មន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃច័ន្ទនេះ លើកឡើងថា ក្រសួងបានធ្វើតេស្តរកវីរុសកូរ៉ូណាលើក្រុមមនុស្សដែលសង្ស័យទាំងអស់ ហើយរកមិនឃើញករណីឆ្លងថ្មីនោះទេ ក្នុងរយៈពេលជាង២សប្តាហ៍នេះ។
ប៉ុន្តែពួកគេបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នជានិច្ច ខណៈមន្រ្តីអង្គការសុខភាពពិភពលោក(WHO)ប្រចាំនៅកម្ពុជាជំរុញឲ្យត្រៀមខ្លួនសម្រាប់ការប្រយុទ្ធប្រឆាំងរយៈពេលវែង។
ក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃច័ន្ទនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា ជាង២សប្តាហ៍មកនេះ មិនមានករណីឆ្លងថ្មីនៃវីរុសកូរ៉ូណានោះទេ ហើយការព្យាបាលជាសះស្បើយបានកើនទៅដល់១១៩នាក់ គឺនៅសល់អ្នកជំងឺកូវីដ១៩ តែ៣នាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោក ម៉ម ប៊ុនហេង អំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ បើទោះពួកគេចាប់ផ្តើមបើកការរកស៊ីឡើងវិញក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ដូច្នេះក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងសូមមេត្តាកុំយល់ច្រឡំថា ប្រទេសកម្ពុជាអស់មានការរាតត្បាតវីរុសកូវីដ១៩ឲ្យសោះ»។
លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា៖ «ដូច្នេះមានតែការប្រុងប្រយ័ត្នមួយគត់ កុំឲ្យឆ្លងទៅសហគមន៍។ មិនបាច់សួរថាគ្រោះថ្នាក់ខ្ពស់ គ្រោះថ្នាក់ទាប គ្រោះថ្នាក់ខ្សោយអីទេ»។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា គេមិនអាចទស្សន៍ទាយអំពីជំងឺកូវីដ១៩នេះដូចជំងឺគ្រុនចាញ់ ឬគ្រុនឈាមនោះទេ ដូច្នេះលោកមិនដឹងថា វាចប់នៅពេលណានោះទេ។ លោកបន្ថែមថា អាកាសធាតុក្តៅ និងភ្លៀងនៅកម្ពុជាមិនអាចទប់ស្កាត់វីរុសកូរ៉ូណាបានឡើយ។
តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី Li Ailan បានថ្លែងថា កម្ពុជាត្រូវតែប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវតែត្រៀមឲ្យបានត្រឹមត្រូវមុននឹងដាក់ដំណើរការការរកស៊ីឡើងវិញ ការបើកសាលារៀន និងការធ្វើដំណើរជាដើម។
លោកស្រីបន្តថា ប្រជាជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារជំងឺនេះមិនទាន់បញ្ចប់នៅក្នុងពិភពលោកនោះទេ ហើយលទ្ធភាពឆ្លងតាមសហគមន៍នៅតែមាន។
លោកស្រីបានថ្លែងថា៖ «ប្រទេសកម្ពុជាបំពេញការងារបានយ៉ាងល្អណាស់ក្នុងការឆ្លើយតបនឹងការឆ្លង១២២នាក់ដំបូង។ យើងមិនមានករណីឆ្លងថ្មីនោះទេ ហើយវាជាដំណឹងល្អ។ ប៉ុន្តែដូចខ្ញុំបាននិយាយហើយថា យើងត្រូវតែរួចរាល់សម្រាប់ការប្រយុទ្ធប្រឆាំងរយៈពេលវែង ពីព្រោះវីរុសកូរ៉ូណានេះនឹងមិនសាបសូន្យលឿននោះទេ»។
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា វីរុសកូរ៉ូណានេះអាចឆ្លងលឿន ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច។
លោកស្រីមានប្រសាសន៍ថា៖ «ប៉ុន្តែអ្វីដែលយើងចង់បញ្ជាក់ជូនសាធារណជនគឺស្ថានភាពរបស់យើងស្ថិតក្នុងAlarming មានន័យថា ស្ថិតក្នុងស្ថានភាពមួយដែលយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច។ បើយើងនិយាយមួយបែបទៀតថា ហានិភ័យរបស់យើងហានិភ័យរបស់បុគ្គលម្នាក់ៗគឺមិនទាបទេ»។
បើតាមក្រសួងសុខាភិបាលការធ្វើតេស្តសំណាកនៅកម្ពុជា សរុបមានចំនួន១១.៥៧៦គិតចាប់ពីខែមករាមកដល់ថ្ងៃទី២៦ខែមេសា។ កាលពីថ្ងៃច័ន្ទសប្តាហ៍មុន ក្រសួងសុខាភិបាលបានប្រកាសថាសំណាកដែលបានធ្វើតេស្តសរុបមានចំនួនជាង៩.៧៩២។ ដូច្នេះ ប្រមាណមួយសប្តាហ៍នេះ ក្រសួងសុខាភិបាលបានធ្វើតេស្តសំណាកប្រមាណ១.៧៨០។
អ្នកនាំពាក្យក្រសួងសុខាភិបាលម្នាក់ទៀត លោក លី សូវ៉ាន់ មានប្រសាសន៍ថា ក្នុងចំណោមសំណាកជាង១.៧០០ មនុស្សប្រមាណ១.៥០០នាក់ត្រូវបានធ្វើតេស្តក្នុងនោះមានអ្នកសង្ស័យអ្នកប៉ះពាល់ដោយផ្ទាល់ ឬប្រយោល និងកម្មកររោងចក្រកាត់ដេរជាង១០០នាក់ដែលត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណា។
បើតាមលោក លី សូវ៉ាន់ កម្ពុជាមានប្រព័ន្ធតាមដានជាប្រចាំលើជំងឺផ្តាសាយ និងជំងឺសួតដែលលោកថាមិនមានការកើនឡើងជំងឺសួតគួរឲ្យកត់សម្គាល់នោះទេ។
លោកមានប្រសាសន៍ថា៖ «រហូតមកដល់ពេលនេះ យើងអត់ទាន់ឃើញថា ជំងឺរលាកសួតរបស់យើងមានការកើនឡើងខុសធម្មតានៅឡើយទេ។ តាមទិន្នន័យដែលយើងពិគ្រោះជំងឺហ្នឹង ក៏អត់មានឃើញការកើនឡើងគួរឲ្យកត់សម្គាល់ដែរ។ អ៊ីចឹងមានន័យថា ទិន្នន័យដែលយើងប្រមូលគ្រប់ជ្រុងជ្រោយហ្នឹងបញ្ជាក់ថា យើងពិតជាគ្មានករណីហ្នឹង[ឆ្លងថ្មី]នៅក្នុងប្រទេសរបស់យើងទេ»។
បើតាម លោក ម៉ម ប៊ុនហេង ក្រសួងសុខាភិបាលមានក្រុមឆ្លើយតបបន្ទាន់ប្រមាណ២.៩១០នាក់ នៅតាមមូលដ្ឋាន ដែលលោកថា ក្រុមនេះធ្វើការងារបានល្អ។
លោកមានប្រសាសន៍ថា៖ «ក្រុមឆ្លើយតបបន្ទាន់នេះបានធ្វើលំហាត់ច្រើនលើកច្រើនសា។ ដូច្នេះបានយើងឃើញថា ឆ្លើយតបកូវីដនេះបានរហ័ស។ ដោយសារអ្នកទាំងនោះមានភាពប៉ិនប្រសប់ហើយឆ្លើយតបបានរហ័ស។ គេកំពុងធ្វើការងារហ្នឹង មិនមែនចាំដល់មានបញ្ហា យើងធ្វើទេ។ យើងត្រៀមលក្ខណៈជានិច្ច»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រុមការងារសុខាភិបាលបានត្រួតពិនិត្យសុខភាពកម្មកររោងចក្រកាត់ដេរជាង៥ពាន់នាក់ ហើយក្នុងនោះមានតែ ១១២ នាក់ប៉ុណ្ណោះដែលត្រូវបានធ្វើតេស្តរកវីរុសកូរ៉ូណា ហើយពួកគេមានលទ្ធផលអវិជ្ជមាន។
អ្នកនាំពាក្យក្រសួងសុខាភិបាលម្នាក់ទៀត លោកស្រី យក់ សម្បត្តិ មានប្រសាសន៍ថាចំនួនជនបរទេសធ្វើដំណើរចូលមកកម្ពុជា មានតិចតួចណាស់នាពេលនេះ។ លោកស្រីបញ្ជាក់ថានៅថ្ងៃខ្លះនៅភ្នំពេញ មានតែ៥ទៅ៦នាក់ប៉ុណ្ណោះនៅក្រុងព្រះសីហនុ មាន១០ទៅ១៥នាក់ ហើយនៅខេត្តសៀមរាប មិនមាននោះទេ។ លោកស្រីបន្តថា ជនបរទេសដែលចូលមកកម្ពុជាត្រូវមានបណ្ណសុខភាពបញ្ជាក់ថា មិនមានជំងឺកូវីដ១៩ រយៈពេល៧២ម៉ោង មានលិខិតធានារ៉ាប់រងសុខភាព ដែលមានទឹកប្រាក់៥ម៉ឺនដុល្លារ និងត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