ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

២០:៤២ ២០.៤.២០២០

មន្រ្តី​ WHO ​និង​មន្រ្តី​សុខាភិបាល​កម្ពុជា​អំពាវនាវ​ឲ្យ​បន្ត​ប្រុង​ប្រយ័ត្ន ទោះ​មិន​មាន​ករណី​ឆ្លង​ថ្មី

ភ្នំពេញ — ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​ថា​មិន​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​ ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ​ទេ ប៉ុន្តែ​មន្រ្តី​អង្គការ​សុខភាព​ពិភព​លោក​ (WHO)​ និង​មន្រ្តី​សុខាភិបាល​កម្ពុជា​នៅ​តែ​ព្រមាន​ថា លទ្ធភាព​នៃ​ឆ្លង​ទ្រង់ទ្រាយ​ធំ​នៅតែ​ជា​ហានិភ័យ​ខ្ពស់​ ដែល​ទាមទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដូច​មុន។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្តីពី​ជំងឺ​កូវីដ​១៩​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​លោក​ ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ថ្លែង​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​១៩​ ខែ​មេសា​នេះ​ កម្ពុជា​រក​មិន​ឃើញ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ​១៩​នោះ​ទេ។​ លោក​បន្ត​ថា​ បើ​ទោះ​បី​ជា​មិន​មាន​តេស្ត​វិជ្ជមាន​ក្នុង​រយៈពេល​ជាង​មួយ​សប្តាហ៍​នេះ​ក្តី​ ក៏​លោក​នៅ​តែ​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​និង​មាន​អនាម័យ​ខ្ពស់។

«មក​ទល់​ពេល​នេះ​គ្មាន​ថ្នាំ​លេប ​ឬ​ចាក់​ព្យាបាល​នៅ​ឡើយ​ទេ។​ សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​យក​ជាប់​ជាមួយ​នូវ​ម៉ាស​ទឹក​អាល់កុល​ ឬ​ទឹក​ជែល​សម្លាប់​មេរោគ​និង​បាក់តេរី​ ហើយ​ឧស្សាហ៍​ដុស​លាង​សម្អាត​ដៃ​ជា​ប្រចាំ។ ​សូម​កុំ​ឲ្យ​មាន​ការ​សោកស្តាយ​ធ្លាក់​មក​លើ​ខ្លួន​យើង ​និង​ក្រុម​គ្រួសារ​យើង​ឲ្យ​សោះ​ ដោយសារ​តែ​ការ​ធ្វេស​ប្រហែស​ និង​មើល​ស្រាល​ជំងឺ​ឆ្លង​កូវីដ​១៩»។​

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ សរុប​ចំនួន​ ១២២​នាក់​ ក្នុង​នោះ​មាន​អ្នក​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន​ ១០៧​នាក់ ដែល​មាន​ជាង ​៨៥​ភាគរយ​នៃ​អ្នក​ឆ្លង​វីរុស​នេះ។

លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ​អ្នក​នាំពាក្យក្រសួង​សុខាភិបាល​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា​ ប្រជាជន​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដដែល​ ពី​ព្រោះ​ជំងឺ​នេះ​អាច​រាតត្បាត​លឿន ប្រសិន​បើ​មាន​ការ​ឆ្លង​ទៅ​សហគមន៍។

លោកស្រី​បញ្ជាក់​ថា៖​ «យើង​ស្ថិត​នៅ​ក្នុង​ខ្សែ​បន្ទាត់​ក្រហម​ អ៊ីចឹង​ជើង​របស់​យើង​កុំ​ឲ្យ​ចេញ​ពី​ខ្សែ​បន្ទាត់​ក្រហម​ឲ្យ​សោះ។​ ធ្វើ​ម៉េច​ឲ្យ​នៅ​ប៉ុណ្ណឹង»។​

អានព័ត៌មានលម្អិត

២២:៥៧ ១៦.៤.២០២០

រដ្ឋាភិបាល​កម្ពុជាបញ្ចប់​កំហិត​ធ្វើ​ដំណើរ​នៅ​ទូទាំង​ប្រទេស​

រដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បញ្ចប់កំហិត​ធ្វើ​ដំណើរ​នៅ​ទូទាំង​ប្រទេស ដែល​ធ្វើ​ឡើង​ជិត​មួយ​សប្តាហ៍​មក​ហើយ។

ក្នុង​សេចក្តី​សម្រេច​មួយ​ចុះ​ថ្ងៃ​ទី​១៦ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ថាការបញ្ចប់​សុពលភាព​បទ​បញ្ជា ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​៦​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ គឺ​១៨​ម៉ោង មុន​ម៉ោង​កំណត់។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ដក​កំហិត​មុន​ម៉ោង​នេះ ធ្វើ​ឡើង​តាមតម្រូវ​ការ​ជាក់​ស្តែង​ក្នុង​ការ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ជៀស​វាង​ការ​កក​ស្ទះ​ដោយសារ​ការ​រង់ចាំ​បើក​ចរាចរណ៍​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ឡើង​វិញ។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​ប្រាប់​VOA​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា​កម្លាំង​បាន​ដក​របាំង​ផ្លូវ ចាប់​តាំង​ពី​ម៉ោង​៤​ឬ​៥​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក​បន្ត​ថា​ប្រជាពលរដ្ឋ​បាន​គោរពបទ​បញ្ជា​នេះ ហើយ​គ្មាន​ការ​ប្រឆាំង​តបត​នឹង​បំរាម​នេះ​ទេ។ ប៉ុន្តែ​លោក​ថា​កម្មករ​នៅ​តែ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​តូចៗ​ក្នុង​ភូមិ​បាន។

លោកមាន​ប្រសាសន៍​ថា៖ «ជា​គោល​ការណ៍​យើង​អត់​អនុគ្រោះ​ទេ ប៉ុន្តែ​ជា​គោល​ការណ៍​ប្អូនត្រូវ​យល់​ថា យើង​បិទ​ច្រក​ធំ ប៉ុន្តែ​គាត់​កាត់​តាម​ផ្លូវ​វាល​ស្រែ វាល​អី យើង​មិន​អាច​ដាក់​កម្លាំង រាយ​របង ដូច​សហរដ្ឋអាមេរិក​ជាមួយ​ម៉ិកស៊ីកូ»។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ក៏​មាន​ការ​អនុគ្រោះ​ផង​ដែរ​ចំពោះ​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន ប្រសិន​បើ​មាន​ការ​ពន្យល់ហេតុ​ផល​ត្រឹម​ត្រូវ ដោយ​សារនេះ​គ្រាន់​តែ​ជា​ការ​កំហិត​ធ្វើ​ដំណើរ មិន​មែន​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន។ លោក​បន្ត​ថា លោក​មិន​ដឹង​ថា​តើ​រដ្ឋាភិបាល​នឹង​ដាក់​កំហិត​នេះ​ត​ទៀត ​ឬ​យ៉ាងណា។

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​១៥ ខែមេសា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ ចាត់​វិធាន​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​១៤​ថ្ងៃ សម្រាប់​កម្មករ​កម្មការិនី​ដែល​នឹង​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ ក្រោយ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា៖ «ស្ថានភាព​ជំងឺ​កូវីដ​១៩ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដែល​យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ដើម្បី​កុំ​ឲ្យ​មាន​ការ​ចម្លង​រាត​ត្បាត​ចូល​ក្នុង​សហគមន៍»។ ក្រសួង​បន្ត​ថា កម្មករដែល​ត្រឡប់​មក​វិញ ត្រូវ​នៅ​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ​ជា​ចាំបាច់ និងត្រូវត្រួត​ពិនិត្យ​តាម​ដាន​សុខភាព​ពីក្រុម​គ្រូពេទ្យ​នៃ​ក្រសួង​ការងារ។

គួរ​បញ្ជាក់​ថា ការដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ដែល​ជា​បទ​បញ្ជា​មួយ ត្រូវ​បាន​មើល​ឃើញ​ថា មាន​គោល​ដៅ​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ទៅ​ស្រុក​កំណើត ដើម្បី​បញ្ចៀស​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។ កំហិត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​យប់​ថ្ងៃ​ទី​៩ ខែមេសា៕

០១:៥៩ ១៥.៤.២០២០

មនុស្ស​១៤​នាក់​ទៀតនៅ​កម្ពុជា​ជា​សះស្បើយ​ពី​កូរ៉ូណា ​ខណៈ​ WHO ​ណែនាំ​ឲ្យ​បន្ត​តាម​ដាន​សុខភាព

ភ្នំពេញ — ក្រសួង​សុខាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ថា​អ្នក​ជំងឺ​កូវីដ​ចំនួន​១៤​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ ដែល​សរុប​អ្នក​ជា​សះ​ស្បើយ​កើន​ឡើង​ទៅ​ដល់​៩១​នាក់​គឺ​ជាង​៧០​ភាគរយ​នៃ​អ្នក​ជំងឺ​សរុប។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​ មិន​មាន​ករណី​ឆ្លង​ថ្មី​រក​ឃើញ​នៅ​ថ្ងៃ​អង្គារ​នេះ​ទេ។ ​ ករណី​សរុប​នៃ​ការ​ឆ្លង ​មាន​១២២​នាក់។​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ​ អ្នក​ជា​សះស្បើយ​ទាំង​១៤​នាក់​នោះ​មាន​ខ្មែរ​២​នាក់​បរទេស​១២​នាក់ ​ដែល​១០​នាក់ ​ជា​ក្រុម​អ្នក​ទេសចរ​ជនជាតិ​បារាំង​ទៅ​លេង​ខេត្ត​ព្រះ​សីហនុ​និង​រក​ឃើញ​ថា​ផ្ទុក​វីរុស​កូរ៉ូណា​នៅ​ទីនោះ។ ​ ជន​បរទេស​២​នាក់​ទៀត​គឺ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី ​ដែល​ត្រូវ​បាន​រាយ​ការណ៍​ថា​មិន​មាន​ថវិកា​ព្យាបាល​ជំងឺ​ហើយ​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ​តាម​ច្រក​ប៉ោយ​ប៉ែត​មក​ព្យាបាល​នៅ​ក្នុង​ខេត្ត​សៀមរាប។ ​ ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រាប់​VOA​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​មីនា​ថា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​២​នាក់​នោះ​ស្នាក់​នៅ​ក្រុង​ប៉ោយប៉ែត ​តាំង​ពី​ឆ្នាំ​២០១៥។​

ចំណែក​ខ្មែរ​២នាក់​ដែល​ជា​សះ​ស្បើយ​នោះ​គឺ​ជា​មគ្គុទេសក៍​ឲ្យ​ក្រុម​អ្នក​ទេសចរ​ជា​ជនជាតិ​បារាំង​នៅ​ខេត្ត​ព្រះ​សីហនុ។ ​ពួក​គេ​ត្រូវ​បាន​ធ្វើ​តេស្ត​អវិជ្ជមាន​២​លើក។​

កន្លង​ទៅ ​ក្រសួង​សុខាភិបាល​បាន​រាយ​ការណ៍​ថា ​ អ្នក​ជំងឺ​ម្នាក់​បាន​ជា​សះស្បើយ​ហើយ​ ប៉ុន្តែ​កើត​ជំងឺ​នេះ​ឡើង​វិញ។ ​

លោកស្រី​ឱ វណ្ណឌីន ​អ្នក​នាំពាក្យ​របស់​ក្រសួង​សុខាភិបាល​ មាន​ប្រសាសន៍​ថា​ កាល​ណា​ក្រសួង​រក​ឃើញ​អ្នក​ជំងឺ​អវិជ្ជមាន​២​ដង ​ ពួក​គេ​ជា​ករណី​ជា​សះស្បើយ​ហើយ​នេះ​ជា​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក។​លោក​ស្រី​បន្ត​ថា​អ្នក​ដែល​ជា​សះ​ស្បើយ ​ត្រូវ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​និង​ត្រូវ​ធ្វើ​តេស្ត​ឡើង​វិញ​ ក្រោយ​១៤​ថ្ងៃ។​

អ្នក​នាំ​ពាក្យ​រូប​នោះ​បញ្ជាក់​ថា​ កូរ៉ូណា​ជា​វីរុស​ថ្មី ​ដែល​ត្រូវ​មាន​ការ​សិក្សា​ហេតុ​អ្វី​បាន​អ្នក​ជំងឺ​ជា​សះ​ស្បើយ ​ហើយ​កើត​ឡើង​ជំងឺ​នេះ​វិញ។​

អានព័ត៌មានលម្អិត

០៤:០២ ១៤.៤.២០២០

មន្រ្តី​ WHO៖ កម្ពុជា​ចាំ​បាច់​ត្រៀម​សម្រាប់​ការ​ឆ្លង​វីរុស​កូរ៉ូណា​ទ្រង់ទ្រាយ​ធំ ​បង្កើន​សម្ភារៈ​ការពារ​និង​គ្រូពេទ្យ

ភ្នំពេញ — មន្រ្តី​អង្គការ​សុខភាព​ពិភព​លោក (WHO) ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាំ​បាច់​ត្រៀម​សម្រាប់​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​ ប្រសិន​បើ​វីរុស​កូរ៉ូណា​នេះ​រាតត្បាត​ និង​ឆ្លង​ដល់​សហគមន៍​ ខណៈ​ក្រសួង​សុខាភិបាល​កម្ពុជា​បញ្ជាក់​ថា ​ករណី​ឆ្លង​នៅ​ភ្នំពេញ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​អាច​ជា​ការ​ឆ្លង​ទៅ​សហគមន៍​ទ្រង់​ទ្រាយ​តូច។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដែល​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា ក្រោយ​មាន​ការ​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ លោកស្រី​ Li Ailan​ តំណាង​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​កម្ពុជា​បាន​បំពេញ​ការងារ​ល្អ​មក​ដល់​ពេល​នេះ តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក ​ប៉ុន្តែ​លោកស្រី​ថា​មាន​ការ​ងារ​ច្រើន​ត្រូវ​បំពេញ​បន្ថែម ​ដើម្បី​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ចម្លង​ទៅ​សហគមន៍​ទ្រង់ទ្រាយ​ធំ​ ក្នុង​នោះ​មាន​ការបង្កើន​សម្ភារៈ​ការពារ​ខ្លួន ​[PPE]​ ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម ​[Ventilator]​ និង​គ្រូពេទ្យ​ជំនាញ​ជា​ដើម។​

លោកស្រី​បាន​ថ្លែង​ថា៖​ «ជា​ឧទាហរណ៍​ថា​តើ​យើង​មាន​គ្រែ​មន្ទីរ​ពេទ្យ​គ្រប់គ្រាន់​ហើយ​ ឬ​នៅ​សម្រាប់​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​ធ្ងន់ធ្ងរ?​ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​យើង​បាន​ត្រៀម​សម្រាប់​ចំណុច​នេះ​ថា​តើ​យើង​មាន​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម ​(Ventilator)​ គ្រប់គ្រាន់​ឬ​នៅ?​ តើ​យើង​មាន​សម្ភារៈ​ការពារ​ខ្លួន (PPE)​ គ្រប់គ្រាន់​ហើយ​ឬ​នៅ​ ដោយសារ​ប្រទេស​ជា​ច្រើន​មាន​បទ​ពិសោធន៍​ខ្វះ​សម្ភារៈ​ការពារ​ខ្លួន។​ហើយ​ថា​តើ​យើង​មាន​សណ្ឋាគារ​ឬ​ក៏​កន្លែង​ផ្សេងៗ​សម្រាប់​ករណី​ស្រាល​ហើយ​ឬ​នៅ?​ ហើយ​អ្វី​ជា​សំខាន់ ​គឺ​ថា​ពេទ្យ​ព្យាបាល ​ឬ​ក្រុម​ឆ្លើយ​តប​បន្ទាន់​ត្រូវ​តែ​ពង្រីក ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ឆ្លង​ទ្រង់​ទ្រាយ​ធំ។​ សម្រាប់ចំណុច​នេះ​អង្គការ​សុខភាព​ពិភពលោក​បាន​ធ្វើ​ការ​ជាមួយ​ក្រសួង​សុខាភិបាល​ និង​ផ្នែក​ផ្សេង​ទៀត​ ដើម្បី​ធានា​ថា ​យើង​បាន​ត្រៀម​ល្អ​ប្រសើរ»។

លោកស្រី​បន្ថែម​ថា៖​ «អាទិភាព​ចម្បង ​គឺ​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ចម្លង​ទ្រង់ទ្រាយ​ធំ​ ពី​ព្រោះ​កម្ពុជា​ប្រហែល​នឹង​ប្រឈម​ការ​ចម្លង​តាម​សហគមន៍។​ ទោះ​មិន​មែន​ពេល​នេះ ​តែ​យើង​ត្រូវ​តែ​ត្រៀម​សម្រាប់​អនាគត»។

អានព័ត៌មានលម្អិត

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG