ឯកសារផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងជើងដែល VOA ទទួលបាន បានបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un គ្មានបំណងលះបង់ចោលអាវុធនុយក្លេអ៊ែររបស់របបដឹកនាំរបស់លោកទេ ដែលនេះជាគោលជំហរផ្ទុយពីអ្វីដែលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អះអាងថា កូរ៉េខាងជើងនឹងលះបង់នុយក្លេអ៊ែរនោះ។
ឯកសារនេះគឺជាគោលការណ៍ណែនាំសម្រាប់មន្ត្រីយោធាកំពូលៗអំពីគោលជំហរផ្ទៃក្នុងផ្លូវការរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង មុនពេលលោក Kim Jong Un ជួបជាមួយនឹងលោក Trump លើកទី ២ នៅក្នុងប្រទេសវៀតណាមកាលពីដើមឆ្នាំ ២០១៩ កន្លងទៅនេះ។
ឯកសារនេះបញ្ជាក់យ៉ាងច្បាស់ថា លោក Kim Jong Un យល់ឃើញថា ការប្រជុំនៅទីក្រុងហាណូយនេះគឺដើម្បីសម្រេចឲ្យបាននូវ «កិច្ចព្រមព្រៀងចុងក្រោយមួយ» ដើម្បីឲ្យមានការទទួលស្គាល់ប្រទេសកូរ៉េខាងជើងថាជា «រដ្ឋយុទ្ធសាស្ត្រនុយក្លេអ៊ែរសាកលលោក»។
ឯកសារនោះបានស្រង់សម្ដីរបស់លោក Kim Jong Un ដែលបាននិយាយថា លោកនឹងប្រើជំនួបជាមួយនឹងលោក Trump នេះ «ដើម្បីពង្រឹងបន្ថែមទៀតនូវអំណាចនុយក្លេអ៊ែរដែលកូរ៉េខាងជើងបានបង្កើត»។
កិច្ចប្រជុំរវាងលោក Kim Jong Un និងលោក Trump នៅក្នុងទីក្រុងហាណូយនេះ មិនសម្រេចបានកិច្ចព្រមព្រៀងណាមួយទេ ដោយសារតែមានការខ្វែងគំនិតគ្នាលើរឿងលុបបំបាត់នុយក្លេអ៊ែរ និងរឿងដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចេញពីកូរ៉េខាងជើង។
ជាការឆ្លើយតបទៅនឹងឯកសារដែល VOA ទទួលបានកាលពីថ្ងៃអាទិត្យកន្លងមកនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់ VOA ភាសាកូរ៉េកាលពីថ្ងៃច័ន្ទថា៖ «លោកប្រធានាធិបតី Trump នៅតែប្ដេជ្ញាសម្រេចឲ្យបាននូវគោលបំណងដែលលោក និងលោក Kim Jong Un ឯកភាពគ្នានៅឯកិច្ចប្រជុំ [លើកទីមួយ] នៅប្រទេសសិង្ហបុរី ដែលនោះគឺការកែប្រែទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដោយការកសាងសន្តិភាពជានិរន្តន៍ និងការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង»៕