ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូស្រា្តលី​បដិសេធ​ការ​ចោទប្រកាន់​ពី​ការ​ធ្វើ​ទារុណកម្ម​នៅ​ជំរំ​​ជន​ទេសន្តរប្រវេសន៍

  • Phil Mercer

នេះ​ជា​រូប​ភាព​ចេញ​ផ្សាយ​ដោយ​នាយកដ្ឋាន​ជន​អន្តោប្រវេសន៍​អូស្រ្តាលី​កាល​ពី​ថ្ងៃទី​១៩ កក្កដា ២០១៣។ កម្មករពន្លត់​រងើកភ្លើង​ចុងក្រោយបន្ទាប់​ពី​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​ពី​ជន​សុំសិទ្ធ​ជ្រក​កោន​ ១២៥នាក់​​ 125 នៅ​ជំរំ​កាន់​កាប់​ដោយ​ប្រទេស​អូស្រ្តាលី​នៅ​កោះ​ណូរូ។

អូស្ត្រាលី​បាន​បដិសេធ​លើ​ការ​ចោទប្រកាន់​របស់​ក្រុម​សិទ្ធិ​មនុស្ស​ទៅ​លើ​កោះ​តូច​មួយ​នៅ​បណ្តុំ​កោះ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ ទី​ដែល​ជន​ទេសន្តរប្រវេសន៍​ត្រូវ​បាន​គេ​ឃុំ​ «ដើម្បី​ធ្វើ​ទារុណកម្ម»។ របាយការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​អះអាង​ថា អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ជំរំ​កោះ ណូរូ (Nauru) ប៉ុនប៉ង​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ដើម្បី​គេច​ចេញ​ពី​ការ​ឃុំ​ខ្លួន​គ្មាន​កាល​កំណត់​នេះ។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​និយាយ​ថា ការ​ដាក់​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​ពន្ធនាគារ​នៅ​លើ​កោះ​ ណូរូ (Nauru) ដែល​ជា​កោះ​តូច​មួយ​នៅ​បណ្តុំ​កោះ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ជា «របប​ឃោរឃៅ និង​ការ​ធ្វេស​ប្រហែស​ជា​ប្រព័ន្ធ»។

របាយការណ៍​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា «កោះ​នៃ​ក្តី​អស់​សង្ឃឹម» ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១៧ ខែ​តុលា ក៏​បាន​ចោទ​ប្រទេស​អូស្រ្តាលី​ថា បរាជ័យ​ក្នុង​ការ​ផ្តល់​បរិស្ថាន​សុវត្ថិភាព​មួយ​សម្រាប់​ជន​ទេសន្តរប្រវេសន៍​ក្មេងៗ។ ការណ៍​នេះ​បាន​ប៉ះពាល់​ដល់​ការ​ចូល​សាលា​របស់​ពួកគេ ហើយ​បាន​រំលោភ​សិទ្ធិ​កុមារ​យ៉ាង​ខ្លាំង។ ​

អតីត​អ្នក​ជាប់​ឃុំ​ជាង​៧៥០នាក់ រួម​មាន​ពលរដ្ឋ​ជាច្រើន​មក​ពី​អ៊ីរ៉ង់ និង​អាហ្វហ្គានីស្ថាន ដែល​ទទួល​បាន​សិទ្ធិ​ជន​ភៀស​ខ្លួន កំពុង​តែ​រស់នៅ​ក្នុង​សហគមន៍ Nauruan ជាមួយ​នឹង​ពលរដ្ឋ​ផ្សេង​ទៀត​ចំនួន​១០.០០០នាក់។

ទោះ​បី​ពួកគេ​ទទួល​បាន​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ក៏​ដោយ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​អះអាង​ថា ជន​ភៀស​ខ្លួន​ទាំង​នោះ​នៅ​តែ​រស់​នៅ​ក្នុង​ស្ថានភាព​យ៉ាប់យឺន​ ដោយ​ទទួល​បាន​សេវា​សុខភាព​តិចតួច។

អ្នក​ស្រី Anna Neistat ដែល​ជា​អ្នក​សរសេរ​របាយការណ៍​របស់​អង្គការ​នេះ​និយាយ​ថា កោះណូរូ (Nauru) ជា​កន្លែង​លំបាក​បំផុត។​

អ្នកស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​គិត​ថា ខ្ញុំ​បាន​ឃើញ​ការ​លំបាក​ក្នុង​កម្រិត​នេះ​នោះ​ទេ។ វា​មិន​មាន​មូលហេតុ​សម្រាប់​ការ​ទទួល​រង​ទុក្ខ​បែប​នេះ​ទេ។ ពួកគេ​មិន​មែន​ស្ថិត​នៅ​ក្នុង​តំបន់​សង្គ្រាម​ទេ។ ពួកគេ​បាន​រត់​គេច​ពី​តំបន់​សង្គ្រាម​ដែល​គ្រប់​គ្នា​កំពុង​និយាយ​អំពី​វា​ ហើយ​ឥឡូវ​ពួកគេ​ស្ថិត​នៅ​ទី​នោះ​ដោយ​មិន​មាន​អនាគត និង​ជា​កម្មវត្ថុ​នៃ​ការ​រំលោភ​បំពាន និង​ធ្វើ​បាន​រាល់​ថ្ងៃ​បែប​នេះ»។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​អះអាង​ថា ការ​អនុវត្ត​ខុស​ឆ្គង​បែប​នេះ​គឺ​ដើម្បី​ធ្វើ​ទារុណកម្ម។ ការ​អះអាង​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​ក្រុម​អាជ្ញាធរ​អូស្រា្តលី។​

លោក Mike Pezzullo ដែល​ជា​ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​របស់​អូស្ត្រាលី​បាន​បដិសេធ​ការ​អះអាង​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ នៅ​ក្នុង​សវនការ​មួយ​របស់​គណៈកម្មាធិការ​សភា​ក្នុង​ទីក្រុង​កង់​បេរ៉ា។ ​

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ទទួល​យក​ការ​អះអាង​បែប​ហ្នឹង​ទេ។ វា​មិន​ចម្លែក​ទេ ដោយសារ​តែ​ខ្ញុំ​បាន​ឃើញ​របាយការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​បញ្ហា​នេះ​ដែរ។ ខ្ញុំ​សូម​បដិសេធ​ជំនួសមុខ​ឲ្យស្ថាប័ន​របស់​ខ្ញុំ​ និង​តាម​រយៈ​ការ​ពន្យល់​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។ ​រដ្ឋាភិបាល ឬ​ស្ថាប័ន​របស់​ខ្ញុំ​មិន​បាន​រំលោភបំពាន​ច្បាប់​ណា​មួយ សហគមន៍​អន្តរជាតិ ឬ​អ្វី​ផ្សេង​នោះ​ទេ»។

តាម​គោលនយោយបាយ​អន្តោប្រវេសន៍​ដ៏​តឹងរ៉ឹង​របស់​អូស្រ្តាលី អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​ត្រូវ​ចាប់​បាន​ក្នុង​ពេល​ព្យាយាម​ចូល​ប្រទេស​នេះ​តាម​សមុទ្រ​ត្រូវ​បញ្ជូន​ទៅ​អប់រំ​នៅ​ជំរំ​នៅ​កោះណូរូ (Nauru) ឬ​កោះ Manus ក្នុង​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) ហើយ​មិន​អាច​ស្នើ​សុំ​តាំង​ទីលំនៅ​ក្នុង​ប្រទេស​អូស្រា្តលី​បាន​នោះ​ទេ។ រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​អះអាង​ថា នេះ​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​សង្រ្គោះ​ជីវិត​ដោយ​មិន​ឲ្យ​ពួកគេ​ប្រថុយប្រថាន​ឆ្លង​កាត់​សមុទ្រ​ពី​កន្លែង​ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​រិះ​គន់​បាន​និយាយ​ថា គោលនយោយបាយ​នេះ​ពិត​ជា​គ្មាន​មនុស្សធម៌ និង​បំបាក់​ស្មារតី​របស់​អ្នក​រត់​គេច​ពី​សង្គ្រាម និង​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ។ នៅ​ដើម​ឆ្នាំ​នេះ ចៅក្រម​ក្នុង​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​បាន​សម្រេច​ថា មណ្ឌល​នៅ​កោះ Manus មិន​បាន​ធ្វើ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ ហើយ​គេ​រំពឹង​ថា វា​នឹង​ត្រូវ​បិទ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG