ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មករ​ចូល​ធ្វើការ​វិញ​បន្ទាប់ពី​កូដកម្ម​មិន​បាន​សម្រេច


ក្រុម​កម្មករ​​កាត់ដេរ​ ធ្វើ​បាតុកម្ម​​នៅ​ខាង​​មុខ​ការិយាល័យ​​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០១៣។
ភ្នំពេញ៖ សម្ព័ន្ធ​សហជីព​ចំនួន​៥ ​ដែល​មាន​និន្នាការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ឱ្យ​កម្មករ​រោងចក្រ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ​អះអាង​ថា​ពួកគេ​នៅ​តែ​រក្សា​ការ​ទាមទារ​នេះ​ឱ្យ​នៅ​ដដែល​ ទោះ​បី​ជា​ខាង​ភាគី​រោងចក្រ​គំរាម​ដក​ទុន​វិនិយោគ​ពី​ប្រទេស​កម្ពុជា​ក៏​ដោយ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុម​តំណាង​សហជីព។

លោក ជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​ថ្លែង​ថា​ការធ្វើ​កូដកម្ម​នឹង​នៅ​តែ​ជា​ជម្រើស​របស់​ខ្លួន​សម្រាប់​ការ​ទាមទារ​នេះ។

«យើង​នៅ​តែ​ប្រកាន់​ជំហរ​របស់​យើង ​ពេល​កម្មករ​បើក​លុយ​ហើយ​គាត់​ត្រឡប់​ទៅ​ផ្ទះ​សិន ​ដើម្បី​រក្សា​សុវត្ថិភាព​ពួកគាត់ ​នៅ​ពេល​កម្មករ​កម្មការិនី​ត្រឡប់​ទៅ​ផ្ទះ​អស់ ​តើ​រោងចក្រ​ហ្នឹង​បិទ​ឬ​ក៏​បើក? ទី​ពីរ​ទៀត​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​យើង​នឹង​បន្ត​ពិភាក្សា​ជាមួយ​សហជីព​ទាំង​៥​ដែល​មាន​ជំហ​ការពារ​ប្រយោជន៍​កម្មករ ​ដើម្បី​រក​មធ្យោបាយ​ធ្វើ​ការ​ចរចា​ឬ​ក៏​ធ្វើ​កូដកម្ម​បន្ត​ទៀត។ យើង​មិន​បោះបង់​ចោល​ទេ​ព្រោះ​វា​តិច​ពេក​ វា​អត់​រស់»។

លោក ជា មុន្នី ​ថ្លែង​ថា​មក​ទល់​ថ្ងៃ​នេះ​មាន​កម្មករ​ប្រហែល​៣០​ភាគរយ​ឬ​ស្មើ​ហ្នឹង​១៥​ម៉ឺន​នាក់​ទៀតមិន​ទាន់​ចូល​ធ្វើ​ការ​វិញ​នៅ​ឡើយ​ទេ ​ចំណែក​ឯ​អ្នក​ដែល​មក​ធ្វើ​ការ​ភាគ​ច្រើន​គឺ​ដើម្បី​មក​បើក​ប្រាក់ខែ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក អ៊ុំ វិសាល ​មន្ត្រី​គោល​នយោបាយ​និង​ច្បាប់​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ (CCAWDU) ក៏​បាន​អះអាង​ពី​ជំហរ​ដូច​គ្នា​នេះ​ដែរ។

លោក អ៊ុំ វិសាល ​បន្ថែម​ថា​ការ​ទាមទារ​របស់​សម្ព័ន្ធ​សហជីព​លោក​គឺ​ឆ្លើយតប​ហ្នឹង​ការ​ឡើង​ថ្លៃ​នៃ​ទំនិញ​ទីផ្សារ​និង​លទ្ធភាព​ដែល​អាច​ផ្តល់​ឱ្យ​ដោយ​ម្ចាស់​រោងចក្រ។

«ខាង​ខ្ញុំ​អត់​មាន​អ្វី​ផ្លាស់ប្តូរ​គោលជំហរ​ទេ។ អ្វី​ដែល​យើង​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​នេះ​គឺ​ប្រាក់​ឈ្នួល​ដែល​កម្មករ​គួរ​ទទួល​បាន​ក្នុង​អន្តរកាល​នេះ​ហើយ។ ពីព្រោះ​យើង​មើល​ឃើញ​លទ្ធភាព​ដែល​អាច​ផ្តល់​ឱ្យ​ដោយ​និយោជក​ពិត​ជា​អាច​ផ្តល់​ឱ្យ»។

នៅ​ប្រទេស​កម្ពុជា​មាន​សហជីព​ចំនួន​៩២​ ប៉ុន្តែ​មាន​តែ​សហជីព​៥​ប៉ុណ្ណោះ​ដែល​បាន​ទាមទារ​ប្រាក់​ខែ​គោល​ឱ្យ​កម្មករ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ។

ក្នុង​រយៈពេល​ជាង​២​សប្តាហ៍​កន្លង​មក ​មាន​កម្មករ​ជា​ច្រើន​នាក់​ចូលរួម​ធ្វើ​កូដកម្ម​និង​បាតុកម្ម​ដើម្បី​ទាមទារ​ប្រាក់​ខែ​គោល​១៦០​ដុល្លារ។ ប៉ុន្តែ​ខាង​ភាគី​និយោជក​ថ្លែង​ថា​ពួកគេ​មិន​មាន​លទ្ធភាព​ដំឡើង​តាម​ការ​ទាមទារ​នេះ​ទេ។ ប៉ុន្តែ​ភាគី​កម្មករ​ភាគ​ច្រើន​នៅ​តែ​មិន​ព្រម​និង​បន្ត​ធ្វើ​កូដកម្ម​និង​បាតុកម្ម​រហូត​ដល់​មាន​ការ​បាញ់​បង្ក្រាប​ដោយ​កងកម្លាំង​មាន​សមត្ថកិច្ច​ ដែល​នាំ​ឱ្យ​មនុស្ស​យ៉ាងហោច​ណាស់​៤​នាក់​បាន​ស្លាប់ ​ហើយ​មាន​អ្នក​រងរបួស​និង​ត្រូវ​ឃាត់​ខ្លួន​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ម្សិលមិញ ​លោក វ៉ាន់ សូអៀង ​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​អះអាង​ថា​ការ​ធ្វើ​កូដកម្ម​និង​បាតុកម្ម​របស់​កម្មករ​នា​ពេល​កន្លង​មក​បាន​ធ្វើ​ឱ្យ​ភាគី​រោងចក្រ​បាន​ខាតបង់​ទឹក​ប្រាក់​ប្រមាណ​២០០​លាន​ដុល្លារ​ ចំណែក​ឯ​ការបញ្ជា​ទិញ​អាច​នឹង​មាន​ការ​ថយ​ចុះ​ចន្លោះ​ពី​២០​ទៅ​៣០​ភាគរយ​នៅ​ឆ្នាំ​នេះ ​ហើយ​រោងចក្រ​ភាគ​ច្រើន​នឹង​ត្រូវ​បង្ខំ​ចិត្ត​ដឹក​ជញ្ជូន​សម្លៀក​បំពាក់​តាម​ជើង​យន្តហោះ​ដែល​មាន​តម្លៃ​ខ្ពស់​ដើម្បី​ផ្គត់ផ្គង់​ទាន់​ពេល​វេលា។

លោក ខេន លូ ​(Ken Loo) ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​និង​ស្បែក​ជើង​នៅ​កម្ពុជា (GMAC) ​ថ្លែង​ថា​ខាង​ភាគី​រោងចក្រ​នឹង​មិន​ចូលរួម​ចរចា​ណា​មួយ​ដែល​និយាយ​ពី​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឱ្យ​កម្មករ​បន្ថែម​ទៀត​នោះ​ទេ។

«អំពី​ប្រាក់​ខែ​អត់​មាន​វិធី​ចរចា​ទេ ទ្វារ​កន្លែង​ហ្នឹង​បិទ​ហើយ»។

កម្ពុជា​មាន​រោងចក្រ​ចំនួន​៦០០​ ដែល​មាន​តម្លៃ​នាំ​ចេញ​ជាង​៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ ​នាំ​ឱ្យ​វិស័យ​នេះ​ក្លាយ​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​ជាង​គេ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រទេស​នេះ។

លោក ខេន លូ ​បញ្ជាក់​បន្ថែម​ថា​ប្រសិន​បើ​កម្មករ​ទាមទារ​ដំឡើង​ថ្លៃ​ពលកម្ម​រហូត​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ​រោងចក្រ​ទាំង​នោះ​នឹង​ពិចារណា​បង្វែរ​ទៅ​វិនិយោគ​នៅ​ប្រទេស​ផ្សេង​វិញ​ដែល​មាន​ផលិតភាព​ខ្ពស់​ជាង​នៅ​កម្ពុជា​ដូចជា​ប្រទេស​វៀតណាម ​ឥណ្ឌូនេស៊ី ​ឬ​ភូមា​ជា​ដើម៕
XS
SM
MD
LG