ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ស្វែង​រក​វិធី​សុំ​ឱ្យ​បាតុករ​២៣​នាក់​នៅ​ក្រៅ​ឃុំ


កម្មករ​ម្នាក់​ដែល​បាន​ចូល​រួម​ការ​តវ៉ា​ត្រូវ​​ក្រុម​​​ទាហាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២​ មករា ២០១៤ នៅ​​រោងចក្រ​មួយ​ប្រមាណ​២០​គ.ម.​ពី​ទី​ក្រុង​ភ្នំពេញ។
កម្មករ​ម្នាក់​ដែល​បាន​ចូល​រួម​ការ​តវ៉ា​ត្រូវ​​ក្រុម​​​ទាហាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២​ មករា ២០១៤ នៅ​​រោងចក្រ​មួយ​ប្រមាណ​២០​គ.ម.​ពី​ទី​ក្រុង​ភ្នំពេញ។
មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ស្វះស្វែង​ខាង​ផ្លូវ​ច្បាប់​ដើម្បី​ស្នើ​សុំ​ឱ្យក្រុម​បាតុករ​ចំនួន​២៣​នាក់​រួម​ទាំង​លោក​ វន់ ពៅ​ឱ្យស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ដើម្បី​ទទួល​ការព្យាបាល​មុខ​របួស។​

លោក​ វន់​ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក ថេង សាវឿន​អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា​និង​លោក​ ច័ន្ទ​ ពុទ្ធិស័ក​ សកម្មជន​ដី​ធ្លី​នៅ​តំបន់​បឹងកក់​ព្រម​ទាំង​កម្មករ​ចំនួន​២០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​កាល​ពី​សប្តាហ៍​មុន។​

លោក​ វន់​ ពៅ​ និង​ក្រុម​កម្មករ​ជាង​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២​ក្រោយ​ពី​លោក​បាន​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ដោយ​អហិង្សា​នៅ​រោងចក្រ​យ៉ាក ជីង​ ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​បួន។​

លោក​ត្រូវ​បាន​កង​ទ័ព​ឆ័ត្រ​យោង​ពិសេស៩១១វាយ​ឱ្យរង​របួស​រហូត​ដល់​សន្លប់​មុន​ពេល​ចាប់​ខ្លួន។​ចំណែក​ឯ​ក្រុម​កម្មករ​ប្រមាណ​១៦​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​តាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង​ក្រោយ​ពី​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ទៅ​លើ​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​ចំនួន​១៦០​ដុល្លារ​ដល់​ក្រុម​កម្មករ។​

ក្រុម​បាតុករ​ទាំង​២៣​នាក់​ដោយ​បូក​រួម​ទាំង​លោក​ វន់ ពៅ​ក្រោយ​ពី​បាន​រង​ការ​បាញ់​ឱ្យរបួស​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ដូចៗ​គ្នា​ពី​បទ​ «បង្កអំពើ​ហិង្សា​និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​និង​ទ្រព្យសម្បត្តិ​ឯក​ជន»​ រួច​ហើយ​បាន​យក​ទៅ​ឃុំ​ខ្លួន​ជាបណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ម៣​នៅ​ត្រពាំង​ថ្លុង​ខេត្ត​កំពង់​ចាម។​

ដំណឹង​នៃ​ការ​ឃុំ​ខ្លួន​ក្រុម​កម្មករ​ទាំង​២៣​នាក់​មិន​បាន​បង្ហាញ​ឱ្យដឹង​ទូលំ​ទូលាយ​ទេ​ដោយ​សារតែ​ក្រោយ​ពី​តុលាការ​សម្រេច​ឱ្យឃុំ​ខ្លួន​លោក​ស្រី​សែម​ សក្តិ​កូឡា​ចៅ​ក្រម​ស៊ើបអង្កេត​នៃ​តុលាការ​ក្រុង​ភ្នំពេញគ្រាន់​តែ​បាន​បញ្ជាក់​ថា​យក​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

ក្រោយ​ពី​ការ​ចាប់​ខ្លួន​មន្ត្រីអនុរក្ស​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យក្រុម​គ្រួសារ​និង​សាច់​ញាត្តិ​ព្រម​ទាំង​ក្រុម​គ្រូពេទ្យ​ទៅ​ពិនិត្យ​សុខភាព​ទេ​បើ​ទោះ​បី​ជា​ជនរងគ្រោះ​ទាំង​២៣​នាក់​បាន​រង​របួស​យ៉ាង​ដំណំ​ដោយ​សារ​ការវាយ​ដំ​និង​រង​របួស​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​ក៏​ដោយ។​

ទើប​តែ​ថ្ងៃ​ពុធ​នេះ​បុគ្គលិក​ពេទ្យ​មួយ​រូប​របស់អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​អនុញ្ញាត​ឱ្យចូល​ពិនិត្យ​ស្ថានភាព​ជំងឺ​ជនរង​គ្រោះ​ទាំង​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារម៣។​

លោក​ អំ សំអាត​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​មាន​ប្រសាសន៍​ថា​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូពេទ្យ​ជន​រង​គ្រោះ​ទាំង​២៣​នាក់​បាន​ធូរ​ស្រាល​ជាង​ពី​ពេល​មុន​បន្តិច។ ​ក៏ប៉ុន្តែ​លោក​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​លោក​ វន់​ ពៅ។​

លោក​បាន​ឱ្យដឹង​ថា​ដោយសារ​ស្ថានភាព​ជនរង​គ្រោះ​នៅ​មាន​សភាព​ធ្ងន់​ធ្ងរ​នៅ​ឡើយ​អង្គការ​លីកាដូ​កំពុង​ស្វះ​ស្វែង​ខាង​ផ្លូវ​ច្បាប់​ដើម្បី​ស្នើ​សុំ​ឱ្យពួក​គេ​បាន​នៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន​ដើម្បី​សម្រាក​ព្យាបាល​ជំងឺ។​

លោក​និយាយ​ថា៖​ «ពីព្រោះ​តាម​នីតិវិធី​ពេល​ដែល​ចាប់​ហ្នឹង​គឺ​មេធាវី​និង​ក្រុម​គ្រួសារ​មាន​សិទ្ធិក្នុង​ការ​ដាក់​ធានា​សុំ​នៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន​រង់ចាំ​ដល់ពេល​ដែល​ចៅ​ក្រម​ស៊ើប​អង្កេត​បញ្ចប់»។​

លោក​ស្រី​ ប្រាក់​ សុវណ្ណារី​ ភរិយា​លោក​វន់ ពៅ​មិន​អាច​ទាក់​ទង​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ​ដោយ​សារ​តែ​ទូរស័ព្ទ​របស់​អ្នកស្រី​គ្មាន​អ្នក​ទទួល។​

ក្នុង​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃទី​២​និង​ទី​៣​ខែមករា​កន្លង​ទៅ​នេះ​យ៉ាង​តិច​មាន​កម្មករ​ចំនួន​៥​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ​និង​រង​របួស​ចំនួន​៤០​នាក់​ផ្សេង​ទៀត​ដោយ​សារ​កង​កម្លាំងមាន​សមត្ថកិច្ច​បាញ់​ឱ្យរង​របួស​ដោយ​កាំភ្លើង​AK​៤៧​ដែល​ជា​អាវុធ​ស្វ័យ​ប្រវត្តិ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំពុង​រៀបចំ​មេធាវី​អន្តជាតិ​ដើម្បី​ប្តឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ធំៗ​ដែល​បាន​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៧​និង​ការ​បាញ់​បង្ក្រាប​ថ្មី​ៗ​ទៅ​លើ​ក្រុម​កម្មករ​នៅ​សួន​កាណា​ឌីយ៉ា​និង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​បួន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG