«កម្ពុជាសម្លឹងទៅមុខ»៖ កិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ
សម្ភាសដោយ ផន បុប្ផា ផលិតដោយ ទែន សុខស្រីនិត, និពន្ធនាយក Chris Decherd និង ចាប ចិត្រា
ទន្លេមេគង្គដែលហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម កំពុងក្លាយជាតំបន់ប្រកួតប្រជែងឥទ្ធិពលនយោបាយរវាងសហរដ្ឋអាមេរិក ចិន និងបណ្តាប្រទេសពាក់ព័ន្ធមួយចំនួនទៀត។ បន្ថែមលើនេះ ការប្រែប្រួលអាកាសធាតុ ការសាងសង់និងបន្តសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេនិងដៃទន្លេមេគង្គ ការស្តុកទឹកទុក ដែលបង្កភាពរអាក់រអួលដល់លំហូរទឹកទន្លេនិងប្រព័ន្ធអេកូឡូស៊ី និងគម្រោងអភិវឌ្ឍនានានៅតាមតំបន់ក្បែរទន្លេមេគង្គ នៅតែជាបញ្ហាដ៏តានតឹងរវាងប្រទេសចិន ថៃ ឡាវ កម្ពុជា និងវៀតណាម។
តើអនាគតទន្លេមេគង្គដ៏ធំល្វឹងល្វើយនេះនឹងក្លាយទៅជាយ៉ាងណា បើសិនបញ្ហាទាំងអស់នេះមិនត្រូវបានដោះស្រាយឲ្យទាន់ពេលវេលា?
ស្តាប់ភាគទី ១១ លើបណ្តាញ Apple Podcasts និង Google Podcasts
កញ្ញា ពេជ្រ ចារ៉ាឌីន នាយកប្រតិបត្តិរងនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP) បានលើកឡើងថា៖ «ហើយបើទន្លេមេគង្គដែលឆ្លងកាត់ទន្លេនៅកម្ពុជាហ្នឹង រដូវប្រាំង គឺយើងឃើញថា កន្លែងខ្លះទឹកគឺដល់បាត បែកក្រហែង។ ពេលរដូវវស្សា ដោយសារតែវាហូរលើស ហើយអត់មានហូរត្រឡប់មកវិញ អ៊ីចឹង វាធ្វើឲ្យជន់អ៊ីចឹងទៅ។ ជួនកាល ក្នុងរយៈពេលតែមួយខែពីរខែ មានពេលស្ងួតរីងហួតខ្លាំង ហើយក៏មានពេលលិចខ្លាំងដែរ»។
ដីល្បាប់ ជលផលត្រី និងទឹកសាប ដែលជាប្រភពធនធានដ៏សំខាន់របស់ប្រទេសមេគង្គក្រោម កំពុងបន្តខ្សត់ខ្សោយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ពលរដ្ឋកម្ពុជានៅតាមដងទន្លេមេគង្គបានត្អូញត្អែរអំពីកង្វះទឹកធ្វើស្រែ ពេលរដូវវស្សា និងខ្វះត្រី ពេលរដូវប្រាំង ។ ហើយពលរដ្ឋមួយភាគធំនៅតាមតំបន់ដីសណ្តរនៃប្រទេសវៀតណាមវិញ កំពុងប្រឈមកំណើនជាតិអំបិលក្នុងទឹកដែលហូរចេញពីទន្លេមេគង្គ ហើយពួកគេភាគច្រើនខ្វះទឹកស្អាតប្រើប្រាស់។ បញ្ហាទាំងអស់នេះត្រូវបានបង្កឡើងមួយផ្នែក ដោយការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ជាពិសេសទន្លេមេគង្គលើ។
គិតត្រឹមឆ្នាំ ២០២០ ទំនប់វារីអគ្គិសនីយក្សចំនួន ១១ ត្រូវបានសាងសង់ឡើងនៅលើដងទន្លេមេគង្គដោយចិន និងទំនប់ប្រមាណ ១២០ ទៀត ត្រូវបានសង់និងគ្រោងសាងសង់លើដៃទន្លេមេគង្គរហូតដល់ឆ្នាំ ២០៤០ ដែលហូរកាត់មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។
បើគម្រោងសាងសង់ទំនប់ទាំងអស់នេះនឹងកើតឡើងមែន នោះលំហូរដីល្បាប់ដ៏មានជីវជាតិដល់ដំណាំកសិកម្មសម្រាប់ប្រទេសទន្លេមេគង្គក្រោម នឹងធ្លាក់ចុះដល់ទៅ ៩៧% ទិន្នផលត្រីប្រចាំឆ្នាំនឹងធ្លាក់ចុះពី ៤០%ទៅ៨០% ក្នុងនោះប្រទេសថៃ ៥៥% ឡាវ ៥០% កម្ពុជា ៣៥% និងវៀតណាម ៣០%។ នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការ International Rivers។
ដោយឡែក ការស្តុកទឹកទុកដោយប្រទេសចិន នៅភាគខាងលើទន្លេមេគង្គ ដោយមិនបានផ្តល់ព័ត៌មានដល់បណ្តាប្រទេសនៅភាគខាងក្រោម កំពុងបង្កក្តីបារម្ភ និងត្រូវបានដៃគូអភិវឌ្ឍន៍របស់បណ្តាប្រទេសមេគង្គក្រោម ដូចជាសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា លូកដៃចូលក្នុងបញ្ហាតានតឹងនៃលំហូរទឹកទន្លេមេគង្គដ៏ធំល្វឹងល្វើយមួយនេះ។
អំពីវាគ្មិន៖ កញ្ញា ពេជ្រ ចារ៉ាឌីន
កញ្ញា ពេជ្រ ចារ៉ាឌីន គឺជាអ្នកស្រាវជ្រាវវ័យក្មេងមួយរូបរបស់កម្ពុជា ដែលកំពុងលេចធ្លោក្នុងវិស័យទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ កើតនៅរាជធានីភ្នំពេញ កញ្ញា ចារ៉ាឌីន បានដឹងនិងបានចាប់អារម្មណ៍លើមុខវិជ្ជាទំនាក់ទំនងអន្តរជាតិ នៅថ្នាក់វិទ្យាល័យមកម្ល៉េះ។ កញ្ញាបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Zaman ដោយចាប់យកមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ។ នៅឆ្នាំ ២០១៥ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនេះ ដោយទទួលបានចំណាត់ថ្នាក់កិត្តិយស។ ហើយនៅឆ្នាំ ២០១៦ កញ្ញាក៏បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនង ដោយផ្តោតលើវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Keele នៃចក្រភពអង់គ្លេស។ កញ្ញា ចារ៉ាឌីន ផ្តោតការស្រាវជ្រាវរបស់កញ្ញា លើវិស័យគោលនយោបាយការបរទេស ទំនាក់ទំនងរវាងអាស៊ាននិងចិន កិច្ចសហប្រតិបត្តិការរបស់អាស៊ាន និងកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ទន្លេមេគង្គ។ សព្វថ្ងៃនេះ កញ្ញា ពេជ្រ ចារ៉ាឌីន កំពុងដឹកនាំសំឡេងរបស់ក្រុមអ្នកស្រាវជ្រាវវ័យក្មេង ក្នុងការចូលរួមដល់ការអភិវឌ្ឍគោលនយោបាយការបរទេសរបស់កម្ពុជា តាមរយៈការងាររបស់កញ្ញាក្នុងនាមជានាយកប្រតិបត្តិរងនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព និងតាមរយៈការចូលរួមវេទិកាពិភាក្សាសាធារណៈនានានៅក្នុងសង្គមកម្ពុជានិងក្នុងតំបន់៕