ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហ​ប្រជាជាតិ​ឱ្យ​ភាគី​ខ្មែរ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ខ្ចី​ថវិកា


ទិដ្ឋភាព​​ទូទៅ​​នៃ​សាលាក្តី​​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​
ទិដ្ឋភាព​​ទូទៅ​​នៃ​សាលាក្តី​​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​
ភ្នំពេញ៖ អង្គការ​សហ​ប្រជាជាតិកំពុង​រៀប​ចំ​ផ្តល់​ប្រាក់​កម្ចីសង្គ្រោះ​បន្ទាន់​ចំនួន​១,១៥​លាន​ដុល្លារ​អាមេរិក​ដល់​ភាគី​កម្ពុជា​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ស្រប​ពេល​ដែល​បុគ្គលិក​កម្ពុជា​ភាគ​ច្រើន​ក្នុង​សាលាក្តី​នេះ​កំពុង​ធ្វើ​កូដកម្ម។ ​ប៉ុន្តែ​អង្គការ​សហ​ប្រជាជាតិ​ព្រមាន​ថា​ការធ្វើ​បាតុកម្ម​នឹង​ធ្វើ​ឲ្យ​តុលាការ​នេះ​ជាប់​គាំង​បាន។

លោក​ឡាស​ អលសិន​ អ្នក​នាំ​ពាក្យ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជា​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​អង្គការ​សហ​ប្រជា​ជាតិបាន​ធ្វើ​ការ​ជាមួយ​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់ៗប្រកប​ដោយ​ជោគជ័យ​ដើម្បី​ផ្តល់​ប្រាក់​កម្ចី​ដល់​ភាគី​កម្ពុជា​នៅ​ក្នុង​សាលា​ក្តីខ្មែរ​ក្រហម​សម្រាប់ផ្តល់​ប្រាក់​ខែ​ដល់​បុគ្គលិក​ជាតិ។​

បុគ្គលិក​កម្ពុជា​ភាគ​ច្រើន​ក្នុង​ចំណោម​បុគ្គលិក​សរុបចំនួន​២៥០​នាក់​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ធ្វើ​កូដកម្ម​ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា​នេះ​ដោយសារ​តែ​ពួក​គេ​មិន​បាន​បើក​ប្រាក់​ខែ​ចាប់​តាំង​ពី​ខែ​មិថុនា​ កក្កដា​និង​ខែ​សីហា​មក​ម្ល៉េះ។​ ក្នុង​ចំណោម​បុគ្គលិក​កម្ពុជា​ដែល​មិន​បាន​បើក​ប្រាក់​ខែ​រាប់​ទាំង​ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា​ផង​ដែរ។

ឆ្លើយ​តាម​ទូរស័ព្ទ​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា​ លោក​ឡាស ​អលសិន ​បញ្ជាក់​ថា​អង្គការ​សហ​ប្រជាជាតិ​កំពុង​រៀបចំ​កម្ចី​យ៉ាងច្បាស់​លាស់​លើ​មូលដ្ឋាន​ដែល​ភាគី​កម្ពុជា​អាច​សង​វិញ​ដោយ​របៀប​ណា​នោះ។

«ខ្ញុំ​មិន​មាន​តួលេខ​នៃ​ចំនួន​ទឹក​ប្រាក់​ទេ​ប៉ុន្តែ​កម្ចី​មាន​ទំហំ​គ្រប់​គ្រាន់​ដើម្បី​បើក​ប្រាក់​ខែ​ដល់​បុគ្គលិក​ជាតិ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​សម្រាប់​ខែ​មិថុនា​ កក្កដា​និ​ង​ខែ​សីហា»។​

មន្ត្រី​អ្នក​នាំ​ពាក្យ​ដដែល​បញ្ជាក់​ថា​ថវិកា​នេះ​បាន​មកពី​ថវិកា​ដែល​សន្យា​ដោយ​ប្រទេស​ម្ចាស់​ជំនួយ​សម្រាប់​ភាគី​អន្តរជាតិ​ក្នុង​សាលាក្តី។​ហើយ​ថវិកា​នេះ​នឹង​ត្រូវ​ធ្លាក់​ដល់​ដៃ​ភាគី​កម្ពុជា​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

លោក​នេត្រ​ ភក្ត្រា ​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា​ថវិកា​កម្ចី​បាន​មក​ពី​អង្គការ​សហ​ប្រជា​ជាតិ​ជាង​មួយ​លាន​ដុល្លារ​នេះ​នឹង​អនុញ្ញត​ឲ្យ​ភាគី​កម្ពុជា​ប្រតិបត្តិការ​បាន​មួយ​រយៈ​តែ​ប៉ុណ្ណោះ​ដោយ​សារ​ភាគី​កម្ពុជា​អាច​នឹង​ប្រឈម​នឹង​កង្វះ​ថវិកា​ទៀត​សម្រាប់​ប្រតិបត្តិការ​ចាប់​ពី​ខែ​កញ្ញា​នេះ​រហូត​ដល់​ខែ​ធ្នូ។​ ពោល​គឺ ​ភាគី​ជាតិ​ត្រូវ​ការ​ថវិកា​ចំនួន​១,៨​លាន​ដុល្លារ​អាមេរិក​ទៀត។​

លោក​ឡាស​ អលសិន​ លើក​ឡើង​ថា​អង្គការ​សហ​ប្រជាជាតិ​គូស​បញ្ជាក់​ថា​ដំណោះ​ស្រាយ​ប្រកប​ដោយ​និរន្តភាព​តែ​មួយ​គត់​សម្រាប់កង្វះ​ថវិកា​ដើម្បី​បើក​ប្រាក់​ខែដល់​បុគ្គលិក​ជាតិ​នោះ​គឺ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ប្រាក់​ខែ​ដល់​ពួក​គេ។

លោក​ព្រមាន​ថា​ការ​ធ្វើ​កូដកម្ម​ណា​មួយ​បន្ថែម​ទៀត​អាច​ជា​ហានិ​ភ័យ​ដល់​ការពន្យា​ពេល​ដំណើរ​ការ​យុត្តិធម៌​និង​បំផ្លាញ​លទ្ធភាព​ដំណើរ​ការ​របស់​តុលាការ។

យ៉ាងណាក៏​ដោយ​លោក​នេត្រ ​ភក្ត្រា​ ឲ្យ​ដឹង​ថា​រដ្ឋបាល​សាលាក្តី​ខ្មែរ​ក្រហម​បាន​ជូន​ដំណឹង​ដល់​កូដករ​រួច​ហើយ​នៅ​ថ្ងៃ​នេះ។​

«សេចក្តី​ជូន​ដំណឹង​ដល់​ពួក​គាត់​នៅ​រសៀល​ថ្ងៃ​នេះ​ហើយ​យើង​រំពឹង​ថា​មន្ត្រី​បុគ្គលិក​ទាំង​អស់​ដែល​បាន​ព្យួរ​ការងារ​នឹង​អាច​វិល​ត្រឡប់​មក​បំពេញ​ការងារ​ចាប់​តាំង​ពី​ថ្ងៃ​ស្អែក​តទៅ»។​

ក្រុម​បុគ្គលិក​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរក្រហម​បាន​ធ្វើ​កូដកម្ម​ចំនួន​ពីរ​លើក​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​ក្រោយ​ពី​បាន​ធ្វើ​កូដកម្ម​លើក​ទី​១កាល​ពី​ដើម​ឆ្នាំ​ដោយសារ​តែ​ពួក​គេ​មិន​បាន​បើក​ប្រាក់​ខែ​ជា​ច្រើន​ខែ។

អង្គការ​សហ​ប្រជាជាតិ​តែងតែ​ប្រកាស​ថា​នេះ​គឺ​ជា​កាតព្វ​កិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ថវិកា​នេះ​ប៉ុន្តែ​ភាគី​កម្ពុជា​តែងតែ​ត្រូវ​ពឹង​លើ​ភាគី​អន្តរជាតិ​សម្រាប់​បន្ត​ជំនួយ​បន្ថែម​ទៀត។

លោក​ឯក​ ថា ​អ្នកនាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណ​រដ្ឋមន្ត្រី​ស្វាគមន៍​ថវិកា​សង្គ្រោះ​ពី​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​នេះ។

«រាជ​រដ្ឋាភិបាល​ស្វាគមន៍​រាល់​ជំនួយ​ណាមួយ​ដល់​ភាគី​ជាតិ​ដល់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ហើយ​យើង​សង្ឃឹម​ថា​ដំណើរ​ការ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ ​ជា​ថ្មី​ម្តង​ទៀត​យើង​ស្វាគមន៍​ជំនួយ​ហិរញ្ញវត្ថុ​ណាមួយ​មក​ដល់​ភាគី​ជាតិ»។

រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​សន្យា​ជំនួយ​បន្ថែម​ដល់​ភាគី​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ទេ។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូងនៃ​សាលា​ក្តី​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នេះ​នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន​លើ​ការ​ដំណើរ​ការ​កាត់​ទោស​នៃ​សំណុំ​រឿង​០០២​វគ្គទី​១​ចាប់​ពី​ថ្ងៃ​ទី​១៦​ខែ​តុលា​តទៅ។

សំណុំ​រឿង​នេះ​មាន​ជន​ជាប់ចោទ​នួន​ ជា​និងខៀវ ​សំផន​ដែល​ជា​មេដឹកនាំ​កំពូល​តែ​ពីរ​នាក់​គត់​ដែល​នៅ​រស់​រាន​មាន​ជីវិត​ក្នុង​រង្វង់​ក្រចក​សេះ៕​
XS
SM
MD
LG