ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។


ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
20:15 27.4.2020
16x9 Image កាន់ វិច្ឆិកា

ពលរដ្ឋនៅភ្នំពេញចាប់​ផ្តើមចេញធ្វើដំណើរនិងរកស៊ីឡើងវិញ ខណៈរដ្ឋាភិបាលបន្តព្រមានពីហានិភ័យវីរុសកូរ៉ូណា

ភ្នំពេញ — ពលរដ្ឋ​និង​អ្នក​រកស៊ី​មួយ​ចំនួន​ចាប់​ផ្តើម​ចេញ​ក្រៅ និង​បើក​ការ​រកស៊ី​ឡើង​វិញ​ ក្រោយ​បាន​ផ្អាក​មួយ​រយៈដោយសារ​ជំងឺ​កូវីដ១៩​ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​តែ​ព្រមាន​ពី​ហានិភ័យ​ខ្ពស់​នៃ​ការ​រាត​ត្បាត​នៃ​វីរុស​នេះ ​ ប្រសិន​បើ​ពលរដ្ឋ​បាត់បង់​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ការពារ​ខ្លួន។​

គិត​មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ​គឺ​មាន​រយៈ​ពេល​ពីរ​សប្តាហ៍​ជាប់​គ្នា​ ដែល​កម្ពុជា​រក​មិន​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ទៀត។ ​អ្នក​ជា​សះ​ស្បើយ​មាន​ទៅ​ដល់​១១៩​នាក់​ គឺ​នៅ​សល់​អ្នក​ជំងឺ​នេះ​តែ​៣​នាក់​ប៉ុណ្ណោះ។​

ប៉ុន្មាន​ថ្ងៃ​មក​នេះ គេឃើញ​ចរាចរណ៍​តាម​ដង​ផ្លូវ​មាន​ភាព​អ៊ូអរ​ឡើង​វិញ។ ​ចំណែក​អ្នក​លក់ដូរ​មួយ​ចំនួន​ដែល​បាន​ផ្អាក​នា​ពេល​កន្លង​ទៅ ​ដោយ​សារ​ការ​កើន​ឡើង​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​បាន​ចាប់​ផ្តើម​បើក​ការ​រក​ស៊ី​ឡើង​វិញ។​

កំពុង​អង្គុយ​លក់​គុយ​ទាវ​ឆា ​និង​បបរ​នៅ​កែង​ផ្លូវ​មួយ​ជិត​ស្នាក់ការ​សង្កាត់​ចតុមុខ​អ្នកស្រី​ ពិន នារី ​មាន​ប្រសាសន៍​ថា ​អ្នកស្រី​បាន​ចាប់​ផ្តើម​បើក​លក់​វិញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បន្ទាប់​ពី​ផ្អាក​អស់​រយៈ​ពេល​ជាង​មួយ​ខែ ​ដោយ​សារ​ជំងឺ​កូវីដ១៩។ ​អ្នកស្រី​ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​អ្នកស្រី​សម្រេច​បើក​លក់​វិញ ​ដោយសារ​បញ្ហា​ជីវភាព​និង​ការ​ឆ្លង​ជំងឺ​នេះ​មាន​សភាព​ស្ងប់ស្ងាត់។​

អ្នកស្រី នារី ថ្លែងថា៖ «សម្រេច​ថា​ផ្អាក​លក់​លក់​វា​អត់​សូវ​ដាច់។​ លក់​វា​អត់​សូវ​ដាច់​ហើយ​យើង​មិន​គួរ​ណា​មក​ប្រឈម​ទៀត​ ប្រឈម​ជា​មួយ​អាកូវីដ​ហ្នឹង។ ​ហើយ​យើង​លក់​អត់​សូវ​បាន​លុយ​ប៉ុន្មាន​ទេ​ ព្រោះ​វា​អត់​សូវ​ដាច់។ ​ហើយ​កូន​ថា​ ម៉ាក់​ឯង​លក់​អត់​សូវ​ដាច់​ដដែល ​សម្រាក​សិន​ទៅ! ដល់​ឥឡូវ​ចូល​ឡើង​វិញ​ហ្នឹង​ យើង​ចាយ​លុយ​ក៏​ជិត​អស់​ ហើយ​ខ្លាច​ដាច់​ម៉ូយ​ទៀត»។​

ទោះ​បី​ជា​អ្នកស្រី​បើក​លក់​វិញ​ប៉ុន្តែ​អ្នកស្រី​នៅ​បារម្ភ​អំពី​ជំងឺ​នេះ​នៅ​ឡើយ។

អានព័ត៌មានលម្អិត

19:51 27.4.2020
16x9 Image ស៊ុន ណារិន

ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញឲ្យ​កម្ពុជា​បន្តប្រុង​ប្រយ័ត្ន​ខ្ពស់

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដនៅកម្ពុជា កាលពីថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដនៅកម្ពុជា កាលពីថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

ភ្នំពេញ — មន្រ្តី​ក្រសួង​សុខាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​លើក​ឡើង​ថា​ ក្រសួង​បាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​លើ​ក្រុម​មនុស្ស​ដែល​សង្ស័យ​ទាំង​អស់ ហើយ​រក​មិន​ឃើញ​ករណី​ឆ្លង​ថ្មី​នោះ​ទេ ​ក្នុង​រយៈ​ពេល​ជាង​២​សប្តាហ៍​នេះ។

ប៉ុន្តែ​ពួកគេ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច ខណៈ​មន្រ្តី​អង្គការ​សុខភាព​ពិភព​លោក(WHO)​ប្រចាំ​នៅ​កម្ពុជា​ជំរុញ​ឲ្យត្រៀម​ខ្លួន​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​រយៈ​ពេល​វែង។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក ម៉ម ប៊ុន​ហេង​ បាន​ថ្លែង​ថា​ ជាង​២​សប្តាហ៍​មក​នេះ ​មិន​មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​នោះ​ទេ ហើយ​ការ​ព្យាបាល​ជា​សះស្បើយ​បាន​កើន​ទៅ​ដល់​១១៩​នាក់ ​គឺ​នៅ​សល់​អ្នក​ជំងឺ​កូវីដ១៩​ តែ​៣​នាក់​ប៉ុណ្ណោះ។ ​ទោះ​ជា​យ៉ាងណា​ លោក ​ម៉ម ប៊ុន​ហេង ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ បើ​ទោះ​ពួកគេ​ចាប់​ផ្តើម​បើក​ការ​រកស៊ី​ឡើង​វិញ​ក៏​ដោយ។

លោក​មាន​ប្រសាសន៍​ថា៖​ «ដូច្នេះ​ក្រសួង​សុខាភិបាល​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​និង​សូម​មេត្តា​កុំ​យល់​ច្រឡំ​ថា ​ប្រទេស​កម្ពុជា​អស់​មាន​ការ​រាតត្បាត​វីរុស​កូវីដ១៩​ឲ្យ​សោះ»។​

លោក​រដ្ឋមន្រ្តី​បញ្ជាក់​បន្ថែម​ថា៖ ​«ដូច្នេះ​មាន​តែ​ការ​ប្រុង​ប្រយ័ត្ន​មួយ​គត់​ កុំ​ឲ្យ​ឆ្លង​ទៅ​សហគមន៍។​ មិន​បាច់​សួរ​ថា​គ្រោះ​ថ្នាក់​ខ្ពស់ គ្រោះ​ថ្នាក់​ទាប ​គ្រោះ​ថ្នាក់​ខ្សោយ​អី​ទេ»។

អានព័ត៌មានលម្អិត

20:46 20.4.2020
16x9 Image ណឹម សុភ័ក្រ្តបញ្ញា

កម្មករ​រាប់​ពាន់​នាក់​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ខណៈ​សាលារៀន​ត្រូវ​ប្រើប្រាស់​សម្រាប់​ពិនិត្យ​សុខភាព

កម្មករកាត់ដេរ ដែលត្រឡប់មកពីចូលឆ្នាំខ្មែរនៅស្រុកកំណើត ត្រូវបានពិនិត្យសុខភាព ខណៈដែលកំពុងដាក់ឲ្យនៅដាច់ដោយឡែក នៅវិទ្យាល័យជម្ពូវ័ន ភ្នំពេញ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
កម្មករកាត់ដេរ ដែលត្រឡប់មកពីចូលឆ្នាំខ្មែរនៅស្រុកកំណើត ត្រូវបានពិនិត្យសុខភាព ខណៈដែលកំពុងដាក់ឲ្យនៅដាច់ដោយឡែក នៅវិទ្យាល័យជម្ពូវ័ន ភ្នំពេញ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

ភ្នំពេញ — មន្រ្តី​ពាក់ព័ន្ធ​អះអាង​ថា​ កម្មករ​រាប់​ពាន់​នាក់​នឹង​ត្រូវ​ពិនិត្យ​សុខភាព​រក​រោគ​សញ្ញា​នៃ​វីរុស​កូរ៉ូណា​ ហើយ​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ រយៈ​ពេល​១៤​ថ្ងៃ​ មុន​នឹង​អាច​ចូល​ធ្វើ​ការ​នៅ​រោងចក្រ​វិញ។​

នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​កន្លែង​ ដែល​កម្មករ​មួយ​ចំនួន​ត្រូវ​ពិនិត្យ​សុខភាព​ លោក​ ហេង​ សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា កម្មករ​រោងចក្រ​ប្រមាណ ​៣​ម៉ឺន​នាក់​ បាន​ឈប់​សម្រាក​អំឡុង​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ ក្នុង​នោះ​នៅ​ភ្នំពេញ​មាន​ចំនួន ​១៥.០០០​នាក់។​

លោក​បន្ត​ថា​ ក្រសួង​ការងារ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ​និង​ក្រសួង​សុខាភិបាល​បាន​រៀបចំ​មណ្ឌល​ត្រួត​ពិនិត្យ​សុខភាព​ចំនួន​ ១០​កន្លែង ​នៅ​ភ្នំពេញ​ ហើយ​មណ្ឌល​ត្រួត​ពិនិត្យ​សុខភាព​បណ្តោះ​អាសន្ន​នេះ​ នឹង​ត្រូវ​ដាក់​ដំណើរការ​រយៈ​ពេល ​៥​ថ្ងៃ។​ លោក​បន្ថែម​ថា ​ក្រសួង​ក៏​បាន​ត្រៀម​កន្លែង​ស្នាក់​នៅ​សម្រាប់​កម្មករ​ បើ​សិន​ពួកគេ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​រោគ​សញ្ញា​នៃ​វីរុស​កូរ៉ូណា​ ហើយ​មិនមាន​កន្លែង​ស្នាក់​នៅ។​

លោក​ ហេង សួរ​ មាន​ប្រសាសន៍​ថា៖​ «ប្រសិន​ជា​បងប្អូន​យើង​មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ទេ ​គឺ​គ្រូពេទ្យ​របស់​យើង​គាត់​នឹង​ចេញ​លិខិត​បញ្ជាក់​ថា​ គាត់​មិន​មាន​រោគ​សញ្ញា​កូវីដ​ គិត​មក​ត្រឹម​ថ្ងៃ​នេះ។​ អ៊ីចឹង​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ ​មាន​ន័យ​ថា ​អាច​នៅ​ផ្ទះ​ជួល​របស់​គាត់​ ឬ​ក៏​ផ្ទះ​គាត់​ក៏​បាន​ដែរ»។​

គិត​មក​ត្រឹម​ម៉ោង​ ១២​រសៀល​ ថ្ងៃ​ច័ន្ទ​នេះ​ លោក ​ហេង ​សួរ​ ឲ្យ​ដឹង​ថា រក​ឃើញ​កម្មករ ​២​នាក់ ​ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ​១៩។​

អ្នកស្រី​ សូ សុភក្តិ​ អាយុ ​៣៦​ឆ្នាំ​ ជា​កម្មករ​ម្នាក់​នៃ​រោងចក្រ​ Cambodia Textile Worldwide ​បាន​មក​ឲ្យ​គេ​ធ្វើ​តេស្ត​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​នៅ​វិទ្យាល័យ​ជម្ពូវ័ន​ ក្នុង​ក្រុង​ភ្នំពេញ​ តាម​ការ​ណែនាំ​របស់​រោងចក្រ។​ អ្នកស្រី​បន្ថែម​ថា ​កម្មករ​ជាង​ ១០​នាក់​ដែល​មក​ពី​រោងចក្រ​អ្នកស្រី​ ធ្វើការ​បាន​មក​ធ្វើ​តេស្ត​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

