ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យ៉ាងតិច​មាន​បាតុករ​បួន​នាក់​ស្លាប់​ក្នុង​ការ​បង្រ្កាប​ដោយ​កង​ប្រឆាំង​កុបកម្ម


អ្នក​ភូមិ​ម្នាក់​ពិនិត្យ​មើល​សាកសព​បុរស​មួយ​រូប​ដែល​ត្រូវ​បាញ់​ស្លាប់​ ខណៈ​ដែល​ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​បាញ់​ប្រហារ​លើ​កម្មករ​នៅ​ជិត​រោងចក្រ​មួយ​នៅ​តំបន់​ស្ទឹង​មាន​ជ័យ​ជាយ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​ទី៣​ខែមករា​ឆ្នាំ២០១៤​នេះ។ មន្ត្រី​ប៉ូលិស​មួយ​រូប​និយាយ​ថា​ យ៉ាង​តិច​មាន​មនុស្ស​៣នាក់​បាន​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​ទៀត​ នៅ​ក្រោយ​ពេល​ក្រុម​ប៉ូលិស​បាញ់​ទៅ​លើ​កម្មករ​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​បំបែក​បាតុកម្ម​របស់​កម្មករ។ (AP)
បាតុកម្ម​និង​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់បៀវត្សរ៍​របស់​កម្មករ​ដែល​កំពុង​រាល​ដាល​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ បាន​ឡើង​កម្តៅ​កាន់​តែ​ខ្លាំង​នៅ​ថ្ងៃ​នេះ ​បន្ទាប់​ពី​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់​និង​រង​របួស​ក្នុង​ការ​បង្រ្កាប​របស់​ក្រុម​សមត្ថកិច្ច​ទៅ​លើ​ហ្វូង​បាតុករ។ មន្ត្រី​សង្គម​ស៊ីវិល​បាន​ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នេះ។



យ៉ាង​ហោច​ណាស់​មាន​មនុស្ស​បួន​នាក់​ស្លាប់ រង​របួស​២៣​នាក់​ និង១០នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ព្រឹត្តការណ៍​បង្រ្កាប​បាតុកម្ម​ដោយ​ការ​បាញ់​រះ​មួយ​ដោយ​ក្រុម​សមត្ថកិច្ច​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​កាណាឌីយ៉ា​ក្នុង​ក្រុង​ភ្នំពេញ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស។ អំពើ​ហិង្សា​ដែល​បាន​អូស​បណ្លាយ​តាំង​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​នាំ​ឱ្យ​រង​របួស​ទាំង​បាតុករ​និង​សមត្ថកិច្ច​ម្តង​រួច​មក​ហើយ។

នគរបាល​បង្ក្រាប​កុបកម្ម​ប្រដាប់​ដោយ​ខែល ដំបង​ឆក់ និង​កាំភ្លើង​អាកា​៤៧ រាប់​រយ​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​ចុះ​ទៅ​បង្ក្រាប​បាតុកម្ម​នៅ​ទី​នោះ​ម្តង​ទៀត បន្ទាប់​ពី​បាតុករ​ជា​កម្មករ​រោងចក្រ​ជា​ច្រើន​ពាន់​នាក់​នៅ​តែ​បន្ត​ដុត​កង់​ឡាន​និង​បិទ​ផ្លូវ​តាម​បណ្តោយ​ផ្លូវ​វេងស្រេង ដែល​សំបូរ​ទៅ​ដោយ​រោងចក្រ​កាត់ដេរ។ ខណៈ​ដែល​ក្រុម​សមត្ថកិច្ច​បាញ់​រះ​ដោយ​ប្រើ​គ្រាប់​ពិត​មក​លើ​ខ្លួន ក្រុម​បាតុករ​បាន​ចោល​ដំ​ថ្ម ​និង​ស្រែក​ជេរ​មក​ខាង​សមត្ថកិច្ច​វិញ។


លោក សួន សាវ៉ាត ជា​កម្មករ​ម្នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឆក់​ដោយ​ដំបង​ឆក។

«ក្រុម​សមត្ថកិច្ច​មក​ដល់​វាយ​បាញ់​អ្នក​តវ៉ា​បាតុកម្ម​អហិង្សា​ដូច​សត្វ​ធាតុ​អញ្ចឹង។ មក​ដល់​បាញ់​យកៗ​តែ​ម្តង។ ធម្មតា​បាតុករ​មាន​តែ​ដៃ​ទទេ ប៉ុន្តែ​សមត្ថកិច្ច​មាន​កាំភ្លើង មាន​ខែល។ ក្រុម​សមត្ថកិច្ច​បាន​ឡើង​វាយ​ដល់​បន្ទប់​មិន​ថា​ស្រី​មិន​ថា​ប្រុស​ទេ»។

លោក អែក គីមអេង អ្នក​លក់​ដូរ​ជិត​នោះ​និង​ជា​សាក្សី​ម្នាក់​រៀបរាប់​ពី​ហេតុការណ៍​នេះ។

«ឃើញ​ដើរ​ទៅ​កើត ហើយ​បាញ់​រះ​តែ​ម្តង។ កាំភ្លើង​នេះ​មិន​មែន​ជា​កាំភ្លើង​ខ្លែងក្លាយ​ទេ។ ជា​គ្រាប់​ពិត។ គ្រាប់​ក្នុង​ហៅប៉ៅ​ខ្ញុំ​មាន»។

បើ​តាមលោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឍ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ តួ​លេខ​អ្នក​ស្លាប់​អាច​កើន​ដល់​ប្រាំ​នាក់ រង​របួស​២៣​នាក់ និង​ឃាត់​ខ្លួនចំនួន​១០​នាក់។ បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​ចង​ស្លាប់​សេក​និង​វាយ​យ៉ាង​ដំណំ​ឱ្យ​សន្លប់​នៅ​ហ្នឹង​កន្លែង​ដោយ​ក្រុម​សមត្ថកិច្ច។ ក្នុង​នោះ​ដែរ មន្ទីរ​ពេទ្យ​ឯកជន​មួយ​កន្លែង​នៅ​ក្បែរ​នោះ​ត្រូវ​បាន​វាយ​កម្ទេច​ដោយ​ក្រុម​បាតុករ ក្រោយ​ពី​បុគ្គលិក​មន្ទីរពេទ្យ​នោះ​មិន​អនុញ្ញាត​ឱ្យ​អ្នក​រង​របួស​ចូល​ទៅ​សម្រាក​ព្យាបាល។

លោក រ័ត្ន ស្រៀង មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​បាន​ដឹក​នាំ​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​ក្រុម​បាតុករ បាន​អះអាង​ថា ការ​បាញ់​បាតុករ​នេះ​គ្រាន់​តែ​ជា​ការ​ការពារ​ខ្លួន​ប៉ុណ្ណោះ។

«ពី​ណា​គេ​ជា​អ្នក​បង្ក​ហេតុ​មុន? សមត្ថកិច្ច​គ្មាន​បំណង​អ្វី​ប៉ះពាល់​ជាមួយ​ពួកគាត់​ទេ។ ប៉ុន្តែ​ពួកគាត់​មាន​បំណង​ដើម្បី​បង្ក្រាប​ពួក​ខ្ញុំ​វិញ។ អញ្ចឹង​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ការ​ពារ​ខ្លួន​ហើយ។ គាត់​បាន​ត្រៀម​ប្រើ​អំពើ​ហិង្សា​មក​លើ​សមត្ថកិច្ច តាំង​ពី​ដប​សាំង កាំបិត ពូថៅ ដំបង គ្រប់​បែប​យ៉ាង​ទាំង​អស់»។

លោក ចាន់ សុវ៉េត មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក​បាន​ចាត់​ទុក​ការ​បង្ក្រាប​ដោយ​ហិង្សា​នេះ​ជា​អំពើ​ខុស​ច្បាប់។

«សកម្មភាព​ដែល​កម្មករ​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​នេះ​មិន​មែន​ជា​រឿង​មួយ​ដែល​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ទ្រង់ទ្រាយ​ធំ​អញ្ចឹង​ទេ យើង​ធ្វើ​ការ​ចរចា​ទៅ។ ដូច្នេះ​សកម្មភាព​នេះ ខ្ញុំ​គិត​ថា មិន​អាច​បន្ថយ​កំហឹង​របស់​កម្មករ​ទេ»។

នៅ​ថ្ងៃ​នេះ បាតុកម្ម​របស់​កម្មករ​ក៏​បាន​កើតមាន​នៅ​ចំណុច​មួយ​ចំនួន​ទៀត​ដែរ ដូច​ជា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ផ្លូវ​ជាតិ​លេខ​៤ និង​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ជា​ដើម។ បាតុកម្ម​មួយ​ទៀត​ដោយ​មាន​ការ​បិទ​ផ្លូវ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ឱ្យ​ដោះលែង​បាតុករ​១០​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញ។ ការ​បិទ​ផ្លូវ​នេះ​ក៏​បាន​នាំ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រវាង​ក្រុម​បាតុករ​និង​សមត្ថកិច្ច ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​របួស​ទេ។ បាតុកម្ម​ផ្ទួនៗ​គ្នា​នេះ​កើត​ឡើង ស្រប​ពេល​ដែល​កម្មករ​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​កំពុង​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​ធ្វើ​ការ។ បាតុកម្ម​និង​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​របស់​កម្មករ​បាន​អូស​បន្លាយ​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ។ បន្ទាប់​ពី​មាន​ការ​ចរចា​ជា​ច្រើន​លើក ភាគី​រោងចក្រ​បាន​ព្រមព្រៀង​ដំឡើង​ប្រាក់​ខែ​គោល​ឱ្យ​កម្មករ​ដល់​១០០​ដុល្លារ ប៉ុន្តែ​តំណាង​សហជីព​និង​កម្មករ​មួយ​ចំនួន​ធំ​នៅ​តែ​រក្សា​ការ​ទាមទារ​របស់​ខ្លួន​ដដែល៕
XS
SM
MD
LG