រព័ន្ធនូវសេវាសាធារណៈដែលជាតម្រូវការមូលដ្ឋានដូចជាសេវាសុខភាពសាធារណៈ ជម្រក ទឹកភ្លើង បញ្ហាជីវភាព ដោះស្រាយបញ្ហាកើនឡើងនៃការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់ និងការកេងប្រេវ័ញ្ចអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។
ពួកគេថាបញ្ហាជំងឺកូវីដ១៩បានប៉ះពាល់លើកម្មករក្នុងវិស័យកាត់ដេរ អ្នកប្រកបរបរផ្លូវភេទ និងប្រជាកសិករកម្ពុជា។
សេចក្តីថ្លែងការណ៍ឲ្យដឹងថា៖ «អ្នកធ្វើការនៅក្នុងវិស័យទាំងពីរនេះ[សេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ] បាននិងកំពុងបន្តជួបប្រទះបញ្ហាមួយចំនួន និងមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ ពិសេសលក្ខខណ្ឌការរស់នៅ អំពើហិង្សា ការកេងប្រវ័ញ្ច ការរើសអើង ការផាត់ចេញពីសង្គម ព្រមទាំងការគាំទ្រនៅមានកម្រិត បញ្ហាប្រាក់ចំណូល និងការងារដែលមិនមានសុវត្ថិភាពដោយសារប្រភេទការងាររបស់ពួកគេ»។
បើតាមសេចក្តីថ្លែងការណ៍ អង្គការទាំងនោះបានរំឭកដល់ការផ្តល់ប្រាក់ឈ្នួលចំនួន៤០ដុល្លារក្នុងមួយខែដល់កម្មករកាត់ដេរ និងវិស័យទេសចរណ៍ការផ្តល់ប្រាក់ឧបត្ថម្ភចំនួន១៦ម៉ឺនរៀលចំពោះកម្មករដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រតាមរយៈបណ្ណសមធម៌ ឬបណ្ណក្រីក្រនិងការផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋ។
ការស្នើសុំរបស់អង្គការសង្គមស៊ីវិលទាំងនោះមានដូចជាសម្រួលមិនមានការបង់ថ្លៃបន្ទប់ជួល ផ្ទះជួល រួមទាំងថ្លៃទឹក និងភ្លើងក្នុងរយៈពេលរងផលប៉ះពាល់វិបត្តិជំងឺកូវីដ១៩ ពន្យារពេលសងបំណុលទាំងប្រាក់ដើមនិងការប្រាក់ពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ រួមទាំងអ្នកចងការប្រាក់ឯកជន រហូតដល់មានការងារដូចធម្មតាវិញ។ ពួកគេស្នើសុំឲ្យក្រសួងសុខាភិបាលពង្រឹងនូវការផ្តល់សេវាសុខភាពសាធារណៈដោយមានគុណភាព និងឥតគិតថ្លៃ។ ពួកគេក៏បានស្នើសុំក្រសួងការងារផ្តល់ស្ថិរភាពការងារក្នុងលក្ខខណ្ឌសេចក្តីថ្លៃថ្នូរនិងសមរម្យ ដោយស្របតាមច្បាប់ការងារ ដូចជាការចុះអន្តរាគមន៍ភ្លាមៗពេលមានបញ្ហាសិទ្ធិនិងលក្ខខណ្ឌការងារផ្តល់ប្រាក់ឧបត្ថម្ភអំឡុងពេលព្យួរកិច្ចសន្យាការងារជាដើម។ ពួកគេក៏ជំរុញឲ្យរដ្ឋាភិបាលធានានូវការទទួលបានសេវាសាធារណៈនិងសេវាសង្គមដោយសមធម៌ និងយុត្តិធម៌ ដល់កម្មករទាំងក្នុងនិងក្រៅប្រព័ន្ធពីគ្រប់ស្ថាប័នពាក់ព័ន្ធ។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីលោកមាស សុខសេនសានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទេនៅថ្ងៃសុក្រនេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលថ្លែងថារដ្ឋាភិបាលបានបន្តជួយប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន តាមរយៈការទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ ប៉ុន្តែលោកថារដ្ឋាភិបាលមិនមានលទ្ធភាពជួយប្រជាពលរដ្ឋបានគ្រប់គ្នានោះទេ។
លោកបញ្ជាក់ថា៖ «រឿងកាតព្វកិច្ចមិនមែនចិញ្ចឹមតែគាត់មួយក្រុមហ្នឹងឯណាចិញ្ចឹមទាំងអស់ ព្រោះទី១ គាត់រស់នៅក្រៅប្រព័ន្ធគាត់មិនដែលបង់ពន្ធចូលរួមក្នុងកាតព្វកិច្ចខ្លួនគាត់ផងហើយគាត់ខ្វះខាត គាត់មកទាមទារពីអ្វីដែលគាត់ចង់បាន។ អាហ្នឹងយើងពិចារណាមើលក្នុងប្រជាពលរដ្ឋរបស់សង្គមប្រជាធិបតេយ្យគេមានកាតព្វកិច្ចបង់ពន្ធចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសពន្ធដារនេះ។ ហើយគាត់ទៅលាក់មុខទៅរកស៊ីមិនប្រកាសទៀត មិនដឹងចំណូលប៉ុន្មានចំណាយប៉ុន្មាន ដល់ពេលគាត់រងទុក្ខវេទនា គាត់មកដាក់បន្ទុករដ្ឋាភិបាលហើយរដ្ឋាភិបាលទទួលបន្ទុកថាគាត់ជាប្រជាពលរដ្ឋហើយធ្វើតាមលទ្ធភាពដែលយើងមាន»។
មន្រ្តីផ្នែកច្បាប់និងតស៊ូមតិនៃអង្គការបណ្ដាញការងារស្រ្តីរួបរួមគ្នាដែលចូលរួមក្នុងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលអ្នកស្រីសេន ចន្ធូ បានប្រាប់ VOA ថារដ្ឋាភិបាលគួរតែគិតគូរដោយមិនត្រូវប្រកាន់ថាការងារក្នុងប្រព័ន្ធឬក៏ក្រៅប្រព័ន្ធនោះទេគឺត្រូវតែផ្តល់ជំនួយបន្ទាន់ក្នុងអំឡុងពេលកូវីដ១៩នេះ។ ហើយមេភូមិ មេឃុំចៅសង្កាត់នីមួយៗ ត្រូវតែចុះតាមមូលដ្ឋានស្វែងរកអ្នកដែលមានជីវភាពក្រីក្រពិតប្រាកដជាជាងសួររកតែអត្តសញ្ញាណប័ណ្ណនិងសំបុត្រអត្រានុកូលដ្ឋានក្នុងការផ្តល់បណ្ណក្រីក្រ ដោយមិនបានមើលលើការលំបាកជាក់ស្តែង។
អ្នកស្រីថ្លែងថា៖ «ខ្ញុំយល់រដ្ឋអត់អាចគ្របដណ្តប់ផ្តល់សម្រាប់ប្រជាពលរដ្ឋទាំងអស់ទេប៉ុន្តែស្នើឲ្យផ្តល់ទៅដល់ប្រជាពលរដ្ឋក្រពិតប្រាកដ។ ដោយឡែកអ្នកប្រកបផ្លូវភេទដែលគាត់អត់មានផ្ទះសោះហ្មងគឺគាត់អត់ទទួលបានការផ្តល់ហ្នឹងទេ គេប្រាប់មកថាគាត់អត់មានទីលំនៅពិតប្រាកដអត់មានទីកន្លែងជាក់លាក់អញ្ចឹងគាត់អត់ទទួលបាននោះទេ»។
លោក ឈួ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ថ្លែងថាចំពោះការផ្តល់ប្រាក់ឧត្ថមបន្តដល់ពលរដ្ឋក្រីក្រលោកមិនទាន់អាចបញ្ជាក់បានទេថាតើនឹងត្រូវបញ្ចប់ឬយ៉ាងណា។
លោកមានប្រសាសន៍ថា៖ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់កូវីដ១៩ ជុំទី៥លើកទី២នឹងត្រូវបញ្ចប់នៅថ្ងៃទី ២៤ខែ៦[មិថុនា]នេះហើយយើងនឹងលើកទី៣ ជុះទី៥ នៅថ្ងៃទី២៥ ខែមិថុនានេះរហូតដល់ថ្ងៃទី២៤ខែកក្កដាហើយការផ្តល់បន្តទៀតឬមិនបន្តគឺអាស្រ័យលើការសម្រេចរបស់ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម»។
គួរបញ្ជាក់ថាកាលពីខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តផ្តល់ប្រាក់ឧបត្ថម្ភរយៈពេល៣ខែទៀតគឺចាប់ពីខែមេសា ដល់ខែមិថុនា ដល់អ្នកធ្វើការក្នុងវិស័យកាត់ដេរទេសចរណ៍អាកាសចរណ៍ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។រដ្ឋាភិបាលក៏បានបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់អ្នកក្រីក្រនិងងាយរងគ្រោះតាមរយៈប្រព័ន្ធបណ្ណសមធម៌ដែលប្រជាពលរដ្ឋមានសម្រាប់ខែមិថុនានេះ៕