អ្នកស្រី​ សុភក្តិ​ មក​ពី​ខេត្ត​ស្វាយរៀង​ បាន​ឲ្យ​ដឹង​ទៀត​ថា ​អ្នកស្រី​ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ចំនួន ​១៤​ថ្ងៃ​ នៅ​បន្ទប់​ជួល​របស់​អ្នកស្រី។​

អានព័ត៌មានលម្អិត

20:44 20.4.2020
16x9 Image អូន ឆេងប៉រ

រដ្ឋាភិបាល​ចំណាយ​ប្រាក់​ជាង​១០​លាន​ដុល្លារ​ប្រយុទ្ធ​នឹង​កូវីដ១៩​រហូត​មក​ដល់​ពេល​នេះ​

ភ្នំពេញ — មន្រ្តី​ក្រសួង​សុខាភិបាល​អះអាង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​រាប់​សិប​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​ ហើយ​ថវិកា​ទាំង​នោះ​ក៏​បាន​មក​ពី​ការ​ចូលរួម​របស់​សាធារណជន​ផង​ដែរ ​ក្នុង​នោះ​ក៏​មាន​មន្រ្តី​រដ្ឋាភិបាល ​និង​អ្នក​ជំនួញ​នៅ​កម្ពុជា។​

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​លោកស្រី ​យក់ សម្បត្តិ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ទទួល​បន្ទុក​ថវិកា ​និង​សម្ភារៈ​ពេទ្យ ​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​បាន​ចំណាយ​លើ​ការងារ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ ​អស់​ប្រមាណ​១០,៥​លាន​ដុល្លារ​អាមេរិក ​រហូត​មក​ដល់​ពេល​នេះ ​ដែល​ក្នុង​នោះ​៤,៥​លាន​ដុល្លារ​ជា​កញ្ចប់​បម្រុង​ក្នុង​ថវិកា​ជាតិ​ដែល​មាន​សរុប​៣០​លាន​ដុល្លារ​ និង​៦​លាន​ដុល្លារ​ទៀត ​កាត់​ចេញ​ពី​កញ្ចប់​ជំនួយ​ដែល​ចូល​រួម​បរិច្ចាគ​ដោយ​សាធារណជន។​

លោកស្រី​បន្ត​ថា​ ក្នុង​ទឹក​ប្រាក់​ជំនួយ​៦​លាន​ដុល្លារ​នេះ​មាន​១​លាន​ដុល្លារ​កំពុង​ប្រើប្រាស់​សម្រាប់​ការ​ពិនិត្យ​សុខភាព ​និង​ការ​ទុក​កម្មករ​កាត់​ដេរ​ឲ្យ​នៅ​ដាច់​ដោយ​ឡែកដោយ​មាន​ការ​រំពឹង​ទុក​ថា​ពួក​គេ​ជាង​១​ម៉ឺន​នាក់ ​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កំណើត​ ត្រឡប់​ចូល​ភ្នំពេញ​វិញ ក្រោយ​បញ្ចប់​បុណ្យ​ចូល​ឆ្នាំ។​

លោក​ស្រី​បន្ថែម​ថា ​ ដោយសារ​មួយ​សប្តាហ៍​នេះ ​មិន​មាន​ករណី​ឆ្លង​ថ្មី ​ ការ​ចំណាយ​ក៏​មិន​សូវ​មាន​ធំ​ដុំ​នោះ​ទេ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​ «សម្រាប់​ឥឡូវ​នេះ ​អវិជ្ជមាន​មួយ​អាទិត្យ​នេះ​យើង​បាន​ធូរ​ស្បើយ​ខ្លះ។​យើង​សង្ឃឹម​ថា​ មួយ​អាទិត្យ​ទៀត ​ បើ​យើង​អវិជ្ជមាន​ទៀត ​ យើង​សល់​ថវិកា​ច្រើន។​ យើង​មិន​មាន​ចំណាយ​អ្វី​ធំ​ដុំ​ទេ»។​

អានព័ត៌មានលម្អិត

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG