កាលពីដើមខែមិថុនានេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ (Central) បានចេញរបាយការណ៍ថ្មីមួយស្តីពីស្ថានភាពកម្មករ និងសហជីពក្នុងវិស័យកាត់ដេរ ដោយធ្វើការវាយតម្លៃលើសហជីពក្នុងរោងចក្រចំនួន១៤។
បើតាមរបាយការណ៍នោះ ក្នុងចំណោមសហជីពចំនួន១៤នេះ មានសហជីពចំនួន១០រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។ អង្គការសង់ត្រាល់ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករនិយោជិត និងសហជីព។
សហជីពដែលគាំទ្ររដ្ឋាភិបាលមួយចំនួនបានចេញធ្វើយុទ្ធនាការជំទាស់នឹងរបាយការណ៍នោះថាមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅក្នុងវិស័យកាត់ដេរ និងបង្កហានិភ័យដល់អ្នកវិនិយោគនៅកម្ពុជា។
ក្រោយមានការចោទប្រកាន់បែបនេះ សម្ព័ន្ធសហជីព និងអង្គការក្រៅរដ្ឋាភិបាលដ៏ធំបំផុតដែលគេស្គាល់ថា Clean Clothes Campaign បានប្រកាសថ្កោលទោសយុទ្ធនាការនោះថា ជាយុទ្ធនាការបង្ខូចកេរ្តិ៍ អង្គការពារសិទ្ធិការងារឯករាជ្យនៅកម្ពុជា ដែលសំដៅដល់អង្គការសង់ត្រាល់។
ក្រុមអ្នកធ្វើយុទ្ធនាការការពារសិទ្ធិ និងអត្ថប្រយោជន៍កម្មករ Clean Clothes Campaign បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា សហជីពដែលគាំទ្ររដ្ឋាភិបាលដែលទំនងជាមិនបានដឹងពីខ្លឹមសារពិតប្រាកដរបស់របាយការណ៍ កំពុងអះអាងថារបាយការណ៍មិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពិតអំពីសហជីពពាណិជ្ជកម្ម និងសេរីភាពចងក្រងសមាគមនៅកម្ពុជា ហើយមានភាពគ្រោះថ្នាក់ដល់អ្នកវិនិយោគបច្ចុប្បន្ន និងពេលអនាគត។
Clean Clothes Campaign លើកឡើងទៀតថាភាសាដែលសហជីពគាំទ្ររដ្ឋាភិបាលបានប្រើនេះមិនចេញមកពីតំណាងកម្មករទេ តែមកពីខាងនិយោជក ដែលឃើញមាននៅក្នុងលិខិតញត្តិនានារបស់សហជីពគាំទ្ររដ្ឋាភិបាលជាង១៥ ដែលស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ ស៊ើបអង្កេតលើប្រតិបត្តិការ និងហិរញ្ញវត្ថុរបស់អង្គការសង់ត្រាល់។
បើតាមសេចក្តីថ្លែងការណ៍ដដែលរបស់ Clean Clothes Campaign អង្គការសង់ត្រាល់ត្រូវបានចោទប្រកាន់អំពីការធ្វើសកម្មភាពខុសច្បាប់ ដែលបានប្រើប្រាស់មូលនិធិរបស់បរទេស។ ការចោទប្រកាន់បែបនេះបានបង្កការគំរាមកំហែងដល់ដំណើរការរបស់អង្គការសង់ត្រាល់ ដោយសារការស៊ើបអង្កេតស្រដៀងគ្នានេះកន្លងមកបាននាំទៅដល់ការផ្អាកជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍នៃអង្គការឯករាជ្យនានាដែលបានធ្វើការក្នុងវិស័យផ្សេងគ្នាក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍របស់Clean Clothes Campaign លើកឡើងថា៖ «យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះប្រឆាំងនឹងអង្គការសង់ត្រាល់នេះ ត្រូវគ្នានឹងការគាបសង្កត់ឥតដាច់ និងយ៉ាងទូលំទូលាយលើអ្នកតស៊ូមតិខាងសិទ្ធិមនុស្ស និងការងារ។ លំហស៊ីវិលត្រូវបានស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្លានៅប្រទេសកម្ពុជាអស់ពេលជាច្រើនឆ្នាំមកហើយ ហើយលំហរបស់សហជីព ដើម្បីបំពេញកិច្ចការរបស់ខ្លួនត្រូវបានរឹតត្បិតយ៉ាងខ្លាំងចាប់តាំងពីការណែនាំឱ្យប្រើប្រាស់ច្បាប់សហជីពឆ្នាំ២០១៦»។
សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា៖ «ការដាក់គោលដៅវាយប្រហារលើអង្គការសង់ត្រាល់ទំនងជាកើតចេញពីការខិតខំដែលរៀបចំឡើង និងសម្របសម្រួលបានយ៉ាងរលូនដើម្បីលុបបំបាត់សំឡេងឯករាជ្យមួយទៀតនៅក្នុងលំហស៊ីវិលរបស់ប្រទេសកម្ពុជា។ Clean Clothes Campaign នឹងចូលរួមជាមួយអង្គការសង់ត្រាល់យ៉ាងមុតមាំ និងគំាទ្រសង់ត្រាល់ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ផ្សេងៗ»។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជាដែលបានទៅដាក់ញត្តិនៅក្រសួងមហាផ្ទៃឱ្យពិនិត្យលើសកម្មភាព និងប្រភពលុយរបស់អង្គការសង់ត្រាល់យល់ថា Clean Clothes Campaign មានសិទ្ធិក្នុងការបញ្ចេញមតិរបស់ខ្លួន ហើយលោកក៏ចង់ឃើញអង្គការអន្តរជាតិមួយនេះ ចូលរួមជាមួយអង្គការសង់ត្រាល់ក្នុងការផ្តល់សេចក្តីពន្យល់អំពីរបៀបនៃការធ្វើរបាយការណ៍ដែលលោកយល់ថាអាចបង្វែរការសម្រេចចិត្តអ្នកបញ្ជាទិញមួយចំនួនមិនឱ្យទិញទំនិញពីកម្ពុជា។
លោកថ្លែងថា៖ «គេថាចង់ថាម៉េចជារឿងរបស់គេ ដូចខាងខ្ញុំអ៊ីចឹង បើខ្ញុំមិនពេញចិត្ត អាហ្នឹងជាសិទ្ធិសេរីភារបស់ខ្ញុំ។ អ៊ីចឹង បានន័យថា នៅប្រទេសកម្ពុជាយើង វាមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិទៅវិញទៅមកដូចគ្នា។ អាហ្នឹង វាអត់បញ្ហាអីទេ។ ហើយ Clean Clothes Campaign បើសិនជាគាត់ចេញរបៀបហ្នឹង តើគាត់ដូចអ្វីដែលខ្ញុំ ស្នើនេះ ដែលខ្ញុំលើកនេះ ថាតើគាត់ចូលរួមដែរឬអត់ បើសិនជាក្នុងករណីសង់ត្រាល់គាត់នឹងមានការ រៀបចំពិនិត្យឡើងវិញរបាយការណ៍ហ្នឹងត្រូវ គួរតែ កែសម្រួលយ៉ាងម៉េច អាហ្នឹង ពួកគាត់គួរតែចូលរួមដែរ បើសិនជាក្នុងករណីគាត់លើករឿងហ្នឹង»។
លោកបានឱ្យដឹងទៀតថារបាយការណ៍របស់អង្គការសង់ត្រាល់ ចងក្រងឡើងដោយខ្វះការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ពោលគឺនៅកម្ពុជាមានសហជីពច្រើន ហើយរោងចក្រក៏មានច្រើន។
ដោយឡែក អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកទូច សុខៈ បញ្ជាក់វីអូអេឱ្យដឹងនៅថ្ងៃចន្ទនេះ ថាក្រសួង កំពុងពិនិត្យមើលសំណើរបស់សហជីពដែលស្នើឱ្យពិនិត្យលើប្រតិបត្តិការ និងប្រភពថវិការបស់អង្គការសង់ត្រាល់ ដោយមិនទាន់មានលទ្ធផលជាដុំកំភួននោះទេ។
លោកបន្ថែមថាក្រសួងត្រូវបានការពេលដើម្បីពិនិត្យលើវិសាលភាពរបស់អង្គការសង់ត្រាល់និងលទ្ធភាពរបស់ក្រសួងផ្ទាល់ថា អាចធ្វើបានប៉ុណ្ណាទៅលើការស្នើរបស់សហជីពដែលមិនពេញចិត្តរបាយការណ៍របស់អង្គការសង់ត្រាល់។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វីអូអេថាស្ថាប័នរបស់លោកនឹងធ្វើការបំភ្លឺលើការចោទប្រកាន់របស់សហជីពមួយចំនួនដែលគេដឹងថាមាននិន្នាការទៅរដ្ឋាភិបាល។ លោកបន្ថែមថាការបកស្រាយនោះ គឺក្នុងក្របខណ្ឌរបាយការណ៍ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយមិនផ្តោតលើប្រតិបត្តិការ ឬប្រភពហិរញ្ញវត្ថុរបស់អង្គការសង់ត្រាល់នោះទេ។
លោកថ្លែងថា៖«ការឆ្លើយតប ការបកស្រាយបំភ្លឺយ៉ាងណានោះ ក៏វាស្ថិតនៅក្នុងវិសាលភាពនៃរបាយការណ៍ ទាក់ទងទៅនឹងគោលបំណង កម្មវត្ថុ ហើយនិងគោលដៅនៃរបាយការណ៍របស់យើងហ្នឹង វិធីសាស្ត្រដែលយើងប្រើប្រាស់នៅក្នុងការអង្កេត ការប្រមូលទិន្នន័យ ព័ត៌មានអីជាដើមហ្នឹង ក៏ដូចជាអនុសាសន៍ ទៅកាន់ភាគីពាក់ព័ន្ធ អ៊ីចឹង រាល់ការបកស្រាយរបស់យើង ការស្រាយបំភ្លឺហ្នឹង គឺវាផ្តោតសំខាន់តែហ្នឹងរឿងរបាយការណ៍របស់យើង»។
លោកបន្ថែមថាក្នុងនាមជាស្ថាប័នសម្របសម្រួលក្នុងការសរសេរ របាយការណ៍នេះ Central នឹងពិគ្រោះយោបល់ជាមួយ CATU និង C.CAWDU ដែលបានសម្របសម្រួលការប្រមូលទិន្នន័យ ដើម្បីឆ្លើយតបចំពោះសំណួរ ឬកង្វល់ដែលនឹងទទួលបាននាពេលខាងមុខពីសហជីព ដៃគូ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀតទាក់ទងជាមួយការរកឃើញ និងអនុសាសន៍របស់ខ្លួន។ លោកបញ្ជាក់ថាសង់ត្រាល់រង់ចាំ និងស្វាគមន៍កិច្ចសន្ទនាគ្រប់ទម្រង់ទាំងអស់ ដើម្បីធានាឱ្យមានភាពច្បាស់លាស់ និងដើម្បីបង្ការកុំឱ្យមានការភាន់ច្រឡំដទៃទៀតដែលអាចកើតមានពីការបោះពុម្ពផ្សាយរបាយការណ៍កាលពេលថ្មីៗនេះ។
ចំណែកប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ អំពាវនាវឱ្យភាគីសហជីពដែលកំពុងធ្វើយុទ្ធនាការបរិហាររបាយការណ៍ដែលសហជីពរបស់អ្នកស្រី និងអង្គការសង់ត្រាល់បានធ្វើនោះចេញមកផ្តល់ការពន្យល់អំពីផលប៉ះពាល់របស់របាយការណ៍ ហើយថា របាយការណ៍នេះធ្វើឡើងដោយការសួរដោយផ្ទាល់ជាមួយភាគីកម្មករនិយោជិត។
អ្នកស្រីថ្លែងថា៖ «ខ្ញុំចង់សួរត្រឡប់ទៅពួកគាត់វិញថា បើប៉ះពាល់ ប៉ះពាល់ម៉េច? ហើយហេតុអ្វីបានយល់ឃើញថាប៉ះពាល់ ព្រោះយើងបានបញ្ជាក់ហើយថា របាយការណ៍នេះ ជារបាយការណ៍មួយជ្រុងតូចនៃការអនុវត្តសិទ្ធិ របស់កម្មករនិយោជិតនៅកន្លែងការងារ ហើយមិនមានអី ជាផលប៉ះពាល់អីទេ ហើយបើប៉ះពាល់ បើគាត់យល់ថាប៉ះពាល់យ៉ាងម៉េចដែរ? ឱ្យគាត់លើហេតុផលឱ្យច្បាស់ ឱ្យជាក់លាក់មក ខ្ញុំគិតថាជាចំណុចមួយដែលខ្ញុំចង់ស្តាប់ការconcern ការព្រួយបារម្ភរបស់ពួកគាត់ដែរ អ៊ីចឹង»។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាអង្គការសង់ត្រាល់ត្រូវធ្វើការបកស្រាយរបាយការណ៍របស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រោះសូម្បីតែអង្គការអន្តរជាតិខាងការងារហៅកាត់ថាILOក៏បានវាយតម្លៃភាពល្អប្រសើរនៃសេរីភាពសហជីពនៅកម្ពុជា ដែលមានសហជីពជាង៦០០០សហជីព និងកំណើននៃចំនួនសហគ្រាស ក៏ដូចជាការបញ្ជាទិញ។
លោកថ្លែងថា៖ «អ្វីដែលសហព័ន្ធសហជីពកំពុងធ្វើការតវ៉ាទៅលើរបាយការណ៍សង់ត្រាល់ សង់ត្រាល់ត្រូវតែទទួលខុសត្រូវចំពោះរបាយការណ៍របស់ខ្លួននៅចំពោះមុខសហជីព ក៏ដូចជាក្របខណ្ឌគតិយុត្តិផ្សេងៗ ដែលកើតមានចំពោះសកម្មភាពដែលខ្លួនបានធ្វើ»។
ទោះយ៉ាងណា ជុំវិញការវាយប្រហាររបស់សហជីពមួយចំនួនមកលើរបាយការណ៍របស់អង្គការសង់ត្រាល់ Clean Clothes Campaign បានលើកឡើងទៀតថារបាយការណ៍នោះ កំពុងត្រូវបានគេប្រើប្រាស់ ដើម្បីបំផ្លិចបំផ្លាញ និងវាយប្រហារអង្គការសង់ត្រាល់ និងដើម្បីរឹតត្បិតបន្ថែមទៀតលើលំហអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តសិទ្ធិនៃការបញ្ចេញមតិរបស់ពួកគេ និងការប្រើប្រាស់សិទ្ធិសេរីភាពនៃការចងក្រងសមាគម៕
វេទិកាបញ្ចេញមតិ