ពិធីចូលឆ្នាំថ្មីរបស់ជនជាតិចិន បានក្លាយជាចំណុចចែងចាំងមួយនៅលើទំព័រប្រតិទិនរបស់ទីក្រុងស៊ីដនី។
តាំងពីមុនមកមិនដែលមានជនជាតិដើមកំណើតចិនច្រើនជាងនេះនៅក្នុងប្រទេសអូស្រ្តាលីទេ។ ពួកគេមានប្រវត្តិសាស្រ្តជាមួយប្រទេសនេះ តាំងពីវិបត្តិសេដ្ឋកិច្ចនៅពាក់កណ្តាលទសវត្សរ៍១៨០០។ សព្វថ្ងៃ ប្រទេសអូស្រ្តាលីកំពុងប្រមូលអ្នកជំនួញធំៗពីប្រទេសចិន ក៏ដូចជាសិស្សានុសិស្សរាប់ម៉ឺននាក់។
Wen Chen បានមកដល់អូស្រ្តាលីបីឆ្នាំមុន។ នាងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យស៊ីដនី (University of Sydney) ហើយក៏ត្រូវជាស្ថាប័នដែលនាងកំពុងធ្វើការក្នុងតំណែងមន្រ្តីគម្រោងពិសេស នៅមជ្ឈមណ្ឌលសិក្សាប្រទេសចិន។ នាងនិយាយថា នាងឲ្យតម្លៃកេរ្តិ៍ដំណែលជនជាតិចិនណាស់។
«ខ្ញុំជាសកម្មជនមួយរូបនៃវប្បធម៌ និងទំនៀមទម្លាប់ចិន និងចំណេះដឹងគ្រប់យ៉ាង។ ខ្ញុំមានមោទនភាពក្នុងនាមជាជនជាតិចិនម្នាក់ ព្រោះខ្ញុំមានគំនិតវិជ្ជមានចំពោះទំនាក់ទំនងរបស់អូស្រ្តាលីនិងចិន ហើយខ្ញុំមានអារម្មណ៍ល្អនៅពេលជួយមនុស្សនៅជុំវិញខ្លួន ខ្ញុំឲ្យយល់ដឹងអំពីមាតុភូមិរបស់ខ្ញុំកាន់តែច្រើន។ ដូចនេះ ខ្ញុំពិតជាមានមោទនភាព»។
ផ្អែកលើការព្យាករណ៍ចុងក្រោយ មានមនុស្សចំនួន១.២លាននាក់ដែលជាកូនចៅចិននៅប្រទេសអូស្រ្តាលីក្នុងចំណោមចំនួនប្រជាជនសរុប ២៤លាននាក់។
លោក James Laurenceson នៃសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី (University of Technology Sydney) និយាយថា និន្នាការនៃការធ្វើអន្តោប្រវេសន៍ពីប្រទេសចិនមានការប្រែប្រួលក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
«ដំបូង វាគ្រាន់តែជាកម្មវិធីមនុស្សធម៌មួយទេ។ ជនអន្តោប្រវេសន៍ជនជាតិចិនជាច្រើនចូលមកស្នាក់នៅក្រោមកម្មវិធីជនភៀសខ្លួនមួយ ឧទាហរណ៍ដូចជា នៅចុងទសវត្សរ៍ទី៨០។ ឥឡូវ ជនភាគច្រើនជាជនអន្តោប្រវេសន៍ដែលមានជំនាញ និងជាអ្នកជំនួញ។ ដូចនេះ ឧទាហរណ៍ថា នៅអូស្រ្តាលី យើងមានកម្មវិធីទិដ្ឋាការវិនិយោគទុនសំខាន់ សម្រាប់ទាក់ទាញបុគ្គលមានឋានៈពីក្រៅប្រទេស។ ៩០%នៃអ្នកដាក់ពាក្យទៅប្រទេសអូស្រ្តាលីតាមរយៈកម្មវិធីនេះគឺមកពីប្រទេសចិន»។
ប្រទេសអូស្រ្តាលីដែលមានវប្បធម៌ចម្រុះ មានចំណុចខ្សោយមួយ គឺការរើសអើងពូជសាសន៍។ យោងតាមការស្ទាបស្ទង់មតិកាលពីឆ្នាំទៅ លើសពីមួយភាគបីនៃជនអន្តោប្រវេសន៍ចិននៅអូស្រ្តាលីនិយាយថា ពួកគេបានប្រឈមមុខនឹងការរើសអើង។ ពីរឆ្នាំមុនអ្នកដំណើរម្នាក់ត្រូវបានកាត់ទោសពីបទបញ្ចេញមតិប្រកាន់ពូជសាសន៍នៅលើរថភ្លើងជិតទីក្រុងស៊ីដនី។
ជាមួយនឹងការប្រកាន់ពូជសាសន៍ ជនអន្តោប្រវេសន៍ចិនដែលមានវ័យចំណាស់បានជម្នះបញ្ហាភាសា និងការកសាងការរស់នៅពីចំណុចសូន្យ។
លោក John Zhang ជាអ្នកវិទ្យាសាស្រ្ត ពេលលោកធ្វើដំណើរពីទីក្រុងសៀងហៃទៅអូស្រ្តាលី នៅឆ្នាំ១៩៨៩ ក្នុងគោលបំណងស្វែងរកឱកាសដែលមិនមាននៅមាតុភូមិ លោកបានធ្វើជាជាងក្រឡឹង មុនពេលចាប់ផ្តើមក្រុមហ៊ុនវ៉ែនតា ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងប្រទេសចិន។
«ពួកយើងអាចដូចជាស្ពានអញ្ចឹង។ ពួកយើងយល់ពីប្រទេសចិន។ ពួកយើងយល់ពីប្រទេសអូស្រ្តាលី និងពេលខ្លះពួកយើងអាចលើកកម្ពស់ការចែករំលែកវប្បធម៌ ការផ្សព្វផ្សាយមុខជំនួញ។ ហើយឧទាហរណ៍ដូចជាពេលនេះ អ្នកជំនួញជនជាតិចិនជាច្រើនចង់វិនិយោគទុននៅអូស្រ្តាលី ប៉ុន្តែពួកគេមិនដឹងថាត្រូវធ្វើតាមរបៀបណា។ ពួកគេមិនយល់ពីច្បាប់ទម្លាប់នៅទីនេះ ហើយពួកយើងអាចជួយបាន»។
ប៉ុន្តែឥទ្ធិពលរបស់ប្រទេសចិនដែលកំពុងតែកើនឡើងមកលើប្រទេសអូស្រ្តាលីក៏ជាឧបសគ្គមួយផងដែរ។ ថ្មីៗនេះ រដ្ឋាភិបាលបានបិទការលក់ចេញនូវគ្រឿងអេឡិចត្រូនិកសំខាន់ទៅក្រុមហ៊ុនចិន ដោយមូលហេតុសន្តិសុខថ្នាក់ជាតិ។
ផ្នែកផ្សេងទៀតនៃជម្លោះ គឺដីស្រែចំការ និងអចលនទ្រព្យ។
លោកស្រី Helen Sham-Ho ជាសមាជិកសភាជនជាតិចិនដំបូងនៃប្រទេសអូស្រ្តាលី។ លោកស្រីបានកាន់តំណែងនៅសភា New South Wales នៅចុងទសវត្សរ៍ទី៨០ ហើយជឿជាក់ថាអ្នកវិនិយោគទុនពីប្រទេសចិនបានធ្វើឲ្យតម្លៃផ្ទះនៅទីនេះឡើងថ្លៃជាលំដាប់។
«នេះជាផលប៉ះពាល់អវិជ្ជមាន និងជាកេរ្តិ៍ឈ្មោះអាក្រក់សម្រាប់ជនជាតិចិន។ ពួកគេមិនមែនត្រឹមតែជាអ្នកវិនិយោគទុនទេ អ្នកខ្លះជាអ្នកស្នាក់នៅ ឬពលរដ្ឋ ប៉ុន្តែពួកគេមានថវិកា ហើយពួកគេជាអ្នកមាន ដូចនេះពួកគេទិញក្នុងតម្លៃថ្លៃជាងអ្នកនៅទីនេះ។ ប្រាកដហើយ អ្នកនឹងខឹង ព្រោះទីផ្សារនេះមិនមែនទីផ្សារអូស្រ្តាលីទៀតទេ។ វាបានក្លាយជាទីផ្សាររបស់អ្នកវិនិយោគទុន ឬទីផ្សារចិនតែម្តង។ វាអយុត្តិធម៌ចំពោះអ្នកនៅទីនេះណាស់»។
ប៉ុន្តែប្រទេសអូស្ត្រាលី កំពុងតែទាក់ទាញជនអន្តោប្រវេសន៍ដែលទ្រព្យសម្បត្តិពីប្រទេសចិន មកចូលជាចំណែកនៃប្រទេសមួយក្នុងចំណោមប្រទេសដែលមានស្ថិរភាព និងមានសក្តានុពលជាងគេលើពិភពលោក៕
ប្រែសម្រួលដោយ៖ វិញ សុជាតា