ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​មិន​ដឹង​ទទួល​យុត្តិធម៌​តាម​របៀប​ណា


លោក ឈៀង ថន អាយុ​៤០​ឆ្នាំ​មក​ពី​ខេត្ត​កំពង់ចាម ​និង​ជាបាតុករ​ជា​កម្មករ​ម្នាក់ សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត​នៅ​ថ្ងៃ​ទី​៦ ខែ​មករា។ លោក​​ជា​ជន​រងគ្រោះ​ម្នាក់​ដែល​​ត្រូវ​បាន​បាញ់​ចំ​ដៃ​ឆ្វេង​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។​ លោកឃើញថា​ មាន​ការបាញ់​ពីលើ​អគារ​មក​លើ​កម្មករ។ (ឃួន ធារ៉ា/VOA)
លោក ឈៀង ថន អាយុ​៤០​ឆ្នាំ​មក​ពី​ខេត្ត​កំពង់ចាម ​និង​ជាបាតុករ​ជា​កម្មករ​ម្នាក់ សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត​នៅ​ថ្ងៃ​ទី​៦ ខែ​មករា។ លោក​​ជា​ជន​រងគ្រោះ​ម្នាក់​ដែល​​ត្រូវ​បាន​បាញ់​ចំ​ដៃ​ឆ្វេង​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។​ លោកឃើញថា​ មាន​ការបាញ់​ពីលើ​អគារ​មក​លើ​កម្មករ។ (ឃួន ធារ៉ា/VOA)
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ភ្នំពេញ៖ ក្រុម​ជន​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​របស់​សមត្ថកិច្ច​កម្ពុជា​បាន​រំឭក​ឡើង​វិញ​ពី​ទិដ្ឋភាព​ដោយ​ឡែកៗ​ពី​គ្នាក្នុង​ការ​បង្រ្កាប​លើ​បាតុករ។ ជនរងគ្រោះ​មួយ​ចំនួន​មិន​មែន​ជា​អ្នក​តវ៉ា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ ជន​រងគ្រោះ​មិន​មាន​ការ​យល់​ដឹង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​ស្វែង​រក​យុត្តិធម៌​នោះ​ទេ។

«ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក​ប្អូន។ បាញ់​ដួល​ខ្ពោក ប្រជាជន បាតុករ​ស្ទុះ​មក​យក វា​បាញ់​ទៀត​ វា​បាញ់​សម្លាប់​ចោល​ទៀត។ បាញ់​ដូច​មាន់​ដូច​ទា​អញ្ចឹង។ ពួក​អា​នេះ​សាហាវ​ឃោរឃៅ​ណាស់។»

នេះ​ជា​សម្តី​របស់​លោក​ ព្រំ ចាត អាយុ​៦២​ឆ្នាំ ពោល​ដោយកំហឹង​ញ័រ​ខ្លួន​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។ លោក​គឺ​ជា​សន្តិសុខ​រោងចក្រកាត់ដេរ​មួយ​នៃ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ និង​ជា​សាក្សី​ម្នាក់​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​បាញ់​សម្លាប់​បង្រ្កាប​បាតុករ​រោងចក្រ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​លើ​ផ្លូវ​វ៉េងស្រេង​ក្នុង​ក្រុង​ភ្នំពេញ។

ក្នុង​ព្រឹត្តិការណ៍​នោះ​កងរាជ​អាវុធហត្ថ​រាប់​រយ​នាក់​បាន​បាញ់​បង្ក្រាប​ដោយ​ប្រើ​គ្រាប់​ពិត​ទៅ​លើ​ហ្វូង​បាតុករ​ជា​កម្មករ​ជា​ច្រើន​ពាន់​នាក់។ ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៤​នាក់​បាន​ស្លាប់​ របួស​៣៩​នាក់ ​និង​ត្រូវ​ចាប់​ខ្លួន​១៣​នាក់។



លោក​ព្រំ ចាត ​បាន​មក​ថែទាំ​កូន​ប្រុស​របស់​គាត់​លោក ព្រំ ភារុណ ដែល​កំពុងសម្រាក​ក្នុង​មន្ទីរ​ពេទ្យ​នេះ។

មក​ពីខេត្ត​ព្រៃ​វែង ភារុណ អាយុ​២២​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាណាឌីយ៉ា​និង​ជា​បាតុករ​ម្នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ឱ្យ​បាក់​ជើង​ស្តាំ។

«ពួក​ខ្ញុំ​គ្រាន់​តែ​ឈរ​ដង្ហែរ​ជា​ក្បួន​ទៅ​ក្រសួង​ការងារ​ ប៉ុន្តែ​គេ​មិន​ឱ្យ​ពួកខ្ញុំ​ចេញ​ពី​ក្នុង​រោងចក្រ​នោះ​ទេ គឺ​បិទ​ផ្លូវ​ទាំង​អស់។ ខ្ញុំ​ហ៊ាន​ចេញ​គឺ​គាត់​បាញ់។ ប៉ុន្តែ​ពេល​ពួក​ខ្ញុំ​ចេញ​គាត់​បាញ់​មក​ភ្លាម បាញ់​ពួក​ខ្ញុំ​បាក់​ជើង​ហើយ រហូត​ដល់​ស្លាប់ គាត់​នៅ​ឆ្លៀត​រត់​មក​វៃ​ពួក​ខ្ញុំ​ទៀត​ ប៉ុន្តែ​ពួក​ខ្ញុំ​រត់​ទាន់ ប៉ុន្តែ​អ្នក​ដែល​រត់​មិន​ទាន់​គាត់​វៃ​ហើយ​ចាប់​បោះ​ដាក់​លើ​ឡាន​ទៅ។»

ជន​រងគ្រោះ​ដោយ​ការ​បាញ់​បង្ក្រាប​របស់​ក្រុម​សមត្ថកិច្ចកំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​សាធារណៈ​សំខាន់ៗ​ចំនួន​បី​ក្នុង​ក្រុង​ភ្នំពេញ​។គឺ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត មន្ទីរពេទ្យ​កាល់​ម៉ែត និង​មន្ទីរពេទ្យ​ព្រះកុសមៈ។

ពួកគេ​បាន​អះអាង​ដូច​គ្នា​ថា ​ក្រុម​សមត្ថកិច្ច​បាញ់រះ​និង​វាយ​មក​លើ​ពួកគេ​ដោយ​មិន​រើស​មុខ។ អ្នក​ខ្លះ​បាក់​ដៃ ខ្លះ​បាក់​ជើង ខ្លះ​ចំ​ពោះ ចំ​ត្រគៀក ស្មា និង​ក្បាល​ ហើយ​ភាគ​ច្រើន​អះអាង​ថា​ ពួកគេ​មិន​មែន​ជា​បាតុករ​ទេ។

លោក សូ ណាំង អាយុ​២៧​ឆ្នាំ ជា​កម្មករ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​ធ្លាយ​ពោះវៀន។ លោក​កំពុង​សម្រាក​លើ​គ្រែ​ដោយ​ដាក់​អុកហ្សីសែន​តាម​ច្រមុះ​ក្នុង​មន្ទីរពេទ្យ​លោកសង្ឃ ឬ​មន្ទីរពេទ្យព្រះ​កុសមៈ។ (ឃួន ធារ៉ា/VOA)
លោក សូ ណាំង អាយុ​២៧​ឆ្នាំ ជា​កម្មករ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​ធ្លាយ​ពោះវៀន។ លោក​កំពុង​សម្រាក​លើ​គ្រែ​ដោយ​ដាក់​អុកហ្សីសែន​តាម​ច្រមុះ​ក្នុង​មន្ទីរពេទ្យ​លោកសង្ឃ ឬ​មន្ទីរពេទ្យព្រះ​កុសមៈ។ (ឃួន ធារ៉ា/VOA)
លោក សូ ណាំង អាយុ​២៧​ឆ្នាំ ជា​កម្មករ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​ធ្លាយ​ពោះវៀន។ លោក​កំពុង​សម្រាក​លើ​គ្រែ​ដោយ​ដាក់​អុកហ្ស៊ីសែន​តាម​ច្រមុះ​ក្នុង​មន្ទីរពេទ្យ​លោក​សង្ឃ ​ឬ​មន្ទីរពេទ្យ​ព្រះ​កុសមៈ។

លោក​ខំ​ប្រឹង​និយាយ​ក្នុង​សំឡេង​ខ្សាវៗ​និង​ដក​ដង្ហើម​ដង្ហក់​មួយៗនៅ​ពេល​ដែល​អ្នក​ជំងឺ​ផ្សេង​ទៀត​ក្នុង​បន្ទប់​របស់​លោក​កំពុង​ផ្ទៀង​ត្រចៀក​ស្តាប់។

«ហេតុការណ៍​ហ្នឹង​ខ្ញុំ​ជិះ​កង់​បី​ទៅ​កាណាឌីយ៉ា គាប់​ជួន​ពេល​កំពុង​តែ​បាតុកម្ម។ ខ្ញុំ​ក៏​រត់​ឡើង​ទៅ​លើ​ផ្ទះ ហើយ​ខ្ញុំ​ក៏​ឈរ​មើល​គេ ឮ​សូរ​តែ​ទូងទាំងៗ ស្រាប់​តែ​គេ​បាញ់​ចំ​ខ្ញុំ។ រយៈពេល​យូរ​ណាស់ ទើប​គេ​មក​ជួយ​សង្គ្រោះ។ ខ្ញុំ​យក​មេដៃ​រុក​ចូល​រណ្តៅ​ដែល​គេ​បាញ់​ធ្លាយ​ខាង​មុខ​ក្រោយ ដើម្បី​ឃាត់​ឈាម។ សំណាង​ល្អ​ស្មារតី​ខ្ញុំ​រឹង។ គេ​រក​មក​ជួយ​ដែរ តែ​ឮ​សំឡេង​កាំភ្លើង​ផ្ទុះ​ពេក គេ​អត់​ហ៊ាន​ចូល​មក។ គេ​ឱ្យ​ខ្ញុំ​វា តែ​ខ្ញុំ​វា​អត់​រួច។»

លោក​សូ ណាំង ជា​កម្មករ​រោង​ចក្រ​ផង​និង​ជា​អ្នក​រត់រ៉ឺម៉ក​កង់​បីផង​ដើម្បី​ប្រឹង​រក​ប្រាក់​ចិញ្ចឹម​ម្តាយ​មេម៉ាយ ប្រពន្ធ​និង​កូនស្រី​អាយុ​ប្រាំមួយ​ខែ​ម្នាក់។ គាត់​គឺ​ជា​បង្គោល​របស់​គ្រួសារ​ដ៏​ក្រីក្រ​មក​ពី​ខេត្ត​តាកែវ។

​លោក​និង​អ្នក​របួស​ពីរ​នាក់​ទៀត​ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​បង់​ថ្លៃ​ព្យាបាល។

នៅ​ឯ​មន្ទីរពេទ្យ​កាល់ម៉ែត​ឯណោះ​វិញ​ ថេត ថេន ​កំពុង​ស្ថិត​ស្តូក​នៅ​លើ​គ្រែដោយ​មិន​អាច​និយាយ​អ្វី​បាន​បន្តិច​ឡើយ។

យុវជន​អាយុ​១៨​ឆ្នាំ​មក​ពី​ខេត្ត​កំពង់ចាម​រូប​នេះ​និង​ជា​កម្មករ​រោងចក្រ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​វាយ​នឹង​ព្រនង់​ឱ្យរបួស​ក្បាល​ផ្នែក​ខាង​ក្រោយ ​ត្រូវ​គុម្ព​ត្រជៀក​ទាំង​សងខាង​ ស្មា​ និង​ម្រាម​ដៃ​ជាំ​យ៉ាង​ដំណំ។

អ្នកស្រី​ ខឿន ស្រីអែម អាយុ​៣៧​ឆ្នាំ ដែល​ត្រូវ​ជាម្តាយ​ក៏​រៀបរាប់​ដោយ​ទឹកមុខ​ស្រពាប់​ស្រពោន​ថា ​កូន​ប្រុស​អ្នកស្រី​គ្រាន់​តែ​បាន​ដើរ​កាត់​កន្លែង​កើត​ហេតុ ចេញ​ទៅ​ទិញ​ម្ហូប​ជាមួយ​បងប្អូន​ជីដូន​មួយ​គេ​ប៉ុណ្ណោះ ស្រាប់​តែ​ក្រុម​សមត្ថកិច្ច​ដេញ​វាយ​ឱ្យ​របួស​យ៉ាង​ដំណំ។ គ្រូ​ពេទ្យ​បាន​ប្រាប់​អ្នកស្រី ​ស្រីអែម​ ថា​ របួស​ក្បាល​ធ្ងន់ធ្ងរ​ធ្វើ​ឱ្យ​គេ​មិន​អាច​និយាយ​ស្តី​បាន​ដូច​ប្រក្រតី​និង​ប្រឈម​ហ្នឹង​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន។

ថេត ថេន ​ជា​ជន្ទល់​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​គ្រួសារ​អ្នកស្រី។ អ្នក​ស្រី​ថ្លែង​ប្រាប់​វីអូអ​ថា៖ «ដូច​ជា​អស់​សង្ឃឹម​ដែរ​ បើ​អ្នក​រក​មាន​តែ​មួយ។ ឪពុក​វា​មាន​ជំងឺ​ដែរ​គេ​ថា​ជំងឺ​ប្រកាច់​សរសៃ​ប្រសាទ។ ខ្ញុំ​ទៅ​បើក​ថ្នាំ​នៅ​កំពង់ចាម​រាល់​ខែ។ ឥឡូវ​មក​កូន​ទៀត។ ខ្ញុំ​ជំពាក់​លុយ​រដ្ឋ មួយ​ខែ​វា​ផ្ញើ​ទៅ​២០​ម៉ឺន ២០​ម៉ឺន​ជាង (រៀល) ទុក​ឱ្យ​ដោះ​ការ​ប្រាក់​គេ។ ឥឡូវ​វា​អញ្ចឹង ខ្ញុំ​ក៏​ធ្វើ​ការ​អ្វី​អត់​កើត។»

សំណាង​ល្អ​មន្ទីរពេទ្យ​មិន​បង្គាប់​ឲ្យ​អ្នកស្រី​បង់​ថ្លៃ​ព្យាបាល​នោះ​ទេ។

ជន​រងគ្រោះ​មួយ​ចំនួន​រៀបរាប់​ថា​ពួក​គេ​មិន​បាន​ស្ថិត​ក្នុង​ចំណោម​អ្នក​តវ៉ា​នោះ​ទេ។


ហៀរ រ៉ាឌី អាយុ​២០​ឆ្នាំ​ជា​កម្មការី​រោងចក្រ​កាណាឌីយ៉ា សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្រុង​ភ្នំពេញ។ ​សមត្ថកិច្ច​បាញ់​ចូល​តាម​ចន្លោះ​ទ្វារចំ​ទ្រូង​និងដើម​ដៃ​ខាង​ឆ្វេង​ ខណៈពេល​នាង​បង្ហើប​ទ្វារ​មើល​ការ​បាញ់ប្រហារ​លើ​ហ្វូង​បាតុករ ដែល​ស្ថិត​នៅចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​បន្ទប់​ជួល​របស់​នាង។ (ឃួន​ ធារ៉ា/VOA)
ហៀរ រ៉ាឌី អាយុ​២០​ឆ្នាំ​ជា​កម្មការី​រោងចក្រ​កាណាឌីយ៉ា សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្រុង​ភ្នំពេញ។ ​សមត្ថកិច្ច​បាញ់​ចូល​តាម​ចន្លោះ​ទ្វារចំ​ទ្រូង​និងដើម​ដៃ​ខាង​ឆ្វេង​ ខណៈពេល​នាង​បង្ហើប​ទ្វារ​មើល​ការ​បាញ់ប្រហារ​លើ​ហ្វូង​បាតុករ ដែល​ស្ថិត​នៅចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​បន្ទប់​ជួល​របស់​នាង។ (ឃួន​ ធារ៉ា/VOA)
ហៀរ រ៉ាឌី អាយុ​២០​ឆ្នាំ​ជា​កម្មការី​រោងចក្រ​កាណាឌីយ៉ា មាន​ទឹក​មុខ​ស្លេកស្លាំង និង​និយាយ​ក្នុង​សំឡេង​ខ្សាវៗ។ ​សមត្ថកិច្ច​បាញ់​ចូល​តាម​ចន្លោះ​ទ្វារ​ចំ​ទ្រូង​និង​ដើម​ដៃ​ខាង​ឆ្វេង​ ខណៈ​ពេល​នាង​បង្ហើប​ទ្វារ​មើល​ការ​បាញ់ប្រហារ​លើ​ហ្វូង​បាតុករ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​បន្ទប់​ជួល​របស់​នាង។

«អាច​ត​បាន ប៉ុន្តែ​អត់​អាច​ធ្វើ​ការ​ធ្ងន់​បាន​ទេ បាន​តែ​ស្រាលៗ។ មាន​អារម្មណ៍​ថា​ឃោរឃៅ​ដែរ ព្រោះខ្ញុំ​ឈរ​ក្នុង​បន្ទប់​ បាញ់​ដល់​ខ្ញុំ​ដែរ។»

រ៉ាឌី​មាន​ឪពុក​ពិការ​ភ្នែក​ទាំង​សង​ខាង​និង​ជីដូន​ចាស់​ជរា​ក្នុង​បន្ទុក។ គ្រូ​ពេទ្យ​ឱ្យ​ដឹង​ថា​ទោះ​បី​ជា​ជា​សះស្បើយ​ក៏​ដៃ​ឆ្វេង​របស់​នាង​មិន​អាច​មាំ​ទាំ​ដូច​មុន​បាន​ដែរ។

នៅ​ជាន់​ខាង​លើ​នៃ​អគារ​ជាមួយ​គ្នា​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត គេ​ឃើញ​ជន​រងគ្រោះ​ផ្សេង​ទៀត​កំពុង​សម្រាក​តាម​បណ្តោយ​វេរ៉ង់ដា​យ៉ាង​រដូក​រណែល។

នាង អុក ម៉ារ៉ា អាយុ​១៧​ឆ្នាំ រស់​នៅ​សង្កាត់​ស្ទឹង​មានជ័យនិង​ជា​សិស្ស​រៀន​នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ។ សមត្ថកិច្ច​បាញ់​ចំ​ក្បាល​របស់​នាង​នៅ​ពេល​នាង​ជិះ​កង់​ទៅ​លេង​មិត្តភក្តិ​ខ្លួន​នៅ​ជិត​កន្លែង​កើត​ហេតុ​នោះ។

នាង​រៀបរាប់​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​ជិះ​កង់​ទៅ​រៀន ពេល​ខ្ញុំ​ជិត​តាម​ហ្នឹង​ទៅ​សាលា​អង្គការ ​ ដល់​ខ្ញុំ​ឃើញ​គេ​បាញ់​គ្នា ខ្ញុំ​ត្រលប់​មក​ផ្ទះ​វិញ ប៉ុន្តែ​មិន​ទាន់​បក​ក្រោយ​បាន​ស្រួល​បួល​ផង គេ​បាញ់​ចំ​ខ្ញុំ បាញ់​ចំ​ក្បាល​តែ​បញ្ឆិត តែ​ខ្ញុំ​ឱន​ទាន់ តែ​ជ្រៅ។ ខ្ញុំ​សោកស្តាយ​ណាស់ ព្រោះ​ខ្ញុំ​អត់​បាន​ធ្វើ​អី​ផង គេ​បាញ់​ចំ​ខ្ញុំ​ដែរ។»

យុវជន សៀង កុសល អាយុ​១៧​ឆ្នាំ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​ត្រូវ​គេ​បាញ់​ចំ​ត្រគៀក​ខាង​ស្តាំនៅ​ពេល​គេ​ឈរ​មើល​បាតុករ​។ (ឃួន ធារ៉ា/VOA)
យុវជន សៀង កុសល អាយុ​១៧​ឆ្នាំ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​ត្រូវ​គេ​បាញ់​ចំ​ត្រគៀក​ខាង​ស្តាំនៅ​ពេល​គេ​ឈរ​មើល​បាតុករ​។ (ឃួន ធារ៉ា/VOA)
ក្រោយ​ពី​ម្តាយ​របស់​ខ្លួន​ដាក់​គេ​ចុះ​ពី​រទេះ​រុញ​ឱ្យ​សម្រាក​លើ​គ្រែ​វិញ​ យុវជន សៀង កុសល អាយុ​១៧​ឆ្នាំ ដែល​ត្រូវ​គេ​បាញ់​ចំ​ត្រគៀក​ខាង​ស្តាំនៅ​ពេល​គេ​ឈរ​មើល​បាតុករ រៀបរាប់​ថា៖ «ខ្ញុំ​ឃើញបាតុករ​ឈរ​នៅ​ទី​នោះ ​ហើយ​ពេល​ទាហាន​ចូល​មក​គេ​បាញ់​យកៗ​តែ​ម្តង។ ខ្ញុំ​ទៅ​មើល​គេ​ធ្វើ​បាតុកម្ម​ ដល់​បាញ់​រះ​ប្រសាច​មក​ត្រូវ​ខ្ញុំ។ កម្មករ​គាត់​អត់​ធ្វើ​អី​ខុស​ទេ គ្រាន់​តែ​តវ៉ា​ឡើង​ប្រាក់​ខែ​បន្តិច​បន្ទួច​មិន​សម​ណា​មក​បាញ់។»

ដោយ​ឡែក​លោក ឈៀង ថន អាយុ​៤០​ឆ្នាំ​មក​ពី​ខេត្ត​កំពង់ចាម ​និង​ជា​បាតុករ​ជា​កម្មករ​ម្នាក់ ដែល​ត្រូវ​បាន​បាញ់​ចំ​ដៃ​ឆ្វេង​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​ជា​ដើម។​ លោក​ឃើញ​ថា​មាន​ការ​បាញ់​ពី​លើ​អគារ​មក​លើ​កម្មករ។

លោក​ថ្លែង​ថា៖ «មក​មើល​គេ​ធ្វើ​បាតុកម្ម ​ស្រាប់​តែ​គេ​បាញ់​មក​ពី​លើ​តែ​ម្តង​ គេ​បាញ់​ពី​លើ​មក​ ពី​ជាន់​ទី​បី​មក។ ពាក់​អាវ​សាច់​ទាហាន​ពណ៌​ខ្មៅ​ មាន​កំបាំង​ និង​អាកា​ស្វ័យ​បត់»។

មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​និងជនរងគ្រោះ​មិន​តម្រូវ​ឲ្យ​បង់​ថ្លៃ​នោះ​ទេនៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។​ នេះ​បើ​តាម​ការ​អះអាង​របស់​ជនរងគ្រោះ។
យូរៗ​ម្តង គេ​ឃើញ​មាន​អ្នក​មក​សួរ​សុខ​ទុក្ខ​ជន​រងគ្រោះ​ទាំង​នោះ​រួម​ទាំង​សប្បុរសជន​ផង​ដែរ។

អ្នកស្រី សេង ថាច អាយុ​៧៧​ឆ្នាំ នៅ​កំពង់ធំ ពេល​ឡើង​មក​ចូលរួម​មង្គលការ​ចៅ​នៅ​ភ្នំពេញ ក៏​ឆ្លៀត​មក​យក​លុយ​មក​ឱ្យ​ជន​រងគ្រោះ។

«ខ្ញុំ​មាន​លុយ​បន្តិច​បន្ទួច​ កូន​ឱ្យ​គ្រាន់​តែ​ចាយ​ ក៏​យក​មក​ជួយ​ក្មួយៗ​ទៅ​ធ្វើ​បុណ្យ​ទៅ។ យើង​ធ្វើ​បុណ្យ​ទាន់​ភ្នែក​ស្រស់​ណា​ក្មួយ។ យើង​ធ្វើ​បុណ្យ​នៅ​វត្ត​ក៏​បាន​ដែរ​ប៉ុន្តែ​ឃើញ​អញ្ចឹង វា​អាណោអាធម្ម​ទាំង​គេ​ទាំង​ឯង។»

ក្រុម​ជន​រងគ្រោះ​បាន​ឱ្យ​ដឹង​ថា​ មាន​អង្គការ​សង្គមស៊ីវិល​និង​សប្បុរសជន​នានា​បាន​មក​សួរ​សុខ​ទុក​ពួកគេ​ជា​រឿយៗ។

ការ​បាញ់​បង្ក្រាប​ដ៏​ប្រល័យ​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ​និង​អង្គការ​សង្គម​ស៊ីវិល។ ប៉ុន្តែ​លោក រ័ត្ន ស្រៀង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ការបង្រ្កាប​បាតុករ​ធ្លាប់​បាន​និយាយ​ការពារ​ខ្លួន​ថា ​ប្រតិបត្តិការ​បាញ់​កម្មករ​គឺ​ជា​ការ​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន​និង​ការពារ​សណ្តាប់​ធ្លាប់​សាធារណៈ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ​ ជនរងគ្រោះ​ទាំង​អស់​ដែល​វីអូអេបាន​ជួប​សម្ភាសន៍​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ដើម្បី​វែក​មុខ​រក​ជន​ដៃដល់​នោះ​ទេ។ ពួក​គេ​បាន​ផ្តល់​មូលហេតុ​ផ្សេងៗ​ពី​គ្នា។ អ្នក​ខ្លះ​និយាយ​ថា ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់។​ ខ្លះ​មិន​ជឿ​លើ​ប្រពន្ធ័​តុលាការ​មិន​ឯករាជ្យ​ ហើយ​អ្នក​ខ្លះ​ទៀត​មិន​ដឹង​ត្រូវ​ប្តឹង​តាម​វិធី​ណា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG