ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​​ទន្លេ​មេគង្គ ជំរុញ​ឲ្យ​មាន​ការចែក​រំលែក​ទិន្នន័យ​ច្រើន​ថែម​ទៀត​ស្តីពី​ប្រតិបត្តិការ​វារី​អគ្គីសនី


រូបឯកសារ​៖ ទង់ពណ៌​លឿងមួយ​ត្រូវ​បាន​ដោត​នៅ​ក្នុង​ទន្លេ​មេគង្គ ដើម្បី​ជា​សញ្ញា​បង្ហាញ​ពី​ទីតាំង​សម្រាប់​សាងសង់​ទំនប់​ Luang Prabang នៅ​ក្បែរ​​ភូមិ Houaygno ប្រទេស​ឡាវ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ (Zsombor Peter/VOA)
រូបឯកសារ​៖ ទង់ពណ៌​លឿងមួយ​ត្រូវ​បាន​ដោត​នៅ​ក្នុង​ទន្លេ​មេគង្គ ដើម្បី​ជា​សញ្ញា​បង្ហាញ​ពី​ទីតាំង​សម្រាប់​សាងសង់​ទំនប់​ Luang Prabang នៅ​ក្បែរ​​ភូមិ Houaygno ប្រទេស​ឡាវ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ (Zsombor Peter/VOA)

គណៈកម្មការ​ទន្លេ​មេគង្គ​នៃ​អន្តររដ្ឋាភិបាល (MRC) បាន​ជំរុញប្រទេស​ចិន​ និងប្រទេសផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឲ្យ​ចែក​រំលែក​ទិន្នន័យ​បន្ថែម​ទៀត​ស្តី​ពី​ប្រតិបត្តិការ​វារីអគ្គិសនី​ដែលបណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​ ឬ​ការ​ធ្លាក់ចុះ​នៃ​កម្រិត​ទឹក​នៅក្នុង​ទន្លេមេគង្គ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​ប្រែ​ប្រួល​នៃ​កម្រិត​ទឹក​របស់​ទន្លេ​មេគង្គ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ដំណើរ ប្រព័ន្ធ​បរិស្ថាន​ និង​ស្ថិរភាពនៃ​ច្រាំង​ទ​ន្លេ​នៅ​ក្នុង​តំបន់​ ដែលមាន​មនុស្ស​រាប់​លាន​នាក់​បាន​រស់នៅ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ទន្លេ​មួយ​នេះ​ សម្រាប់​ជីវិតប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

នៅ​ក្នុង​របាយ​ការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពីថ្ងៃ​ពុធ​ម្សិល​មិញ គណៈកម្មការ​ទន្លេ​មេគង្គ ​ឬ​ MRC បាន​បញ្ចាក់​ថា ទំនប់វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេមេគង្គ​ បាន​ស្តុក​ទឹក​ទុក​នៅ​ដើម​រដូវ​ប្រាំង​ឆ្នាំ​នេះ​ ប៉ុន្តែ​បាន​បើក​ទ្វារ​ទឹក​ដោយ​បញ្ចេញ​ទឹកមកក្រៅ​វិញ​ក្នុង​ចំនួន​ច្រើន​លើស​កម្រឹតជា​មធ្យម​ ក្នុង​រយៈ​ពេល​៥​ខែ​ ដើម​ឆ្នាំ​នេះ។

ស្ថានភាព​រាំងស្ងួត​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ ​នៅ​តែបន្ត​កើត​មាន​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់រដូវ​កាល​នៃ​លំហូរ​ទឹក​ និង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​កំណើន​ទឹក​ក្នុង​បឹង​ទន្លេសាបក្នុង​ប្រទេស​កម្ពុជា​ដែល​ពលរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ​ បាន​ពឹង​ផ្អែក​លើទឹក​ទន្លេ​នេះ សម្រាប់​វិស័យ​កសិកម្ម របរ​នេសាទ​ត្រី​ និង​ការ​ដឹក​ជញ្ជូន​ជា​ដើម​នោះ។

របាយ​ការណ៍​នោះ​បន្ត​ទៀត​ថា បើ​ទោះ​បីជា​ប្រទេស​ថៃ​និង​កម្ពុជា​មាន​ភ្លៀង​ធ្លាក់ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នៅ​តាម​កន្លែង​ខ្លះៗកាល​ពី​ខែ​មេសា ​និង​ខែ​ឧសភា​ក៏​ដោយ ក៏​ស្ថានភាព​នៃ​លំហូរ​ទឹក​ទន្លេ​មេគង្គ​ពុំ​មាន​ការ​កើន​ឡើងជា​ធំដុំ​នៅ​ក្នុង​រយៈ​ពេល​នោះ​ឡើយ។

គណៈកម្មការ MRC ដែល​មាន​ប្រទេស​ឡាវ ថៃ កម្ពុជា​ និង​ប្រទេស​វៀតណាម ​ជា​សមាជិក​នោះ​ បាន​គូស​បញ្ជាក់​ថា បើ​ទោះបី​ជាការ​បើក​ទឹក​ពី​ទំនប់​វារីអគ្គិសនី​ បាន​ជួយ​ដល់​វិស័យ​កសិកម្ម ​និងទប់​មិន​ឲ្យ​មាន​ការ​ហូរ​ចូលនៃ​ទឹក​សមុទ្រ​ក្តី ក៏ការគ្រប់​គ្រងនៃ​អាង​ស្តុក​ទឹក​របស់​ទន្លេ​មេគង្គ​ អាច​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ឡើង​តាមរយៈ​ការចែកចាយ​ទិន្នន័យ​គ្នា​បន្ថែម​ទៀត។

ប្រទេស​ចិន​កាល​ពី​ឆ្នាំ​ទៅ​ បានយល់ព្រមធ្វើ​ការចែក​រំលែក​ទិន្នន័យ​ទឹក​ភ្លៀង​និង​កម្រឹត​ទឹក​ទន្លេ​មេគង្គ​ពេញ​មួយ​ឆ្នាំ​ជា​មួយ​គណៈកម្មការ MRC និង​បាន​សន្យា​ជូន​ដំណឹងដល់​គណៈ​កម្មការ​នេះ​ ក៏​ដូចជា​ប្រទេសសមាជិក​របស់​ទន្លេ​មេគង្គ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​មិន​ប្រក្រតីនៃ​កម្រិត​ទឹក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin និយាយ​ថា ចិន​បាន​ចែក​រំលែក​ទិន្នន័យ ដែល​មាន«លក្ខណៈ​បើក​ចំហរ​ពេញ​លេញ​និង​មាន​តម្លាភាព» ដល់​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ឡានឆាង​ ឬ LMC ដែល​ជា​វេទិកា​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៦ នោះ៕

XS
SM
MD
LG