ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ថៃ​ការ​ពារ​ការ​គាំពារ​កុមារ​នៅ​មជ្ឈមណ្ឌល​ ក្នុង​ករណី​ដ៏​ចម្រូង​ចម្រាស់​ក្នុង​ពាណិជ្ជកម្ម​ពពោះ​កូន


រូបថតឯកសារ៖ កុមារ​ត្រូវ​គេ​ពពោះ​ ដែលត្រូវ​ប៉ូលិស​សង្ស័យ​ថា​មាន​ឪពុក​ជា​ពាណិជ្ជករ​​ជប៉ុន​កំពុង​​រត់​គេច​ខ្លួន​ ត្រូវ​បាន​គេ​ដាក់​បញ្ចាំង​តាម​កញ្ចក់​នៅឯ​សន្និសីទ​សា​ព័ត៌មាន​មួយ​នៅ​ទីបញ្ជាការ​ប៉ូលិស​ក្នុង​ទីក្រុង​បាងកក។
រូបថតឯកសារ៖ កុមារ​ត្រូវ​គេ​ពពោះ​ ដែលត្រូវ​ប៉ូលិស​សង្ស័យ​ថា​មាន​ឪពុក​ជា​ពាណិជ្ជករ​​ជប៉ុន​កំពុង​​រត់​គេច​ខ្លួន​ ត្រូវ​បាន​គេ​ដាក់​បញ្ចាំង​តាម​កញ្ចក់​នៅឯ​សន្និសីទ​សា​ព័ត៌មាន​មួយ​នៅ​ទីបញ្ជាការ​ប៉ូលិស​ក្នុង​ទីក្រុង​បាងកក។

នៅ​ប្រទេស​ថៃ​ មាន​ព្រឹត្តិការណ៍​ថ្មីៗ​ក្នុង​ករណី​ចម្លែក​ដែល​ពាណិជ្ជករ​ជន​ជាតិ​ជប៉ុន​ម្នាក់​ត្រូវ​បាន​ជឿ​ថា​ជា​ឪពុក​របស់​ទារក​ចំនួន​១៥​នាក់​ តាម​រយៈ​ស្ត្រី​ថៃ​ស៊ី​ឈ្នួល​ពពោះ​កូន​ឲ្យ​បុរស​ជប៉ុន​នោះ។​ ស្ត្រី​ខ្លះ​ដែល​ស៊ី​ឈ្នូល​ពពោះ​កូន​ឲ្យ​បុរស​នេះ​កំពុង​តែ​ព្យាយាម​សុំ​សិទ្ធិ​ថែ​ទាំ​ទារក​របស់​ខ្លួន​ ដែល​រដ្ឋ​បាន​យក​ទៅ​គាំពារ។​

ក្រសួង​អភិវឌ្ឍ​សង្គម​ និង​សន្តិសុខ​ប្រជា​ពលរដ្ឋ​របស់​ប្រទេស​ថៃ​ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ ទារក​ខ្លះ​ដែល​ឋិត​ក្រោម​អាណាព្យាបាល​របស់​ខ្លួន​ត្រូវ​បាន​ថែ​ទាំ​មិន​សមរម្យ។​

នេះ​គឺជា​ការ​ចោទ​ប្រកាន់​ក្នុង​ពាក្យ​បណ្តឹង​មួយ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ដោយ​ស្ត្រី​ថៃ​ស៊ី​ឈ្នូល​ពពោះ​កូន​ឲ្យ​គេ​ដែល​អះ​អាង​ថា​ អាជ្ញា​ធរ​កំពុង​រារាំង​មិន​ឲ្យ​ពួក​គេ​បាន​ជួប​នឹង​កូនៗ​របស់​គេ។​

ទារក​ទាំង​នោះ​ត្រូវ​បាន​ជឿ​ថា​ជា​កូន​របស់​បុរស​ជំនួញ​អ្នក​មាន​ម្នាក់​ ដែល​ជាជន​ជាតិ​ជប៉ុន​ អាយុ​ ២៤​ឆ្នាំ​ ឈ្មោះ​ ម៉ីតស៊ូតុគី​ ហ្ស៊ីហ្គេតា​ (Mitsutoki​ Shigeta)។​

ករណី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​មក​លើ​ឧស្សាហកម្ម​ស៊ី​ឈ្នួល​ពពោះ​កូន​ឲ្យ​គេ​ជា​អាថ៌​កំបាំង​នៅ​ប្រទេស​ថៃ​ ដែល​បាន​ក្លាយ​ជា​ការ​ទាក់​ទាញ​ជន​បរទេស​ ដែល​ចង់​ក្លាយ​ជា​អាព្យាបាល​ ដោយ​ជួល​ស្ត្រី​ថៃ​ឲ្យ​ពពោះ​កូន​ឲ្យ​ពួក​គេ។​

លោក​ សេម​ អេវើរ៉ីងហេម​ (Sam​ Everingham)​ នាយក​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​អូស្ត្រាលី​ឈ្មោះ​ គ្រួសារ​នៃ​ការពពោះ​កូន​ឲ្យ​គេ​ (Families​ Through​ Surrogacy)​ ឲ្យ​ដឹង​ថា​ វា​សម​រម្យ​ក្នុង​ការ​យក​កុមារ​ទាំង​នោះ​ចេញ​ពី​អាណាព្យាបាល​របស់​រដ្ឋាភិបាល។​

លោក​ថា៖​ «ប្រសិន​បើ​ឲ្យ​នៅ​ជា​មួយ​ឪពុក​មិន​ជា​ការ​ល្អ​ នោះ​ការ​ដាក់​ឲ្យ​នៅ​ជាមួយ​ម្តាយ​ស៊ី​ឈ្នួល​ពពោះ​កូន​ឲ្យ​គេ​គឺជា​កាលៈទេសៈ​ដ៏​ល្អ​មួយ។​ ប៉ុន្តែ​ យើង​ចង់​សង្កត់​ធ្ងន់​ថា​ នេះ​គឺ​ជា​ករណី​មិន​ធម្មតា​ទេ​ ហើយ​ឪពុក​ម្តាយ​ដែល​មាន​គម្រោង​ការណ៍​ចង់​បាន​កូន​តាម​រយៈ​សេវាកម្ម​នេះ​នៅ​ប្រទេស​ថៃ​ មិន​គួរ​ព្រួយ​បារម្ភ​អំពី​រឿង​នេះ​ទេ»។​

ករណី​របស់​លោក​ ហ្ស៊ីហ្គេតា​ និង​ការ​លាត​ត្រដាង​អំពី​ករណី​ទារក​ដែល​កើត​មក​មាន​ជំងឺ​ Down​ Syndrome​ ដែល​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​ប្រទេស​ថៃ​ ដោយ​ប្តី​ប្រពន្ធ​ជន​ជាតិ​អូស្ត្រាលី​មួយ​គូ​ បាន​បណ្តាល​ឲ្យ​រដ្ឋាភិបាល​ចុះ​អន្តរាគមន៍​លើ​ឧស្សាហកម្ម​ពាណិជ្ជកម្ម​ស៊ី​ឈ្នួល​ពពោះ​កូន​ឲ្យ​គេ​របស់​ថៃ​កាល​ពី​ឆ្នាំ​មុន។​

អង្គ​នីតិ​បញ្ញត្តិ​របស់​ថៃ​ ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​រដ្ឋាភិបាល​យោធា​ ក៏​កំពុង​តែ​ពិចារណា​ច្បាប់​ថ្មី​មួយ​ ដែល​អាច​នឹង​ផ្តន្ទាទោស​១០​ឆ្នាំ​ក្នុង​ពន្ធនាគារ​លើ​ជន​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ស៊ី​ឈ្នួល​ពពោះ​កូន​ដោយ​បង់​ប្រាក់។​

អ្នក​គាំទ្រ​ការ​ពពោះ​កូន​ឲ្យ​គេ​ ដូច​ជា​លោក​ អេវើរ៉ីងហេម​ សោក​ស្តាយ​ដែល​ករណី​ជ្រុល​ហួស​ហេតុ​ខ្លះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​ព័ត៌មាន​អន្តរជាតិ​ ហើយ​បាន​បណ្តាល​ឲ្យ​មាន​ការ​រឹត​បន្តឹង​ថ្មី។​

លោក​និយាយ​ថា៖​ «ករណី​លោក​ ហ្ស៊ីហ្គេតា​ ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ​នៃ​ការ​រំលោភ​លើ​សិទ្ធិ​ពពោះ​កូន​ឲ្យ​គេ​ជា​លក្ខណៈ​អន្តរជាតិ​ ដោយ​ជន​បរទេស។​ ហើយ​នេះ​គឺជា​មូល​ហេតុ​មួយ​ ដែល​បណ្តាល​ឲ្យ​មាន​ការ​ជំរុញ​ឲ្យ​លុប​បំបាត់​ការ​ទទួល​បាន​នូវ​សេវាកម្ម​ពពោះ​កូន​ឲ្យ​ជន​បរទេស​នៅ​ក្នុង​ប្រទេស​ថៃ​យ៉ាង​ឆាប់​រហ័ស»។​

លោក​ អេវើរ៉ីងហេម​ បាន​និយាយ​ថា​ ដោយ​សារ​តែ​តម្លែ​ទាប​ និង​ភាព​សម្បូរ​ ប្រទេស​ថៃ​បាន​ក្លាយ​ជា​ប្រទេស​ទិសដៅ​សម្រាប់​គម្រោង​ពពោះ​កូន​ឲ្យ​គេ​ ជា​ពិសេស​គឺ​សម្រាប់​ប្តី​ប្រពន្ធ​ដែល​មាន​ភេទ​ដូច​គ្នា។​

លោក​និយាយ​ថា៖​ «ប្រទេស​ជា​ច្រើន​ ដូច​ជា​ប្រទេស​អូស្ត្រាលី​ មិន​ផ្តល់​សេវាកម្ម​ទទួល​បាន​ការ​ពពោះ​កូន​ឲ្យ​ទេ។​ រដ្ឋ​ទាំង​នោះ​មិន​អនុញ្ញាតិ​ឲ្យ​មាន​គម្រោង​ពាណិជ្ជកម្ម​បែប​នេះ​ និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​បង់​ប្រាក់​អំពី​ការ​ពពោះ​កូន​ឲ្យ​ទេ​ ដូច្នេះ​ វា​ពិបាក​ក្នុង​ការ​ទាក់​ទង​ម្តាយ​ដែល​ស៊ី​ឈ្នួល​ពពោះ​កូន​ឲ្យ​គេ​ក្នុង​រដ្ឋ​ជា​ច្រើន​នៅ​ប្រទេស​អូស្ត្រាលី​ ហើយ​និង​នៅ​ក្នុង​រដ្ឋ​ផ្សេងៗ​ទៀត​នៅ​សហរដ្ឋ​អាមេរិក។​ ការណ៍​នេះ​បង្ខំ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​ប្រទេស​ក្រៅ»។​

មន្ត្រី​ថៃ​ ឲ្យ​ដឹង​ថា​ ពួក​គេ​កំពុង​តែ​កំណត់​ថា​តើ​ ម្តាយ​ស៊ី​ឈ្នួល​ពពោះ​កូន​ឲ្យ​គេ​នៃ​កុមារ​ដែល​ឋិត​នៅ​ក្រោម​ការ​គាំពារ​របស់​រដ្ឋ​ អាច​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​អាណាព្យាបាល​ដែរ​ឬ​យ៉ាង​ណា។​

ព្រះ​រាជ​អាជ្ញា​សម្រាប់​សាធារណជន​ បាន​ពន្យា​សេចក្តី​សម្រេច​រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ដោយ​ត្រូវ​រង់​ចាំ​ព័ត៌មាន​បន្ថែម​ពី​ប៉ូលីស​ ថា​តើ​គួរ​តែ​ផ្តន្ទាទោស​គ្រូ​ពេទ្យ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ពាណិជ្ជករ​ជាតិ​ជប៉ុន​ម្នាក់​នោះ​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ជា​ឪពុក​របស់​ទារក ​១៥​នាក់​ តាម​រយៈ​ម្តាយ​ដែល​ស៊ី​ឈ្នួល​ពពោះ​កូន​ឲ្យ​បុរស​នោះ​នៅ​ក្នុង​ប្រទេស​ថៃ៕​

ប្រែ​សម្រួល​ដោយ​ ទែន​ សុខស្រីនិត​

XS
SM
MD
LG