ភ្នំពេញ —
ប្រទេសជប៉ុនបានសម្រេច នៅថ្ងៃអង្គារនេះ ឲ្យភាគីកម្ពុជានៅក្នុងសាលាក្តីខ្មែរក្រហមប្រើប្រាស់ថវិកាជំនួយរបស់ខ្លួនមួយភាគដែលខ្លួនបានផ្តល់ទៅភាគីអង្គការសហប្រជាជាតិនៅក្នុងសាលាក្តីនេះ ដើម្បីដោះស្រាយវិបត្តិកូដកម្មរបស់បុគ្គលិកកម្ពុជា។
សេចក្តីសម្រេចចិត្តនេះធ្វើឡើងក្នុងជំនួបរវាងលោកឯកអគ្គរាជទូតជប៉ុនគឺលោកគូម៉ាម៉ារុ យូជិ (Kumamaru Yuji) ជាមួយលោកសុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីក្នុងទីក្រុងភ្នំពេញកាលពីព្រឹកមិញនេះ ក្រោយពីបុគ្គលិកជាតិប្រមាណ២០០នាក់ធ្វើកូដកម្មចាប់តាំងពីថ្ងៃច័ន្ទម្សិលមិញមកម្ល៉េះ មូលហេតុដោយសារតែពួកគេមិនបានបើកប្រាក់ខែបីខែមកហើយ ពីព្រោះខាងភាគីកម្ពុជាក្នុងសាលាក្តីខ្មែរក្រហមមិនមានថវិកាសម្រាប់បើកប្រាក់ខែដល់បុគ្គលិករបស់ខ្លួនទេ។
លោកឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា ប្រទេសជប៉ុនបានសម្រេចដូច្នេះដើម្បីបង្ការភាពជាប់គាំងក្នុងដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
លោកនិយាយថា៖ «ជប៉ុនប្រហែលជាអាចឲ្យភាគីកម្ពុជាខ្ចីថវិកាមួយចំនួនដែលជប៉ុនផ្តល់វិភាគទានដល់ភាគីអង្គការសហប្រជាជាតិដែលមានប្រមាណជាបីលានដុល្លារ។ ការធ្វើដូច្នេះគឺដើម្បីឲ្យប្រាកដថា ដំណើរការដែលកំពុងប្រព្រឹត្តទៅរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានេះមិនមានភាពរអាក់រអួល»។
កាលពីដើមឆ្នាំ២០១៣នេះ បុគ្គលិកខាងភាគីកម្ពុជា រួមមានផ្នែកបកប្រែភាសា ផ្នែករដ្ឋបាល និងផ្នែកតុលាការ បានធ្វើកូដកម្មរួចម្តងហើយដោយសារតែពួកគេមិនបានទទួលប្រាក់ខែ។ សហគមន៍អន្តរជាតិបានធ្វើអន្តរាគមន៍ផ្តល់ប្រាក់កម្ចីដូចគ្នានេះដែរ។
រហូតមកដល់ថ្ងៃនេះ ក្រុមកូដករនៅមិនទាន់សម្រេចចិត្តចូលធ្វើការវិញនៅឡើយទេ។ នេះបើតាមលោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជា។
កាលពីម្សិលមិញ អ្នកនាំពាក្យដដែលបញ្ជាក់ថា ក្រុមបុគ្គលិកកម្ពុជាបានដាក់លក្ខខណ្ឌថា ពួកគេអាចនឹងចូលបម្រើការងារវិញល្គឹកណាពួកគេទទួលបានប្រាក់ខែរបស់ពួកគេ។
យោងតាមគេហទំព័ររបស់សាលាក្តីខ្មែរក្រហមផ្សាយនៅថ្ងៃនេះឲ្យដឹងថា ភាគីកម្ពុជាខ្វះថវិកាសម្រាប់ប្រតិបត្តិការនៅឆ្នាំ២០១៣នេះប្រហែលជា២,៩លានដុល្លារអាមេរិក។ ហើយបុគ្គលិកខ្មែរ រាប់ទាំងក្រុមចៅក្រមនិងក្រុមមន្ត្រីសាលាក្តី មិនបានទទួលប្រាក់ខែចាប់តាំងពីខែមិថុនា កក្កដានិងខែសីហាមកម្ល៉េះ។
លោកឡាស អលសិន អ្នកនាំពាក្យខាងភាគីអង្គការសហប្រជាជាតិក្នុងសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា អង្គការសហប្រជាជាតិទទូចឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយវិភាគទានសម្រាប់ថវិកាខាងភាគីខ្លួន ខណៈពេលដែលបុគ្គលិកអន្តរជាតិកំពុងបំពេញការងារ ដូចធម្មតាក្នុងពេលនេះ។
មន្ត្រីអង្គការសហប្រជាជាតិដដែលនិយាយថា ប្រសិនបើកូដកម្មអូសបន្លាយ វានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការក្តី។
គាត់និយាយថា៖ «សាលាក្តីខ្មែរក្រហមកំពុងវាយតម្លៃអំពីផលប៉ះពាល់ភ្លាមៗ។ ប៉ុន្តែពិតហើយ បើការធ្វើកូដកម្មបន្តទៅមុខរយៈពេលយូរ នោះវានឹងប៉ះពាល់ដល់ការរីកចម្រើននៃដំណើរការក្តី»។
សាលាក្តីខ្មែរក្រហមនឹងបន្តដំណើរការកាត់ទោសសំណុំរឿង០០២វគ្គទី១នៅពាក់កណ្តាលខែតុលាខាងមុខ។ សំណុំរឿងនេះនៅសល់ជនជាប់ចោទចាស់ជរាតែពីរនាក់គត់គឺនួន ជា អតីតបងធំទី២នៃរបបខ្មែរក្រហមនិងខៀវ សំផន អតីតប្រមុខរដ្ឋ។
លោកឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្តីខ្មែរក្រហមរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ព្រួយបារម្ភពីផលប៉ះពាល់នៅពេលដែលកូដករមិនអាចចូលបំពេញការងារទាន់ពេលនោះ។
លោកនិយាយថា៖ «វាពិតជាមានការលំបាកក្នុងការវិនិច្ឆ័យសេចក្តីបើសិនណាជាអត់មានអ្នកបកប្រែ និងអ្នកសរសេរប្រតិចរិក តើធ្វើយ៉ាងម៉េចអាចដំណើរការទៅបាន?»
កាលពីសប្តាហ៍មុន លោកអគ្គលេខាធិការអ.ស.ប.បាន់ គីមូន បានធ្វើសេចក្តីអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមបន្ថែមទៀតដើម្បីចៀសវាងវិបត្តិថវិកា។
ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់មានការសន្យាជំនួយថ្មីៗនៅឡើយ។ នេះបើយោងតាមក្រុមមន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម៕