ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​អង្គការ​សង់ត្រាល់៖ សហជីព​ឯករាជ្យ​កម្ពុជា​នៅតែ​មាន​ឧបសគ្គ​រារាំង


រូបឯកសារ៖ កម្មករកម្មាការិនី កំពុងដើរដង្ហែនិងលើកបដាស្រែកទាមទារសិទ្ធិការងារនិងសិទ្ធិសហជីព ក្នុងកម្មវិធីទិវាអបអរពលកម្មអន្តរជាតិលើកទី១៣៨ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ កម្មករកម្មាការិនី កំពុងដើរដង្ហែនិងលើកបដាស្រែកទាមទារសិទ្ធិការងារនិងសិទ្ធិសហជីព ក្នុងកម្មវិធីទិវាអបអរពលកម្មអន្តរជាតិលើកទី១៣៨ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់ ​«សង់ត្រាល់»​ បាន​ចេញ​របាយ​ការណ៍​មួយ​ស្តីពី​ស្ថានភាព​សេរីភាព​របស់​សហជីព​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ហាញ​ថា​ សហជីព​ឯករាជ្យ​កម្ពុជា​នៅ​តែ​ប្រឈម​ឧបសគ្គ​រារាំង។​ ពួកគេ​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​មើល​ឡើង​វិញ ​ដើម្បី​កុំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​សេរីភាព​ការងារ​របស់​កម្មករ​និយោជិត ​និង​សហជីព។​ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថា ​របាយ​ការណ៍​នេះ​ធ្វើ​ឡើង​ដើម្បី​ដាក់​បន្ទុក​មក​លើ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

របាយ​ការណ៍​ដែលចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៤​ ខែ​មិថុនា ​ឆ្នាំ​២០២៤នេះ ​បញ្ជាក់​ថា ​ សង់ត្រាល់​ធ្វើ​ការ​សម្ភាស​ដោយ​វាយ​តម្លៃ​ពី​ស្ថានភាព​កម្មករ​ និង​សហជីព​ក្នុង​រោងចក្រ​ចំនួន ​១៤ ​ដែល​ស្ថិត​ក្រោម​កម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO)។​ ក្នុង​ចំណោម​សហជីព​ចំនួន ​១៤ ​នេះ​ មាន​សហជីព​ចំនួន ​១០ ​រង​ការ​បំភិត​បំភ័យ​ដោយ​ផ្ទាល់​មាត់​ ការ​គំរាម​កំហែង ​ការ​បៀតបៀន ​និង​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​របស់​ពួក​គេ។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់​ត្រាល់​ដែល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​កម្មករ​លោក ​មឿន តុលា ​ប្រាប់​វីអូអេ​ថា ​ការ​ចេញ​របាយ​ការណ៍​នេះ​ ដោយ​សារតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ឧបសគ្គ​ច្រើន​កើត​ឡើង​ចំពោះ​កម្មករ ​និយោជិត។​ កម្មករ​ក្នុង​វិស័យ​នានា​តែងតែ​មាន​ការ​ប្រឈម​ដូច​គ្នា​និង​ស្រដៀង​គ្នា​ ពាក់ព័ន្ធ​នឹង​សេរីភាព​សហជីព។​

លោក​ថ្លែង​ថា៖​ «ដំណាក់​កាល​ចុង​ក្រោយ​នេះ​ យើង​ឃើញ​កម្មករ​គាត់​មាន​ផល​លំបាក​ច្រើន​ក្នុង​ការ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​សហជីព​នេះ​ ដូច​ជា​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព​ត្រូវ​បាន​ទទួល​ឧបសគ្គ​រាំង​ខ្ទប់​ដោយ​សារ​ការ​អនុវត្ត​ច្បាប់​សហជីព​ហ្នឹង។ ​ដូច​រឿង​ពេល​ដែល​ គាត់​ចង​ក្រង​សហជីព​ទៅ​ត្រូវ​បាន​គេ​បញ្ឈប់​ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ឬ​ក៏​មិន​បន្ត​កិច្ចសន្យា​ការងារ​ឱ្យ​គាត់»។​

លោក​បន្ថែម​ទៀត​ថា ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​គួរតែ​ពិនិត្យ​មើល​ករណី​ទាំង​នោះ​ឡើង​វិញ​ ជា​ជាង​បក​ស្រាយ​ថា​ ករណី​ទាំង​នោះ​គ្រាន់​តែ​ជា​វិវាទ​បុគ្គល។​

លោក​ថា៖ ​«យើង​ launch​ [ដាក់​ចេញ]​អាហ្នឹង​មួយ​ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ​លោក​ចាប់​ផ្តើម​ពិនិត្យ​មើល​ឡើង​វិញ​ ព្រោះ​កម្ពុជា​យើង​ មាន​កាតព្វ​កិច្ច​ក្នុង​ការ​គោរព​និង​លើក​កម្ពស់​នូវ​សេរីភាព​សហជីព​នេះ​ មាន​ទាំង​អនុសញ្ញា​ពលកម្ម​អន្តរជាតិ​ (ILO) លេខ ​៨៧​ ​លេខ​ ៩៨ ​ហ្នឹង​ផង ​មាន​ចែង​ក្នុង​ធម្មនុញ្ញ​ផង​ ហើយ​មាន​នៅ​ក្នុង​ច្បាប់​វិស័យ​ហ្នឹង​ផង​បាទ»។​

លោក​បញ្ជាក់​ថា ​បើ​សិន​រដ្ឋ​នៅ​តែ​មិន​អើពើ​ បណ្តោយ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​សេរីភាព​សហជីព​ ឬ​សមាគម ​ វា​មាន​ន័យ​ថា រដ្ឋ​ក៏​ចូល​រួម​ចំណែក​រំលោភ​សិទ្ធិ​របស់​ពួក​គេ​ផង​ដែរ។​

ជា​មួយ​គ្នា​នេះ​ដែរ ​លោក ​ឃុន ថារ៉ូ ​អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ ​ប្រាប់​វីអូអេ​ថា ​«របាយ​ការណ៍​ឧបសគ្គ​រារាំង​ភាព​ជា​តំណាង​ស្តីពី​សេរីភាព​សហជីព​ក្នុង​ប្រទេស​កម្ពុជា» ​នេះ​ ជា​របាយ​ការណ៍​ដែល​មាន​ការ​ផ្ទៀង​ផ្ទាត់​ទៅ​នឹង​ «របាយ​ការណ៍​ទិន្នន័យ​តម្លាភាព​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ផ្នែក​ការងារ​ គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

លោក ​ឃុន ថារ៉ូ ​ថា ​បើ​គ្រប់​ភាគី​ពាក់​ព័ន្ធ​មិន​ចូល​រួម​ក្នុង​ការ​ដោះស្រាយ​ឧបសគ្គ​ទាំង​អស់​នោះ​ទេ ​ វា​នឹង​ជះ​ឥទ្ធិពល​លើ​សិទ្ធិ​សេរីភាព​របស់​កម្មករ ​និយោជិត។​

លោក​ថា៖​ «វា​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នោះ​ត្រូវ​តែ​ចូល​រួម​ធ្វើ​យ៉ាង​ណា​បំពេញ​កាតព្វ​កិច្ច​ឱ្យ​បាន​ត្រឹមត្រូវ​ ចូល​រួម​ឱ្យ​មាន​ការ​ជំរុញ​ ឱ្យ​មាន​ការ​អភិវឌ្ឍ​ភាព​អនុលោក​ស្រប​ទៅ​តាម​គោល​ការណ៍​ច្បាប់។ ​បើ​មិន​ដូច្នោះ​ទេ​ វា​នឹង​ជះ​ឥទ្ធិពល​ដល់​កម្មករ ​និយោជិត​ ដែល​ពួក​គាត់​ត្រូវ​ប្រើ​ប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​នៅ​ក្នុង​ការ​បង្កើត​រៀបចំ​ការ​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​វិជ្ជាជីវៈ​ ធានា​ដើម្បី​ជំរុញ​ឱ្យ​មាន​នូវ​ការ​អនុវត្ត​ច្បាប់​ ការ​លើក​កម្ពស់​សិទ្ធិ​ការងារ​ ជំរុញ​ឱ្យ​មាន​នូវ​ការ​អនុលោម​ទៅ​នឹង​កាតព្វ​កិច្ច​របស់​ភាគី​ពាក់ព័ន្ធ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​ទៅ​ដល់​ភាគី​និយោជក​ និង​ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិញ»។​

រូបឯកសារ៖ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលប្រមូលផ្តុំដាក់ញត្តិសុំកំណត់ប្រាក់ខែគោលនៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលប្រមូលផ្តុំដាក់ញត្តិសុំកំណត់ប្រាក់ខែគោលនៅក្រសួងការងារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/វីអូអេ)

រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងស្ថិតក្នុងឡាន ដែលមន្ត្រីពន្ធនាគារដឹកយកទៅឃុំឃាំងបន្ត បន្ទាប់ពីចូលរួមសវនាការនៃសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងស្ថិតក្នុងឡាន ដែលមន្ត្រីពន្ធនាគារដឹកយកទៅឃុំឃាំងបន្ត បន្ទាប់ពីចូលរួមសវនាការនៃសាលាឧទ្ធរណ៍ភ្នំពេញ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក ​ប៉ែន បូណា​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​សហជីព​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​ណាស់​ រហូត​ដល់​ជាង​៦​ពាន់​អង្គភាព​ ដែល​បង្ហាញ​ពី​ការ​បើក​ឱ្យ​មាន​សិទ្ធិ​សេរីភាព​របស់​សហជីព។​

លោក​ថ្លែង​ថា៖​ «និយាយ​ឱ្យ​ចំ​ គឺ​សហជីព​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការងារ​រហូត​ដល់​ជាង ​៦.៣០០​ សហជីព​...​គ្រប់​បែប​យ៉ាង​ទាំង​អស់​ជាង​ ៦ ​ពាន់​ដែល​ធ្វើ​សកម្ម​ភាព​នៅ​កម្ពុជា។​ ចុះ​សហជីព​ច្រើន​ម្លឹងៗ​ត្រង់​ណា​ដែល​និយាយ​ថា​ កម្ពុជា​អត់​មាន​សិទ្ធិ​សេរីភាព​របស់​សហជីព។ ​សព្វ​ថ្ងៃ​នេះ​ អ្វី​ដែល​យើង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​សហជីព​ទាំង​អស់​ហ្នឹង​គាត់​ដើរ​ជាន់​ជើង​គ្នា​ ហើយ​ឈ្លោះ​គ្នា​ បែរ​ជា​មក​ដាក់​បន្ទុក​លើ​រដ្ឋាភិបាល​ទៅ​វិញ។​ នេះ​ជា​បញ្ហា»។​

លោក​ថា​ អង្គការ​សង់ត្រាល់​គួរតែ​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​សហជីព។​

លោក​បញ្ជាក់​ថា៖​ «សុំ​កុំ​យក​ករណី​សហជីព​មួយ​ឬ​ពីរ​ដែល​ខ្លួន​គាត់​ឬ​ក៏​ប្រធាន​សហជីព​របស់​គាត់​ហ្នឹង​មាន​បញ្ហា​ផ្លូវ​ច្បាប់​ ហើយ​យក​មក​វាយ​តម្លៃ​សហជីព​ទូទាំង​ប្រទេស​កម្ពុជា​ ព្រោះ​សហជីព​គេ​មាន​ច្រើន​ណាស់​ ជាង​៦​ពាន់​អង្គភាព​ មិន​អាច​ក្លាយ​ជា​ចំណាប់​ខ្មាំង​របស់​សហជីព​មួយ​ឬ​ពីរ​បាន​ទេ»។​

ទោះ​ជា​យ៉ាងណា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់ត្រាល់​ដែល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​កម្មករ​ លោក ​មឿន តុលា ​លើក​ឡើង​ថា៖ ​«ការ​គោរព​សិទ្ធិ​សេរីភាព​សហជីព​នេះ​ គេ​អត់​សំដៅ​ទៅ​លើ​ចំនួន​សហជីព​មាន​ប៉ុន្មាន​ទេ។​ គេ​សំដៅ​ទៅ​លើ​ តើ​គុណភាព​នៃ​ការ​អនុវត្ត​សិទ្ធិ​ចងក្រង​គ្នា​ជា​សហជីព​ ការចរចា​គ្នា​ជា​សមូហភាព ​សិទ្ធិ​ក្នុង​ការ​សម្តែង​មតិ​ ដើម្បី​ឱ្យ​មាន​ការ​កែ​សម្រួល​នូវ​លក្ខខណ្ឌ​សុខភាព ​លក្ខខណ្ឌ​អនាម័យ​ លក្ខខណ្ឌ​ការងារ​នៅ​កន្លែង​ធ្វើ​ការ​ហ្នឹង ​គុណភាព​នៃ​ការ​អនុវត្ត​ហ្នឹង​បាន​ប៉ុណ្ណា? ​តើ​មាន​ការ​បញ្ឈប់​មាន​ការ​ភ័យ​ខ្លាច​ដែរ​អត់​ អាហ្នឹង»។​

