ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាក្តី​ខ្មែរ​ក្រហម​សង្ឃឹម​មាន​ជំនួយ​បន្ថែម​ពី​សហគម​អន្តរជាតិ​ក្រោយ​សំណុំ​រឿង​០០២​វគ្គ​ទី១

  • គង់ សុឋានរិទ្ធ

ការ​កាត់ក្តី​ក្នុង​វគ្គ​ទីមួយ​បាន​ជួប​បញ្ហា​ថវិកា​ជាច្រើន​លើក​នៅ​ផ្នែក​ភាគី​ជាតិ ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​បុគ្គលិក​ផ្នែក​បក​ប្រែភាសា។
សហ​ព្រះរាជ​អាជ្ញា​អន្តរ​ជាតិ​លោក​នីកូឡាស​ គុមជាន​ (Nicholas Kounjian) រំពឹង​ថា​ប្រសិទ្ធិភាព​នៃ​ដំណើរ​ការ​កាត់ក្តី​គឺជាកត្តា​ទាក់ទាញ​ប្រាក់ជំនួយពី​សហគម​អន្តរជាតិ​សម្រាប់​បន្ត​ប្រតិបត្តិ​ការ​សាលា​ក្តី​ខ្មែរ​ក្រហម​ត​ទៅមុខ​ទៀត។

សហ​ព្រះរាជអាជ្ញា​សញ្ញាតិ​អាមេរិក​កត់​សំគាល់​យ៉ាង​ដូច្នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​បញ្ចប់​ការ​កាត់​ទោស​ជនជាប់​ចោទ នួន ជា ​និង​ខៀវ ​សំផន​ ក្នុង​សំណុំ​រឿង​០០២​ វគ្គ​ទី១។

«ខ្ញុំជឿ​ថា​ប្រទេស​ម្ចាស់​ជំនួយ​នឹង​ផ្តល់​ថវិកា​ដល់​តុលាការ​នេះ​នៅ​ពេល​ណា​ដែល​យើង​អាច​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ​ថា​យើង​កំពុង​ដំណើរ​ការ​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​លទ្ធផល​ជាក់​ស្តែង​មួយ​និង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព»។

លោក​នីកូឡាស​ គុមជាន​ ទើប​នឹង​ត្រូវ​តែងតាំង​ជា​ផ្លូវការ​ដោយ​ព្រះមហាក្សត្រ​កម្ពុជា​ជា​សហព្រះ​រាជ​អាជ្ញា​អន្តរជាតិ​ជំនួសសហ​ព្រះរាជ​អាជ្ញាជនជាតិ​អង់គ្លេស​លោក​អេនឌ្រូ ​ខេលី។ ​លោក​ខេលី ដែល​បាន​លាលែង​ពី​ការងារ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៣​នេះ។

លោក​ព្រះរាជអាជ្ញា នីកូឡាស​ គុមជាន ​គូស​បញ្ជាក់​ថា​បញ្ហា​នេះ​នឹង​ត្រូវ​ធ្វើការ​ជាមួយ​អង្គជំនុំ​ជម្រះសាលា​ដំបូង​ក្នុង​សាលាក្តី​ខ្មែរក្រហម​ក្នុង​កិច្ច​ប្រជុំ​រៀបចំ​សវនាការ​សម្រាប់​ការ​កាត់ក្តី​សំណុំរឿង​០០២​វគ្គទី​២។ ហើយ​កិច្ចប្រជុំ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ខែ​ធ្នូ​ឆ្នាំនេះ​ស្រប​ពេល​ដែល​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​គ្រោង​នឹង​ប្រកាស​សាលក្រម​ការកាត់ក្តី​វគ្គទី១​នៃ​សំណុំ​រឿង​០០២​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤។

សំណុំ​រឿង​០០២ ​បច្ចុប្បន្ន​នៅ​សល់​ជនជាប់​ចោទ​ចាស់​ជរា ​អតីត​មេដឹក​នាំ​កំពូល​តែពីរ​នាក់​នោះ​គឺ នួន ជា​ អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​និងខៀវ ​សំផន​ អតីត​ប្រមុខ​រដ្ឋ។ សំណុំ​រឿង​ទី២​នេះ​នឹង​ត្រូវ​កាត់​ទោស​ជាបីវគ្គ​ដោយ​បែង​ចែក​តាម​បទ​ចោទ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍។

ការ​កាត់ក្តី​ក្នុង​វគ្គ​ទីមួយ​បាន​ជួប​បញ្ហា​ថវិកា​ជាច្រើន​លើក​នៅ​ផ្នែក​ភាគី​ជាតិ ហើយ​បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​បុគ្គលិក​ផ្នែក​បក​ប្រែភាសា។

ដោយឡែក​លោក​ស្រី ជា ​លាង ​សហ​ព្រះរាជ​អជ្ញា​ជាតិ​ធានា​ថាថវិកា​សម្រាប់​ភាគី​កម្ពុជា​មាន​គ្រប់​គ្រាន់​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៣​នេះ។ ប៉ុន្តែ​បញ្ហា​សុខភាព​ជនជាប់​ចោទ​នៅ​តែ​ជា​ការ​ប្រឈម។

«សំណុំ​រឿង​បន្ត​ទៀត​ពាក់ពន្ធ័​នឹង​សុខភាព​ជនជាប់​ចោទ​ដែរ។ ដូច​យើង​បាន​ដឹង​ហើយ នួន​ ជា ​នៅ​តែ​បន្ទប់​ខាង​ក្រោម​ទេ។គាត់​អង្គុយ​មួយថ្ងៃ​បាន​តែ​កន្លះ​ម៉ោង​ទេ។ ​លើក​លែង​តែ​ជនជាប់​ចោទ ខៀវ សំផន​ តាមដាន​សវនាការ​ជាប់។នេះ​ជា​ចំណុច​ដែល​យើង​ត្រូវ​ពិចារណា​ថា ​អ្វី​ដែល​អាច​កើត​ឡើង​នៅ​ថ្ងៃ​មុខ​យើង​មិន​អាច​និយាយ​បាន។ យើង​សង្ឃឹម​ថា​គាត់​នៅ​មាន​ជីវិត​យូរ​ហើយ​យើង​នឹង​ដេញ​ដោល​រក​ចំណុច​លម្អិត​ទៀត»។

ជាមួយ​គ្នា​នេះ​លោក​ឡាស​ អលសិន ​(Lars Olsen) អ្នកនាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ដឹង​ថា​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​២០១៤​និង​ឆ្នាំ​២០១៥​កំពុង​ស្ថិត​ក្នុង​រៀបចំ​បញ្ចប់។​ ហើយ​គម្រោង​ថវិកា​នេះ​នឹង​ត្រូវ​ដាក់​ជូន​ប្រទេស​ម្ចាស់​ជំនួយ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទី​ក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក​ ក្នុង​អំឡុង​ពីរ​សប្តាហ៍​ទៀត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG