ប៉ុន្តែអ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំក្រសួងការពារជាតិអាមេរិក ដែលធ្វើដំណើរជាមួយលោករដ្ឋមន្ត្រីរូបនេះរាយការណ៍ថា ការប្រកួតប្រជែងដាច់ដោយឡែកមួយទៀតជាកង្វល់ធំបំផុតរបស់លោក Shanahan។
មានការគំរាមកំហែងខ្លាំងឡើងៗក្នុងភូមិភាគមជ្ឈិមបូព៌ា រួមមានការបាញ់ពិសោធន៍កាំជ្រួចមីស៊ីលថ្មីពីប្រទេសកូរ៉េខាងជើងជាដើម។
ក៏ប៉ុន្តែលោក Pat Shanahan រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទី និយាយថាប្រទេសចិនជាកង្វល់ធំបំផុត។ លោក Shanahan បាននិយាយថា៖ «ការអនុវត្តន៍យុទ្ធសាស្ត្រការពារជាតិជាអាទិភាពកំពូលរបស់ខ្ញុំ។ ប្រទេសចិនជាអាទិភាពនៅខាងក្នុងយុទ្ធសាស្ត្រការពារជាតិ»។
ដំណើរទស្សនកិច្ចរបស់លោក Shanahan នៅក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វិក មានរួមបញ្ចូលការឈប់សំចតនៅក្នុងរដ្ឋហាវ៉ៃ និងប្រទេសឥណ្ឌូនេស៊ី នៅមុនលោកចូលរួមក្នុងការប្រជុំនៃវេទិកាការពារប្រទេស Shangri-La នៅក្នុងប្រទេសសិង្ហបុរី ដែលនៅទីនោះគេរំពឹងថា លោកនឹងជួបជាមួយរដ្ឋមន្ត្រីការពារប្រទេសចិន។ ប្រទេសទាំងពីរនេះកំពុងមានសង្គ្រាមពាណិជ្ជកម្មខ្លាំងក្លា។
លោក Bradley Bowman នៃមូលនិធិសម្រាប់ការពារលទ្ធិប្រជាធិបតេយ្យបាននិយាយថា៖ «ពាក្យថាអ្នកប្រជែងមានកម្រិតជិតប្រហែលគ្នាបានត្រូវប្រើជាមួយប្រទេសចិន។ ខ្ញុំយល់ថាពាក្យនេះបានហួសសម័យយ៉ាងឆាប់រហ័ស។ នៅពេលនេះ នៅក្នុងវិស័យជាច្រើនប្រទេសចិនមានសមត្ថភាពល្អដូចយើងឬល្អជាងយើងទៅទៀត»។
លោក Michael O'Hanlon នៃស្ថាប័ន Brookings បាននិយាយថា៖ «ផ្នែកធំមួយនៃអ្វីដែលបានកើតមានឡើង គឺថានៅពេលនេះប្រទេសចិនមានថវិកាយោធាច្រើនគ្រប់គ្រាន់។ ប្រទេសចិនក៏មានបច្ចេកវិទ្យាខ្ពស់ល្អគ្រប់គ្រាន់ ជាពិសេសក្នុងផ្នែកអេឡិចត្រូនិច និងផ្នែករូបយន្តនិងប្រហែលជាក្នុងផ្នែកប្រភេទខ្លះនៃកាំជ្រួចមីស៊ីលផងដែរ ដែលប្រទេសនេះអាចប្រកួតប្រជែងជាពិសេសបានជាមួយតំបន់ខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក»។
ដំណើរទស្សនកិច្ចរបស់លោក Shanahan មានឡើងនៅក្រោយមានការសម្រេចកាលពីពេលថ្មីៗនេះ ក្នុងការពង្រឹងកិច្ចការពាររបស់សហរដ្ឋអាមេរិកនៅក្នុងភូមិភាគមជ្ឈិមបូព៌ា ដើម្បីការពារកងកម្លាំងអាមេរិកាំងពីសក្តានុពលនៃការវាយប្រហារពីប្រទេសអ៊ីរ៉ង់។
លោក O'Hanlon និយាយថា ចំណាត់ការនេះបង្ហាញសញ្ញាថា សហរដ្ឋអាំមេរិកមិនបានផ្តោតការយកចិត្តទុកដាក់តែទៅលើប្រទេសចិននិងប្រទេសរុស្ស៊ីទេ។
ក៏ប៉ុន្តែពួកមន្ត្រីបារម្ភថា ការសម្រេចបញ្ជូនក្រុមទាហានអាមេរិកនឹងនាំឱ្យសហរដ្ឋអាមេរិកមានការជំពាក់ទាក់ទិននៅក្នុងភូមិភាគមជ្ឈិមបូព៌ាថែមទៀតក្នុងពេលតែប៉ុន្មានខែក្រោយពីមានការដកកងកម្លាំងខ្លះចេញពីទីនោះ។
ប្រែសម្រួលដោយ ឈឹម សុមេធ