ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​ដល់​កម្រិត«ព្រួយ​បារម្ភ» ខណៈ​​មាន​​ការ​អំពាវនាវ​ឲ្យ​​​​ចិន​ផ្តល់​ទិន្នន័យ​ទំនប់​វារី​អគ្គិសនី


រូបឯកសារ៖ ដងទន្លេមេគង្គដែលហូរកាត់ប្រទេសថៃនិងឡាវ មើលពីខេត្ត Nong Khai ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ដងទន្លេមេគង្គដែលហូរកាត់ប្រទេសថៃនិងឡាវ មើលពីខេត្ត Nong Khai ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

គណៈ​កម្មការ​ទន្លេ​មេគង្គ​ (Mekong River Commission) ​ដែល​ជា​ស្ថាប័នតំណាង​ឲ្យ​ប្រទេស​តាម​ដងទន្លេ​មេគង្គ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​កម្រិត​ទឹក​ទន្លេ​ធ្លាក់​ចុះ ដោយ​ពួកគេ​លើក​ឡើង​ថា​ ហេតុ​ផល​មួយ​គឺ​ដោយ​សារ​ការ​បង្ខាំង​ទឹក​នៅ​ទំនប់​វារី​អគ្គិសនីក្នុង​ប្រទេស​ចិន។

​ស្ថាប័ន​ថ្នាក់​តំបន់​តំណាង​ឲ្យ​ប្រទេស​ឡាវ ថៃ កម្ពុជា និង​វៀតណាម ​ដែល​ទន្លេ​មេគង្គ​ហូរ​កាត់ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​ផ្តល់​ទិន្នន័យ​ទំនប់​វារី​អគ្គិសនី​ក្នុង​ខេត្ត​យូណាន ដើម្បី​ពួកគេ​អាច​វាយ​តម្លៃ​ទាក់ទង​នឹងកម្រិត​ទឹក​ធ្លាក់​ចុះ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន​នេះ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន

គណៈ​កម្មការ​ទន្លេ​មេគង្គដែល​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ១៩៩៥ បាន​លើក​ឡើង​ថា​ កម្រិត​ទឹកនៅ​ស្ថានីយ​ទំនប់​វារី​អគ្គិសនី​ជីងហុង (Jinghong) ក្នុង​ខេត្ត​យូណាន (Yunnan)​ នៃ​ប្រទេស​ចិន និង​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​វៀតណាម​ បាន​ធ្លាក់​ចុះ​ដល់ «កម្រិតព្រួយ​បារម្ភ»។

គណៈ​កម្មការនេះ​បញ្ជាក់​ថា​ កម្រិត​ទឹក​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​នេះ កើត​ឡើង​ចាប់តាំង​ពី​ដើម​ឆ្នាំ​ ២០២១​ នេះ ក្រោម​ហេតុ​ផល​មួយ​ចំនួន​ក្នុង​នោះ​មានកម្រិត​ទឹក​ភ្លៀង​ទាប ការ​ផ្លាស់​ប្តូរ​លំហូរ​ផ្នែ​ក​ខាង​លើ ប្រតិបត្តិការ​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ដៃ​ទន្លេ​មេគង្គ និង​ការ​ទប់​ទឹក​ហូរ​ចេញ​ពី​ទំនប់ជីងហុង​ក្នុង​ប្រទេស​ចិន។ គណៈ​កម្មការ​ទន្លេ​មេគង្គ​បន្ថែម​ថា​ បញ្ហា​នេះ​អាច​មាន​ផល​ប៉ះពាល់​ទៅ​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ការ​បម្លាស់​ទី​របស់​ត្រី កសិកម្ម និង​ការ​ប្រមូល​ផល​ធម្មជាតិតាម​ដង​ទន្លេ។

គណៈ​កម្មការនេះ​បាន​អំពាវនាវ​ដល់​ប្រទេស​ចិន និង​ប្រទេស​នៅ​តាមដង​ទន្លេ​មេគង្គ ត្រូវ​ចែក​រំលែក​ទិន្នន័យ​របស់​ពួកគេ។

បើ​តាម​គណៈ​កម្មការ​ទន្លេ​មេគង្គ កម្រិត​ទឹក​នៅ​តាម​ដង​ទន្លេ​មេគង្គក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ខេត្ត​ស្ទឹងត្រែង​ និង​ក្រចេះ បាន​ប្រែប្រួលនៅ​ចន្លោះ -០,០២ ម៉ែត្រ​និង ​០,០៥​ ម៉ែត្រ។ ចំណែក​កម្រិត​ទឹក​ទន្លេ​ហូរ​ចេញ​ពី​ខេត្ត​កំពង់​ចាម អ្នក​លឿង ទន្លេ​បាសាក់ នៅ​ភ្នំពេញ និង​ព្រែក​ក្តាម ក៏​បាន​ធ្លាក់​ចុះជា​បន្ត​បន្ទាប់។

កាល​ពី​ខែ​តុលា​ឆ្នាំ​មុន គណៈកម្មការ​ទន្លេ​មេគង្គដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​វៀងច័ន្ទន៍​ ប្រទេស​ឡាវ បាន​ឲ្យ​ដឹង​ថា ​ចិន​ព្រម​ចែក​រំលែក​ទិន្នន័យអំពី​ទឹក​ជំនន់និង​គ្រោះ​រាំងស្ងួត។ ការ​ចុះ​កិច្ច​ព្រមព្រៀង​រវាង​ចិន​និង​គណៈកម្មការ​ទន្លេ​មេគង្គ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​រិះគន់ប្រទេស​ចិន​ដែល​នៅ​ផ្នែក​ខាង​លើ​ថា​បាន​គ្រប់គ្រង​លំហូរ​ទឹក​ទន្លេ​មេគង្គ​រួម​នេះ​ ដោយ​គ្មាន​តម្លាភាព​ និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ​ខ្សែ​ទឹក​ខាង​ក្រោម​រួម​មាន​កម្ពុជា ថៃ​ ឡាវ​ និង​វៀតណាម។

សារព័ត៌មាន​ Reuters បាន​ចុះ​ផ្សាយ​ថា ​ប្រទេស​ចិន​បាន​ច្រាន​ចោល​ការ​លើក​ឡើង​អំពី​ទំនប់​វារី​អគ្គិសនី​នៅ​ប្រទេស​ចិនជា​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​កម្រិត​ទឹក។ ចិន​បាន​លើក​ឡើង​ថា​ ការ​ធ្លាក់​ចុះ​ទឹក​នេះ ដោយសារ​បញ្ហា​រាំង​ស្ងួត​ក្នុង​ប្រទេស​ទាំង​នោះ។

លោក គល់ វឌ្ឍនា អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​កម្ពុជា មាន​ប្រសាសន៍​ថា ​ទំនប់វារី​អគ្គិសនី​ជា​ហេតុ​ផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ជាច្រើន ដែល​នាំ​ឲ្យ​ខ្វះ​ទឹក ឬទឹកមាន​ច្រើន ដោយ​សារ​ទំនប់​វារី​អគ្គិសនី​ត្រូវ​បង្ខាំង​ទឹក​សម្រាប់​ផលិត​អគ្គិសនី​តាម​តម្រូវ​ការ​របស់​ប្រទេស​នោះ។ លោក​ថា​ កត្តា​បម្រែ​បម្រួល​អាកាស​ធាតុ ក៏​ជា​មូលហេតុ​មួយ​ដែរ​នៃ​ការ​ប្រែ​ប្រួល​កម្រិត​ទឹក​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ​បើ​យើង​និយាយ​ទម្លាក់​ទៅ​លើ​កត្តា​តែ​មួយ ចំពោះ​ខ្ញុំ ខ្ញុំ​ថា ​វា​អត់​គ្រប់​ជ្រុយ​ជ្រោយ​ទេ។ ខ្ញុំ​និយាយ​ហ្នឹង និយាយ​ក្នុង​លក្ខណៈ​បច្ចេកទេស​កណ្តាល។ ខ្ញុំ​មិន​ទៅ​គាំទ្រ​អ្វី ដែលចិន​ហ្នឹង​ធ្វើ ក៏​ខ្ញុំ​មិន​ទៅ​គាំទ្រ។ អ្វី​ដែល​ការ​ស្រាវ​ជ្រាវ​វា​លើស​ពី​ការ​ពិត ក៏​ខ្ញុំ​អត់​ដែរ»។

លោក ចាន់ យុត្ថា រដ្ឋ​លេខាធិការ​និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ​ថ្លែង​ប្រាប់​ VOA ថា​កម្រិត​ទឹក​នៅ​ទន្លេ​មេគង្គកម្ពុជា «ទាប​ជាង​កម្រិត​មធ្យម​បន្តិច​បន្តួច»។ លោក​បន្ថែម​ថា ​រដូវ​វស្សាឆ្នាំ​នេះ នឹង​មក​ដល់​លឿន​ជាង​ឆ្នាំ​កន្លង​ទៅ ពោល​គឺ​នឹង​មក​ដល់ដើម​ខែឧសភា មិន​មែន​ចុង​ខែ​នោះ​ទេ។ លោក​បន្ថែម​ថា ​សីតុណ្ហភាព​ក៏​នឹងមិន​ក្តៅ​ខ្លាំង​ដូច​ឆ្នាំ​កន្លង​ទៅ​ដែរ។

លោក Brian Eyler ​នាយក​គម្រោង​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ Stimson ដែល​មាន​មូលដ្ឋាន​នៅសហរដ្ឋ​អាមេរិក និងបាន​បង្កើត​គម្រោង​តាម​ដាន​ទន្លេ​មេគង្គ​មាន​ប្រសាសន៍​ថា ​ទិន្នន័យ​របស់​លោក ក៏បង្ហាញដូច​គ្នា​ថា​កម្រិត​ទឹក​នៅស្រុក​ Chiang Saen ក្នុង​ខេត្ត ​Chiang Rai​ នៃប្រទេស​ថៃ និង​នៅវៀងច័ន្ទន៍ ​ក្នុងប្រទេស​ឡាវ ទាប​ខ្លាំង ដែល​មិន​ដែល​មាន​ពី​មុន​មក។

លោក​បន្ត​ថា​ ការ​ស្តុក​ទឹក​នៅ​ទំនប់​វារី​អគ្គិសនី​របស់​ចិន គឺ​ទំនប់ ​Xiaowan ​និង​ Nuozhadu គឺ​ជិត​ពេញ​ហើយ ដែល​សរុបទឹក​ទាំងអស់ មាន​ប្រមាណ ៤០​ ពាន់​លាន​ម៉ែត្រ​គីប។

លោក Brian Eyler បញ្ជាក់​ថា ការ​ប្រែ​ប្រួល​ខុស​ប្រក្រតី​នេះ បាន​កំពុង​បំផ្លាញ​ត្រី និង​សហគមន៍​នេសាទតាម​ដង​ទន្លេ។

លោក ចាប សុផាត អាយុ ​៣១ ​ឆ្នាំ និង​ជា​អ្នក​នេសាទ​ម្នាក់​ក្នុង​ភូមិ​កោះ​ព្រះ ឃុំ​កោះ​ព្រះ ស្រុក​សៀមបូក ខេត្ត​ស្ទឹង​ត្រែង មាន​ប្រសាសន៍​ថា ​ទឹកទន្លេ​មេគង្គ​ក្នុង​តំបន់​របស់​លោក​ស្រក​ខុស​ពី​ឆ្នាំ​មុន គឺ​ចុះ​ប្រហែល​ ២​ម៉ែត្រ តាម​ការសង្កេត​របស់​លោក។

ប្រជា​នេសាទ​ដែល​រស់​នៅ​ចម្ងាយ​ប្រមាណ​ ២០​ ម៉ែត្រ​ពី​ទន្លេ​មេគង្គ លើក​ឡើង​ថា ទឹក​ស្រក​នេះ​ក៏​នាំ​ឲ្យការ​នេសាទធ្លាក់​ចុះ​ផង​ដែរ ដែល​លោក​ថា ​ពេល​ខ្លះ​ក្នុង​មួយ​ថ្ងៃ លោករក​ត្រី​មិន​បាន​មួយ​គីឡូក្រាម​ផង​ តាម​រយៈ​ការ​ដាក់​មង និង​លប។

លោក​បង្ហាញ​ក្តី​បារម្ភ​ថា ​ទឹក​ទន្លេ​មេគង្គ​នឹង​ប្រែ​ប្រួល​ជា​បន្ត​បន្ទាប់ ដោយ​សារ​បញ្ហា​អាកាសធាតុ​ប្រែប្រួល និង​ទំនប់​វារី​អគ្គិសនី​នៅ​ផ្នែក​ខាង​លើ។

លោក​ប្រាប់​ VOA ​ថា៖ «ទឹក​វា​ប្រហែល​ជា​នឹង​ប្លែក ដោយសារ​មាន​ការ​បម្រែ​បម្រួល​អាកាស​ធាតុ​ផង អញ្ចឹង​ខ្ញុំ​គិត​ថា​ ទៅ​មុខៗ ​អាច​នឹង​មាន​ហានិភ័យ​ដោយសារ​យើង​បាត់​បង់​ទឹក​ជា​ច្រើន ដោយសារ​ខាង​លើ​គេ​ គេ​បិទ​ទំនប់ គេ​បិទ​អី​អញ្ចឹង»។

ចំណែក​អ្នកស្រី​ ផ្លោក សារ៉េត អាយុ​ ៥០ ​ឆ្នាំ​ ជា​កសិករ​ម្នាក់​នៅ​លើ​កោះ​ត្នោត​ជាប់​នឹង​ទន្លេ​មេគង្គ​ក្នុង​ស្រុក​សំបូរ ខេត្ត​ស្ទឹង​ត្រែង ​ឲ្យ​ដឹង​ថា​ ទឹក​ទន្លេ​ប្រែ​ប្រួលមិន​ទៀង។

អ្នកស្រី​បញ្ជាក់​ថា៖ «ពេល​ណា​ស្រក​ខ្លាំង ស្រក​ខ្លាំង ពេល​ណា​ឡើង ឡើង​ខុស​ពី​ធម្មតា​វិញ​អញ្ចឹង»៕

XS
SM
MD
LG