មន្រ្តីក្រសួងសុខាភិបាលអះអាងនៅថ្ងៃច័ន្ទនេះថារដ្ឋាភិបាលបានត្រៀមថវិការាប់សិបលានដុល្លារអាមេរិកដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានៅកម្ពុជា ហើយថវិកាទាំងនោះក៏បានមកពីការចូលរួមរបស់សាធារណជនផងដែរ ក្នុងនោះក៏មានមន្រ្តីរដ្ឋាភិបាល និងអ្នកជំនួញនៅកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃច័ន្ទនេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុកថវិកា និងសម្ភារៈពេទ្យ ឲ្យដឹងថារដ្ឋាភិបាលបានចំណាយលើការងារទប់ស្កាត់ជំងឺកូវីដ១៩ អស់ប្រមាណ១០,៥លានដុល្លារអាមេរិក រហូតមកដល់ពេលនេះ ដែលក្នុងនោះ៤,៥លានដុល្លារជាកញ្ចប់បម្រុងក្នុងថវិកាជាតិដែលមានសរុប៣០លានដុល្លារ និង៦លានដុល្លារទៀត កាត់ចេញពីកញ្ចប់ជំនួយដែលចូលរួមបរិច្ចាគដោយសាធារណជន។
លោកស្រីបន្តថា ក្នុងទឹកប្រាក់ជំនួយ៦លានដុល្លារនេះមាន១លានដុល្លារកំពុងប្រើប្រាស់សម្រាប់ការពិនិត្យសុខភាព និងការទុកកម្មករកាត់ដេរឲ្យនៅដាច់ដោយឡែកដោយមានការរំពឹងទុកថាពួកគេជាង១ម៉ឺននាក់ បានធ្វើដំណើរពីស្រុកកំណើត ត្រឡប់ចូលភ្នំពេញវិញ ក្រោយបញ្ចប់បុណ្យចូលឆ្នាំ។
លោកស្រីបន្ថែមថា ដោយសារមួយសប្តាហ៍នេះ មិនមានករណីឆ្លងថ្មី ការចំណាយក៏មិនសូវមានធំដុំនោះទេ។
លោកស្រីមានប្រសាសន៍ថា៖ «សម្រាប់ឥឡូវនេះ អវិជ្ជមានមួយអាទិត្យនេះយើងបានធូរស្បើយខ្លះ។យើងសង្ឃឹមថា មួយអាទិត្យទៀត បើយើងអវិជ្ជមានទៀត យើងសល់ថវិកាច្រើន។ យើងមិនមានចំណាយអ្វីធំដុំទេ»។
នៅពេលសួរថា តើថវិកាធនធានដែលមានស្រាប់អាចគ្រប់គ្រាន់សម្រាប់ចំណាយបានយូរប៉ុណ្ណា លោកស្រីយក់ សម្បត្តិបានបញ្ជាក់យ៉ាងខ្លីថា៖«អត់អីទេ»។
ក្រសួងសុខាភិបាលឱ្យដឹងថា ថវិកាបានយកទៅប្រើប្រាស់បញ្ជាទិញសម្ភារៈពេទ្យ ដូចជាម៉ាសN95 ម៉ាសវេជ្ជសាស្ត្រធម្មតាសរុប១១លានម៉ាសសម្លៀកបំពាក់ការពារខ្លួនរបស់ពេទ្យ(PPE) សរុបចំនួន៣៥០០០កំផ្លេ ដែលសម្ភារៈបច្ចេកទេសទាំងនេះត្រូវស្ដុកទុកនៅឃ្លាំងរដ្ឋចំនួនពីរកន្លែងដើម្បីផ្គត់ផ្គង់តម្រូវការព្យាបាលក្នុងប្រទេស។
បើតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះកាលពីថ្ងៃសុក្រសប្តាហ៍ មុន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធចំនួន ១៤ .៧៥១នាក់ បានបរិច្ចាគប្រាក់ខែរបស់ខ្លួន ដោយផ្នែកនិងទាំងស្រុងដើម្បីចូលរួមប្រយុទ្ធនឹងជំងឺឆ្លងនេះ។ សរុបថវិកាដែលបានមកពីសាធារណជន មានប្រមាណ១៣,៥លានដុល្លារអាមេរិក គិតត្រឹមថ្ងៃច័ន្ទនេះ បន្ថែមពីលើកញ្ចប់ទឹកប្រាក់បម្រុងទុកចំនួន៣០លានដុល្លាររបស់រដ្ឋាភិបាល។
បណ្ដាប្រទេសដទៃទៀត និងដៃគូអភិវឌ្ឍន៍នានាក៏បានផ្ដល់ជំនួយជាសម្ភារៈ និងសាច់ប្រាក់ផងដែរ ដោយក្នុងនោះប្រទេសចិនបានផ្ដល់ជំនួយ១៨កញ្ចប់ធំៗ ដែលមានជាសម្ភារៈពេទ្យ សហរដ្ឋអាមេរិកផ្ដល់ជំនួយ២,១លានដុល្លារប្រទេសអាល្លឺម៉ង់ផ្ដល់ជំនួយ១,៦លានដុល្លារធនាគារពិភពលោកផ្ដល់ជំនួយ២០លានដុល្លារជាបរិក្ខារបច្ចេកទេស និងជប៉ុនសន្យាជួយ២០លានដុល្លារអាមេរិក។
បើតាមលោកស្រី យក់ សម្បត្តិ ភ្នាក់ងារក្រុមគ្រូពេទ្យនៅជួរមុខ និងជួរក្រោយ ប្រមាណ៣ពាន់នាក់បានទទួលប្រាក់បៀវត្សរ៍បន្ថែម ក្នុងម្នាក់ៗចំនួន៥០ដុល្លារអាមេរិកក្នុងមួយថ្ងៃ។
លោក សន ជ័យ នាយកប្រតិបត្តិប្រចាំប្រទេសកម្ពុជានៃសម្ព័ន្ធភាពគណនេយ្យសង្គម(ANSA)បានលើកឡើងថា គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ គួរផ្ដល់ព័ត៌មានឱ្យមានតម្លាភាពជាប្រចាំដល់សាធារណជនជាម្ចាស់ជំនួយអំពីចំណូលចំណាយនិងការចាត់ចែងថវិការបស់ខ្លួនផងដែរ។
មន្ត្រីសង្គមស៊ីវិលរូបនេះបានប្រាប់VOAកាលពីសប្តាហ៍មុនថា៖ «យើងចង់ឃើញនោះ គឺតួអង្គពាក់ព័ន្ធផ្សេងៗហ្នឹងគឺមានបច្ចុប្បន្នភាពនៃការវិវត្តនៃការប្រើប្រាស់មធ្យោបាយ ឬក៏ការប្រើប្រាស់ថវិកាជាប្រចាំ ជាប្រចាំអាចថាជាការធ្វើបច្ចុប្បន្នភាពប្រចាំសប្ដាហ៍ ពីចំណូលហើយនិងចំណាយដើម្បីជាប្រយោជន៍នៃការលើកទឹកចិត្តទៅដល់អ្នកដែលផ្ដល់ជំនួយសប្បុរសធម៌»។
មន្ត្រីអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជាគឺលោកស្រី Li Ailan នៅព្រឹកថ្ងៃច័ន្ទនេះបានព្រមានថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា កំពុងស្ថិតនៅដំណាក់កាលដំបូងប៉ុណ្ណោះ និងអំពាវនាវឲ្យមានការប្រុងប្រៀប ប្រយ័ត្នប្រយែងបន្តទៀត។
កាលពីសប្តាហ៍មុន លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក(WHO)ប្រចាំនៅកម្ពុជា បានជំរុញកម្ពុជាឲ្យត្រៀមខ្លួនជាស្រេចសម្រាប់ការចម្លងទៅសហគមន៍ទ្រង់ទ្រាយធំ ក្នុងនោះមានការបង្កើនសម្ភារៈការពារខ្លួន[PPE] ឧបករណ៍ជំនួយផ្លូវដង្ហើម[Ventilator] និងគ្រូពេទ្យជំនាញជាដើម៕