ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង់ត្រាល់​បញ្ជាក់​ជា​ថ្មី​ថា ខ្លួន​មិនមាន​ចេតនា​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ឡើយ


រូបឯកសារ៖ កម្មករកម្មាការិនី កំពុងដើរដង្ហែនិងលើកបដាស្រែកទាមទារសិទ្ធិការងារនិងសិទ្ធិសហជីព ក្នុងកម្មវិធីទិវាអបអរពលកម្មអន្តរជាតិលើកទី១៣៨ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ កម្មករកម្មាការិនី កំពុងដើរដង្ហែនិងលើកបដាស្រែកទាមទារសិទ្ធិការងារនិងសិទ្ធិសហជីព ក្នុងកម្មវិធីទិវាអបអរពលកម្មអន្តរជាតិលើកទី១៣៨ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​អង្គការ​សង់​ត្រាល់ ​(CENTRAL) រួម​នឹង​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ កម្មករ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ថា​ ស៊ីខៅឌូ និង​សហព័ន្ធ​សហជីព​កម្ពុជា ហៅ​កាត់​ថា​កាទូ បាន​បញ្ជាក់​ជា​ថ្មី​ថា ​ខ្លួន​មិន​មាន​ចេតនា​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ឡើយ។ នេះ​បើ​យោង​តាម​សេចក្តី​បំភ្លឺ​មួយ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

ការ​ធ្វើ​សេចក្តី​បំភ្លឺ​នេះ បន្ទាប់​ពី​សហជីព​មួយ​ចំនួន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​អង្គការ​សង់ត្រាល់​ដែល​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ស្តីពី «ឧបសគ្គ​រារាំង​ភាព​ជា​តំណាង៖​ សេរី​ភាព​សហជីព​ក្នុង​ប្រទេស​កម្ពុជា»​ កាល​ពី​ថ្ងៃ​ទី​ ៤​ ខែ​មិថុនា ​ឆ្នាំ ​២០២៤។ សហជីព​ទាំង​នោះ​បានប្រតិកម្ម​ទៅ​នឹង​របាយ​ការណ៍​នោះ ហើយ​បាន​ធ្វើ​សកម្ម​ភាព​ប្រមូល​ផ្តុំ​តវ៉ាជា​បន្ត​បន្ទាប់ ​នៅ​ខាង​មុខ​អង្គការ​សង់ត្រាល់​ដែល​មាន​ឈ្មោះ​ពេញ​ថា​ «មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស»។

អង្គការ​សង់​ត្រាល់​បញ្ជាក់​ថា​ សំណាក​ដែល​ខ្លួន​ប្រមូល​សម្រាប់​ធ្វើ​របាយ​ការណ៍​នេះ​នៅ​មាន​កម្រិត ហើយ​មិន​អាច​ប្រើ​ប្រាស់​ជា​តំណាង​ទាំង​មូល​ឱ្យ​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ទេ។

សេចក្តី​បំភ្លឺ​បញ្ជាក់​ថា៖ «ដូច​មាន​បញ្ជាក់​នៅ​ក្នុង​វិធីសាស្រ្ត​នៃ​របាយការណ៍​នេះ​ទាំង​មូល យើង​ទទួល​ស្គាល់​ថា​ទំហំ​សំណាក​របស់​យើង​នៅ​មាន​កម្រិត ហើយ​ពុំ​មាន​លក្ខណៈ​តំណាង​ឱ្យបទ​ពិសោធន៍​ជាក់​ស្តែង​របស់​គ្រប់​កម្មករ​និយោជិត និង​គ្រប់​សហជីព​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ទេ»។

សេចក្តី​បំភ្លឺ​បន្ថែម​ទៀត​ថា ​ការ​ធ្វើ​របាយ​ការណ៍​នេះ​មិន​មាន​គោល​បំណង​ក្នុង​អំពើ​មិន​ល្អ​ណា​មួយ​នោះ​ទេ​គឺ​ធ្វើ​ទៅ​តាម​ទិន្នន័យ​ពិត​ដែល​អង្គការ​ទទួល​បាន​ពីការ​សម្ភាស​សហជីព​ដែល​ពាក់ព័ន្ធ។ សេចក្តី​បំភ្លឺ​បញ្ជាក់​ថា៖ «របាយការណ៍​នេះ​ពុំមាន​ចេតនា​ជា​ការ​វាយ​ប្រហារ​លើ​ភាគី​ណា​មួយ​ ឬ​ស្ថាប័ន​ណា​មួយ​ ហើយ​ក៏មិន​មាន​ចេត​នាធ្វើ​ឱ្យ​ខូច​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​នោះ​ដែរ»។

សេចក្តី​បំភ្លឺ​សង្កត់​ធ្ងន់​ថា៖ «សង់ត្រាល់​ក្នុង​នាម​ជា​អ្នក​សរសេរ​របាយ​ការណ៍ រួមមាន ​(កាទូ)និង (ស៊ីខៅឌូ) ​ដែល​បាន​សម្រប​សម្រួល​ការ​ប្រមូល​ទិន្នន័យ រីករាយ​ស្វាគមន៍ និង​ឆ្លើយតប​ចំពោះ​សំណួរ ឬ​កង្វល់​ដែល​នឹង​ទទួល​បាន​នាពេលខាង​មុខ​ពី​សហជីព​មូលដ្ឋាន ដៃគូ​ការងារ និង​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ឯ​ទៀត ដែល​ទាក់ទង​ជាមួយ​ការ​រក​ឃើញ និងអនុសាសន៍​របស់​ខ្លួន។ យើង​ខ្ញុំ ស្វាគមន៍​កិច្ចសន្ទនា​គ្រប់ទម្រង់​ទាំងអស់ ដើម្បី​ធានា​ឱ្យ​មានភាព​ច្បាស់​លាស់ និង​ដើម្បី​បង្ការ​កុំឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ដទៃ​ទៀត ដែល​អាច​កើត​មាន​ពី​ការ​ផ្សព្វផ្សាយ​របាយ​ការណ៍​នេះ»។

បើ​តាម​របាយ​ការណ៍​សិក្សា​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​មិថុនា អង្គការ​សង់ត្រាល់​បាន​សម្ភាស ហើយ​វាយ​តម្លៃ​ពី​ស្ថានភាព​កម្មករ​ និង​សហជីព​ក្នុង​រោងចក្រ​ចំនួន​ ១៤ ​ដែល​ស្ថិត​ក្រោម​កម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO)។ ក្នុង​ចំណោម​សហជីព​ចំនួន​ ១៤​ នេះ​ មាន​សហជីព​ចំនួន​ ១០ ​រង​ការ​បំភិត​បំភ័យ​ដោយ​ផ្ទាល់​មាត់ ​ការ​គំរាម​កំហែង ​ការ​បៀត​បៀន ​និង​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​បំពេញ​ការងារ​របស់​ពួក​គេ។ ​អង្គការ​សង់ត្រាល់​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​មើល​ឡើង​វិញ ​ដើម្បី​កុំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​សេរីភាព​ការងារ​របស់​កម្មករ​និយោជិត ​និង​សហជីព។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់​ លោក ឃុន ថារ៉ូ ប្រាប់វីអូអេ​ថា ​លោក​រីករាយ​ក្នុង​ការ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដែល​ជំទាស់​ ឬ​រិះគន់​របាយ​ការណ៍​មួយ​នេះ។

លោក​ថ្លែង​ថា៖ «ស្ថាប័ន​ក្នុង​នាមដែល​ជា​អ្នក​សរសេរ​របាយការណ៍​ក៏​ដូច​ជា​ដៃគូ​សហជីព​ដែល​បាន​ចូល​រួម​នៅក្នុង​ការ​ប្រមូល​ទិន្នន័យ​គឺ​យើង​មាន​ការ​ស្វាគមន៍​ទៅ​នឹង​ការ​ជជែក​ពិភាក្សា​ជាមួយភាគី​ពាក់ព័ន្ធ...ក្នុង​ករណី​ដែល​មាន​ការ​ខ្វល់​ខ្វាយ​ឬ​ក៏​ការ​យល់​ច្រឡំ​ ឬ​ក៏​ពាក់ព័ន្ធ​ទៅ​ក្នុង​អនុសាស្រ្ត​ដែល​មាន​នៅ​ក្នុង​របាយ​ការណ៍»។

ប្រធាន​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា លោក គឹម ចាន់សំណាង ដែល​ចេញ​មុខ​តវ៉ា​ជំទាស់​នឹង​របាយ​ការណ៍​របស់​អង្គការ​សង់ត្រាល់ លើក​ឡើង​ថា ​គោល​បំណង​របស់​លោកគឺ​ចង់​ឃើញ​ការ​កែ​សម្រួល​ខ្លឹមសារ​របស់​របាយការណ៍។

លោក​ប្រាប់​វីអូអេ​ថា៖ «ទី​មួយ​គឺ​យើង​សំណូមពរ​សុំ​ឱ្យ​កែ​សម្រួល​ខ្លឹម​សារ​នៅ​របាយការណ៍ មិន​មែន​ឱ្យ​គាត់​មក​ឆ្លើយ​តប​បក​ស្រាយ​បំភ្លឺ​ទៅ​លើ​របាយ​ការណ៍​ហ្នឹង​ទេ។ អ៊ីចឹង​សម្រាប់​ខាង​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា គឺ​យើង​មិន​ទាន់​អាច​ទទួល​បាន​ទេ ព្រោះ​វា​មិន​ឆ្លុះ​បញ្ចាំង​ជាមួយ​នឹង​អ្វី​ដែល​យើង​ចង់​បាន»។

គួរ​បញ្ជាក់​ថា ​កាល​ពី​ពេល​ថ្មី​នេះ តំណាង​សហជីព​មួយ​ចំនួន​ដែល​តំណាង​ដោយ​ លោក ​គឹម ចាន់សំណាង បាន​ដាក់​លិខិត​ទៅ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ​ស សុខា ​ដោយ​ស្នើ​ឱ្យ​ពិនិត្យ​មើល​សកម្ម​ភាព និង​ប្រភព​ថវិកា​របស់​អង្គការ​សង់ត្រាល់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG