តំណាងសហជីពមួយចំនួន នៅថ្ងៃសុក្រនេះ បានដាក់លិខិតទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ដោយស្នើឱ្យពិនិត្យមើលសកម្មភាព និងប្រភពថវិការបស់អង្គការសង់ត្រាល់(CENTRAL)ដែលធ្វើការលើកកម្ពស់សិទ្ធិរបស់កម្មករ។
ការដាក់ញត្តិទៅក្រសួងមហាផ្ទៃនាពេលនេះធ្វើឡើងបន្ទាប់ពីពួកគេបានបង្ហាញការមិនពេញចិត្តនឹងអង្គការសង់ត្រាល់ ដែលបានចេញផ្សាយរបាយការណ៍មួយស្តីពី«ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាពសហជីពក្នុងប្រទេសកម្ពុជា» កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ពួកគេបានប្រតិកម្មទៅនឹងរបាយការណ៍នោះ ហើយបានធ្វើសកម្មភាពប្រមូលផ្តុំតវ៉ាជាបន្តបន្ទាប់នៅខាងមុខអង្គការសង់ត្រាល់ដែលមានឈ្មោះពេញថា«មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស»។
នាថ្ងៃសុក្រនេះ សហជីពដែលតវ៉ាទាំងនោះបានដាក់ញត្តិស្នើសុំឱ្យក្រសួងមហាផ្ទៃពិនិត្យសកម្មភាព និងកញ្ចប់ថវិកាជំនួយបរទេសរបស់អង្គការមួយនេះ។ ញត្តិរបស់សហភាពសិទ្ធិកម្មករកម្ពុជាដាក់ទៅក្រសួងមហាផ្ទៃ ដែលវីអូអេទទួលបាន បញ្ជាក់ថា៖ «របាយការណ៍ខាងលើ[របស់សង់ត្រាល់]នេះ វាមិនបានឆ្លុះបញ្ចាំងពីការណ៍ពិតនិងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករនិយោជិតនៅកម្ពុជាទាំងមូល។ ហើយរបាយការណ៍នេះមានចរិតនយោបាយ និងញុះញុង លាបពណ៌ ឱ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា»។
សហជីពចាត់ទុកថា អង្គការសង់ត្រាល់ធ្វើសកម្មភាពមិនស្របតាមច្បាប់ស្ដីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ដែលបានទៅដាក់ញត្តិនៅក្រសួងមហាផ្ទៃ និងអះអាងថា ខ្លួនតំណាងសហជីពប្រមាណ២០នាក់ ប្រាប់វីអូអេថា លោកមិនពេញចិត្តចំពោះរបាយការណ៍របស់អង្គការសង់ត្រាល់ដែលលោកថា សម្ភាសរោងចក្រចំនួន១៤ រួចវាយតម្លៃជារួមអំពីស្ថានភាពសហជីពនៅប្រទេសកម្ពុជា។ លោកបន្ថែមថា របាយការណ៍របស់អង្គការសង់ត្រាល់មិនបានឆ្លុះបញ្ជាំងអំពីស្ថានភាពសហជីពនៅកម្ពុជាឡើយ។
លោកថ្លែងថា៖«អ៊ីចឹងសម្រាប់ខាងយើងខ្ញុំ គឺមិនអាចទទួលយកបាន ហើយចំណុចដែលសំខាន់ គឺពួកខ្ញុំស្នើសុំឱ្យក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលើសកម្មភាពរបស់អង្គការសង់ត្រាល់ [នេះ]ទី១។ ទី២ ពិនិត្យទៅលើថវិកាដែលទទួលបានពីខាងអន្តរជាតិនានាដែលគាត់មាន ដើម្បីឱ្យឆ្លុះបញ្ចាំងថា សកម្មភាពរបស់ពួកគាត់វាត្រឹមត្រូវតាមលក្ខន្តិកៈដែរឬទេ?»
ប្រធានសហភាពសិទ្ធិកម្មករកម្ពុជារូបនេះក៏ទាមទារឱ្យអង្គការសង់ត្រាល់កែតម្រូវរបាយការណ៍នោះ និងត្រូវហៅគ្រប់សហព័ន្ធសហជីព ឬសហភាពនៅកម្ពុជាដើម្បីចូលរួមពិនិត្យ និងផ្តល់មតិយោបល់។
លោកបន្ថែមថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថា វាចៀសមិនផុតទេ វាអាចនឹងមានខ្លះ ក៏ប៉ុន្តែសួរថា តើវិវាទនីមួយៗ តើមានដោះស្រាយហើយឬនៅ? សម្រាប់ខ្ញុំ ខ្ញុំគិតថា ក្នុងរបាយការណ៍ បើសិនជាក្នុងករណីថា ១៤រោងចក្រមានរោងចក្រណាខ្លះ?គួរតែសរសេរក្នុងហ្នឹង ។នេះទី១។ ហើយទី២ គួរតែសរសេរអង្គហេតុថា តើករណី១៤រោងចក្រហ្នឹងមានបញ្ហាអ្វីខ្លះ? ហើយបានដោះស្រាយហើយឬនៅ?»
បើតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ អង្គការសង់ត្រាល់បានសម្ភាស ហើយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ(ILO)។ ក្នុងចំណោមសហជីពចំនួន១៤នេះ មានសហជីពចំនួន១០រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។ អង្គការសង់ត្រាល់ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករនិយោជិត និងសហជីព។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា របាយការណ៍នេះធ្វើឡើងតាមរយៈការអង្កេត ការសម្ភាសកម្មករ និងថ្នាក់ដឹកនាំសហជីព ដែលជាសហជីពមូលដ្ឋានរបស់សហព័ន្ធដៃគូ ដូចជាCATU និងC.CAWDUជាដើម ដែលមិនមែនតំណាងឱ្យរោងចក្រទាំងអស់ឡើយ។ លោកបន្ថែមថា របាយការណ៍នេះក៏មិនបានញុះញង់ ឬបំបាក់មុខអ្នកណាឡើយ ហើយមានគោលបំណងធ្វើឱ្យមានភាពល្អប្រសើរឡើង នៅក្នុងរោងចក្រទាំងនោះ។
លោកថ្លែងថា៖ «របាយការណ៍នេះ ខ្ញុំសូមបញ្ជាក់ឡើងវិញថា ជារបាយការណ៍ស្រមោល ហើយជារបាយការណ៍មួយពិនិត្យមើលទៅនឹងការអនុវត្តសិទ្ធិសេរីភាពរបស់សហជីព។ អ៊ីចឹងបើយើងមិនច្បាស់អំពីគោលដៅ គោលបំណង និងកម្មវត្ថុនៃរបាយការណ៍នេះទេ វាអាចមានការភ័ន្តច្រឡំ ទៅនឹងអ្វីដែលជារបកគំហើញដែលបានរកឃើញពាក់ព័ន្ធនឹងឧបសគ្គរារាំង ចំពោះកម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា»។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេថា សេរីភាពសហជីពនៅកម្ពុជាមានភាពល្អប្រសើរ និងមិនមានការធ្វើទុក្ខបុកម្នេញអ្វីនោះទេ។
លោកបញ្ជាក់ថា៖ «នៅកម្ពុជាពុំមានការរឹតត្បិត ធ្វើទុក្ខបុកម្នេញ យាយី ឬបំភិតបំភ័យ គំរាមកំហែងទៅលើសកម្មភាពសហជីពនោះទេ។ ជាក់ស្តែងយើងឃើញនៅក្នុងរបាយការណ៍BFC [គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា] របស់អង្គការអន្តរជាតិខាងការងារILO បានវាយតម្លៃថា នៅកម្ពុជាសេរីភាពសហជីពមានភាពល្អប្រសើរ។ ទី២ យើងឃើញចំនួនរបស់សហជីព អង្គការវិជ្ជាជីវៈនៅកម្ពុជាជាង៦៣០០ដែលបានបង្កើតឡើង ហើយពួកគេកំពុងប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដោយសេរី»។
លោកបន្ថែមថា បើសិនជាមានសហជីពរងការធ្វើទុក្ខបុកម្នេញ ឬរងការបំភិតបំភ័យណាមួយ នោះកម្ពុជានឹងមិនមានសហជីព និងអង្គការវិជ្ជាជីវៈច្រើនបែបនេះឡើយ៕
វេទិកាបញ្ចេញមតិ