ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​កាត់​ក្តី​វគ្គ​តូច​ទី​មួយ​នៃ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ពីរ​រូប​បាន​បញ្ចប់​

  • Robert Carmichael

ខៀវ សំផង អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម អង្គុយ​នៅ​ក្នុង​សវនាការ​សាលាក្តី​ខ្មែរ​ក្រហម​​​កកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ តុលា ២០១៣។
នៅ​ថ្ងៃ​ព្រហស្បត៍​ទី​ ៣១​ ខែ​តុលា​ អតីត​មេ​មនោគម​វិជ្ជា​និង​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​ បាន​ធ្វើ​សេចក្តី​ថ្លែង​នៅ​ចំពោះ​មុខ​តុលាការ​ នៅ​ទី​បញ្ចប់​វគ្គ​ទី​មួយ​នៃ​ការ​វិនិច្ឆ័យ​ទោស​ដ៏​យូរ​របស់​គេ​ នៅ​ទីក្រុង​ភ្នំពេញ។​ ក្នុង​ខណៈ​ដែល​ក្រុម​ព្រះ​រាជ​អាជ្ញា​បាន​សុំ​ចៅក្រម​ឲ្យ​ពិន័យ​ទោស​ចុង​ចោទ​វ័យ​ចាស់​ទាំង​ពីរ​រូប​ ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ ក្រុម​មេធាវី​ការពារ​ក្តី​របស់​អ្នក​ទាំង​ពីរ​បាន​និយាយ​ថា​ កូន​ក្តី​របស់​ខ្លួន​គួរ​ទទួល​បាន​សាល​ក្រម​ឲ្យ​រួច​ទោស​ ហើយ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។​

ក្រុម​មេធាវី​ការពារ​ក្តី​បាន​ពណ៌នា​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​កូន​ក្តី​របស់​ខ្លួន​ថា​ជា​ឆាក​ល្ខោន​មួយ​ដែល​គេ​បាន​សម្រេច​លទ្ធផល​ទុក​ជា​មុន​រួច​ទៅ​ហើយ។​ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ ២​លាន​នាក់​បាន​ស្លាប់​នៅ​ក្រោម​ស្ថានភាព​ដ៏​ឃោរឃៅ​របស់​របប​គ្រប់​គ្រង​ខ្មែរ​ក្រហម​នៅ​ក្នុង​ទសវត្សរ៍​ ១៩៧០។​

នួន ជា​ ដែល​គេ​ស្គាល់​ថា​ជា​បង​ធំ​ទី​ពីរ​ សម្រាប់​មុខ​នាទី​របស់​គាត់​ជា​ភូឈួយ​របស់​សព​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ ប៉ុល ពត​ បាន​តវ៉ា​ថា​ គាត់​មិន​បាន​ទទួល​ការ​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌​ទេ​ ហើយ​ថា​គាត់​គ្មាន​ការ​ជំពាក់​ទាក់​ទិន​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​ដែល​តុលាការ​បាន​ចោទ​ប្រកាន់​មក​លើ​គាត់​នោះ​ឡើយ។​

អ្នក​បក​ប្រែ​ភាសា​របស់​តុលាការ​បាន​អាន​ពាក្យ​របស់​ចុង​ចោទ​ វ័យ​ ៨៧​ ឆ្នាំ​ នួន ជា៖​ «តាម​រយៈ​អង្គ​ជំនុំជំរះ​នេះ​ ភស្តុតាង​បាន​បង្ហាញ​ច្បាស់​ណាស់​ថា​ ខ្ញុំ​មិន​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ណា​មួយ​ ដូច​ដែល​សហ​ចៅក្រម​បាន​ចោទ​នោះ​ទេ។​ និយាយ​ឲ្យ​ខ្លី​ទៅ​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នោះ»។​

ក្នុង​សេចក្តី​ថ្លែង​អស់​រយៈ​ជាង​ ១​ ម៉ោង​ នៅ​លើ​កៅអី​ជន​ពីការ​ នួន ជា​ បាន​និយាយ​ថា​ គាត់​ស្រឡាញ់​ប្រជាពលរដ្ឋ​គាត់​ណាស់​ ហើយ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​រងទុក្ខ​វេទនា​ទេ។​ គាត់​បញ្ជាក់​ថា​ ការ​សម្លាប់​រង្គាល​ ទុរ្ភឹក្ស​ និង​ការ​បង្ខំ​ឲ្យ​ធ្វើការ​បាក់កម្លាំង​ ភាគ​ច្រើនគឺ​ជា​ស្នាដៃ​របស់​ភ្នាក់ងារ​វៀតណាម​និង​អាមេរិកាំង​ ដែល​ចង់​បំផ្លាញ​បដិវត្តន៍។​ នួន ជា​ នៅ​តែ​ទទូច​ថា​ គាត់​គ្មាន​អំណាច​និតិ​ប្រតិបត្តិ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ទេ​ ហើយ​ថា​គាត់​បាន​ដឹង​រឿង​ពិត​អំពី​សម័យ​នោះ​ នៅ​ក្រោយ​ឆ្នាំ​ ១៩៧៩​ តែ​ប៉ុណ្ណោះ៖​

«ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ​ ខ្ញុំ​សូម​ចូលរួម​កាន់​មរណៈទុក្ខ​ និង​ទទួល​ខុស​ត្រូវ​ជា​លក្ខណៈ​សីលធម៌​ ចំពោះ​ជន​រងគ្រោះ​ និង​ប្រជាជន​កម្ពុជា​ទាំង​អស់​ដែល​បាន​រង​ទុក្ខ​វេទនា​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ»។​

នៅ​ពេល​ចាប់​ផ្តើម​ការ​វិនិច្ឆ័យ​ទោស​ កាល​ពី​ ២​ ឆ្នាំ​មុន​ ចៅក្រម​បាន​បែង​ចែក​ដីកា​ចោទ​ប្រកាន់​ដ៏​ស្មុគ​ស្មាញ​នេះ​ ទៅ​ជា​ការ​កាត់​ក្តី​វគ្គ​តូចៗ​ ៣​ ដែល​មាន​រួម​ការ​ប្រល័យ​ពូជ​សាសន៍​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។​

ការ​កាត់​សេចក្តី​វគ្គ​តូច​ទី​មួយ​បាន​ស្តាប់​ភស្តុតាង​អំពី​បទ​ចោទ​ក្នុង​ឧក្រិដ្ឋកម្ម​ ៣​ប្រភេទ៖​ ទី​១)​ ការ​ជម្លៀស​មនុស្ស​ដោយ​បង្ខំ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ នៅ​ខែ​មេសា​ឆ្នាំ​ ១៩៧៥​ នៅ​ពេល​ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​ ទី​២)​ ការ​ជម្លៀស​មនុស្ស​ដោយ​បង្ខំ​ក្នុង​វគ្គ​ទី​ ២​ ពាស​ពេញ​ប្រទេស​ក្នុង​ពេល​ ២​ ឆ្នាំ​បន្ទាប់​ និង​ ទី​៣)​ ការ​សម្លាប់​រង្គាល​នៃ​ទាហាន​និង​មន្ត្រី​រដ្ឋាភិបាល​ លន់ ណុល​ ជា​ច្រើន​រយ​នាក់​ ក្នុង​ឆ្នាំ​ ១៩៧៥។​

ចំពោះ​ពាក្យ​ចោទ​ជាក់​លាក់​នៅ​ក្នុង​ការ​កាត់​សេចក្តី​វគ្គ​តូច​ទី​មួយ​នេះ​ លោក​ Victor​ Koppe​(វិកទ័រ​ គូពេ)​ មេធាវី​របស់​ នួន ជា​ បាន​ប្រាប់​វីអូអេ​ថា​ សេចក្តី​សម្រេច​អំពី​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​ក្រុង​ភ្នំពេញ​ បាន​ធ្វើ​ដោយសារ​ហេតុផល​យោធា​និង​ឲ្យ​ស្រួល​គ្រប់​គ្រង​ ហើយ​មិន​មាន​គោល​បំណង​ឧក្រឹដ្ឋ​ណា​មួយ​ទេ៖​

«ហើយ​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ចោទ​ថា​បាន​ប្រព្រឹត្ត​ធ្វើ​ នៅ​ក្នុង​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​នោះ​ គឺ​មិន​បាន​ធ្វើ​ក្រោម​គោល​នយោបាយ​ណា​មួយ​ឡើយ។​ ជា​ការ​ជាក់​ច្បាស់​ណាស់​ គឺ​ពួក​គេ​ចង់​ឲ្យ​ពលរដ្ឋ​ទាំង​អស់​នោះ​ប្តូរ​ទៅ​នៅ​ក្នុង​សហករណ៍​ ដើម្បី​ធ្វើ​ការ​នៅ​ទី​នោះ​និង​ផលិត​ស្រូវ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ ដូច្នេះ​មិន​មាន​គោល​បំណង​ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​អស់​នេះ​ ត្រូវ​គេ​សម្លាប់​តាម​របៀប​ណា​មួយ​ទេ»។​

ក្រុម​មេធាវី​របស់​ នួន​ ជា​ ក៏​បាន​អះ​អាង​ដែរ​ថា​ ការ​ជម្លៀស​មនុស្ស​ដោយ​បង្ខំ​ក្នុង​វគ្គ​ទី​ ២​ ក្រោយ​មក​ទៀត​ គឺ​ធ្វើ​តាម​មេ​បញ្ជាការ​ថ្នាក់​ភូមិ​ភាគ​ មិន​មែន​តាម​មេ​ដឹកនាំ​កំពូល​ទេ។​ មេ​ធាវី​ Koppe​ ថ្លែង​ថា​ ពាក្យ​ចោទ​ទី​ ៣​ អំពី​ការ​សម្លាប់​រង្គាល​នៃ​ទាហាន​និង​មន្រ្តី​ លន់ ណុល​ ក្នុង​ឆ្នាំ​ ១៩៧៥​ គឺ​ជា​លទ្ធផល​នៃ​ការ​សង​សឹក​របស់​ក្រុម​កម្មាភិបាល​ក្នុង​តំបន់​ មិន​មែន​ជា​គោល​នយោបាយ​របស់​របប​គ្រប់​គ្រង​ទេ។​ ជា​លទ្ធផល​ លោក​ Koppe​ បាន​សុំ​ឲ្យ​តុលាការ​សម្រេច​ឲ្យ​កូន​ក្តី​លោក​ បាន​រួច​ទោស​ និង​មាន​សេរីភាព​ឡើង​វិញ។​

ក្រុម​មេធាវី​របស់​ចុង​ចោទ​ ខៀវ សំផន​ បាន​ពណ៌នា​អំពី​កូន​ក្តី​របស់​ខ្លួន​ថា​ គាត់​ជា​បុរស​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​បដិវត្តន៍​ ដោយ​មាន​គោល​បំណង​ដ៏​ល្អ​បំផុត​ តែ​ត្រូវ​គេ​ឆ​បោក។​ ព្រះ​រាជអាជ្ញា​អន្តរជាតិ​ លោក​ William Smith​(វីល្យាំ ស្ម៊ីត)​ ដែល​បាន​និយាយ​ចំអក​នៅ​ក្នុង​តុលាការ​ដល់​សេចក្តី​តវ៉ា​របស់​ ខៀវ សំផន​ ដែល​ថា​ «គាត់​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល​ ដែល​មិន​ដឹង​ មិន​ឃើញ​ មិន​ឮ​អ្វី​សោះ​នោះ»​ បាន​ច្រាន​ចោល​សេចក្តី​អះអាង​ដែល​ថា​ បុរស​ចុង​ចោទ​ទាំង​ ២​ រូប​ មិន​បាន​ទទួល​ការ​កាត់​សេចក្តី​ដោយ​យុត្តិធម៌​នោះ​ទេ។​

លោក​ Smith​ ថ្លែង​ថា​ ឯកសារ​ជា​ច្រើន​បាន​បង្ហាញ​ថា​ ពួក​ខ្មែរ​ក្រហម​មាន​គោល​នយោបាយ​ដើម្បី​សម្លាប់​អតីត​សមាជិក​នៃ​របប​គ្រប់​គ្រង​ លន់ ណុល​ ហើយ​ថា​គោល​នយោបាយ​នេះ​បាន​ចេញ​មក​ពី​ថ្នាក់​កំពូល។​ ចំពោះ​ការ​ជម្លៀស​ពលរដ្ឋ​ទាំង​មូល​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ដោយ​បង្ខំ​ លោក​ Smith​ បាន​ថ្លែង​ជា​អាទិ​ថា៖​

«ទស្សនៈ​របស់​យើង​គឺ​ថា​ ការ​បង្ខំ​ឲ្យ​ពលរដ្ឋ​ចេញ​ពី​ទី​ក្រុង​ ដោយ​មិន​បាន​ត្រៀម​លក្ខណៈ​ជា​មុន​ ឬ​ប្រាប់​ឲ្យ​ដឹង​ជា​មុន​ នៅ​ក្នុង​ខែ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​បំផុត​នោះ​ ពួក​គេ​ដឹង​ហើយ​ថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ នឹង​ត្រូវ​ស្លាប់។​ ទោះ​បី​ជា​ ពួក​គេ​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ស្លាប់​ក៏​ដោយ​ ក៏​ពួកគេ​ដឹង​ថា​ ការណ៍​នេះ​ វា​នឹង​កើត​ឡើង។​ ខ្ញុំ​ចង់​និយាយ​ថា​ នេះ​ជា​សុភនិច្ឆ័យ​ដ៏​សាមញ្ញ​តែ​ប៉ុណ្ណោះ»។​

ក្រុម​ព្រះ​រាជអាជ្ញា​បាន​កាក់​ស្មាន​ថា​ ដោយ​គិត​តែ​នៅ​ក្នុង​ការ​ជម្លៀស​ប្រជាជន​ចេញ​ដោយ​បង្ខំ​ទាំង​ពីរ​លើក​តែ​ប៉ុណ្ណោះ​ មាន​ប្រជាពលរដ្ឋ​ ប្រមាណ​ ២​ ម៉ឺន​នាក់​បាន​បាត់​បង់​ជីវិត៖​

«ហើយ​នៅ​ពេល​ដែល​យើង​ក្រឡេក​មើល​ចំនួន​មនុស្ស​ស្លាប់​ ដោយ​គ្រាន់​តែ​យក​ចំនួន​យ៉ាង​តិច​បំផុត​នោះ​គឺ​មាន​រាប់​ពាន់​នាក់​ទៅ​ហើយ​ ហើយ​នៅ​ពេល​ដែល​យើង​ក្រឡេក​មើល​ទៅ​មនុស្ស​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ចេតនា​ ដោយ​មេដឹកនាំ​ដែល​ជា​អ្នក​រចនា​ផែនការនិង​ជា​អ្នក​គ្រប់គ្រង​លើអ្វីៗ​ដែល​បាន​កើត​ឡើង​ របៀប​ដែល​ប្រជាពលរដ្ឋ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចេញ​ពី​ទីក្រុង​ទៅ​ជនបទ​ ហើយ​ពួក​គេ​ជា​អ្នក​គ្រប់គ្រង​លើ​គោល​នយោបាយ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​កម្មាភិបាល​ខ្មែរ​ក្រហម​សម្លាប់​មន្រ្តី​ និង​ទាហាន​របស់​លោក​ លន់ ណុល​ នោះ​ ការ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ ចំពោះ​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទាំង​នេះ​ គឺ​ជា​កំរិត​ទោស​ដ៏​អប្បរិមា​ប៉ុណ្ណោះ»។​

គេ​រំពឹង​ថា​ តុលាការ​នឹង​ប្រកាស​សាលក្រម​នៃ​ការ​កាត់​សេចក្តី​វគ្គ​តូច​ទី​ ១​ នៅ​ឆ្នាំ​ក្រោយ។​
ការ​កាត់​សេចក្តី​វគ្គ​តូច​ទី​ពីរ​ ដែល​មិន​ទាន់​បាន​កំណត់​ថ្ងៃ​ចាប់​ផ្តើម​នៅ​ឡើយ​នោះ​ នឹង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​អំពី​បទ​ប្រល័យ​ពូជិ​សាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ធានា​ឲ្យ​តុលាការ​ធ្វើ​ការ​វាយ​តម្លៃ​អំពី​ប្រភេទ​នៃ​បទ​ចោទ​ប្រកាន់​ ឲ្យ​បាន​សម​ស្រប​ល្អ​ទៅ​តាម​ទុក្ខ​វេទនា​របស់​ប្រជា​រាស្រ្ត​ខ្មែរ​ នៅ​ក្រោម​របប​ដែល​ក្រុម​ព្រះ​រាជ​អាជ្ញា​បាន​សំគាល់​លក្ខណៈ​ថា​ជា​រដ្ឋ​ទាសកម្ម​មួយ។​

មនុស្ស​ប្រមាណ​ ២​ លាន​នាក់​បាន​ស្លាប់​ដោយសារ​ការ​ប្រហារ​ជីវិត​ ទុរ្ភឹក្ស​ ជម្ងឺ​ និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​បាក់​កម្លាំង​ ក្នុង​ការ​គ្រប់​គ្រង​របស់​ពួក​ខ្មែរ​ក្រហម​ ពី​ឆ្នាំ​ ១៩៧៥​ ទៅ​ ១៩៧៩៕​

ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន

អត្ថបទ​ទាក់ទង

XS
SM
MD
LG