ខេត្ត NONG KHAI ប្រទេសថៃ -- មនុស្សជាច្រើននៅតំបន់រាំងស្ងួតនៅភាគឦសាននៃប្រទេសថៃដែលស្ថិតនៅជាប់ព្រំប្រទល់ឡាវ និងកម្ពុជា ហើយដែលត្រូវគេហៅជាភាសាថៃថា តំបន់ «អ៊ីសាន» (Isaan) កំពុងប្រឈមមុខនឹងផលប៉ះពាល់ពីការផ្លាស់ប្តូរនៃដំណើរធម្មជាតិរបស់ទន្លេមេគង្គ ដែលបង្កដោយការសាងសង់ទំនប់ទឹកនៅផ្នែកខាងលើក្នុងប្រទេសចិន និងឡាវក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទំនប់ទាំងនេះបានបង្កឱ្យមានគ្រោះរាំងស្ងួតនៅក្នុងរដូវវស្សា និងមានទឹកឡើងខ្ពស់នៅពេលរដូវប្រាំងដែលគួរតែមានភាពរាំងស្ងួត និងបានផ្លាស់ប្តូរការរស់នៅរបស់មនុស្សជាច្រើននៅភាគឦសាននៃប្រទេសថៃ ដែលពឹងផ្អែកលើទន្លេមេគង្គសម្រាប់អាហារ និងការងារ។
លើសពីនេះ គម្រោងវារីអគ្គិសនីសម្រាប់តំបន់មេគង្គទើបតែបានចាប់ផ្តើមប៉ុណ្ណោះ ខណៈប្រទេសចិនបាននាំមុខការសាងសង់ទំនប់ដោយសម្លឹងរកផលប្រយោជន៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងការគ្រប់គ្រងផ្លូវទឹកដ៏សំខាន់មួយនេះ។
ការណ៍នេះបានធ្វើឱ្យទន្លេដ៏ធំបំផុតមួយក្នុងពិភពលោកនេះ ដែលមានបណ្តោយប្រមាណ៥.០០០ គ.ម.ហូរពីប្រទេសចិនកាត់តាមមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាមនេះ កាន់តែថមថយទៅៗ និងបាត់បង់ទិន្នផលត្រីនៅក្នុងប្រទេសនីមួយៗ។
លោក Sudta Insamran អ្នកនេសាទក្នុងស្រុកមួយរូបបានទួញសោកពីការបាត់បង់«ទន្លេមេគង្គដែលយើងបានស្គាល់» នៅពេលលោកព្យាយាមបង់សំណាញ់ចាប់ត្រីគល់រាំងរបស់ថៃ នៅខេត្ត Nong Khai ដែលនៅត្រើយម្ខាងតាមបណ្តោយទន្លេមេគង្គទល់មុខរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ។ កាលពីមុនអ្នកនេសាទលក់ទិន្នផលត្រីនៅក្នុងមូលដ្ឋាន លក់ត្រីទាំងនោះដើម្បីទិញអង្ករទទួលទាន។ មានអ្នកនេសាទដែលប្រកបរបរបែបនេះប្រមាណ ៣.០០០ នាក់មកពីស្រុកទាំង ៦ នៃខេត្ត Nong Khai ប្រទេសថៃ។
លោកបានប្រាប់ VOA ថា៖ «សូមកុំសាងសង់ទំនប់បន្ថែមអី។ វាច្រើនហួសហើយ»។
លោក Sudta ថា កាលពីប៉ុន្មានឆ្នាំមុន ការនេសាទនៅក្នុងខេត្តNong Khai ធ្លាប់ជួយលោកឱ្យរកចំណូលបានប្រមាណ ២៥០ ដុល្លារអាមេរិកក្នុងមួយខែ ប៉ុន្តែឥឡូវនេះការនេសាទត្រីបានធ្លាក់ចុះ ដោយបង្ខំឱ្យមនុស្សជាច្រើនទៅធ្វើការជាអ្នកជាជ័រនៅក្នុងកសិដ្ឋានរបស់អ្នកដទៃទៅវិញ។
ការខាតបង់ដោយសារផលប៉ះពាល់អេកូឡូស៊ីកំពុងធ្លាក់ទៅលើប្រជាជនក្រីក្រតោកយ៉ាក នៅតំបន់មេគង្គ ហើយអ្នកភូមិជាច្រើនឥឡូវនេះទទួលទានត្រីដែលទិញពីផ្សារជាជាងចាប់បានដោយខ្លួនឯង។
មនុស្សរហូតដល់ ៦០ លាននាក់ពឹងផ្អែកលើទឹកទន្លេនេះតាមរបៀបផ្សេងៗគ្នា ដោយទន្លេនេះអាចជាប្រភពអាហារបំប៉នដ៏សំខាន់ ឬជាប្រភពប្រាក់ចំណូលសម្រាប់មនុស្សនៅទូទាំងតំបន់មេគង្គរួមមាននៅក្នុងប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។
ទំនប់នៅខាងលើ និងបម្រែបម្រួលអាកាសធាតុកំពុងផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ី។ប្រភេទត្រីនានាព្យាយាមទាំងលំបាកបង្កាត់ពូជនៅក្នុងទឹកដែលហូរឡើងចុះមិនទៀង ដោយសារតែតម្រូវការវារីអគ្គិសនី។
លោក Apisit Soontrawiwatស្រាវជ្រាវម្នាក់ដែលសិក្សាលើផលប៉ះពាល់នៃទំនប់ទឹកនិងជាសមាជិកនៃបណ្តាញប្រជាជនសម្រាប់អាងទន្លេមេគង្គតំបន់ឦសានថៃ (People’s Network of Isaan Mekong Basin) ដែលជាអង្គការអភិរក្សនិយមមួយថា៖ «អំបូរត្រីយ៉ាងហោចណាស់ ៦៩ ប្រភេទបានបាត់ខ្លួននៅពេលនេះ។ វា [ទំនប់ទឹក] ក៏មានផលប៉ះពាល់ដល់អំបូររុក្ខជាតិផងដែរដែលភាគច្រើនជាប្រភពចំណីសម្រាប់ត្រី»។
ទឹកទន្លេប្រែក្លាយទៅជាពណ៌បៃតងដោយសារស្លែ ដែលកើតឡើងដោយកម្រិតទឹកធ្លាក់ចុះទាបភ្លាមៗ ហើយតំបន់ខ្លះមានពណ៌បៃតងលាយខៀវដោយសារតែដីល្បាប់ត្រូវបានរាំងខ្ទប់ដោយទំនប់ទាំង ១១ នៅចិន និងទំនប់ ២ផ្សេងទៀតនៅឡាវ។
លោក Apisit បន្តថា៖ «អ្នកភូមិមិនទទួលបានផលប្រយោជន៍អ្វីទេពីទំនប់ទាំងនេះ ហើយមានតែអ្នកទទួលផលទេកំពុងធ្វើជំនួញពាក់ព័ន្ធទៅនឹងទំនប់ទាំងនេះ»។
ការផ្គត់ផ្គង់អគ្គិសនីលើសតម្រូវការ
ទំនប់ទឹកកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន ថៃ និងវៀតណាម ដើម្បីលក់អគ្គិសនីនៅក្នុងតំបន់ ដោយមានបណ្តាញផ្គត់ផ្គង់អគ្គិសនីរត់កាត់រាប់រយគីឡូម៉ែត្រពីទំនប់ទាំងនោះចូលទៅប្រទេសថៃ វៀតណាម និងកម្ពុជា។
ក្រុមហ៊ុនប្រតិបត្តិការថា ពួកគេកំពុងផ្តល់ការអភិវឌ្ឍដែលជាតម្រូវការខ្លាំង និងថាមពលសម្រាប់សេដ្ឋកិច្ចដែលត្រូវការថាមពលនេះដើម្បីដំណើរការ។
ក្រុមអ្នកអភិរក្សថា ការផ្គត់ផ្គង់ថាមពលអគ្គិសនីមានចំនួនលើសលុបរួចទៅហើយ។
លោក Paiporn Deetes នៃអង្គការទន្លេអន្តរជាតិ (International Rivers) ដែលជាអង្គការអភិរក្សនិយមមួយថ្លែងថា៖ «យើងសង្កេតឃើញក្រុមគ្រួសារវរជននិងក្រុមហ៊ុនមួយចំនួនតូចរកចំណូលបានយ៉ាងច្រើន ខណៈការខាតបង់ដោយសារការបំផ្លាញប្រព័ន្ធអេកូឡូស៊ីមិនត្រូវបានគេគិតបញ្ចូល»។
គណៈកម្មការទន្លេមេគង្គដែលបង្កើតឡើងដោយប្រទេសនៅតំបន់ទន្លេមេគង្គខាងក្រោមមានដូចជា កម្ពុជា ឡាវ ថៃ និងវៀតណាម បាននិយាយនៅក្នុងខែមេសាថា យុទ្ធសាស្ត្រ ១០ ឆ្នាំបន្ទាប់របស់គណៈកម្មការនេះគឺត្រូវកាត់បន្ថយផលប៉ះពាល់ទៅលើទន្លេនេះ។
ទោះជាយ៉ាងនេះក្តី គណៈកម្មការនេះមិនមានអំណាចក្នុងការបញ្ឈប់គម្រោងទំនប់ទឹកនោះទេ ដែលការណ៍នេះធ្វើឱ្យទន្លេនេះមិនមានអ្នកការពារដែលមានអំណាចនោះឡើយ។
ក្នុងការព្យាយាមក្លាយជា «ប្រភពថាមពលនៃអាស៊ី» ប្រទេសឡាវកំពុងប្រតិបត្តិការទំនប់ទឹកសំខាន់ៗចំនួន ២ នៅទន្លេមេគង្គ និងកំពុងរៀបចំផែនការសម្រាប់គម្រោងមួយចំនួនទៀត ដែលភាគច្រើនសហការជាមួយនឹងក្រុមហ៊ុនគាំទ្រដោយរដ្ឋចិន។
ទំនប់ដែលធ្វើឱ្យមានការផ្លាស់ប្តូរដល់ផ្ទៃទឹកនៅភាគខាងជើងនៃប្រទេសថៃគឺទំនប់ទឹក Xayaburi នៅក្នុងប្រទេសឡាវ ដែលបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងឆ្នាំ២០១៩។ ក្រុមហ៊ុនថៃឈ្មោះ CK Power ដែលដឹកនាំការសាងសង់នេះ នៅតែអះអាងថា ខ្លួនប្រតិបត្តិការដោយយក «ការអភិវឌ្ឍប្រកបដោយចិរភាព» ជាស្នូល និងបានធ្វើការសិក្សាលើផលប៉ះពាល់បរិស្ថានយ៉ាងដិតដល់ និងមានវិស្វកម្មយ៉ាងស្មុគស្មាញ រួមមានទាំង «ផ្លូវសម្រាប់ត្រីឆ្លងកាត់» ដើម្បីអនុញ្ញាតឱ្យអំបូរត្រីនានាអាចហែលទៅទន្លេខាងក្រោមបាន។
អ្នកជំនាញថា គេត្រូវការរយៈពេលប៉ុន្មានឆ្នាំទៀតដើម្បីអាចវាយតម្លៃផលប៉ះពាល់នៃទំនប់ទាំងនេះប្រកបដោយប្រសិទ្ធភាពបាន។
ប៉ុន្តែទឹកទន្លេនេះត្រូវបានបង្វែរឱ្យហូរកាត់តាមទំនប់មួយទៀតនៅក្នុងតំបន់Sanakham ប្រទេសឡាវ ដែលជាគម្រោងរៀបចំដោយក្រុមហ៊ុន Datang International Power Generation ដែលជាក្រុមហ៊ុនថាមពលរបស់រដ្ឋចិន។
ប្រសិនបើគម្រោងនេះត្រូវដំណើរការដូចគ្រោងទុកនៅក្នុងឆ្នាំ២០២៨មែននោះ ប្រជាជនក្នុងមូលដ្ឋានមានការភ័យខ្លាចថា ទំនប់ថ្មីដែលមានទឹកប្រាក់២ ពាន់លានដុល្លារដែលមានកម្ពស់ជិត ៦០ ម៉ែត្រ និងអាចផលិតបានថាមពលអគ្គិសនីចំនួន ៧០០ មេហ្គាវ៉ាត់ក្នុងមួយឆ្នាំនេះ នឹងបញ្ចប់អាយុជីវិតទន្លេនៅភាគខាងជើងនៃប្រទេសថៃនេះ។ នេះមានន័យថា ទន្លេនេះនឹងខ្វះសារធាតុបំប៉ន និងដីល្បាប់ដែលផ្តល់សារធាតុបំប៉នដល់អាយុជីវិតរបស់ត្រី។
ថៃបានប្រឆាំងនឹងគម្រោងនេះដោយសារតែគម្រោងនេះនៅជិតព្រំដែនរួមរបស់ប្រទេសខ្លួន និងសង្ឃឹមថា ក្រុមហ៊ុនសាងសង់ទំនប់អាចនឹងត្រូវបង្ខំឱ្យពិចារណាឡើងវិញ ប្រសិនបើរដ្ឋាភិបាលថៃបដិសេធមិនព្រមទិញថាមពលអគ្គិសនីទាំងនោះ។
ប្រភពមួយពីអាជ្ញាធរអគ្គិសនីថៃបានប្រាប់ VOA ដោយស្នើសុំមិនបញ្ចេញឈ្មោះថា៖ «ប្រទេសថៃមិនត្រូវការទិញថាមពលអគ្គិសនីពីឡាវបន្ថែមទៀតទេ ដោយសារយើងផលិតបានគ្រប់គ្រាន់ដោយខ្លួនឯងហើយ»។
ខណៈការជជែកដេញដោលលើបញ្ហាទំនប់ Sanakham កំពុងមានសន្ទុះខ្លាំងនោះ ផែនការសម្រាប់គម្រោងសាងសង់ទំនប់មួយទៀតគឺទំនប់ទឹក Pak Chom នៅក្នុងខេត្តLoei ក្នុងប្រទេសថៃ កំពុងបន្តដំណើរទៅមុខដោយមិនមានការរំខាន ដែលអាចជាទំនប់ដំបូងដែលសង់ចំព្រំដែនដែលពុះចែកប្រទេសថៃនិងឡាវ៕