លោក ​កត្តា អ៊ន​ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​ ​ចាត់​ទុក​ថា ​ របាយ​ការណ៍​របស់​សង់ត្រាល់​ជា​របាយ​ការណ៍​ប្រតិកម្ម​ទៅ​លើ​វិធីសាស្រ្ត ​និង​ក្បួន​ខ្នាត​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO) ​ក្នុង​ការ​វាយ​តម្លៃ​លើ​កម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ BFC ​តែ​ប៉ុណ្ណោះ។ ​ លោក​ថា ​ក្រសួង​ការងារ​ក៏​នៅ​តែ​បន្ត​ទទួល​ស្វាគមន៍​ចូលរួម​ចំណែក​ជួយ​ដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ​របស់​សហជីព។​

លោក​ថា៖​ «ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ សូម​អំពាវនាវ​ដល់​សហជីព​ទាំង​អស់​ថា ​ក្រសួង​បើក​ទ្វារ​ចំហ​ចាំ​ទទួល​ស្វាគមន៍​ក្នុង​ការ​ដោះស្រាយ​រាល់​ករណី​ណា​មួយ​ដែល​សហជីព​យល់​ឃើញ​ថា ​មិន​ត្រឹមត្រូវ​ ​សហជីព​អាច​យក​ករណី​នេះ​ជជែក​គ្នា​ ដើម្បី​ដោះស្រាយ​ក្នុង​ផល​ប្រយោជន៍​សហជីព​ក៏​ដូច​ជា​ផល​ប្រយោជន៍​កម្មករ​និយោជិត ​ជាជាង​ការ​យក​ករណី​នេះ​ទៅ​ធ្វើ​ការ​ប្រកាស​នៅ​ក្រៅ​ឆាក​ក្នុង​របៀប​វារៈ​ផ្សេងៗ​ ដែល​មិន​មែន​ជា​ផល​ប្រយោជន៍​ពិត​ប្រាកដ​របស់​សហជីព ​និង​កម្មករ ​និយោជិត»។​

តាម​របាយ​ការណ៍​សង់ត្រាល់ ​សហជីព​ឯករាជ្យ​ជា​ប្រភព​ដែល​សង់ត្រាល់​បាន​សម្ភាស​ បាន​បញ្ជាក់​ថា​ ពួកគេ​ត្រូវ​បាន​តាម​ដាន​និង​ត្រួត​ពិនិត្យ ​ជា​ប្រចាំ​ពី​សំណាក់​ក្រុម​សហជីព​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុមហ៊ុន​ ឬ​និយោជក។ ​ជាក់​ស្តែង​ រោងចក្រ​មួយ​ចំនួន​មាន​ក្រុម​សហជីព​ពណ៌​លឿង​ដើរ​យាយី​ និង​បំភិត​បំភ័យ​សហជីព​ឯករាជ្យ​តាម​រយៈ​ការ​ព្រមាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ និង​មិន​អាច​ឲ្យ​ពួក​គេ​រក​ការងារ​ធ្វើ​បាន។​

អង្គការ​សង់ត្រាល់​បាន​លើក​ជា​អនុសាសន៍​ចំនួន ​១១ ​ចំណុច​ សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ រួម​មាន​រដ្ឋាភិបាល​កម្ពុជា​ ថៅកែ​ក្រុមហ៊ុន​ អ្នក​បញ្ជា​ទិញ​ និង​អង្គការ​អន្តរជាតិ។ ​អនុសាសន៍​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​គណនេយ្យ​ភាព​តាម​ស្តង់ដារ​គោរព​តាម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​សិទ្ធិ​ការងារ​ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ ​ ខណៈ​ស្ថាន​ភាព​សេរីភាព​សហជីព​មាន​ការ​តែរឹត​ត្បិត។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​ករណី​ចាប់​ខ្លួន​លោក​ ម៉ម រិទ្ធី ​ប្រធាន​សហជីព​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា​ និង​ករណី​ចាប់​ខ្លួន​លោក ​ជា ចាន់ ​ប្រធាន​សហជីព​រោង​ក្រ​វីងស្ដារស៊ូ។ ​មិន​តែ​ប៉ុណ្ណោះ​ ករណី​វិវាទ​ការងារ​ដ៏រ៉ាំរ៉ៃ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ នៅ​តែ​បន្ត​ការ​ជាប់​គាំង​ ហើយ​ថែម​ទាំង​មាន​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​សហជីព​ កញ្ញា ​ឈឹម ស៊ីថរ ​ដាក់​ក្នុង​ពន្ធនាគារ​ទៀត​ផង៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG