ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​​នៅ​​ភ្នំពេញ​​ចាប់​ផ្តើម​​ចេញ​​ធ្វើ​​ដំណើរ​​និង​​រក​​ស៊ី​​ឡើង​​វិញ ខណៈ​​រដ្ឋាភិបាល​​បន្ត​​ព្រមាន​​ពី​​ហានិភ័យ​​វីរុស​​កូរ៉ូណា


អ្នកស្រី ពិន នារី លក់​គុយទាវ​ឆា និង​បបរ​នៅ​កែង​ផ្លូវ​មួយ​ជិត​ស្នាក់ការ​សង្កាត់​ចតុមុខ ដែល​បាន​ផ្អាក​ជាង​មួយ​ខែដោយសារ​ជំងឺ​កូវីដ​១៩ កំពុង​បើក​លក់​ឡើង​វិញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
អ្នកស្រី ពិន នារី លក់​គុយទាវ​ឆា និង​បបរ​នៅ​កែង​ផ្លូវ​មួយ​ជិត​ស្នាក់ការ​សង្កាត់​ចតុមុខ ដែល​បាន​ផ្អាក​ជាង​មួយ​ខែដោយសារ​ជំងឺ​កូវីដ​១៩ កំពុង​បើក​លក់​ឡើង​វិញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

ពលរដ្ឋ​និង​អ្នក​រកស៊ី​មួយ​ចំនួន​ចាប់​ផ្តើម​ចេញ​ក្រៅ និង​បើក​ការ​រកស៊ី​ឡើង​វិញ​ ក្រោយ​បាន​ផ្អាក​មួយ​រយៈដោយសារ​ជំងឺ​កូវីដ១៩​ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​តែ​ព្រមាន​ពី​ហានិភ័យ​ខ្ពស់​នៃ​ការ​រាត​ត្បាត​នៃ​វីរុស​នេះ ​ ប្រសិន​បើ​ពលរដ្ឋ​បាត់បង់​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ការពារ​ខ្លួន។​

គិត​មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ​គឺ​មាន​រយៈ​ពេល​ពីរ​សប្តាហ៍​ជាប់​គ្នា​ ដែល​កម្ពុជា​រក​មិន​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ទៀត។ ​អ្នក​ជា​សះ​ស្បើយ​មាន​ទៅ​ដល់​១១៩​នាក់​ គឺ​នៅ​សល់​អ្នក​ជំងឺ​នេះ​តែ​៣​នាក់​ប៉ុណ្ណោះ។​

ប៉ុន្មាន​ថ្ងៃ​មក​នេះ គេឃើញ​ចរាចរណ៍​តាម​ដង​ផ្លូវ​មាន​ភាព​អ៊ូអរ​ឡើង​វិញ។ ​ចំណែក​អ្នក​លក់ដូរ​មួយ​ចំនួន​ដែល​បាន​ផ្អាក​នា​ពេល​កន្លង​ទៅ ​ដោយ​សារ​ការ​កើន​ឡើង​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​បាន​ចាប់​ផ្តើម​បើក​ការ​រក​ស៊ី​ឡើង​វិញ។​

កំពុង​អង្គុយ​លក់​គុយ​ទាវ​ឆា ​និង​បបរ​នៅ​កែង​ផ្លូវ​មួយ​ជិត​ស្នាក់ការ​សង្កាត់​ចតុមុខ​អ្នកស្រី​ ពិន នារី ​មាន​ប្រសាសន៍​ថា ​អ្នកស្រី​បាន​ចាប់​ផ្តើម​បើក​លក់​វិញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បន្ទាប់​ពី​ផ្អាក​អស់​រយៈ​ពេល​ជាង​មួយ​ខែ ​ដោយ​សារ​ជំងឺ​កូវីដ១៩។ ​អ្នកស្រី​ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​អ្នកស្រី​សម្រេច​បើក​លក់​វិញ ​ដោយសារ​បញ្ហា​ជីវភាព​និង​ការ​ឆ្លង​ជំងឺ​នេះ​មាន​សភាព​ស្ងប់ស្ងាត់។​

អ្នកស្រី នារី ថ្លែងថា៖ «សម្រេច​ថា​ផ្អាក​លក់​លក់​វា​អត់​សូវ​ដាច់។​ លក់​វា​អត់​សូវ​ដាច់​ហើយ​យើង​មិន​គួរ​ណា​មក​ប្រឈម​ទៀត​ ប្រឈម​ជា​មួយ​អាកូវីដ​ហ្នឹង។ ​ហើយ​យើង​លក់​អត់​សូវ​បាន​លុយ​ប៉ុន្មាន​ទេ​ ព្រោះ​វា​អត់​សូវ​ដាច់។ ​ហើយ​កូន​ថា​ ម៉ាក់​ឯង​លក់​អត់​សូវ​ដាច់​ដដែល ​សម្រាក​សិន​ទៅ! ដល់​ឥឡូវ​ចូល​ឡើង​វិញ​ហ្នឹង​ យើង​ចាយ​លុយ​ក៏​ជិត​អស់​ ហើយ​ខ្លាច​ដាច់​ម៉ូយ​ទៀត»។​

ទោះ​បី​ជា​អ្នកស្រី​បើក​លក់​វិញ​ប៉ុន្តែ​អ្នកស្រី​នៅ​បារម្ភ​អំពី​ជំងឺ​នេះ​នៅ​ឡើយ។​

អ្នកស្រី​ នារី និយាយ​ទៀត​ថា៖ «ខ្លាច​វា​កើត​ឡើង​វិញ​អ៊ីចឹង​ព្រោះ​វា​អត់​ទៀង​ដែរ​តែ​យើង​ភ្លេច​ខ្លួន​ខ្លាច​វា​ឆ្លង។​មីង​ទៅ​ផ្សារ​ពាក់​ម៉ាស​ផង ​ពាក់​មួក​មាន​របាំង​ការពារ​ពី​មុខ​ផង។​ រួច​គិត​ថា​ ​អត់​ហ៊ាន​បើក​ឲ្យ​ភ្ញៀវ​ចូល​ក្នុង​ឯ​ណា ​នឹក​ឃើញ​ថា ចង់​តែ​វេច​ខ្ចប់​តែ​ភ្ញៀវ​ខ្លះ​អត់​មាន​កន្លែង​ញ៉ាំ​ គាត់​ចង់​ញ៉ាំ ​ដាក់​អង្គុយ​ខ្លះៗ​ទៅ»។​

ចំណែក​កញ្ញា ​ដួង ស្រីពៅ ​អ្នក​លក់​កាហ្វេ​នៅ​សង្កាត់​ចតុមុខ ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ កញ្ញា​ចាប់​ផ្តើម​បើក​លក់​វិញ​បាន​ប្រមាណ​ជា​១​សប្តាហ៍​មក​ហើយ​ បន្ទាប់​ពី​ផ្អាក​លក់​តាំង​ពី​ថ្ងៃ​ទី​១​ ខែ​មេសា ​មក។​ កញ្ញា​បន្ថែម​ថា ​ កញ្ញា​បើក​លក់​វិញ ​ដោយ​សារ​គិត​ថា ​អំឡុង​ពេល​នេះ​មាន​សុវត្ថិភាព​ពី​ជំងឺ​កូវីដ១៩​នេះ។

អ្នកស្រី ស្រីពៅ មាន​ប្រសាសន៍​ថា៖ «និយាយ​ទៅ​ប្រហែល​ជា​សុវត្ថិភាព​គ្រប់គ្រាន់។ ​ភ្ញៀវ​ថា ​អត់​អី​ ក៏​មក​វិញ​មក»។​

អ្នក​លក់​ដូរ​មួយ​ចំនួន​ប្រាប់​វីអូអេ​ថា​ ពួក​គេ​នឹង​ផ្អាក​ការ​លក់​ដូរ​ម្តង​ទៀតប្រសិន​បើ​ជំងឺ​កូវីដ១៩​នេះ​កើន​ឡើង​ដូច​មុន។

ខណៈ​ប្រជា​ពលរដ្ឋ ​និង​អ្នក​លក់​មួយ​ចំនួន​ចាប់​ផ្តើម​សកម្មភាព​ ចេញ​ក្រៅ​ និង​បើក​លក់​វិញ​ជា​បន្ត​បន្ទាប់​ក្រសួង​សុខាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បន្ត​ព្រមាន​ពី​ហានិភ័យ​ខ្ពស់​ និង​បន្ត​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​បន្ត​ការពារ​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់។​

រដ្ឋមន្រ្តី​ក្រសួង​សុខា​ភិបាល ​លោក ម៉ម ប៊ុនហេង ​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្តីអំពី​ជំងឺ​កូវីដ១៩​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ការ​បាត់បង់​ការប្រុង​ប្រយ័ត្ន​ក្នុង​ការ​ការពារ​ខ្លួន​ពី​ការ​ចម្លង​ជំងឺ​កូវីដ១៩​គឺ​ជា​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បើក​ឲ្យ​មាន​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា។​

លោក ម៉ម ប៊ុនហេង ​ថ្លែងថា៖ «បងប្អូន​ប្រជាពលរដ្ឋ​យើង​ហាក់​បី​ដូចជា​បាន​វិល​ត្រឡប់​មក​រក​ការ​ធ្វើ​ដំណើរ​ចល័ត​ដោយ​សេរី ​និង​វិល​មក​រក​ជីវភាព​ប្រចាំ​ថ្ងៃ​ឡើង​វិញ​ជា​បណ្ដើរៗ ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ និង​ការ​ការពារ​ខ្លួន។​ដូច្នេះ​ក្រសួង​សុខាភិបាល​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ ​សូម​មេត្តា​កុំ​យល់​ច្រឡំ​ថា ​ ប្រទេស​កម្ពុជា​អស់​មាន​ការ​រាតត្បាត​ដោយ​វីរុស​កូវីដ១៩​ឲ្យ​សោះ ហើយ​ត្រូវ​តែ​នាំ​គ្នា​បន្ត​ទប់ស្កាត់​ការ​ចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ​ជា​បន្ត​ទៀត»។​

លោក​ ម៉ម ប៊ុនហេង ​ក៏​បាន​ណែ​នាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ អាហារដ្ឋាន ​និង​ហាង​លក់​ផ្សេងៗ​ត្រូវ​អនុវត្ត​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ពស់ ​ដោយ​បុគ្គលិក​ត្រូវ​ពាក់​ម៉ាស​ និង​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ​អាល់កុល​ឬ​ជែល​លាង​ដៃ​ និង​ត្រូវ​ដាក់​ទឹក​សម្លាប់​មេរោគ​សម្រាប់​ភ្ញៀវ​នៅ​ខាង​មុខ​ហាង។​លោក​បន្ត​ថា​ការ​រក​ស៊ី​ទាំង​នោះ​ត្រូវ​កាត់​បន្ថយ​ការ​ប្រើ​ម៉ាស៊ីន​ត្រជាក់ ​និង​ត្រូវ​បើក​បង្អួច​ហាង​ឲ្យ​មាន​ខ្យល់ ​និង​ពន្លឺ​ថ្ងៃ​ចេញ​ចូល​ល្អ​ហើយ​ត្រូវ​ជូត​សម្អាត​ជាប់​ជានិច្ច​ រាល់​ពេល​ដែល​ភ្ញៀវ​ក្រោក​ចេញ​ និង​ត្រូវ​រៀប​កៅអី​អង្គុយ​ឲ្យ​មាន​គម្លាត​ពី​គ្នា​យ៉ាង​តិច​១,៥​ម៉ែត្រ​ រវាង​ភ្ញៀវ​ម្នាក់​ទៅ​ភ្ញៀវ​ម្នាក់​ទៀត​ ឬ​រៀបចំ​តុ ​និង​កៅអី​អង្គុយ​៤​នាក់​ ក្នុង​១០​ម៉ែត្រ​ការ៉េ។​

រូបឯកសារ៖ កម្មករ​រោងចក្រពាក់ម៉ាស់ការពារនិងនាំ​គ្នា​ដើរ​ទិញ​ត្រីសាច់​នៅ​ក្នុង​ផ្សារ​ត្រី​មួយ ក្រោយ​ពី​ចប់​ម៉ោង​ការងារ ភ្នំពេញ ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មករ​រោងចក្រពាក់ម៉ាស់ការពារនិងនាំ​គ្នា​ដើរ​ទិញ​ត្រីសាច់​នៅ​ក្នុង​ផ្សារ​ត្រី​មួយ ក្រោយ​ពី​ចប់​ម៉ោង​ការងារ ភ្នំពេញ ថ្ងៃ​សុក្រ ទី​២០ ខែមីនា ឆ្នាំ​២០២០។ (AP Photo/Heng Sinith)

អ្នកស្រី ​កុល ​អ្នក​លក់​បាយ​ម្ហូប​នៅ​ម្តុំ​ផ្សារ​ស៊ីលិប​រាជធានី​ភ្នំពេញ​ បាន​ប្តូរ​ពី​ការ​លក់​ដោយ​បម្រើ​ភ្ញៀវ​បរិភោគ​ក្នុង​ហាង​មក​ជា​ការ​លក់​ខ្ចប់​វិញ។​អ្នកស្រី​បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​អ្នក​ស្រី​នឹង​ត្រឡប់​មក​លក់​ដោយ​មាន​ដាក់​តុ​និង​កៅ​អី​អង្គុយ​វិញ ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​ថា​ ជំងឺ​កូវីដ១៩​លែង​មាន​នៅ​កម្ពុជា។​

លោក ​ង៉ែត ជូ ​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​លើក​ឡើង​ថា​ការ​ប្រញាប់​ចេញ​ក្រៅ ​និង​បើក​ទ្វារ​រក​ស៊ី​របស់​ប្រជា​ពលរដ្ឋ​ ដោយសារ​តែ​ពួក​គេ​មាន​ផល​លំបាក​ផ្នែក​ជីវភាព​ ស្របពេល​ដែល​កម្ពុជា​មិន​មាន​ប្រព័ន្ធ​គាំពារ​សង្គម។​

លោក​ថ្លែង​ថា៖ «ក្រុម​អ្នក​ដែល​គាត់​មាន​ជីវភាព​រាង​លំបាក​ មាន​បន្ទុក​ច្រើន ​ទាក់ទង​បំណុល​អី​ជា​ដើម​ហ្នឹង​គឺ​គាត់​រាង​ប្រថុយ​ប្រថាន​ដើម្បី​ចេញ​ទៅ​រក​ស៊ី​ខាង​ក្រៅ។​ចំណុច​នេះ​គឺ​ថា បើ​យើង​ពិនិត្យ​មើល​គឺ​មែនទែន​ទៅ​ដោយសារ​យើង​ខ្វះ​នូវ​ប្រព័ន្ធ​គាំពារ​សង្គម ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដែល​គាត់​មាន​បញ្ហា​រឿង​ជីវភាព។ ​មែនទែន​ទៅ​ពួក​គាត់​ត្រូវ​បង្ខំ​ចិត្ត​ត្រូវ​ធ្វើ​អ៊ីចឹង​ហើយ»។​

លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​ប្រើប្រាស់​កញ្ចប់​ថវិកា​ដែល​ត្រៀម​សម្រាប់​ទប់​ស្កាត់​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ យក​មក​ជួយ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ​ដើម្បី​ធានា​ឲ្យ​មាន​សុវត្ថិភាព​ទាំង​អស់​គ្នា។​

តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា ​លោកស្រី​ Li Ailan​ បាន​ថ្លែង​ថា​ កម្ពុជា​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ ហើយ​ត្រូវ​តែ​ត្រៀម​ឲ្យ​បាន​ត្រឹម​ត្រូវ ​មុន​នឹង​ដាក់​ដំណើរ​ការ​ការ​រក​ស៊ី​ឡើង​វិញ​ ការ​បើក​សាលារៀន ​និង​ការ​ធ្វើ​ដំណើរ​ជាដើម។​

ក្រោយ​ការ​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​សាលារៀន​ បិទ​ការ​ជួប​ជុំ​ទ្រង់​ទ្រាយ​ធំ ដូច​ជា​ការ​ប្រគំ​តន្រ្តី ​កន្លែង​ច្រៀង​កម្សាន្ត​ ខារ៉ាអូខេ​ ក្លឹប​កម្សាន្ត ​បៀរ​ហ្គាឌិន​ និង​កាស៊ីណូ​ជាដើម។​

រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​មិន​ទាន់​កំណត់​ថា​ តើ​សាលា​រៀន​នឹង​ត្រូវ​ចាប់​ផ្តើម​បើក​បង្រៀន​ឡើង​វិញ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។​

រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​លោក ​ហង់ ជួន ណារ៉ុន ​បដិសេធ​មិន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ដោយ​ប្រាប់​ថា ​លោក​លែង​ផ្តល់​បទ​សម្ភាសន៍។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​កាលពី​ថ្ងៃ​អាទិត្យ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេស​របស់​លោក​ ដោយ​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ជាមួយ​ជំងឺ​ឆ្លង​កូវីដ១៩​នេះ​និង​មិនត្រូវ​មើល​ស្រាល​ចំពោះ​ជំងឺ​សួត​ប្រភេទ​ថ្មី​នេះ​ដាច់​ខាត។​លោក​បន្ត​ថា​ការ​មើល​ស្រាល ​និង​មិន​យក​ចិត្ត​ទុក​ដាក់​អំពី​ជំងឺ​នេះ​គឺ​អាច​ប្រឈម​នឹង​ការ​ឆ្លង​រោគ​ដ៏​គ្រោះ​ថ្នាក់​ខ្លាំង​បំផុត៕

XS
SM
MD
LG