ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រ Charles ទី ៣ នៃ​ចក្រភព​អង់គ្លេស​ធ្លាប់​ជួប​ប្រធានាធិបតី​អាមេរិក​ចំនួន ១០ រូប


ព្រះមហាក្សត្រ​ Charles ទី ៣ មាន​ព្រះរាជបន្ទូល​នៅ​សាល Westminster ក្នុង​ទីក្រុ​ងឡុងដ៍ ចក្រភព​អង់គ្លេស ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២។
ព្រះមហាក្សត្រ​ Charles ទី ៣ មាន​ព្រះរាជបន្ទូល​នៅ​សាល Westminster ក្នុង​ទីក្រុ​ងឡុងដ៍ ចក្រភព​អង់គ្លេស ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២។

ព្រះមហាក្សត្រ Charles ទី ៣ ដែល​បាន​ក្លាយជា​ព្រះ​ប្រមុខ​រដ្ឋ​របស់​ចក្រភព​អង់គ្លេស បន្ទាប់ពី​ព្រះមហាក្សត្រិយានី Elizabeth ទី ២ ដែល​ជា​ព្រះមាតា​របស់​ព្រះអង្គ​បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ទី ៨ ខែ​កញ្ញា​កន្លង​ទៅ​នេះ ធ្លាប់​បាន​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចំនួន ១០ រូប​ចាប់​តាំងពី​ពេល​ដែល​ព្រះអង្គ​បាន​ប្រសូត​កាលពី​ឆ្នាំ ១៩៤៨ មក។

ព្រះអង្គ​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​កញ្ញា Tricia Nixon ដែល​ជា​កូនស្រី​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Richard Nixon នៅ​ក្នុង​ពិធី​ជប់លៀង​មួយ​ដែល​មាន​ការ​រាំរែក​កម្សាន្ត​នៅ​សេតវិមាន​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ ១៩៧០។ ព្រះអង្គ​ក៏​ធ្លាប់​បាន​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Ronald Reagan អំពី​ការ​ជិះ​សេះ​លេង​កម្សាន្ត​ផង​ដែរ។ មួយ​វិញ​ទៀត ព្រះអង្គ​ក៏​ធ្លាប់​បាន​សន្ទនា​យ៉ាង​យូរ​ជាមួយ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ផង​ដែរ​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

ព្រះអង្គ​មាន​ព្រះជន្ម​ត្រឹមតែ ១០ ព្រះវស្សា​តែ​ប៉ុណ្ណោះ​នៅ​ពេល​ដែល​ទ្រង់​បាន​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Dwight Eisenhower នៅ​ក្នុង​ឆ្នាំ ១៩៥៩។ លោក Eisenhower គឺ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បង្អស់​ដែល​ទ្រង់​បាន​ជួប។

នៅ​ពេល​នោះ​លោក​ប្រធានាធិបតី Eisenhower បាន​ទៅ​គាល់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ និង​រាជវង្សានុវង្ស​របស់​ព្រះអង្គ​នៅ​ឯ​ព្រះរាជ​ដំណាក់ Balmoral Castle នៅ​ស្កុតលែន។

អ្នកស្រី Barbara A Perry ប្រធាន​ផ្នែក​សិក្សា​អំពី​ប្រធានាធិបតី​នៃ​មជ្ឈមណ្ឌល Miller នៅ​សាកលវិទ្យាល័យ Virginia (University of Virginia) បាន​និយាយ​ថា ទាក់ទិន​នឹង​ប្រវត្តិ​ដែល​ព្រះមហាក្សត្រ Charles ទី ៣ ធ្លាប់​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នានា​ក្នុង​ពេល​កន្លង​មក គេ​មិន​គួរ​ចាប់ផ្តើម​រាប់​តាំង​ពី​ពេល​ដែល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​ក្មេង​ពេក​នោះ​ទេ។

អ្នកស្រី​បាន​កត់សម្គាល់​ថា កន្លង​មក ព្រះរាជ​ដំណាក់ Kensington Palace បាន​ចេញផ្សាយ​រូបថត​មួយ​សន្លឹក​បង្ហាញ​អំពី​ព្រះអង្គ​ម្ចាស់ George ដែល​ជា​ព្រះនត្តាក្សត្រា​របស់​ព្រះមហាក្សត្រ Charles ទី ៣ ចាប់​ដៃ​ជាមួយ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Barack Obama នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ ២០១៦ នៅពេល​ដែល​ព្រះអង្គ​ម្ចាស់ George នៅ​តូច​ទើប​ចេះ​ដើរ​តេះតះ​នៅ​ឡើយ។

អ្នកស្រី Perry បាន​បញ្ជាក់​ថា ព្រះមហាក្សត្រ Charles ទី ៣ មិន​ដែល​បាន​ជួប​ជាមួយ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Harry Truman អតីត​ប្រធានាធិបតី​អាមេរិក​លោក Gerald Ford អតីត​ប្រធានាធិបតី​អាមេរិក​លោក Lyndon Johnson និង​អតីត​ប្រធានាធិបតី​អាមេរិក​លោក John F. Kennedy នោះ​ទេ។

ការ​ជួប​របស់​ព្រះអង្គ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នានា​ក្នុង​ពេល​កន្លង​មក​រួម​មាន​នូវ​អ្វី​ដែល​ទ្រង់​បាន​រំឭក​ថា​ជា​ព្រះរាជ​ទស្សនកិច្ច​ចុង​សប្តាហ៍ «ដ៏​សប្បាយ​រីករាយ» មួយ​ជាមួយ​នឹង​ម្ចាស់​ក្សត្រិយ៍ Anne ដែល​ជា​ព្រះអនុជ​របស់​ព្រះអង្គ នៅ​សេតវិមាន​កាលពី​ឆ្នាំ ១៩៧០ នៅ​ពេល​ដែល​លោក Nixon ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

នៅ​ពេល​នោះ​ទ្រង់​មាន​ព្រះជន្ម​ទើបតែ ២០ ព្រះវស្សា​តែ​ប៉ុណ្ណោះ​ហើយ​នៅ​លីវ ដោយ​ទ្រង់​យល់​ថា​មាន​ការ​ប្រឹងប្រែង​ដើម្បី​រៀបចំ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​នេះ​ឡើង​សម្រាប់​ទ្រង់។

នៅ​ពេល​ក្រោយ​មក ព្រះអង្គ​បាន​រំឭក​ថា៖ «នៅ​ពេល​នោះ ពួកគេ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្ញុំ​បាន​រៀប​អភិសេក​ជាមួយ​កញ្ញា Tricia Nixon»។

ព្រះមហាក្សត្រ Charles ទី ៣ បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​អាមេរិក​នានា​នៅ​ពេល​ព្រះអង្គ​បាន​យាង​ទៅ​សហរដ្ឋ​អាមេរិក និង​នៅ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​ធ្វើ​ទស្សនកិច្ច​ទៅ​ចក្រភព​អង់គ្លេស។

កន្លង​មក ព្រះអង្គ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​មួយ​ចំនួន​ដូចជា​លោក Donald Trump លោក Barack Obama លោក Bill Clinton និង​លោក George W. Bush ជាដើម នៅ​ពេល​ដែល​ព្រះអង្គ​តំណាង​ឱ្យ​ព្រះរាជវង្ស​ចក្រភព​អង់គ្លេស​នៅ​ក្នុង​ពិធី​បុណ្យ​សព​ជា​ផ្លូវ​រដ្ឋ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក George H.W. Bush នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ឆ្នាំ ២០១៨។

ព្រះមហាក្សត្រ Charles ទី ៣ ក៏​ធ្លាប់​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ផងដែរ​នៅ​ពេល​លោក Biden ទៅ​ចូលរួម​ព្រះរាជ​ពិធី​បុណ្យ​ព្រះសព​របស់​ព្រះមាតា​ព្រះអង្គ​កាលពី​ពេល​ថ្មីៗ​នេះ និង​នៅ​ពេល​ដែល​ព្រះអង្គ​និង​លោក Biden ចូលរួម​នៅ​ក្នុង​សន្និសីទ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ទីក្រុង Glasgow ប្រទេស​ស្កុតលែន​នៃ​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ​មុន។

ព្រះអង្គ​បាន​មាន​ព្រះរាជ​បន្ទូល​ប្រាប់​បណ្តាញ​ទូរទស្សន៍ CNN ថា ព្រះអង្គ​បាន​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ប្រមាណ ២០ ដង​រួច​មក​ហើយ តាំងពី​ព្រះរាជ​ទស្សនកិច្ច​លើក​ដំបូង​របស់ព្រះអង្គ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សម័យ​លោក Nixon ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​មក៕


ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG