ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ត្រៀម​ការចំណាយ​ខាង​ហេដ្ឋារចនា​សម្ព័ន្ធ​១០០​ពាន់​លាន​ដុល្លារ


រូបថតឯកសារ៖ អ្នក​លក់ដូរ​ទាញ​របស់ដែល​ពួកគេ​លក់​ដូរ​ចេញ​ខណៈ​រថភ្លើង​មួយ​បាន​មកដល់​ Maeklong ក្នុងខេត្ត​ Samut Songkrham កាលពីថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០១២។ រដ្ឋាភិបាលថៃ​មាន​គម្រោង​​ពង្រឹង​ប្រព័ន្ធ​ផ្លូវ​រថភ្លើងជាតិ​របស់ខ្លួន​។
រូបថតឯកសារ៖ អ្នក​លក់ដូរ​ទាញ​របស់ដែល​ពួកគេ​លក់​ដូរ​ចេញ​ខណៈ​រថភ្លើង​មួយ​បាន​មកដល់​ Maeklong ក្នុងខេត្ត​ Samut Songkrham កាលពីថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០១២។ រដ្ឋាភិបាលថៃ​មាន​គម្រោង​​ពង្រឹង​ប្រព័ន្ធ​ផ្លូវ​រថភ្លើងជាតិ​របស់ខ្លួន​។

រដ្ឋាភិបាល​ដែល​គាំទ្រ​យោធា​នៃ​ប្រទេស​ថៃ កំពុង​ស្វះស្វែង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេដ្ឋកិច្ចដ៏​ទ្រុឌទ្រោម​របស់​ប្រទេស​នោះ​ដោយ​មាន​កម្មវិធី​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ទឹក​ប្រាក់​១រយ​ពាន់​លាន​ដុល្លា ដែល​រួមមាន​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងនូវ​បណ្តាញ​ផ្លូវ​រទេះ​ភ្លើង​ជាតិ​ហើយនឹង​ភ្ជាប់​ទៅ​នឹង​តំបន់​ខាង​ត្បូង​នៃ​ប្រទេស​ចិន។

រដ្ឋាភិបាល​ថៃ មាន​ផែនការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ផ្លូវ​រទេះ​ភ្លើង​ជាតិ​បន្ទាប់ពី​ការមិន​យក​ចិត្ត​ទុក​ដាក់​ខាង​ហិរញ្ញវត្ថុ​អស់​រយៈ​ពេល​ជា​ច្រើ​នឆ្នាំ។ គោលដៅ គឺ​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​ការរួម​ចំណែក​របស់​ប្រទេស​ថៃ​នៅ​ក្នុង​បណ្តាញ​ផ្លូវ​រទេះ​ភ្លើង​ឆ្លងកាត់​តំបន់​អាស៊ី​ដែល​កាត់ពី​តំបន់​ខាង​ត្បូង​ទៅ​កាន់​តំបន់​ខាង​ជើង​ចាប់​តាំងពី​ប្រទេស​សឹង្ហបូរី​ទៅ​កាន់​ខេត្ត Kunming ក្នុង​តំបន់​ខាង​ត្បូង​ប្រទេស​ចិន ហើយពី​ទិសខាង​លិច​ទៅ​ទិស​ខាង​កើត ចាប់តាំង​ពី​ទីក្រុង Yangon នៃ​ប្រទេស​ភូមា​ទៅ​កាន់​ទីក្រុង​ហូជីមិញ​វៀត​ណាម​ខាង​ត្បូង។

កម្មវិធី​ចំណាយ ជា​ផ្នែក​មួយ​នៃ​ការ​ស្វះស្វែង​របស់​រដ្ឋាភិបាល​ដើម្បី​ងើប​ចេញ​ពី​សេដ្ឋកិច្ច​មិន​រីកចម្រើន បន្ទាប់ពី​គ្មាន​ការរីក​ចម្រើន​សេដ្ឋកិច្ច​ទាល់​តែ​សោះ​នៅ​ឆ្នាំ​២០១៤។ ពួក​អ្នក​វិភាគ​ព្យាករណ៍​ថា សេដ្ឋកិច្ច បាន​រីក​លូតលាស់​ជាង​៣​ភាគរយ​នៅ​ឆ្នាំ​នេះ។

សេដ្ឋកិច្ច​ក្នុង​ប្រទេស​ខ្សោយ​ហើយ​ទី​ផ្សារ​អន្តរជាតិ​មាន​ភាព​មិន​ប្រាកដ​ប្រជា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំ​ទំនិញ​ចេញទៅ​ក្រៅ​ប្រទេស ជា​ប្រពៃណី​ដែល​ជា​កម្លាំង​រុញច្រាន​សេដ្ឋ​កិច្ច​ថៃ​ឲ្យ​ជឿនលឿន​អស់​ជា​ច្រើន​ទសវត្ស៍​មក​ហើយ។

រដ្ឋាភិបាល​និយាយ​ថា ខ្លួន ធ្វើ​ផែនការ​ចំណាយ​ជាង​១រយ​ពាន់​លាន​ដុល្លា​ក្នុង​កម្មវិធី​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​រយៈ​ពេល​៧​ឆ្នាំ​ដែល​ចាប់តាំង​ពី​ឆ្នាំ​២០១៥​នេះ​ទៅ​ដោយ​ចាប់ផ្តើម​ពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ថ​ផ្លូវ​រទេះ​ភ្លើង​ទៅ​ដល់​ការ​ចាត់​ចែង​ទឹក។

ការអូស​បន្លាយ​ជម្លោះ​ខាង​នយោបាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​របស់​ប្រទេស​ថៃ បាន​បណ្តាល​ឲ្យ​ការ​ចំណាយ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ដ៏​សំខាន់​ត្រូវ​ពន្យា​ពេល​ឬ​បំភ្លេច។

ក៏ប៉ុន្តែ ​លោកស្រី Thanomsiri Fongarunrung ​ជា​សេដ្ឋ​វិទូនៅ​ក្រុម​ហ៊ុន Phatra Securities ក្នុង​ទីក្រុង​បាងកក ​និយាយ​ថា ការចំណាយ​របស់​រដ្ឋាភិបាល​ឥឡូវ​នេះ ត្រូវការ​ដើម្បីធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​អន់​ថយ​នេះ។

«មាន​តែ​រដ្ឋាភិបាល​តែមួយ​គត់ ​ដែល​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រសើរ​ឡើង​តាម​រយៈ​ការ​វិនិយោគ​ទុន​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ។ យើង ក៏​មាន​សោហ៊ុយ​ដឹក​ជញ្ជូន​ខ្ពស់ដែរ។ អស់​លោក​អ្នក អាច​កាត់​បន្ថយ​សោហ៊ុយ​នេះ​ដោយ​ប្រើ​ប្រាស់​រថភ្លើង ជំនួស​រថយន្ត​ធំ ៗ​និង​ផ្លូវ​ថ្នល់ ហើយ​វា​អាច​ធ្វើ​ឲ្យ​ការ​ដឹកជញ្ជូន​មាន​ប្រសិទ្ធិ​ភាព​កាន់​តែ​ខ្លាំង​ឡើង ហើយ​ជា​ថ្មី​ម្តងទៀត ក្រៅពី​សោហ៊ុយ​ដឹក​ជញ្ជូន ប្រទេស​ជិត​ខាង​របស់​យើង ​កំពុង​រីក​ចម្រើន​ហើយ​យើង ​ត្រូវការ​ភ្ជាប់​ទៅ​នឹង​តំបន់​ដែល​កំពុង​រីកលូតលាស់​ទាំង​នោះ‍»។

នៅ​សប្តាហ៍​នេះ ​រដ្ឋាភិបាល ​បាន​ជួប​ជាមួយ​ពួក​មន្រ្តី​មក​ពី​ក្រសួង​រថភ្លើង​រដ្ឋថៃ (SRT) ​ដើម្បី​ធ្វើ​ឲ្យ​មាន​រចនាសម្ព័ន្ធ​ហើយ​នឹង​ធ្វើ​កំណែទម្រង់​រដ្ឋអំណាច​ដែល​ជារឿយ​ៗ​រួម​រិត​ដោយ​បំណុល។

ផែនការ​ពី​ដំបូង​សម្រាប់​ការ​អភិវឌ្ឍ​ផ្លូវ​រថ​ភ្លើង​ក្នុង​តំបន់ មាន​នៅ​ទសវត្សរ៍​១៩៩០។

រដ្ឋាភិបាល​មុន​របស់​លោកស្រី​នាយករដ្ឋ​មន្រ្តី Yungluck Shinawatra បាន​ស្នើរ​បណ្តាញ​រថភ្លើង​លឿន​នេះ។ ក៏ប៉ុន្តែ ផែនការ​ថ្មី​របស់​រដ្ឋបាលដែល​គាំទ្រ​ដោយ​ពួក​យោធា បាន​ប្តូរ​ពីរទេះ​ភ្លើង​លឿន​ទៅ​ផ្លូវ​រទេះ​ភ្លើង២ ជា​ប្រព័ន្ធ​មួយ​ដែលអនុញាតិ​ឲ្យ​រទេះ​ភ្លើង​រត់​ក្នុង​ទិសដៅ​និមួយៗ​នៅ​លើ​ផ្លូវ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ប្រព័ន្ធ​នោះ ក៏​នឹងធ្វើ​ឲ្យ​រទេះ​ភ្លើង​អាចមាន​សមត្ថភាព​រត់​រហូត​ដល់​១៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

លោក Luxmon Attapich សេដ្ឋ​វិទូ​ជាន់​ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ​ក្នុង​ទីក្រុង​បាងកក ​និយាយ​ថា ​ភាព​ទន់​ខ្សោយ​នៃ​សេដ្ឋ​កិច្ច​ពេល​បច្ចុប្បន្ន​នេះ ​ការ​ចំណាយ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ ​នឹង​ជួយ​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​រីកលូតលាស់។

«ដូច្នេះ ​ការ​វិនិយោគ​ទុន​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ ​ជាការ​ល្អ ដូចជា​ការវិនិយោគទុន​ផ្លូវ​រទេះ​ភ្លើង។ ជាថ្មី​ម្តងទៀត ​ប្រសិនបើ ​អស់​លោក ​អ្នក ​និយាយ​អំពី​ផ្លូវ​រថភ្លើង​ពីរ​ខ្សែ​នោះ ​ការសិក្សា​ទាំងអស់ ​បាន​ធ្វើ​ជាយូរយារ​ណាស់​មក​ហើយ។ ផែនការ​នេះ ​បាន​រៀបចំ​រួច​ហើយ ប្រសិនបើ ការស្ថាបនា អាច​ធ្វើ​ឡើង​នៅ​ឆ្នាំ​នេះ វា​នឹង​ប្រាកដ​ជួយ​ផលិតផល​សរុប​ក្នុង​ស្រុក (GDP) នៅ​ឆ្នាំ​នេះ‍»។

ការភ្ជាប់​ដ៏​សំខាន់​នៅ​ក្នុង​គម្រោង​ផ្លូវ​រទេះ​ភ្លើង នឹង​ភ្ជាប់​ពី​ទីរួម​ខេត្ត Nong Khai​នៃ​ប្រទេស​ថៃ តាម​បណ្តោយ​ព្រំដែន​ប្រទេស​លាវ​ហើយ​លាត​សន្ធឹង​ចម្ងាយ​៦២០​គីឡូម៉ែត្រ​នៅ​ផ្នែក​ខាង​ត្បូងទៅ​កាន់​តំបន់​ឧស្សាហកម្ម​ឆ្នេរ​សមុទ្រ Map Ta Phut ​នៅ​ក្នុង​តំបន់ Rayong ​ហើយនឹង​ក្បែរ​ទី​ក្រុង​បាងកក។

បណ្តាញ​រថភ្លើង​ដែល​មាន​ផ្លូវ​៦​គូ ​នឹង​មាន​ប្រវែង​តែ​ជាង​៩រយ​គីឡូម៉ែត្រ​ដោយ​មាន​ការវិនិយោគ​ទុន​ជាង​៤​ពាន់​លាន​ដុល្លារ។

ប្រភព​សំខាន់​នៃ​ថវិកា គឺ​ប្រទេស​ចិន។ ចិន ជប៉ុន​និង​ប្រទេស​កូរ៉េខាង​ត្បូង បាន​ដេញ​ថ្លៃ​កម្មវិធី​អភិវឌ្ឍន៍​រថភ្លើង។ ក៏ប៉ុន្តែ នៅ​ទី​បញ្ចប់​ប្រទេស​ចិន បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគ​យល់​គ្នា​ជាមួយ​ប្រទេស​ថៃ ហើយ​នឹង​ផ្តល់​ហិរញ្ញវត្ថុដល់​រទេះភ្លើង​ថ្មី​។​ប្រទេស​ថៃ ​នឹង​ប្រតិបត្តិការ​បណ្តាញ​រទេះ​ភ្លើង​នេះ ​ដោយ​សង​ប្រាក់​ចិន​វិញ។

ផ្លូវ​រទេះភ្លើង​នេះ ​បាន​ស្ថិត​នៅ​ក្នុង​ផែនការ​ជាយូរយារ​ណាស់​មក​ហើយ ដើម្បី​ភ្ជាប់​ប្រទេស​ចិននិង​តំបន់​អាស៊ី​អាគ្នេយ៍។

​លោក Carl Thayer ​ជា​អ្នក​វិទ្យា​សាស្រ្ត​នយោបាយ​នៅ​ឯសាកល​វិទ្យាល័យ New South Walesនៃ​ប្រទេស​អូស្រ្តាលី ​និយាយ​ថា ​ការ​ភ្ជាប់​រទេះ​ភ្លើង ​ជាការ​ពង្រីក​ការ​ឈោង​របស់​ចិនចូលក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN)។

«ប្រទេស​ថៃ ​ជាផ្នែក​មួយ​នៃ​មាគមអាស៊ាន​ដែល​កំពុង​ផ្សព្វផ្សាយ​ពី​ការ​ភ្ជាប់​នេះ​ដែល​រួមមាន​រថភ្លើង ស្ពាន ផ្លូវ​ថ្នល់។ល។ ហើយ​ចិន ជា​អ្នកគាំទ្រ​ដ៏​សំខាន់នៃ​គម្រោង​នេះ ដូច្នេះ ​ការភ្ជាប់​ទៅ​ខេត្ត Yunnan ​ទៅ​បណ្តា​ខេត្តចិន​ភាគ​ខាង​ត្បូង ​ទៅ​តំបន់​ដីគោក​នៃ​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ ចិន​ ​បាន​អភិវឌ្ឍន៍​សមត្ថភាព​នេះ‍»។

ចំណាត់​ការ​នេះ ​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​បង្កើត​ធនាគារ​វិនិយោគ​ទុន​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ាន​របស់​ចិន​នៅចុង​ឆ្នាំ​២០១៤ ​ដែល​រួមមាន​រដ្ឋ​ជា​សមាជិកនៃ​ក្រុម​ប្រទេស​អាស៊ាន​ទាំង​១០​ប្រទេស។ ធនាគារ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជាការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ទៅ​នឹង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និង​ធនាគារ​ពិភព​លោក។

​វិធានការបន្ទាប់​ឆ្ពោះ​ទៅ​កាន់​សមាហរណកម្ម​កាន់តែ​ធំ​ឡើង​នៃ​ផ្លូវ​រថភ្លើង​ក្នុង​តំបន់​កើត​មាន​នៅ​ខែ​ក្រោយ នៅពេល​លោក Prajin Juntongរដ្ឋមន្រ្តី​ក្រសួង​ដឹក​ជញ្ជូន​នៃ​ប្រទេស​ថៃ ត្រូវធ្វើ​ការ​ចរចា​នៅ​ក្នុង​ទីក្រុង​វៀនច័ន្ទ​ជាមួយ​រដ្ឋាភិបាល​ឡាវ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​រថភ្លើង​ដែល​មាន​ផ្លូវ​២​ដែល​ភ្ជាប់​ពី​ទីក្រុង​បាងកក វៀងច័ន្ទ​និង​ទីក្រុងKunming នៃ​ខេត្តYunnan​ប្រទេស​ចិន៕

ប្រែសម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG